« ថ្ងៃទី ៣០ ខែ តុលា–ថ្ងៃទី ៥ វិច្ឆិកា ។ ហេព្រើរ ១–៦ ៖ ‹ ព្រះយេស៊ូវគ្រីស្ទ « មេបង្កើតនៃសេចក្តីសង្គ្រោះដ៏នៅអស់កល្បជានិច្ច » › »– ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ៣០ ខែ តុលា–ថ្ងៃទី ៥ វិច្ឆិកា ។ ហេព្រើរ ១–៦ » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២៣
ថ្ងៃទី ៣០ ខែ តុលា–ថ្ងៃទី ៥ ខែ វិច្ឆិកា
ហេព្រើរ ១–៦
ព្រះយេស៊ូវគ្រីស្ទ « មេបង្កើតនៃសេចក្តីសង្គ្រោះដ៏នៅអស់កល្បជានិច្ច »
តើបងប្អូនរកឃើញសេចក្ដីពិតណាខ្លះនៅក្នុង ហេព្រើរ ១–៦ ដែលបងប្អូនទទួលបានការបំផុសគំនិតឲ្យបង្រៀនដល់កុមារ ? សូមប្រុងប្រៀបស្ដាប់ការបំផុសគំនិតពីព្រះវិញ្ញាណ ដែលកើតឡើងនៅពេលបងប្អូនរៀបចំខ្លួន ហើយត្រូវប្រាកដថា បងប្អូនកត់ត្រាការបំផុសគំនិតទាំងនោះទុក ។
អញ្ជើញឲ្យចែកចាយ
តើកុមារបានទទួលយកការអញ្ជើញនៅពេលចុងម៉ោងកាលពីសប្ដាហ៍មុនឲ្យស្វែងរកបទគម្ពីរដែលពួកគេអាចចែកចាយបានដែរឬទេ ? ប្រសិនបើពួកគេបានធ្វើដូចនោះ សូមទុកពេលឲ្យពួកគេចែកចាយ ។ ប្រសិនបើពួកគេមិនបានធ្វើទេ សូមជួយពួកគេឲ្យគិតអំពីអ្វីមួយ ដែលពួកគេបានរៀនចេញពីបទគម្ពីរនាពេលថ្មីៗនេះ ដែលពួកគេអាចចែកចាយបាន ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ខ្ញុំជឿលើព្រះយេស៊ូវគ្រីស្ទ ។
ខគម្ពីរទាំងនេះអាចជួយកុមារឲ្យរៀនបន្ថែមទៀតអំពីព្រះយេស៊ូវគ្រីស្ទ និងពង្រឹងទំនាក់ទំនងរបស់ពួកគេជាមួយទ្រង់ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមស្វែងរកសេចក្តីពិតមួយចំនួនអំពីព្រះយេស៊ូវគ្រីស្ទនៅក្នុង ហេព្រើរ ១:១–១០; ២:៨–១០, ១៧–១៨ និងសរសេរសេចក្តីពិតទាំងនោះនៅលើចម្រៀកក្រដាស ។ សូមលាក់ក្រដាសនោះនៅជុំវិញថ្នាក់រៀន ហើយអញ្ជើញកុមារឲ្យស្វែងរកក្រដាសទាំងនេះ ។ សូមជួយកុមារឲ្យអានសេចក្តីពិតដែលបានសរសេរនៅលើក្រដាសនេះ ហើយសូមនិយាយអំពីអត្ថន័យនៃសេចក្តីពិតទាំងនេះ ។ ប្រសិនបើចាំបាច់ សូមពន្យល់ថាព្រះយេស៊ូវត្រូវបានហៅថាព្រះរាជបុត្រារបស់ព្រះ ពីព្រោះព្រះវរបិតាសួគ៌គឺជាឪពុកទាំងខាងវិញ្ញាណ និងខាងរូបកាយរបស់ទ្រង់ ។
-
សូមលើករូបភាពព្រះអង្គសង្រ្គោះឡើង ហើយសូមចែកចាយពីមូលហេតុដែលបងប្អូនមានអំណរគុណចំពោះទ្រង់ ។ សូមឲ្យកុមារប្តូរវេនគ្នាលើករូបភាពនោះឡើង ហើយចែកចាយពីមូលហេតុដែលគាត់ ឬនាងមានអំណរគុណចំពោះព្រះយេស៊ូវគ្រីស្ទ ។
