ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣
ថ្ងៃ​ទី ៦–១២ ខែ វិច្ឆិកា ។ ហេព្រើរ ៧–១៣ ៖ « សម្ដេច​សង្ឃខាង​ឯ​សេចក្តី​ល្អ​ដែល​ត្រូវ​មក »


« ថ្ងៃ​ទី ៦–១២ ខែ វិច្ឆិកា ។ ហេព្រើរ ៧–១៣ ៖ ‹ សម្ដេច​សង្ឃខាង​ឯ​សេចក្តី​ល្អ​ដែល​ត្រូវ​មក › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២១ )

« ថ្ងៃ​ទី ៦–១២ ខែ វិច្ឆិកា ។ ហេព្រើរ ៧–១៣ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២៣

រូបភាព
ម៉ិលគីស្សាដែក​កំពុង​ប្រសិទ្ធពរ​ដល់​អាប់រ៉ាម

ម៉ិលគីស្សាដែក​ប្រសិទ្ធពរ​ដល់​អាប់រ៉ាម វ៉លធើរ រ៉េន ។ អំណោយ​របស់​វិចិត្រករ

ថ្ងៃទី ៦–១២ ខែ វិច្ឆិកា

ហេព្រើរ ៧–១៣

« សម្ដេច​សង្ឃខាង​ឯ​សេចក្តី​ល្អ​ដែល​ត្រូវ​មក »

នៅ​ពេល​បងប្អូន​មើល ហើយ​ពិចារណា​អំពី​គម្រោង​មេរៀន​នេះ សូម​យកចិត្ត​ទុកដាក់​លើ​ការបំផុសគំនិត​ដែល​បងប្អូន​ទទួលបាន អំពី​កុមារ​ដែល​បងប្អូន​បង្រៀន ។ ព្រះវិញ្ញាណ​នឹង​ជួយ​បងប្អូន​ឲ្យ​រកឃើញ​សារលិខិត​សម្រាប់​ពួកគេ​នៅ​ក្នុង ហេព្រើរ ៧–១៣ ។

រូបភាព
រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​ជួយ​កុមារ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ធ្វើ​ដើម្បី​រៀន​ដំណឹងល្អ​នៅ​ឯ​គេហដ្ឋាន ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​បទពិសោធន៍​ដែល​ពួកគេ​ចូលចិត្ត ដែល​មាន​ក្នុង​ការរៀន​ដំណឹងល្អ​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ ។

រូបភាព
រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

ហេព្រើរ ៧:១–៦

បព្វជិតភាព​អាច​ជួយ​យើង​តាម​របៀប​ជា​ច្រើន ។

ហេព្រើរ ៧:១–៦ អាច​ផ្ដល់​ឱកាស​មួយ​ដើម្បី បង្ហាញ​ដល់​កុមារ​នូវ​ពរជ័យ​ទាំងឡាយ​នៃ​បព្វជិតភាព ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ពន្យល់​ដោយ​សង្ខេបៗ​ថា តើ​អ័ប្រាហាំ​ជា​នរណា ហើយ​បន្ទាប់​មក​ប្រើ ហេព្រើរ ៧:១–៦ ដើម្បី​បង្រៀន​ថា អ័ប្រាហាំ​បាន​បង់​ដង្វាយ​មួយភាគ​ក្នុង​ដប់​ទៅ​ម៉ិលគីស្សាដែក​( សូមមើល ការបកប្រែដោយ​យ៉ូសែប ស្ម៊ីធ លោកុប្បត្តិ ១៤:៣៦–៤០ [ នៅក្នុងជំនួយ​ការសិក្សា ] ) ។ សូម​ពន្យល់ថា ម៉ិលគីស្សាដែក​កាន់បព្វជិតភាព​ដែល​ជា​អំណាច​របស់​ព្រះ ហើយ​ម៉ិលគីស្សាដែក​បាន​ប្រើ​បព្វជិតភាព​ដើម្បី​ប្រសិទ្ធពរ​ដល់​អ័ប្រាហាំ ។ កុមារ​អាច​រីករាយ​នឹង​ការសម្ដែង​រឿង​ដោយ​ប្រើ​វត្ថុ​ក្រដាស ដូចជា​មកុដ និង​ស្រោម​សំបុត្រ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។

