ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ២៧ ខែ វិច្ឆិកា–ថ្ងៃទី ៣ ខែ ធ្នូ ។ យ៉ូហាន ទី១–៣; យូដាស ៖ « ព្រះ​ទ្រង់​ជា​សេចក្តី​ស្រឡាញ់ »


« ថ្ងៃទី ២៧ ខែ វិច្ឆិកា–ថ្ងៃទី ៣ ខែ ធ្នូ ។ យ៉ូហាន ទី១–៣; យូដាស ៖ ‹ ព្រះ​ទ្រង់​ជា​សេចក្តី​ស្រឡាញ់ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ២៧ ខែ វិច្ឆិកា–ថ្ងៃទី ៣ ខែ ធ្នូ ។ យ៉ូហាន ទី១–៣; យូដាស » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២៣

ព្រះយេស៊ូវ​គ្រីស្ទកំពុង​គង់ ព្រះភក្រ្តិ​ញញឹម​ជាមួយ​កូនក្មេង

សេចក្ដី​ស្រឡាញ់​ដ៏ល្អ​ឥតខ្ចោះ ដោយ ឌែល ផាសិន

ថ្ងៃទី ២៧ ខែ វិច្ឆិកា–ថ្ងៃទី ៣ ខែ ធ្នូ

យ៉ូហាន ទី១–៣; យូដាស

ព្រះ​ទ្រង់​ជា​សេចក្តី​ស្រឡាញ់

សំបុត្រ​របស់​យ៉ូហាន និង យូដាស បង្រៀន​អំពី​សេចក្តី​ស្រឡាញ់ និង​ពន្លឺ​របស់​ព្រះវរបិតាសួគ៌ ។ ពេល​បងប្អូន​សិក្សា​នៅ​សប្តាហ៍​នេះ សូម​ពិចារណា​អំពី​របៀប​ដែល​កុមារ​ដែល​បងប្អូន​បង្រៀន​ត្រូវការ​ពន្លឺ និង​សេចក្តីស្រឡាញ់​របស់​ទ្រង់​នៅក្នុង​ជីវិត​របស់​ពួកគេ ។ សូម​ចាំ​ដើម្បី​ពិចារណា​អំពីសកម្មភាព​ទាំងអស់​នៅក្នុង​គម្រោង​មេរៀន​នេះ ពុំមែន​គ្រាន់តែ​សកម្មភាព​ដែល​រៀបរាប់​នៅក្រោម​ក្រុម​អាយុ​ដែល​បងប្អូន​បង្រៀន​នោះ​ទេ ។

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​ពី​អារម្មណ៍​របស់​ពួកគេ​អំពី​សេចក្តីស្រឡាញ់​របស់​ព្រះវរិបតាសួគ៌ និង​ព្រះ​យេស៊ូវ ឬ​ពីមូលហេតុ​ដែល​ពួកគេ​គិតថា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គឺដូចជា​ពន្លឺ​ដល់​ពួកគេ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

យ៉ូហាន ទី១ ១:៥–៧; ២:៨–១១

ការធ្វើតាម​ព្រះយេស៊ូវ​នាំមក​នូវ​ពន្លឺ​ដល់​ជីវិត​របស់​ខ្ញុំ ។

យ៉ូហាន​បាន​សរសេរ​អំពី​ពន្លឺ​ដើម្បី​បង្រៀន​អំពី​ឥទ្ធិពល​របស់​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​នៅក្នុង​ជីវិត​របស់​យើង ។ សូម​ពិចារណា​ពី​របៀប​ដែល​បងប្អូន​អាច​ជួយ​កុមារ​ឲ្យ​រៀន​អំពី​ពន្លឺ​ដែល​ទ្រង់​ទាំងទ្វេ​បាន​ប្រទាន​ឲ្យ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ឲ្យ​កុមារ​រៀបរាប់​ពី​វត្ថុ​ដែល​មាន​ពន្លឺ ។ សូម​និយាយ​ជាមួយ​ពួកគេ​ពី​អត្ថប្រយោជន៍​នៃ​ពន្លឺ ដូចជា​ពន្លឺ​ជួយ​ឲ្យ​រុក្ខជាតិ​លូតលាស់ ធ្វើ​ឲ្យ​យើង​អាច​មើលឃើញ និង​ផ្តល់​ភាព​កក់ក្តៅ ។ ដើម្បី​យល់​ពី​របៀប​ដែល​ព្រះយេស៊ូវ​ប្រទាន​ពន្លឺ​ដល់​យើង នោះ​ពួកគេ​អាច​ប្តូរ​វេន​គ្នា​បញ្ចាំង​ពន្លឺ​ទៅ​រូបភាព​ព្រះ​យេស៊ូវ​គ្រីស្ទ កាល​ដែល​ពួកគេ​និយាយ​ថា « ព្រះ​ទ្រង់​ជា​ពន្លឺ​ភ្លឺ » ( យ៉ូហាន ទី១ ១:៥ ) ។ សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​អាច​នាំ​ពន្លឺ​មកក្នុង​ជីវិត​យើង​បាន នៅពេល​យើង​ព្យាយាម​ធ្វើតាម​អ្វី​ដែល​ទ្រង់​ទាំងទ្វេ​មាន​ព្រះបន្ទូល ។

