« ថ្ងៃទី ២៣–២៩ ខែ តុលា ។ ធីម៉ូថេ ទី១ និង ទី២; ទីតុស; ភីលេម៉ូន ៖ ‹ ចូរធ្វើជាគំរូដល់ពួកអ្នកជឿ › » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ២៣–២៩ ខែ តុលា ។ ធីម៉ូថេ ទី១ និង ទី២; ទីតុស; ភីលេម៉ូន » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២៣
ថ្ងៃទី ២៣–២៩ ខែ តុលា
ធីម៉ូថេ ទី១ និង ទី២; ទីតុស; ភីលេម៉ូន
« ចូរធ្វើជាគំរូដល់ពួកអ្នកជឿ »
ប៉ុលបានបង្រៀនថា « បទគម្ពីរគឺជា … ការបង្ហាត់ខាងឯសេចក្តីសុចរិត » ( ធីម៉ូថេ ទី២ ៣:១៦ ) ។ កាលដែលបងប្អូនសិក្សាសំបុត្រទាំងនេះ សូមសញ្ជឹងគិតពីរបៀបដែលសំបុត្រទាំងនេះអាចបំផុសគំនិតកុមារឲ្យរស់នៅដោយសុចរិត ។
អញ្ជើញឲ្យចែកចាយ
សូមឲ្យកុមារប្រាប់អំពីមនុស្ស ដែលជា « គំរូដល់ពួកអ្នកជឿ » ដ៏ល្អសម្រាប់ពួកគេ ។ តើពួកគេធ្វើដូចម្ដេចដើម្បីធ្វើជាគំរូដ៏ល្អសម្រាប់មនុស្សដទៃ ?
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ធីម៉ូថេ ទី១ ៣:១–២; ទីតុស ១:៧–៩
ប៊ីស្សពដឹកនាំវួដក្នុងនាមជាអ្នកបម្រើរបស់ព្រះ ។
ប៉ុលបានបង្រៀនធីម៉ូថេ និងទីតុសអំពីសារៈសំខាន់របស់ប៊ីស្សព ។ តើបងប្អូនអាចបង្រៀនកុមារអំពីការងាររបស់ប៊ីស្សពយ៉ាងដូចម្ដេច ? ( ប្រធានសាខាមានតួនាទីប្រហាក់ប្រហែលនឹងប៊ីស្សព ) ។
សកម្មភាពដែលអាចធ្វើបាន
-
សូមគូររូបប៊ីស្សពរបស់បងប្អូននៅលើក្ដារខៀន ។ សូមឲ្យកុមារចែកចាយនូវអ្វីដែលពួកគេដឹងអំពីប៊ីស្សព ។ តើគាត់មានលក្ខណៈដូចម្ដេច ? តើគាត់ធ្វើអ្វីខ្លះ ? តើគាត់ផ្ដល់ពរដល់វួដដូចម្ដេចខ្លះ ? ( បងប្អូនអាចរកឃើញលក្ខណៈសម្បត្តិរបស់ប៊ីស្សពនៅក្នុង ធីម៉ូថេ ទី១ ៣:១–២ និង ទីតុស ១:៧–៩ ) ។ កាលដែលកុមារចែកចាយគំនិតរបស់ពួកគេ សូមសរសេរគំនិតទាំងនោះនៅលើចម្រៀកក្រដាស ហើយសូមឲ្យកុមារដាក់ក្រដាសទាំងនោះនៅលើក្តារខៀននៅក្បែររូបគំនូរនោះ ។
-
សូមសរសេរពីករណីយកិច្ចរបស់ប៊ីស្សពនៅលើចម្រៀកក្រដាស—ដូចជាការជួយកុមារ និងយុវវ័យនៅក្នុងវួដ ការទទួលដង្វាយមួយភាគក្នុងដប់ និងដង្វាយតមអាហារ ការផ្តល់ការហៅបម្រើ ការសម្ភាសសមាជិក និងការជួយដល់ជនដែលខ្វះខាត ។ សូមដាក់ក្រដាសទាំងនេះនៅក្នុងចានគោមមួយ រួចអញ្ជើញកុមារឲ្យចាប់យកម្នាក់មួយៗ ។ បន្ទាប់មក សូមជួយកុមារឲ្យសម្ដែងកាតព្វកិច្ចទាំងនេះជាមួយបងប្អូន ។ សូមចែកចាយទីបន្ទាល់ថា ប៊ីស្សពរបស់បងប្អូនត្រូវបានហៅដោយព្រះ ។
-
សូមអញ្ជើញកុមារឲ្យគូររូបប៊ីស្សពកំពុងបម្រើសមាជិកវួដ ។ សូមណែនាំឲ្យពួកគេជូនរូបដែលពួកគេបានគូរទៅដល់គាត់ ដើម្បីថ្លែងអំណរគុណគាត់ ។ តើយើងអាចធ្វើអ្វីខ្លះដើម្បីជួយដល់គាត់ ?