  • សូម​អញ្ជើញ​អ្នក​កាន់​បព្វជិតភាព​អើរ៉ុន និង​ម៉ិលគីស្សាដែក ឲ្យ​មក​ក្នុង​ថ្នាក់ រួច​ប្រាប់​កុមារ​អំពី​របៀប​ដែល​ពួកគាត់​បាន​ប្រើ​បព្វជិតភាព​ដើម្បី​ផ្ដល់​ពរ​ដល់​មនុស្សដទៃ ។ បន្ទាប់​មក សូម​បង្ហាញ​កុមារ​នូវ​រូបភាព​នៃ​ពិធីបរិសុទ្ធ​បព្វជិតភាព​ផ្សេងៗ ( ឧទាហរណ៍ សូម​មើល រូបភាព ទំព័រ ១០៣–៨ នៅ​ក្នុង សៀវភៅ​រូបភាព​ដំណឹងល្អ ) ។ សូម​ជួយ​កុមារ​ឲ្យកំណត់​ថា តើ​បព្វជិតភាព​ណាមួយ​ដែល​តម្រូវ​ឲ្យមាន​សម្រាប់​ពិធីបរិសុទ្ធ​នីមួយៗ រួច​ហុច​រូបភាព​នោះ​ទៅ​អ្នក​ដែល​កាន់​បព្វជិតភាព​នោះ​ឲ្យ​កាន់ ។

ហេព្រើរ ១១:១–៣២

សេចក្តី​ជំនឿ​គឺជា​ការជឿ​ទៅលើ​អ្វី​ដែល​យើង​មិន​អាច​មើល​ឃើញ ។

ទោះបីជា​យើង​មិនអាច​មើលឃើញ​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវគ្រីស្ទ​ក្តី ក៏​យើង​អាច​អភិវឌ្ឍ​សេចក្តី​ជំនឿ​លើ​ទ្រង់​ទាំងទ្វេ និង​សេចក្តី​សន្យា​របស់​ទ្រង់ ដោយ​ការធ្វើតាម​គំរូ​របស់​ប្រជាជន​ដែល​ស្មោះត្រង់​ដែល​បាន​ពិពណ៌នា​នៅក្នុង ហេព្រើរ ១១ បាន​ផងដែរ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ដាក់​តាំង​រូបភាព​ព្រះយេស៊ូវ ។ សូម​ដាក់​វត្ថុ​បីបួន​នៅ​ក្នុង​បន្ទប់​រៀន​ដែល​តំណាង​ឲ្យ « ភស្ដុតាង » ដែល​អះអាង​ថា​ពិត​ជា​មាន​ទ្រង់​ប្រាកដមែន ទោះជា​យើង​ពុំ​អាច​មើល​ឃើញ​ទ្រង់​ក្ដី ( ដូចជា​ព្រះគម្ពីរ រូបភាព​ការនិមិត្ត​ដំបូង និង​រូបភាព​ផែនដី ) ។ សូម​អញ្ជើញ​កុមារ​ឲ្យ​តម្រៀប​រូបភាព រួច​ចែកចាយ​ជាមួយ​ពួកគេ​អំពី​របៀប​ដែល​រូបភាព​នីមួយៗ​ជួយ​យើង​ឲ្យ​មាន​សេចក្ដីជំនឿ​ថា ព្រះយេស៊ូវ​មាន​ព្រះជន្ម​រស់ ។