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ប្ដូរវេន​គ្នា​កាន់​រូបភាព​អំពូល​ភ្លើង ឬ​ទៀន ។ នៅពេល​កុមារ​ម្នាក់ៗ​កាន់​រូបភាព សូម​ជួយ​គាត់ ឬ​នាង​ឲ្យ​គិត​អំពី​របៀប​មួយ ដែល​យើង​អាច​នាំ​ពន្លឺ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ចូល​មក​ក្នុង​ជីវិត​របស់​យើង​បាន ។

យ៉ូហាន ទី១ ៤:១០–១១, ២០–២១

ខ្ញុំ​បង្ហាញ​សេចក្ដីស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​ព្រះ នៅ​ពេល​ខ្ញុំ​បង្ហាញ​សេចក្ដីស្រឡាញ់​ដល់​មនុស្សដទៃ ។

សូម​ជួយ​កុមារ​ឲ្យ​ឃើញ​ទំនាក់ទំនង​រវាង​សេចក្តី​ស្រឡាញ់​ដែល​ពួកគេ​មាន​ចំពោះ​ព្រះវរបិតាសួគ៌ និង​សេចក្តីស្រឡាញ់​ដែល​ពួកគេ​បង្ហាញ​ដល់​បុត្រា​បុត្រី​របស់​ទ្រង់ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូមអាន យ៉ូហាន ទី១ ៤:១១ ឲ្យ​កុមារស្តាប់ និង​ច្រៀង​ចម្រៀង​អំពី​សេចក្តីស្រឡាញ់​របស់​ព្រះ ដូចជា​បទ « ព្រះវរបិតា​ស្រឡាញ់​ខ្ញុំ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១៦–១៧ ) ។ សូម​ឲ្យ​សិស្ស​ពីរបីនាក់​ចែកចាយ​របៀប​ដែល​ពួកគេ​ដឹង​ថា ព្រះវរបិតាសួគ៌​ស្រឡាញ់​ពួកគេ ។ បន្ទាប់​ពីកុមារ​ម្នាក់ៗឆ្លើយ​មក​ហើយ សូម​អញ្ជើញ​កុមារ​ឲ្យ​ឱប​ខ្លួន​ពួកគេ ហើយ​និយាយ​ថា « ព្រះ​ទ្រង់​ជា​សេចក្តី​ស្រឡាញ់ ហើយ​ព្រះស្រឡាញ់​ខ្ញុំ » ។

  • សូម​អាន យ៉ូហាន ទី១ ៤:២១ ឲ្យ​កុមារ​ស្ដាប់ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​និយាយ ឬ​ធ្វើ​កាយវិការ​នូវ​របៀប​ផ្សេងៗ​ដែល​ពួកគេ​អាច​បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​មិត្តភក្តិ ដូចជា​ការឱប ឬ​ការធ្វើកាត​ជូនពរ​ជាដើម ។ តើ​ការធ្វើ​កិច្ចការ​ទាំង​នេះ​ធ្វើ​ឲ្យ​មិត្តភក្តិ​របស់​យើង​មាន​អារម្មណ៍​យ៉ាង​ណា​ដែរ ? តើ​ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​បែប​ណា នៅពេល​យើង​ធ្វើ​កិច្ចការ​ល្អ​ៗ​សម្រាប់​អ្នក​ដទៃ​នោះ ?

