ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ២០–២៦ ខែ វិច្ឆិកា ។ ពេត្រុស ទី១ និង ទី២ ៖ « ត្រេកអរ​សាទរ​ក្នុងទ្រង់​ដោយ​សេចក្តី​អំណរ​ដ៏​ប្រសើរ ដែល​រក​ថ្លែង​មិន​បាន »


« ថ្ងៃទី ២០–២៦ ខែ វិច្ឆិកា ។ ពេត្រុស ទី១ និង ទី២ ៖ ‹ ត្រេកអរ​សាទរ​ក្នុងទ្រង់​ដោយ​សេចក្តី​អំណរ​ដ៏​ប្រសើរ ដែល​រក​ថ្លែង​មិន​បាន › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ២០–២៦ ខែ វិច្ឆិកា ។ ពេត្រុស ទី១ និង ទី២ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២៣

ព្រះយេស៊ូវគ្រីស្ទ​កំពុង​ផ្សាយ​ដំណឹងល្អ​នៅ​ក្នុង​ពិភពវិញ្ញាណ

ព្រះគ្រីស្ទ​កំពុង​ផ្សាយ​ដំណឹងល្អ​នៅក្នុង​ពិភព​វិញ្ញាណ ដោយ រ៉ូប៊ើត ធី បារែត

ថ្ងៃទី ២០–២៦ ខែ វិច្ឆិកា

ពេត្រុស ទី១ និង ទី២

« ត្រេកអរ​សាទរ​ដោយ​សេចក្តី​អំណរ​ដ៏​ប្រសើរ ដែល​រក​ថ្លែង​មិន​បាន »

សូម​ចាប់ផ្តើម​ការសិក្សា​របស់​បងប្អូន​អំពី ពេត្រុស ទី១ និង ទី២ ជាមួយ​នឹង​ការអធិស្ឋាន ។ សូម​ចងចាំ​ថា ការរៀបចំ​ខ្លួន​ដ៏​ប្រសើរ​បំផុត​របស់​បងប្អូន​ដើម្បី​បង្រៀន​នឹង​ទទួល​បាន​តាមរយៈ​បទពិសោធន៍​ការសិក្សា​ផ្ទាល់ខ្លួន និង​ជា​ក្រុមគ្រួសារ​របស់​បងប្អូន ។

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​បង្ហាញ​រូបភាព​នៅ​ក្នុង គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅ​ក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ហើយ​សូម​អញ្ជើញ​កុមារ​ឲ្យ​ប្រាប់​បងប្អូន​ពី​អ្វីមួយ​ដែល​ពួកគេ​ដឹង​អំពី​ពេត្រុស ។ សូម​រំឭក​ពួកគេ​ថា ពេត្រុស​គឺជា​អ្នកដឹកនាំ​សាសនាចក្រ បន្ទាប់ពី​ព្រះ​យេស៊ូវ​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ ហើយ​សូម​ពន្យល់ថា ពេត្រុស ទី១ និង ទី២ គឺជា​សំបុត្រ​របស់​លោក​ទៅកាន់​សមាជិក​នៃ​សាសនាចក្រ​នៅ​សម័យ​របស់​លោក ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