ព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យយើង « កុំឲ្យតាំងចិត្ត [ យើង ] រឹងរូសឡើយ » ។
ហេព្រើរ ៣ ពិពណ៌នាអំពីសាសន៍អ៊ីស្រាអែលដែលតាំងចិត្តរឹងរូស ហើយបដិសេធពរជ័យរបស់ព្រះអម្ចាស់ ។ រឿងនេះអាចជាការព្រមានដល់យើងកុំឲ្យតាំងចិត្តរឹងរូស ។
សកម្មភាពដែលអាចធ្វើបាន
-
សូមយកអ្វីមួយដែលអាចស្រូបយកជាតិទឹកបាន ( ដូចជាអេប៉ុង ឬកន្សែងលាង ) និងរបស់រឹង ( ដូចជា ថ្ម ) ។ សូមអញ្ជើញកុមារឲ្យប៉ះវត្ថុទាំងនេះ ហើយពិពណ៌នាពីអារម្មណ៍ដែលបានប៉ះវត្ថុទាំងនេះ ។ សូមច្រូចទឹកពីរបីដំណក់លើវត្ថុនីមួយៗ ហើយបញ្ជាក់ថា ទឹកជ្រាបចូលទៅក្នុងវត្ថុដែលស្រូបជាតិទឹកបានល្អជាងចូលទៅក្នុងថ្ម ។ សូមពន្យល់ថា ចិត្តរបស់យើងត្រូវតែទន់ភ្លន់ ហើយមិនរឹងមានះឡើយ ដើម្បីយើងអាចទទួលយកសេចក្តីពិតរបស់ព្រះវរបិតាសួគ៌ និងសេចក្តីស្រឡាញ់របស់ទ្រង់បាន ។
-
សូមកាត់រូបទម្រង់បេះដូងពីសម្ភារទន់ៗ ដូចជា ក្រណាត់ និងសម្ភាររឹងៗ ដូចជាក្រដាសកាតុង ។ សូមពិភាក្សាជាមួយកុមារពីភាពខុសគ្នារវាងការមានចិត្តទន់ភ្លន់ និងការមានចិត្តរឹងមានះ ។ សូមចែកចាយឧទាហរណ៍មួយចំនួនមកពីបុគ្គលដែលមានចិត្តទន់ភ្លន់ ឬចិត្តរឹងមានះ ដូចជា នីហ្វៃ លេមិន និងលេមយួល ( នីហ្វៃទី១ ២:១៦–១៩ ); ប៉ុល ( កិច្ចការ ៩:១–២២ ) ឬយ៉ូសែប ស្ម៊ីធ ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១១–២០ ) ។ កាលដែលបងប្អូនចែកចាយគំរូបែបនោះ សូមអញ្ជើញកុមារឲ្យចង្អុលទៅចិត្តដែលទន់ភ្លន់ ឬចិត្តរឹងមានះ ។
អ្នកកាន់បព្វជិតភាពត្រូវបានហៅដោយព្រះ ។
ហេព្រើ ៥:៤ គឺជាខគម្ពីរដ៏សំខាន់មួយ ពីព្រោះវាបានបញ្ជាក់ថា អ្នកកាន់បព្វជិតភាពត្រូវតែបានហៅដោយព្រះ ។ សេចក្តីពិតនេះគឺដូចគ្នាដែរចំពោះនរណាម្នាក់ដែលត្រូវបានហៅឲ្យបម្រើនៅក្នុងសាសនាចក្ររបស់ព្រះអម្ចាស់ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមអាន ហេព្រើរ ៥:៤ ឲ្យកុមារស្ដាប់ ។ សូមឲ្យអ្នកកាន់បព្វជិតភាពពន្យល់ថាតើបព្វជិតភាពគឺជាអ្វី ។ គាត់ក៏អាចចែកចាយពីរបៀបដែលគាត់បម្រើអ្នកដទៃ កាលដែលគាត់បំពេញករណីយកិច្ចរបស់គាត់ផងដែរ ។ សូមឲ្យបងប្អូនស្រ្តីនៅក្នុងវួដឲ្យចែកចាយបទពិសោធន៍របស់គាត់ក្នុងការទទួលការញែកចេញឲ្យមានការហៅមួយនៅក្នុងសាសនាចក្រផងដែរ ។ សូមលើកទឹកចិត្តគាត់ឲ្យចែកចាយពីរបៀបដែលព្រះអម្ចាស់បានប្រទានពរដល់គាត់ឲ្យមានអំណាចដើម្បីបំពេញការហៅរបស់គាត់ ។
-