ខ្ញុំអាចធ្វើជា « គំរូដល់ពួកអ្នកជឿ » បាន ។
តើបងប្អូនអាចធ្វើអ្វីខ្លះ ដើម្បីបំផុសគំនិតឲ្យកុមារធ្វើជា « គំរូដល់ពួកអ្នកជឿ ? »
សកម្មភាពដែលអាចធ្វើបាន
-
សូមច្រៀងជាមួយកុមារនូវបទ « ធ្វើតាមដូចខ្ញុំធ្វើ » ( សៀវភៅចម្រៀងកុមារ ទំព័រ ១៤៨ ) ។ សូមឲ្យកុមារធ្វើតាមគំរូរបស់បងប្អូន ដោយធ្វើតាមកាយវិការដែលបងប្អូនធ្វើ ។ សូមឲ្យកុមារដាក់វេនគ្នាដឹកនាំកុមារទាំងអស់ក្នុងថ្នាក់ ដើម្បីធ្វើតាមកាយវិការរបស់ពួកគេ ។ សូមអាន ធីម៉ូថេ ទី១ ៤:១២ រួចសួរកុមារថា តើពួកគេអាចធ្វើដូចម្ដេច ដើម្បីធ្វើជាគំរូល្អសម្រាប់មនុស្សដទៃ ។
-
សូមចែកចាយបទពិសោធន៍មួយ នៅពេលដែលបងប្អូនបានព្យាយាមធ្វើជាគំរូល្អដល់នរណាម្នាក់ ឬនៅពេលនរណាម្នាក់ធ្វើជាគំរូល្អដល់បងប្អូន ( ប្រហែលរួមទាំងកុមារនៅក្នុងថ្នាក់របស់បងប្អូនផងដែរ ) ។ សូមអញ្ជើញកុមារឲ្យធ្វើជាគំរូល្អដល់សមាជិកគ្រួសារ និងមិត្តភក្តិរបស់ពួកគេ ។
ព្រះគម្ពីរនឹងជួយខ្ញុំឲ្យរៀនពីសេចក្តីពិត ។
ប្រសិនបើបងប្អូនអាចជួយកុមារឲ្យរៀនស្រឡាញ់ព្រះគម្ពីរ នោះការបង្រៀនទាំងឡាយនៅក្នុងព្រះគម្ពីរនឹងផ្តល់ពរជ័យដល់ជីវិតរបស់ពួកគេនៅថ្ងៃខាងមុខ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមបង្ហាញព្រះគម្ពីរមួយឈុត រួចជួយកុមារឲ្យស្គាល់ព្រះគម្ពីរទាំងនោះ តាមរយៈការបង្ហាញពួកគេនូវទំព័រចំណងជើងនៃព្រះគម្ពីរប៊ីប ព្រះគម្ពីរមរមន ព្រះគម្ពីរគោលលទ្ធិ និង សេចក្តីសញ្ញា និងព្រះគម្ពីរមុក្តាដ៏មានតម្លៃមហិមា ។ សូមអញ្ជើញកុមារម្នាក់ឲ្យកាន់ព្រះគម្ពីរទាំងនេះ នៅពេលបងប្អូនអាន ធីម៉ូថេ ទី២ ៣:១៥–១៧ ។ សូមប្រាប់កុមារពីមូលហេតុដែលបងប្អូនស្រឡាញ់ព្រះគម្ពីរទាំងនេះ និងសូមឲ្យកុមារបង្ហាញអារម្មណ៍របស់ពួកគេ ។
-