យ៉ូហាន ទី១ ២:៣–៥; ៥:៣

ខ្ញុំ​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​ព្រះ នៅពេល​ខ្ញុំ​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។

យ៉ូហាន​បានបង្រៀន​ថា « បញ្ញត្តិ [ របស់​ព្រះ ] នោះ​មិនមែន​ជា​បន្ទុក​ដ៏​ធ្ងន់​ទេ » ( យ៉ូហាន ទី១ ៥:៣ ) ។ ផ្ទុយទៅវិញ ការធ្វើតាម​បទ​បញ្ញត្តិ​គឺជា​របៀប​មួយ​ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​ទ្រង់ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អាន យ៉ូហាន ទី១ ៥:៣ ហើយ​សូម​ឲ្យ​កុមារ​ស្តាប់​នូវ​អ្វី​ដែល​ខគម្ពីរ​នេះ​ចែង​អំពី​របៀប​ដែល​យើង​អាច​បង្ហាញ​ថា យើង​ស្រឡាញ់​ព្រះ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​រាប់​បទបញ្ញត្តិ​ឲ្យ​បាន​ច្រើនតាម​ដែល​ពួកគេ​អាច​រាប់បាន ។ តើ​យើង​មាន​អារម្មណ៍​យ៉ាង​ណា នៅពេល​យើង​គោរព​តាម​ព្រះ​បញ្ញត្តិ​ទាំងឡាយ​របស់​ព្រះវរបិតាសួគ៌ ?

  • សូម​អញ្ជើញ​កុមារ​ឲ្យ​គូររូបភាព​ដែល​បង្ហាញ​របៀប​មួយ ដែល​ពួកគេ​អាចបង្ហាញ​ព្រះវរបិតាសួគ៌​ថា ពួកគេ​ស្រឡាញ់​ទ្រង់ ។ ឧទាហរណ៍ ពួកគេ​អាច​គូររូប​ខ្លួន​ឯង​កំពុង​គោរព​តាម​បទបញ្ញត្តិ​មួយ ។

  • សូម​ច្រៀង​ចម្រៀង​មួយ​បទ​ជាមួយគ្នា​អំពី​ការគោរព​ប្រតិបត្តិ ដូច​ជា​បទ « ជ្រើសរើស​ផ្លូវ​ត្រូវ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៨២ ) ។ តើ​យើង​មាន​អារម្មណ៍​យ៉ាង​ណា នៅពេល​យើង​គោរព​ប្រតិបត្តិ​នោះ ?

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

យ៉ូហាន ទី១ ២:៨–១១; ៤:៧–៨, ២០–២១

ខ្ញុំ​បង្ហាញ​សេចក្ដីស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​ព្រះ នៅ​ពេល​ខ្ញុំ​បង្ហាញ​សេចក្ដីស្រឡាញ់​ដល់​មនុស្សដទៃ ។

តើ​បងប្អូន​អាច​ជួយ​កុមារ​ឲ្យ​យល់​ថា ការស្រឡាញ់​ព្រះ​ទាក់ទង​នឹង​ការស្រឡាញ់​មនុស្ស​ដែល​នៅជុំវិញ​ខ្លួន​របស់​យើង—សូម្បី​តែ​មនុស្ស​ដែល​អាច​មាន​ភាពខុស​ប្លែក​ពី​យើង ឬ​ពិបាក​នឹង​ស្រឡាញ់​យ៉ាង​ណាក៏ដោយ របៀប​ណា​ទៅ ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ឲ្យ​កុមារ​ស្រមៃ​ថា មាន​សិស្ស​ថ្មី​ម្នាក់​ចាប់​ផ្តើម​ចូល​រៀន​នៅសាលា ឬ​វួដ​របស់​ពួកគេ ហើយ​ពុំ​ស្គាល់​នរណា​ម្នាក់​ឡើយ​នៅ​ទីនោះ ។ តើ​បុគ្គល​ម្នាក់​នេះ​អាច​មាន​អារម្មណ៍​បែប​ណា ? សូម​អញ្ជើញ​កុមារ​ម្នាក់​ឲ្យ​អាន យ៉ូហាន ទី១ ៤:៧–៨ ។ តើ​ខគម្ពីរ​នេះ​ផ្ដល់​យោបល់​អ្វីខ្លះ​អំពី​របៀប​ដែល​យើង​គួរ​តែ​ប្រព្រឹត្ត​ចំពោះ​បុគ្គល​នេះ ? សូម​ចែកចាយ​សាច់រឿង​ស្រដៀង​គ្នា​នេះ ឬ​សូម​ឲ្យ​កុមារ​គិត​អំពី​ស្ថានភាព ដែល​ពួកគេ​អាច​មាន​ឱកាស​បង្ហាញ​សេចក្តីស្រឡាញ់ ។