  • សូម​យក​កង្ហារ​ក្រដាស​មួយ​មក ហើយ​សូម​ឲ្យ​កុមារ​ប្តូរវេន​គ្នា​អង្គុយ​ឲ្យ​ខ្យល់​កង្ហារ​បក់​មក​លើ​មុខ​របស់​ពួកគេ ។ សូម​បង្រៀន​ពួកគេ​ថា យើង​ពុំ​អាច​មើល​ឃើញ​ខ្យល់​ទេ ប៉ុន្តែ​យើង​អាច​ទទួល​អារម្មណ៍​ដឹង​អំពី​ខ្យល់ ។ ស្រដៀងគ្នា​នេះ​ដែរ យើង​ពុំ​អាច​មើល​ឃើញ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ទេ ប៉ុន្តែ​យើង​អាច​ទទួល​អារម្មណ៍​ពី​សេចក្ដីស្រឡាញ់​របស់​ទ្រង់​ទាំង​ទ្វេ ហើយ​មាន​សេចក្ដីជំនឿ​ថា​ពិត​ជា​មាន​ទ្រង់​ទាំង​ទ្វេ​ប្រាកដ​មែន ។

  • សូម​ចែកចាយ​ដំណើររឿង​របស់​មនុស្ស​ម្នាក់ ឬ​ច្រើន​ដែល​បាន​លើកឡើង​នៅ​ក្នុង ហេព្រើរ ១១:៤–៣២ ។ បងប្អូន​ក៏​អាច​រកឃើញ​ដំណើររឿង​អំពី​ប្រជាជន​ទាំងនេះ​នៅក្នុង ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ចាស់ ផងដែរ ។ តើ​មនុស្ស​ទាំងនេះ​បាន​ធ្វើ​អ្វី​ខ្លះ ដើម្បី​បង្ហាញ​ថា​ពួកគេ​មាន​សេចក្ដីជំនឿ​លើ​អ្វី​មួយ​ដែល​ពួកគេ​ពុំ​អាច​មើល​ឃើញ ? សូម​ចែកចាយ​ពរជ័យ​មួយ​ចំនួន ដែល​បងប្អូន​បាន​ទទួល​ដោយសារតែ​សេចក្ដីជំនឿ​របស់​បងប្អូន ។

ហេព្រើរ ១៣:៥–៦

ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​នឹង​ជួយ​យើង ហើយ​មិន​ទុក​យើង​ចោល​ឡើយ ។

តើ​ការសាកល្បង​ណា​ខ្លះ ដែល​កុមារ​កំពុង​ជួបប្រទះ ? តើ​សារលិខិត​នៅ​ក្នុង ហេព្រើរ ១៣:៥–៦ អាច​នឹង​ជួយ​ពួកគេ​តាម​របៀប​ណា ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​មើល​ដំណើររឿង​ព្រះគម្ពីរ​សញ្ញាថ្មី ដែល​កុមារ​បាន​រៀន​នៅ​ឆ្នាំ​នេះ​អំពី​ព្រះអង្គ​សង្គ្រោះ​ដែល​បាន​ជួយ​មនុស្សដទៃ ដូចជា​ពេល​ដែល​ទ្រង់​បាន​ប្រោស​បុរស​ស្លាប់​ដៃជើង​ម្នាក់ ( សូម​មើល លូកា ៥:១៨–២៦ ) ឬ​បាន​ប្រទាន​អាហារ​ដល់​មនុស្ស ៥០០០ នាក់ ( សូម​មើល ម៉ាថាយ ១៤:១៥–២១ ) ។ សូម​ជួយ​កុមារ​ឲ្យ​រៀន​ឃ្លា « ព្រះអម្ចាស់​ទ្រង់​ជា​ជំនួយ​ខ្ញុំ » ( ហេព្រើរ ១៣:៦ ) ។

  • សូម​អញ្ជើញ​កុមារ​ឲ្យ​គូររូបភាព​ពី​គ្រាមួយ កាល​ដែល​មាន​នរណា​ម្នាក់​បាន​លួងលោម​ចិត្ត​របស់​ពួកគេ នៅពេល​ដែល​ពួកគេ​មាន​ការភ័យខ្លាច ។ សូម​អាន ហេព្រើរ ១៣:៥–៦ ឲ្យ​ពួកគេ​ស្ដាប់ រួច​ថ្លែង​ទីបន្ទាល់​ថា ព្រះវរបិតាសួគ៌​នឹង​ជួយ​យើង ហើយ​មិន​ទុក​យើង​ចោល​ឡើយ ។ សូម​ជួយ​កុមារ​កាត់​ក្រដាស​រាង​បេះដូង​ទំហំ​មួយ​ធំ ដើម្បី​គ្រប​ពី​លើ​គំនូរ​ដែល​ពួកគេ​បាន​គូរ ។ តើ​មាន​អ្វី​ខ្លះ​ដែល​ជួយ​យើង​ឲ្យ​មាន​អារម្មណ៍​កាន់តែ​ខិត​ជិត​ព្រះវរបិតាសួគ៌ ? សូម​សរសេរ​អ្វី​ទាំងនេះ​នៅ​លើ​រូប​បេះដូង ។