ពេត្រុស ទី១ ១:៦–៧; ៣:១៤

ខ្ញុំ​អាច​រីករាយ​បាន ទោះបី​នៅអំឡុង​គ្រា​លំបាក​ក្តី ។

សូម​ពិចារណា​អំពី​របៀប​ដែល​បងប្អូន​អាច​បង្រៀន​ខគម្ពីរ​ទាំង​នេះ តាម​របៀប​មួយ​ដែល​នឹង​ជួយ​កុមារ​ឲ្យ​ងាក​ទៅ​រក​ព្រះអង្គ​សង្គ្រោះ នៅ​ពេល​ពួកគេ​ជួប​នឹង​សេចក្តី​វេទនា ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ជួយ​កុមារ​ឲ្យ​គិត​ពី​ឧទាហរណ៍​នានា​នៃ​រឿង​លំបាកៗ​ដែល​ព្រះ​យេស៊ូវ​បាន​ឆ្លងកាត់ ដូចជា ត្រូវគេ​មើលងាយ ឬ​សើចចំអក​ជាដើម ។ សូម​ពន្យល់ថា យើង​នឹង​ជួប​ការលំបាក​នៅក្នុង​ជីវិត​របស់​យើង ។ សូម​អាន ពេត្រុស ទី១ ១:៦–៧; ៣:១៤ ជាមួយ​គ្នា ហើយ​ចែកចាយ​បទពិសោធន៍​មួយ​នៅពេល​ដែល​បងប្អូន​បាន​ប្រឈមមុខ​នឹង « ការសាក​ល​សេចក្តី​ជំនឿ » ហើយ​ព្រះអង្គ​សង្រ្គោះ​ជួយ​បងប្អូន​ឲ្យ​រកឃើញ​អំណរ ។ ឬ​បងប្អូន​អាច​ចែកចាយ​ការអធិស្ឋាន​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ នៅក្នុង​គុក​លិបើទី និង​ការលួងលោម​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​លោក ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:១–៨; ១២៣:១៧ ) ។

យ៉ូសែប ស៊្មីធ នៅក្នុង​គុកលិបើទី

យ៉ូសែប ស៊្មីធ នៅក្នុង​គុកលិបើទី ដោយ ហ្គ្រេក ខេ អូលសិន

ពេត្រុស ទី១ ២:៩–១២

ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​ធ្វើ​ជា​គំរូ​ដល់​មនុស្សដទៃ ។

ពេត្រុស​បាន​បង្រៀន​ថា យើង​គឺ​ជា « សាសន៍​របស់​ព្រះ » ហើយ​ថា កិច្ចការ​ល្អ​របស់​យើង​អាច « សរសើរ​ដល់​ព្រះ » ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ពិពណ៌នា​អំពី​អ្វី​ដែល​ខ្ពស់​ជាង​វត្ថុ​ផ្សេងៗ​ដែល​នៅក្បែរ​វា ឬ​បង្ហាញ​រូបភាព​នៃ​វត្ថុ​ទាំង​នោះ ។ ឧទាហរណ៍ រូបភាព​នៃព្រះវិហារ​បរិសុទ្ធ​ដែល​ខ្ពស់​ជាង​អគារ​នានា​ដែល​នៅក្បែរវា ឬ​ភ្នំ​ដែល​ខ្ពស់​នៅលើ​ជ្រលង​ភ្នំ ។ សូម​ពន្យល់​ថា នៅពេល​យើង​រក្សា​បទបញ្ញត្តិ នោះ​យើង​លេច​ធ្លោ​ឡើង ហើយ​មនុស្សដទៃ​ទៀត​អាច​ឃើញ​គំរូ​របស់​យើង ។ សូមនិយាយ​អំពី « កិច្ចការ​ល្អៗ » មួយ​ចំនួន ដែល​បងប្អូន​ឃើញ​កុមារ​ធ្វើ ។ សូម​ពន្យល់​ថា កិច្ចការ​ល្អៗ​ដូច​នោះ « សរសើរ​ដល់​ព្រះ »—វា​ជួយ​ឲ្យ​មនុស្ស​ដទៃ​ទៀត​មាន​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​ចំពោះ​ព្រះ និង​បំណង​ប្រាថ្នា​ដើម្បី​បម្រើ​ទ្រង់​កាន់តែខ្លាំង​ឡើង ។

  • សូម​បំពេញ​ទំព័រ​សកម្មភាព​ជាមួយ​នឹង​កុមារ ។ តើ​មនុស្ស​ដែល​ពួកគេ​រកឃើញ​នៅក្នុង​រូបភាព​នេះ​សរសើរ​ដល់​ព្រះ​ដោយ​របៀប​ណា ?