  • សូម​ឲ្យ​កុមារ​អាន យ៉ូហាន ទី១ ៤:៧–៨, ២០–២១ ហើយ​អញ្ជើញ​ពួកគេ​ម្នាក់ៗ​ឲ្យ​សរសេរ​ប្រយោគ​មួយ ដើម្បី​សង្ខេប​នូវ​អ្វី​ដែល​ពួកគេ​គិត​ថា ជា​មេរៀន​សំខាន់​បំផុត​នៅ​ក្នុង​ខគម្ពីរ​ទាំង​នេះ ។ បន្ទាប់ពី​ពួកគេ​បង្ហាញ​ប្រយោគ​របស់​ពួកគេ​រួច​ហើយ​នោះ សូម​ចែកចាយ​ដំណើររឿង​មួយ​ចេញពី​ជីវិត​របស់​បងប្អូន ឬ​ចេញពី​ទស្សនាវដ្តី ប្រិយមិត្តលីអាហូណា ដែល​បងប្អូន​មាន​អារម្មណ៍​ថា​បង្ហាញ​អ្វី​ដែល​ខគម្ពីរ​ទាំងនេះ​បង្រៀន ( ឧទាហរណ៍​សូមមើល « Say Hello to Halim » Friend ខែ មិថុនា ឆ្នាំ ២០១៩ ទំព័រ ៨–៩ ឬ Liahona ខែ មិថុនា ឆ្នាំ ២០១៩ ទំព័រ F១៨–F១៩ ) ។ សូម​អញ្ជើញ​កុមារ​ឲ្យចែកចាយ​ឧទាហរណ៍​របស់​ពួកគេ​ផ្ទាល់​ផងដែរ ។ តើ​យើង​អាច​បង្ហាញ​សេចក្តីស្រឡាញ់​ចំពោះ​អស់​អ្នក​ដែល​នៅជុំវិញ​យើង​យ៉ាង​ដូចម្តេច ?

យ៉ូហាន ទី១ ២:៣–៦; ៤:១៧–១៨; ៥:២–៥

ខ្ញុំ​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​ព្រះ នៅពេល​ខ្ញុំ​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។

ការគោរព​តាម​បទបញ្ញត្តិ​អាច​ងាយ​ស្រួល​ជាងមុន នៅពេល​យើង​យល់​អំពី​សេចក្តីពិត​ដែល​បាន​បង្រៀន​នៅក្នុង យ៉ូហាន ទី១ ៥:៣ ។ តើ​បងប្អូន​អាច​ជួយ​កុមារ​ឲ្យ​ឃើញ​ថា បទបញ្ញត្តិ​ពុំមែន​ជា​បន្ទុក​ទេ ប៉ុន្តែ​ជា​ឱកាស​ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ពួកគេ​ចំពោះ​ព្រះ​យ៉ាង​ដូចម្តេច ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អញ្ជើញ​កុមារ​ឲ្យ​សរសេរ​នៅលើ​ក្តារខៀន​នូវ​វិធី​នានា ដែល​ពួកគេ​អាច​បង្ហាញ​ចំពោះ​ព្រះ​ថា ពួកគេ​ស្រឡាញ់​ទ្រង់ ។ បន្ទាប់​មក សូម​អាន​រួមគ្នា​នូវ យ៉ូហាន ទី១ ២:៥–៦; ៥:២–៥ សម្រាប់​យោបល់​បន្ថែម ។ តើ​ការគោរព​តាមបទបញ្ញត្តិ​បង្ហាញ​ថា យើង​ស្រឡាញ់​ព្រះវរបិតាសួគ៌​យ៉ាង​ដូចម្ដេច ?