  • សូម​បង្រៀន​កុមារ​នូវបទ​ចម្រៀង​អំពី​របៀប​ដែល​ព្រះវរបិតា​សួគ៌ និង​ព្រះ​យេស៊ូវគ្រីស្ទ​ស្រឡាញ់ ហើយ​ជួយ​យើង ដូចជា​បទ « សូម​ប្រាប់​កូន ឱព្រះ​អង្គ​អើយ » ( សៀវភៅចម្រៀង​កុមារ ទំព័រ ៧៥ ) ។ តើ​យើង​អាច​ដឹងថា ព្រះវរិបតា​សួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ​នៅ​ជិត​យើង​យ៉ាង​ដូចម្តេច ? សូម​និយាយ​អំពី​គ្រា​នៅពេល​បងប្អូន​បាន​ទទួល​អារម្មណ៍​ថា « ព្រះអម្ចាស់​ទ្រង់​ជា​ជំនួយ [ របស់​បងប្អូន ] » ។

រូបភាព
រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

ហេព្រើរ ៧:១–៤

ថ្នាក់​ដឹកនាំ​សាសនាចក្រ​ធ្វើតាម​គំរូ​របស់​ព្រះ​អង្គ​ង្រ្គោះ ។

តើ​បងប្អូន​អាច​ប្រើ​ខគម្ពីរ​ទាំងនេះ​ដើម្បី​ជួយ​កុមារ​ឲ្យ​យល់​ថា អស់​អ្នក​ដែល​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​នៅក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់​គឺត្រូវ​មាន​សេចក្តី ស្មោះត្រង់ និង​បម្រើ​អ្នក​ដទៃ ដូចជា​ទ្រង់​បាន​ធ្វើ​យ៉ាង​ដូចម្តេច ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ជួយ​កុមារ​ឲ្យ​សរសេរ​អ្វីៗ​ដែល​ពួកគេ​ដឹង​អំពី​អ្នក​ដឹកនាំ​ដ៏​អស្ចារ្យ​ពីររូប​ដែល​ជា អ័ប្រាហាំ និង​ម៉ិលគីស្សាដែក ។ ពួកគេ​អាច​រកឃើញ​ជំនួយ​នៅ​ក្នុង ហេព្រើរ ៧:១–៤; អ័ប្រាហាំ ១:១–២ និង ការបកប្រែ​ដោយ យ៉ូសែប ស្ម៊ីធ លោកុប្បត្តិ ១៤:២៥–៤០ ( នៅ​ក្នុង​ឧបសម្ព័ន្ធ​ព្រះគម្ពីរ​ប៊ីប ) ។ តើ​គុណសម្បត្តិ​ដូច​ព្រះគ្រីស្ទ​ណា​ខ្លះ​ដែល​បុរស​ទាំង​ពីរ​រូប​នេះ​មាន ដែល​បាន​ជួយ​ពួក​លោក​ឲ្យ​គោរព​ដល់​បព្វជិតភាព ?