ពេត្រុស ទី១ ៣:១៨–២០; ៤:៦

វិញ្ញាណ​ទាំងឡាយ​នៅក្នុង​ពិភពវិញ្ញាណ​រៀន​ដំណឹងល្អ ។

បន្ទាប់​ពី​ទ្រង់​បាន​សុគត​ទៅ នោះ​ព្រះយេស៊ូវ​បាន​យាង​ទៅ​ពិភពវិញ្ញាណ ហើយ​បាន​បញ្ជូន​វិញ្ញាណ​សុចរិត ដើម្បី​បង្រៀន​វិញ្ញាណ​ផ្សេង​ទៀត ដែល​ពុំ​ទាន់​បាន​ទទួល​ដំណឹង​ល្អ​នៅឡើយ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ប្រាប់​កុមារ​អំពី​នរណា​ម្នាក់​ដែល​បងប្អូន​ស្គាល់ ដែល​បាន​ស្លាប់​ទៅ​ហើយ ។ សូម​ពន្យល់​ថា នៅពេល​មនុស្ស​ស្លាប់ វិញ្ញាណ​របស់​ពួកគេ​ចាកចេញ​ពី​រូបកាយ​របស់​ខ្លួន ហើយ​ទៅកាន់​ពិភព​វិញ្ញាណ ។ សូម​អាន ពេត្រុស ទី១ ៣:១៩ ហើយ​ពន្យល់​ថា នៅពេល​ព្រះយេស៊ូវ​សុគត នោះ​ទ្រង់​បាន​យាង​ទៅ​ពិភព​វិញ្ញាណ ។ នៅទីនោះ ទ្រង់​បាន​បង្គាប់​ឲ្យ​វិញ្ញាណ​សុចរិត​ឲ្យ​បង្រៀន​ដំណឹងល្អ​ដល់​វិញ្ញាណ​ដទៃ​ទៀត ដែល​ពុំទាន់​បាន​ទទួល​យក​ដំណឹងល្អ​នៅឡើយ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:៣០ ) ។

  • សូម​បង្ហាញ​រូបភាព​ព្រះវិហារ​បរិសុទ្ធ​មួយ ។ សូម​ពន្យល់​កុមារ​ថា នៅពេល​ពួកគេ​ធំ​ល្មម ពួកគេ​អាច​ទៅ​ព្រះវិហារ​បរិសុទ្ធ​បាន ហើយ​ធ្វើ​បុណ្យ​ជ្រមុជទឹក​សម្រាប់​បុព្វការីជន​របស់​ពួកគេ ដែល​មិន​បាន​ទទួល​បុណ្យជ្រមុជទឹក​ខណៈពេល​នៅលើ​ផែនដី ។ សូម​ជួយ​កុមារ​ឲ្យ​បំពេញ​មែកធាង​គ្រួសារ​សាមញ្ញៗ ( សូមមើល​ឧទាហរណ៍​នៅ​ឯ « ទំព័រ​ផាត់​ពណ៌​ពង្សប្រវត្តិ » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

ពេត្រុស ទី១ ៣:១២–១៧; ៤:១៣–១៤, ១៦

ខ្ញុំ​អាច​រកឃើញ​អំណរ និង​សេចក្ដី​សុខសាន្ត​បាន ទោះបី​នៅអំឡុង​គ្រា​លំបាក​ក្តី ។

កុមារ​ដែល​បងប្អូន​បង្រៀន​អាច​មាន​បទពិសោធន៍​មួយ​ចំនួន​នៃ​ការឌឺដង ឬ​សើច​ចំអក ដោយសារ​អ្វី​ដែល​ពួកគេ​ជឿ ។ ខគម្ពីរ​ទាំង​នេះ​អាច​ជួយ​ពួកគេ​នៅ​អំឡុងគ្រា​ទាំងនោះ​បាន ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​សង្ខេប​ដំណើររឿង​ពីរបី​អំពី​ព្រះ​យេស៊ូវ ដែល​ត្រូវបាន​គេ​ធ្វើទុកបុកម្នេញ ឬ​អញ្ជើញ​កុមារ​ឲ្យ​អាន​ពី​ដំណើររឿង​ទាំងនេះ—ឧទាហរណ៍​សូមមើល ម៉ាថាយ ១២:៩–១៤លូកា ២២:៤៧–៥៤ ។ សូម​សួរ​កុមារ​ថា តើ​ពួកគេ​ធ្លាប់​ត្រូវ​បាន​គេ​ចំអក ឬ​មើលងាយ​ពីព្រោះ​ពួកគេ​រស់នៅ​តាម​ការបង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែរ​ឬ​ទេ ។ តើ​វា​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​បែបណា ? បន្ទាប់មក សូម​អាន​ជាមួយគ្នា​ក្នុង ពេត្រុស ទី១ ៣:១២–១៤; ៤:១៣–១៤, ១៦ ហើយ​សូម​ឲ្យ​កុមារ​រកមើល​អ្វី​ដែល​ពេត្រុស​បាន​និយាយ​អំពី​ការរងទុក្ខ « ដោយ​ព្រោះ​សេចក្តី​សុចរិតវិញ » ។ ហេតុអ្វី​បានជា​យើង​នៅតែ​សប្បាយចិត្ត នៅពេល​ដែល​មនុស្ស​ដទៃ​ចំអក​ឲ្យ​យើង ដោយសារ​ការធ្វើអ្វី​ដែល​ត្រឹមត្រូវ ?