សូមឲ្យកុមារប្រាប់អំពីទ្រព្យសម្បត្តិរបស់ពួកគេដែលមានតម្លៃខ្ពស់បំផុត ។ តើពួកគេធ្វើអ្វីជាមួយទ្រព្យសម្បត្តិនោះ ? តើពួកគេប្រព្រឹត្តចំពោះទ្រព្យសម្បត្តិទាំងនោះយ៉ាងដូចម្ដេច ? សូមឲ្យពួកគេដាក់វេនគ្នាកាន់ព្រះគម្ពីរ រួចបើកទំព័រនីមួយៗដោយប្រុងប្រយ័ត្ន ។ តើយើងប្រើព្រះគម្ពីរដើម្បីធ្វើអ្វី ? ហេតុអ្វីបានជាយើងថែទាំព្រះគម្ពីរឲ្យបានល្អ ? សូមថ្លែងទីបន្ទាល់ថា ព្រះគម្ពីរមាននូវសេចក្តីពិតដែលព្រះវរបិតាសួគ៌មានព្រះទ័យចង់ឲ្យយើងដឹង ។
-
សូមជួយកុមារឲ្យបង្កើតសកម្មភាពនានាដែលត្រូវនឹងបទចម្រៀងអំពីព្រះគម្ពីរ ដូចជាបទ « ស្វែងរក គិត អធិស្ឋាន » ( សៀវភៅចម្រៀងកុមារ ទំព័រ ៦៦ ) ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ខ្ញុំអាចធ្វើជា « គំរូដល់ពួកអ្នកជឿ » បាន ។
ធីម៉ូថេ មានវ័យក្មេងដើម្បីធ្វើជាអ្នកដឹកនាំសាសនាចក្រ ប៉ុន្តែប៉ុលចង់ឲ្យគាត់ដឹងថា គាត់នៅតែអាចធ្វើជាគំរូបានដដែល ។ បងប្អូនអាចបំផុសគំនិតកុមារឲ្យធ្វើជាគំរូល្អដល់អ្នកដែលនៅជុំវិញពួកគេបាន ។
សកម្មភាពដែលអាចធ្វើបាន
-
សូមអានទាំងអស់គ្នានៅក្នុង ធីម៉ូថេ ទី១ ៤:១២ រួចឲ្យកុមារស្វែងរករបៀបទាំងប្រាំមួយដែលប៉ុលបានថ្លែង ដែលយើងអាចធ្វើជា « គំរូដល់ពួកអ្នកជឿ » បាន ។ សូមចែកកុមារឲ្យធ្វើការជាដៃគូ ហើយសូមឲ្យដៃគូនីមួយៗគិតអំពីស្ថានភាពមួយ ដែលពួកគេអាចធ្វើជាគំរូដល់ពួកអ្នកជឿ ។ សូមឲ្យពួកគេដើរតួសម្ដែងស្ថានភាពរបស់ពួកគេ សម្រាប់កុមារទាំងអស់ក្នុងថ្នាក់ ។
-
សូមសួរកុមារថា តើពួកគេចង់ចែកចាយបទពិសោធន៍ណាមួយ ដែលពួកគេបានព្យាយាមធ្វើជាគំរូល្អដល់មនុស្សដទៃដែរឬទេ ។ សូមប្រាប់ពួកគេអំពីរបៀបដែលពួកគេបានធ្វើគំរូដល់មនុស្សដទៃចំពោះបងប្អូន និងរបៀបដែលបងប្អូនបានកត់ចំណាំអំពីពួកគេ ក្នុងការធ្វើជាគំរូល្អដល់មនុស្សដទៃ ។
រឿងអស់កល្បជានិច្ចគឺមានតម្លៃជាងលុយ ។
ពិភពលោកនេះបានចាត់ទុកលុយជារបស់សំខាន់ជាងគេ និងអ្វីៗដែលលុយអាចទិញបាន ។ តើបងប្អូនអាចជួយកុមារឲ្យរក្សាការផ្តោតអារម្មណ៍ និងសេចក្តីស្រឡាញ់របស់ពួកគេទៅលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្តេច ?