  • សូម​ឲ្យ​កុមារ​អាន ហេព្រើរ ៧:១–២ រួច​ស្វែងរក​មុខងារ​នានា​ដែល​ត្រូវបាន​ប្រើ ដើម្បី​ពិពណ៌នា​អំពី​ម៉ិលគីស្សាដែក ។ តើ​មុខងារ​ទាំងនេះ​រំឭក​យើង​អំពី​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ? សូម​ជួយ​ពួកគេ​ឲ្យ​គិត​អំពី​របៀប​ដែល​ព្រះយេស៊ូវ​គឺ​ជា « ស្តេច​នៃ​សេចក្តីសុខសាន្ត » ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​និយាយ​អំពី​អ្នក​កាន់​បព្វជិតភាព​ដទៃទៀត ដែល​ជា​ឧទាហរណ៍​នៃ​ការធ្វើតាម​ព្រះ​អង្គ​សង្រ្គោះ​ផងដែរ ។

  • សូម​ចែកចាយ​បទពិសោធន៍​មួយ ដែល​សេចក្តីជំនឿ​របស់​បងប្អូន​នៅលើ​ព្រះ​អង្គសង្រ្គោះ​ត្រូវបាន​ពង្រឹង ដោយសារតែ​ការបម្រើ​របស់​អ្នកកាន់​បព្វជិតភាព​ដ៏​សុចរិត ។ សូម​ជួយ​កុមារ​ឲ្យ​គិត​ពី​របៀប​ដែល​បព្វជិតភាព​បាន​ផ្តល់​ពរជ័យ​ដល់​ពួកគេ ។

ហេព្រើរ ១១

ព្រះវរបិតាសួគ៌​ប្រទាន​រង្វាន់​ដល់​អស់​អ្នក​ដែល​មាន​សេចក្តីជំនឿ ។

ហេព្រើរ ១១ មាន​នូវ​ឧទាហរណ៍​ជា​ច្រើន​នៃ​មនុស្ស​ដែល​មាន​ពរ នៅ​ពេល​ពួកគេ​បាន​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ ។ តើ​ដំណើររឿង​ណា​មួយ​ដែល​នឹង​ជា​ការបំផុសគំនិត និង​មាន​ប្រយោជន៍​ខ្លាំង​បំផុត​ដល់​កុមារ​ដែល​បងប្អូន​បង្រៀន ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ធ្វើ​បញ្ជី​មួយ​នៅលើ​ក្តារខៀន នូវ​អ្វីៗ​ដែល​ពួកគេ​បានរៀន​អំពី​សេចក្តីជំនឿ នៅក្នុង ហេព្រើរ ១១:១–៣, ៦ ។ សូម​ផ្ដល់​ដល់​កុមារ​នូវ​ឈ្មោះ​នរណាម្នាក់​ដែល​មាន​ចែង​នៅ​ក្នុង ហេព្រើរ ១១ រួច​អញ្ជើញ​ពួកគេ​ឲ្យ​អាន​ខគម្ពីរ​ទាំងឡាយ​ដែល​ទាក់ទង​នឹង​បុគ្គល​នោះ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​តម្រុយ​អំពី​បុគ្គល​នោះ ដើម្បី​ឲ្យ​កុមារ​ដទៃទៀត​អាច​ទាយ​ថា តើ​បុគ្គល​នោះ​ជា​នរណា ។ តើ​មនុស្ស​ទាំងនេះ​បាន​បង្ហាញ​សេចក្ដីជំនឿ​ដូចម្ដេច ហើយ​តើ​ព្រះវរបិតាសួគ៌​បាន​ប្រទាន​រង្វាន់​ដល់​ពួកគេ​យ៉ាង​ដូចម្ដេច ? ( សម្រាប់​រូបភាព​របស់​បុគ្គល​ទាំងនេះ សូមមើល ផ្នែក​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់ នៃ សៀវភៅ​រូបភាព​ដំណឹងល្អ ) ។

  • បន្ទាប់​ពី​បាន​អាន​អំពី​គំរូ​ដ៏​ស្មោះត្រង់​ខ្លះៗ​នៅ​ក្នុង ហេព្រើរ ១១ សូម​ឲ្យ​កុមារ​សរសេរ​អំពី​បុគ្គល​ម្នាក់​ដែល​ពួកគេ​ស្គាល់ ជា​អ្នក​ដែល​បាន​បង្ហាញ​សេចក្ដីជំនឿ ។ សូម​អញ្ជើញ​កុមារ​បីបួន​នាក់​ឲ្យ​ចែកចាយ​ឧទាហរណ៍​របស់​ពួកគេ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។