  • សូម​ចែកចាយ​បទពិសោធន៍​មួយ​នៅពេល​បងប្អូន​រកឃើញ​អំណរ ឬ​សេចក្តីសុខសាន្ត​អំឡុងពេល​មាន​ការសាកល្បង ឬ​ចែកចាយ​ពី​របៀប​ដែល​ព្យាការី​យ៉ូសែប ស្ម៊ីធ រកឃើញ​សេចក្តី​សុខសាន្ត​នៅពេល​ដែល​លោក​នៅក្នុង​គុកលិបើទី ( សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ១២១:១–៨; ១២៣:១៧ ) ។ តើ​យើង​អាច​រកឃើញ​អំណរ និង​សេចក្តី​សុខសាន្ត​នៅក្នុង​ព្រះគ្រីស្ទ​នៅអំឡុង​ការសាកល្បង​របស់​យើង​យ៉ាង​ដូចម្តេច ?

ពេត្រុស ទី១ ៣:១៥

ខ្ញុំ​អាច​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ចែកចាយ​ដំណឹងល្អ​ជានិច្ច ។

កុមារ​ដែល​បងប្អូន​បង្រៀន​នឹង​មាន​ឱកាស​ជាច្រើន ពេញ​មួយ​ជីវិត​របស់​ពួកគេ​ដើម្បីឆ្លើយ​នឹង​សំណួរ​របស់​មនុស្ស​ដទៃ​អំពីសេចក្ដី​ជំនឿ​របស់​ពួកគេ ។ សូម​ពិចារណា​អំពី​អ្វី​ដែល​បងប្អូន​អាច​ធ្វើ​បាន​ដើម្បី​ជួយ​ពួកគេ « ឲ្យ​ត្រៀម​ខ្លួន​ជានិច្ច​ដើម្បី​ផ្តល់​ចម្លើយ » ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ប្រាប់​អំពី​គ្រា​មួយ នៅពេល​នរណា​ម្នាក់​បាន​សួរ​បងប្អូន​នូវ​សំណួរ​មួយ​អំពី​សាសនាចក្រ ហើយ​សូម​ពិពណ៌នា​ថា តើ​បងប្អូន​ទទួល​អារម្មណ៍​ថា​បាន​ប្រុងប្រៀប​ខ្លួន​ជាស្រេច​ដើម្បី​ឆ្លើយ​ដែរ​ឬ​ទេ ។ សូម​ឲ្យ​កុមារ​និយាយ​អំពី​គ្រា​នានា ពេល​ដែល​មនុស្ស​បាន​សួរ​សំណួរ​ដល់​ពួកគេ​អំពី​សាសនាចក្រ ។ សូម​អាន ពេត្រុស ទី១ ៣:១៥ ។ តើ​យើង​អាច​ធ្វើតាម​ពាក្យទូន្មាន​របស់​ពេត្រុស​នៅក្នុង​ខគម្ពីរ​ទាំងនេះ​បាន​យ៉ាង​ដូចម្តេច ?

  • សូម​ជួយ​កុមារ​ឲ្យ​គិត​ពី​សំណួរ​ពីរបី​ដែល​មនុស្ស​អាច​សួរ​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ឬ​សាសនាចក្រ​របស់​ទ្រង់ ។ សូម​ឲ្យ​កុមារ​ប្តូរវេន​គ្នា​ពន្យល់​ពី​របៀប​ដែល​ពួកគេ​នឹង​ឆ្លើយ​សំណួរ​ទាំងនេះ​ដើម្បី​ឲ្យ​ពួកគេ « ប្រុងប្រៀប » ជានិច្ច ។ មាត្រា​នៃ​សេចក្តីជំនឿ​ផ្តល់​នូវ​សេចក្តីពិត​ងាយៗ​ដែល​កុមារ​អាច​ប្រើ​បាន ដើម្បី​ឆ្លើយ​នឹង​សំណួរ​អំពី​សាសនាចក្រ ។