សកម្មភាពដែលអាចធ្វើបាន
-
សូមអញ្ជើញកុមារឲ្យប្រាប់អំពីអ្វីដែលពួកគេនឹងធ្វើ ប្រសិនបើពួកគេមានប្រាក់ទាំងអស់ក្នុងលោកិយនេះ ។ សូមអាន ធីម៉ូថេ ទី១ ៦:៧–១២ ជាមួយកុមារ ហើយសូមឲ្យពួកគេសង្ខេបអ្វីដែល ប៉ុល បានបង្រៀន ធីម៉ូថេ អំពីលុយ ។ បន្ទាប់មកសូមអញ្ជើញកុមារឲ្យអាន ខទី ១១–១២ ម្តងទៀត ដោយការស្វែងរកអ្វីដែល ប៉ុល បានលើកឡើងថាមានតម្លៃជាងលុយទៅទៀត ។
-
សូមបង្ហាញរូបភាពនៃរបស់របរខាងលោកិយ ( ដូចជាប្រាក់ ប្រដាប់ក្មេងលេង ឬការកម្សាន្ត ) និងរបស់ខាងភាពអស់កល្ប ( ដូចជាក្រុមគ្រួសារ ឬព្រះវិហារបរិសុទ្ធ ) ។ សូមអញ្ជើញកុមារឲ្យរៀបរូបភាពជាពីរគំនរ—របស់ទាំងឡាយដែលនាំឲ្យយើងខិតកាន់តែជិតព្រះគ្រីស្ទ និងរបស់ទាំងឡាយដែលអាចបង្អាក់យើងពីព្រះគ្រីស្ទ ប្រសិនបើយើងស្រឡាញ់វាខ្លាំងជាងទ្រង់ ។ ហេតុអ្វីបានជា « ការដែលស្រឡាញ់ប្រាក់ … ជាមេឫសនៃសេចក្តីអាក្រក់គ្រប់យ៉ាង » ? តើការផ្តោតទៅលើព្រះយេស៊ូវគ្រីស្ទធ្វើឲ្យយើងសប្បាយចិត្តដោយរបៀបណា ?
ព្រះវរបិតាសួគ៌ប្រទានព្រះគម្ពីរដល់យើងដើម្បីជួយយើងឲ្យស្គាល់ខុស និងត្រូវ ។
នៅពេលបងប្អូនបង្រៀនកុមារអំពីព្រះគម្ពីរ សូមស្វែងរករបៀបនានាដើម្បីលើកទឹកចិត្តពួកគេ ឲ្យមានបទពិសោធន៍ផ្ទាល់ខ្លួនដ៏មានអានុភាពជាមួយនឹងព្រះបន្ទូលព្រះ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមអញ្ជើញកុមារឲ្យអាន ធីម៉ូថេ ទី២ ៣:១៥–១៧ ។ សូមតាំងរូបភាពដែលពិពណ៌នាពីដំណើររឿងមួយចេញពីបទដ្ឋានព្រះគម្ពីរទាំងបួននេះ ហើយសូមអញ្ជើញកុមារបីបួននាក់ឲ្យរើសយករូបភាពមួយ និងប្រាប់ពីដំណើររឿងនេះ ។ ( បងប្អូនអាចរកបានរូបភាពនៅក្នុង សៀវភៅរូបភាពដំណឹងល្អ និងនៅក្នុងឯកសារ ចូរមកតាមខ្ញុំ ) ។ សូមឲ្យកុមារចែកចាយអ្វីផ្សេងទៀតដែលពួកគេដឹងអំពីគម្ពីរនៃព្រះគម្ពីរនោះ ។ តើព្រះគម្ពីរ « នាំឲ្យ [ យើង ] មានប្រាជ្ញាដល់ទីសង្គ្រោះ » យ៉ាងដូចម្ដេច ?
-
សូមចែកចាយខគម្ពីរដែលចូលចិត្ត ឬបទពិសោធន៍មួយ នៅពេលដែលព្រះគម្ពីរបានជួយបងប្អូនឲ្យស្ថាបនាសេចក្តីជំនឿរបស់បងប្អូននៅលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សូមអញ្ជើញកុមារឲ្យចែកចាយខគម្ពីរដែលពួកគេពេញចិត្ត ឬបទពិសោធន៍របស់ពួកគេផ្ទាល់ ។
-
សូមឲ្យកុមារម្នាក់អាន មរ៉ូណៃ ១០:៤–៥ ។ តើមរ៉ូណៃបានសន្យាអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះ ? សូមសួរកុមារពីរបៀបដែលពួកគេបានទទួលទីបន្ទាល់ថា ព្រះគម្ពីរគឺជាព្រះគម្ពីរពិត ។ សូមអញ្ជើញពួកគេឲ្យអាន ឬស្តាប់ព្រះគម្ពីរជាប្រចាំ ហើយទូលសួរទៅព្រះថា តើបទគម្ពីរទាំងនោះពិតឬអត់ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យចែកចាយជាមួយក្រុមគ្រួសាររបស់ពួកគេ នូវអ្វីដែលពួកគេបានរៀនអំពីព្រះគម្ពីរ រួចស្វែងរកបទគម្ពីរមួយដែលពួកគេអាចចែកចាយជាមួយមិត្តរួមថ្នាក់នៅសប្ដាហ៍ក្រោយ ( ដោយមានជំនួយពីឪពុកម្ដាយរបស់ពួកគេ ប្រសិនបើចាំបាច់ ) ។