ហេព្រើរ ១២:៥–១១

ព្រះអម្ចាស់​ទ្រង់​វាយផ្ចាល​អ្នក​ទាំងឡាយ​ដែល​ទ្រង់​ស្រឡាញ់ ។

ខគម្ពីរ​ទាំងនេះ​អាច​ជួយ​កុមារ​ឲ្យ​យល់​ថា ព្រះវរបិតា​សួគ៌ ឪពុក​ម្ដាយ​របស់​ពួកគេ និង​មនុស្សដទៃ​កែតម្រូវ​ពួកគេ ដោយសារតែ​ពួកគាត់​ស្រឡាញ់​ពួកគេ ហើយ​ចង់​ឲ្យ​ពួកគេ​រៀន​ចេញ​ពី​កំហុស​របស់​ខ្លួន ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អាន ហេព្រើរ ១២:៥–១១ ទាំងអស់​គ្នា រួច​ឲ្យ​កុមារ​ស្វែងរក​មូលហេតុ​ដែល​ព្រះវរបិតាសួគ៌​ទ្រង់​វាយផ្ចាល​យើង ( កែតម្រូវ ឬ​លត់ដំ​យើង ) ។ តើ​ការណ៍​នេះ​បង្រៀន​យើង​អ្វីខ្លះ អំពី​មូលហេតុ​ដែល​ឪពុកម្ដាយ​លើ​ផែនដី​ក៏​ត្រូវ​កែតម្រូវ​កូនៗ​របស់​ខ្លួនដែរ​នោះ ? តើ​យើង​គួរតែ​ឆ្លើយ​តប​ទៅ​នឹង​ការកែតម្រូវ​ពេញ​ដោយ​ក្ដីស្រឡាញ់​នេះ​យ៉ាង​ដូចម្ដេច ?

  • សូម​ចែកចាយ​គំរូ​នៃ​មនុស្ស​នៅ​ក្នុង​ព្រះគម្ពីរ ដែល​ត្រូវបាន​វាយផ្ចាល​ដោយ​ព្រះអម្ចាស់ ហើយ​បាន​ប្រែចិត្ត ( ឧទាហរណ៍ សូម​មើល នីហ្វៃទី១ ១៦:២៥–២៧; អេធើរ ២:១៣–១៥ ) ។ តើ​ពួកគេ​គឺ​ជា​គំរូ​ល្អ​នៃ​គោលការណ៍​នៅ​ក្នុង ហេព្រើរ ១២:៥–១១ យ៉ាង​ដូចម្ដេច ?

  • បន្ទាប់​ពី​បាន​អាន ហេព្រើរ ១២:៥–១១ ហើយ សូម​អញ្ជើញ​កុមារ​ឲ្យ​សរសេរ​រឿងពីរ​បី ដែល​ពួកគេ​នឹង​ព្យាយាម​ចងចាំ នៅ​ពេល​ពួកគេ​ត្រូវបាន​កែតម្រូវ​លើ​កំហុស​របស់​ពួកគេ ។

រូបភាព
រូប​តំណាង​ការរៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​អញ្ជើញ​កុមារ​ឲ្យ​សរសេរ ឬ​គូរ​រូបភាព​នៃ​អ្វីមួយ​ដែល​ពួកគេ​បាន​រៀន​នៅក្នុង​ថ្នាក់ ។ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យប្រើប្រាស់​សំណេរ ឬ​រូបភាព​នោះ​ដើម្បី​ចែកចាយ​អ្វី​ដែល​ពួកគេ​បានរៀន​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ប្រើ​ទំព័រ​សកម្មភាព ។ នៅ​ពេល​កុមារ​កំពុង​អនុវត្ត​នៅ​លើ​ទំព័រ​សកម្មភាព​នៅ​ក្នុង​ថ្នាក់ សូម​ប្រើ​ពេលវេលា​នោះ​ដើម្បី​រំឭក​អំពី​គោលការណ៍​នានា​ចេញ​ពី​មេរៀន​នេះ ។

បោះពុម្ព