ពេត្រុស ទី១ ៣:១៨–២០; ៤:៦

វិញ្ញាណ​ទាំងឡាយ​នៅក្នុង​ពិភពវិញ្ញាណ​រៀន​ដំណឹងល្អ ។

នៅពេល​មនុស្ស​សុចរិត​ស្លាប់ នោះ​ពួកគាត់​ទៅ​ពិភពវិញ្ញាណ ដើម្បី​បង្រៀន​ដំណឹងល្អ​ដល់​អស់​អ្នក​ដែល​មិនបាន​ទទួល​ដំណឹងល្អ​ខណៈ​នៅលើ​ផែនដី ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​គូររូប​រាង​រង្វង់​នៅលើ​ក្តារខៀន​ដោយមាន​បន្ទាត់​រត់​នៅ​កណ្តាល​រង្វង់ ។ សូម​សរសេរ​ពាក្យ ស្ថានបរមសុខ នៅលើ​រង្វង់​ម្ខាង និង​ពាក្យ ស្ថាន​ឃុំ​ព្រលឹង នៅលើ​រង្វង់​ម្ខាង​ទៀត ។ សូម​អញ្ជើញ​កុមារ​ម្នាក់​ឲ្យ​អាន ពេត្រុស ទី១ ៣:១៨–២០; ៤:៦ ( សូមមើល​កំណែ​មកពី​ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ ពេត្រុស ទី១ ៤:៦ ) ។ សូម​ពន្យល់​ថា ពេល​ព្រះយេស៊ូវ​សុគត​ទៅ នោះ​ទ្រង់​បាន​យាង​ទៅ​កាន់​ស្ថានបរមសុខ ។ ទ្រង់​បានបង្គាប់​ដល់​វិញ្ញាណសុចរិត​នៅ​ទីនោះ ឲ្យ​បង្រៀន​ដំណឹង​ល្អ​ដល់​វិញ្ញាណ​នៅក្នុង​ស្ថាន​ឃុំ​ព្រលឹង ។

  • សូម​អញ្ជើញ​ឪពុក ឬ​ម្តាយ ឬ​បង​របស់​កុមារ​ម្នាក់​ឲ្យ​ប្រាប់​អំពី​ការទៅ​ព្រះវិហារ​បរិសុទ្ធ និង​ការទទួល​ពិធី​បរិសុទ្ធ​សម្រាប់​បុព្វការីជន​របស់​ពួកគេ​ម្នាក់ ។

  • សូម​អញ្ជើញ​កុមារ​ឲ្យ​បំពេញ​មែកធាង​គ្រួសារ​ងាយៗ ( សូមមើល​គំរូ​នៅ​ឯ « ទំព័រ​ផាត់​ពណ៌​ពង្សប្រវត្តិ » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

រូប​តំណាង​ការរៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​មែងធាង​គ្រួសារ​របស់​ពួកគេ​ជាមួយ​សមាជិក​គ្រួសារ ហើយ​សូម​ឲ្យ​ពួកគេ​ជួយ​បន្ថែម​ឈ្មោះ​នៅលើ​មែងធាង​នោះ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ព្យាយាម​យល់​ពី​កុមារ​ដែល​បងប្អូន​បង្រៀន ។ បងប្អូន​ស្គាល់​កុមារ​ដែល​បងប្អូន​បង្រៀន សូម​សម្របសម្រួល​យោបល់​នៅក្នុង​គម្រោង​មេរៀន ប្រសិនបើ​ចាំបាច់​ដើម្បី​សមស្រប​ចំពោះ​សេចក្តី​ត្រូវការ​របស់​ពួកគេ ។ បងប្អូន​អាច​ប្រើប្រាស់​សកម្មភាព​ដែល​បាន​ផ្តល់​យោបល់​នៅក្នុង​គម្រោង​មេរៀន​នេះ ពុំមែន​គ្រាន់តែ​សរសេរ​ឡើង​សម្រាប់​ក្រុម​អាយុ​ដែល​បងប្អូន​បង្រៀន​នោះ​ទេ ។ ( សូមមើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ៧ ) ។