សូមជួយកុមារឲ្យទន្ទេញឃ្លាចេញពីមាត្រាទីប្រាំនៃសេចក្ដីជំនឿ ។ សូមចែកចាយទីបន្ទាល់របស់បងប្អូនថា សមាជិកដែលត្រូវបានហៅឲ្យធ្វើកិច្ចការរបស់ព្រះ ត្រូវបានហៅដោយព្រះតាមរយៈវិវរណៈ ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ខ្ញុំជឿលើព្រះយេស៊ូវគ្រីស្ទ ។
សំបុត្រទៅកាន់ពួកហេព្រើរ ត្រូវបានសរសេរដើម្បីពង្រឹងដល់ពួកបរិសុទ្ធហេព្រើរដែលមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ វាក៏អាចធ្វើដូចគ្នាសម្រាប់កុមារដែលបងប្អូនបង្រៀន ។
សកម្មភាពដែលអាចធ្វើបាន
-
សូមឲ្យខគម្ពីរពីរបីខនៅក្នុង ហេព្រើរ ១:១–១០; ២:៨–១០, ១៧–១៨ ទៅកុមារម្នាក់ៗ ហើយអញ្ជើញកុមារឲ្យស្វែងរកនៅក្នុងខគម្ពីរទាំងនេះនូវសេចក្តីពិតអំពីព្រះយេស៊ូវគ្រីស្ទ ។ សូមឲ្យពួកគេចែកចាយ ឬសរសេរនៅលើក្ដារខៀន នូវអ្វីដែលពួកគេរកឃើញ ។ តើយើងដឹងអ្វីខ្លះទៀតអំពីព្រះយេស៊ូវគ្រីស្ទ ? កុមារអាចរកបានគំនិតខ្លះៗនៅក្នុងបទចម្រៀង ដូចជាបទ « ខ្ញុំដឹងថាព្រះប្រោសលោះខ្ញុំនៅរស់ » ( ទំនុកតម្កើង ល.រ. ៧៦ ) ឬ « ទ្រង់បញ្ជូនបុត្រាទ្រង់មក » ( សៀវភៅចម្រៀងកុមារ ទំព័រ ២០–២១ ) ។
-
សូមអញ្ជើញកុមារឲ្យគូររូបខ្លួនពួកគេជាមួយនឹងឪពុកម្ដាយរបស់ពួកគេ ។ សូមឲ្យពួកគេចែកចាយអ្វីដែលពួកគេមានដូចឪពុកម្ដាយរបស់ពួកគេ ។ សូមពន្យល់ថា នៅពេល ហេព្រើរ ១:៣ សរសេរថា ព្រះយេស៊ូវគ្រីស្ទ « ជារូបភាពនៃអង្គ [ ព្រះ ] » វាមានន័យថា ព្រះយេស៊ូវ និងព្រះវរបិតាសួគ៌មានលក្ខណៈសម្បត្តិ និងគុណលក្ខណៈដូចគ្នា ។ សូមនិយាយជាមួយកុមារអំពីរបៀបដែលការធ្វើតាមព្រះយេស៊ូវគ្រីស្ទនាំឲ្យយើងកាន់តែខិតជិតព្រះវរបិតាសួគ៌ ។
ដើម្បីទទួលបានការដឹកនាំ និងពរជ័យពីព្រះវរបិតាសួគ៌ យើងត្រូវតែ « កុំឲ្យតាំងចិត្ត [ យើង ] រឹងរូសឡើយ » ។
នៅក្នុង ហេព្រើរ ៣ រឿងរ៉ាវអំពីសាសន៍អ៊ីស្រាអែលនៅក្នុងទីរហោស្ថាន ត្រូវបានប្រើប្រាស់ដើម្បីបង្រៀនអំពីសារៈសំខាន់នៃការមិនតាំងចិត្តរឹងរូស ។ តើបងប្អូនអាចប្រើដំណើររឿងនេះ ដើម្បីបង្រៀនដល់កុមារក្នុងថ្នាក់របស់បងប្អូន អំពីគោលការណ៍នេះយ៉ាងដូចម្ដេច ?
សកម្មភាពដែលអាចធ្វើបាន
-
សូមឲ្យកុមារគិតអំពីវត្ថុនានាដែលរឹង និងវត្ថុដែលទន់ ។ ( ប្រសិនបើអាចធ្វើបាន សូមយកឧទាហរណ៍ខ្លះៗមកបង្ហាញពួកគេ ) ។ សូមអាន ហេព្រើរ ៣:៨ រួមគ្នា ។ តើការមានចិត្តរឹងរូសមានន័យដូចម្ដេច ? ហេតុអ្វីបានជាព្រះសព្វព្រះទ័យឲ្យយើងបន្ទន់ចិត្តយើង ?
-
ដោយប្រើពាក្យពេចន៍ផ្ទាល់របស់បងប្អូន សូមចែកចាយដំណើររឿងនៃសាសន៍អ៊ីស្រាអែល ដែលតាំងចិត្តរបស់ពួកគេរឹងរូសទាស់នឹងព្រះអម្ចាស់នៅក្នុងទីរហោស្ថាន ( សូមមើល ជនគណនា ១៤:១–១២; ហេព្រើរ ៣:៧–១៩ ) ។ សូមឲ្យកុមារសម្ដែងតាមដំណើររឿង ។ តើនឹងមានអ្វីកើតឡើង ប្រសិនបើយើងមានចិត្តរឹងរូសទាស់នឹងព្រះអម្ចាស់ និងដំណឹងល្អទ្រង់នោះ ?
-
សូមអញ្ជើញកុមារម្នាក់ឲ្យអាន ម៉ាថាយ ១៣:១៥; ហេព្រើរ ៣:១៥; ម៉ាថាយ ១១:២៩ និង ម៉ូសេ ៦:២៧ ។ សូមឲ្យពួកគេគូររូបផ្នែកនៃរាងកាយ ដែលមានចែងនៅក្នុងខគម្ពីរនេះដាក់នៅលើក្ដារខៀន ។ តើការមានត្រចៀកធ្ងន់ ភ្នែកងងឹតខាងវិញ្ញាណ និងចិត្តរឹងរូស មានន័យដូចម្ដេច ? តើយើងអាចធានាបានថា ត្រចៀក ភ្នែក និងចិត្តរបស់យើងត្រៀមស្គាល់ព្រះសូរសៀងនៃព្រះវិញ្ញាណបានយ៉ាងដូចម្តេច ?
អ្នកកាន់បព្វជិតភាពត្រូវបានហៅដោយព្រះ ។
ហេព្រើរ ៥ ផ្តល់ឱកាសឲ្យពិភាក្សាពីអ្វីដែលជាបព្វជិតភាព—អំណាច និងសិទ្ធិអំណាចដើម្បីប្រព្រឹត្តនៅក្នុងព្រះនាមរបស់ព្រះ—និងរបៀបទទួលបព្វជិតភាព ។
សកម្មភាពដែលអាចធ្វើបាន
-
សូមបង្ហាញរូបភាព ម៉ូសេផ្ដល់បព្វជិតភាពដល់អើរ៉ុន ( សៀវភៅរូបភាពដំណឹងល្អ ល.រ. ១៥ ) ខណៈដែលកុមារអាន ហេព្រើរ ៥:៤ ។ សូមពន្យល់ថា បព្វជិតភាពអើរ៉ុនគឺដាក់តាមឈ្មោះរបស់អើរ៉ុន ។ សូមជួយកុមារឲ្យគិតពីករណីយកិច្ចនានា ដែលអ្នកកាន់បព្វជិតភាពអើរ៉ុនធ្វើ ( ដូចជា ការធ្វើបុណ្យជ្រមុជទឹក ការប្រសិទ្ធពរ និងការចែកសាក្រាម៉ង់ និងការអញ្ជើញអ្នកដទៃឲ្យមករកព្រះគ្រីស្ទ; សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ២០:៤៦–៤៨, ៥៩ ) ។
-
សូមជួយកុមារឲ្យគិតអំពីរបៀបផ្សេងៗគ្នា ដែលមនុស្សទទួលបានសិទ្ធិអំណាច ។ ឧទាហរណ៍ តើគ្រូបង្រៀន វេជ្ជបណ្ឌិត ឬអ្នកដឹកនាំនយោបាយទទួលបានសិទ្ធិអំណាចតាមរបៀបណា ? តើព្រះប្រទានសិទ្ធិអំណាចរបស់ទ្រង់តាមរបៀបណា ? សូមអញ្ជើញកុមារឲ្យគិតអំពីសំណួរនេះ នៅពេលពួកគេអាន ហេព្រើរ ៥:៤ និងមាត្រាទីប្រាំនៅក្នុងមាត្រានៃសេចក្ដីជំនឿ ។ សូមជួយកុមារឲ្យគិតពីសមាជិកនៅក្នុងវួដដែលមានសិទិ្ធអំណាចមកពីព្រះ—រួមទាំងពួកអ្នកកាន់បព្វជិតភាព ក៏ដូចជាបុរស និងស្រ្តីដែលបានញែកចេញដើម្បីបម្រើនៅក្នុងការហៅជាក់លាក់ណាមួយផងដែរ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមអញ្ជើញកុមារឲ្យចែកចាយខគម្ពីរ បទចម្រៀង ឬសកម្មភាពដែលពួកគេបានរៀននៅក្នុងថ្នាក់នាថ្ងៃនេះជាមួយក្រុមគ្រួសាររបស់ពួកគេនៅអំឡុងរាត្រីជួបជុំក្រុមគ្រួសារ ។