ក្រុមគ្រួសារ​កំពុងលុតជង្គង់​អធិស្ឋានជាមួយ​គ្នា

ការរក្សា​បទបញ្ញត្តិ​របស់​ព្រះ​ជួយ​យើង​ឲ្យ​យកឈ្នះ​លើ​លោកិយ ។

  • សូម​អាន យ៉ូហាន ទី១ ៤:១៧ ហើយ​ពន្យល់​កុមារ​ថា ការ « មាន​សេចក្តី​ក្លាហាន​នៅ​ថ្ងៃ​ជំនុំ​ជម្រះ » មានន័យ​ថា ការមាន​ទំនុកចិត្ត និង​ភាពសុខសាន្ត នៅពេល​ពួកគេ​ឈរ​នៅចំពោះ​ព្រះភក្ត្រ​ព្រះ​ដើម្បី​ទទួល​ការជំនុំ​ជម្រះ ។ តើ​ខគម្ពីរ​នេះ​បង្រៀន​អ្វីខ្លះ អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​មាន​ទំនុកចិត្ត​នេះ ? តើ​មាន​អ្វីខ្លះ​ដែល​យើង​អាច​ធ្វើ​បាន​ក្នុង​ពេល​នេះ ដើម្បី​មាន​ទំនុកចិត្ត​នៅចំពោះ​ព្រះភ័ក្រ្ត​ព្រះ ?

យូដាស ១:១៨–២២

ខ្ញុំ​អាច​នៅ​តែ​មាន​ភាពស្មោះត្រង់ ទោះបី​នៅពេល​មនុស្ស​ដទៃ​សើច​ចំអក​ដាក់​ខ្ញុំ​ក្តី ។

ពីព្រោះ​យើង​គឺជា​ពួកសិស្ស​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ពេលខ្លះ​មនុស្ស​ផ្សេង​សើចចំអក​ដាក់​យើង ដោយសារតែ​ជំនឿ​របស់​យើង ឬ​របៀប​ដែល​យើង​រស់នៅ ។ ខគម្ពីរ​ទាំង​នេះ​មាន​នូវ​ការទូន្មាន​របស់​យូដាស ស្តី​ពី​របៀប​បន្ត​នៅ​មាន​ភាពស្មោះត្រង់​ទោះបី​នៅ​ក្នុង​ស្ថានភាព​បែប​នោះ​ក្តី ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ឲ្យ​កុមារ​ចែកចាយ​គ្រា​ដែល​មនុស្ស​ដទៃ​បាន​សើចចំអក​ដល់​ពួកគេ ឬ​នរណា​ម្នាក់​ដែល​ពួកគេ​ស្គាល់ ដោយសារ​ពួកគេ​បាន​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​អាន យូដាស ១:១៨–២២ ហើយ​រកមើល​របៀប​ដែល​យើង​អាច​បន្ត​នៅ​ស្មោះត្រង់​បាន នៅពេល​មនុស្ស​ដទៃ​សើច​ចំអក ឬ​និយាយ​លេងសើច​ពី​យើង ។ សូម​សរសេរ​អ្វី​ដែល​ពួកគេ​បាន​រក​ឃើញ​ដាក់​នៅលើ​ក្តារខៀន ហើយ​សូម​ពិភាក្សា​ពី​របៀប​ដែល​ពួកគេ​អាច​ធ្វើតាម​ដំបូន្មាន​នេះ​បាន ។

  • សូម​សង្ខេប​ពី​សុបិន​របស់ លីហៃ ( សូមមើល នីហ្វៃ​ទី​១ ៨:១–៣៥ ) ដោយ​សូម​ឲ្យ​កុមារ​ពីរបី​នាក់​អាន​ខគម្ពីរ​ចេញពី នីហ្វៃទី​១ ៨:២៦–២៨, ៣៣ ។ សូម​ពិភាក្សា​ពី​របៀប​ដែល​ប្រជាជន​នៅក្នុង​អគារ​ដ៏​ធំសម្បើម គឺ​ដូចជា​ពួកអ្នក​សើចចំអក​ដែល​ពួក​ចៅហ្វាយ​បាន​និយាយ​អំពី ។ តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​កុំ​ឲ្យ​ទទួល​ឥទ្ធិពល​ពី​ជន​ដែល​សើចចំអក​ឲ្យ​យើង ឬ​ជន​ដែល​មិន​យល់ស្រប​នឹង​អ្វី​ដែល​យើង​ជឿ ? ( សូមមើល នីហ្វៃទី​១ ៨:៣០, ៣៣ ) ។

រូប​តំណាង​ការរៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​លើក​ទឹកចិត្ត​កុមារ​ឲ្យ​ដាក់ផែនការ​ធ្វើ​អ្វី​មួយ ដើម្បី​ចែកចាយ​ពន្លឺ​របស់​ពួកគេ​ជាមួយ​នឹង​ក្រុមគ្រួសារ​របស់​ពួកគេ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

កុមារ​មាន​ភាព​សកម្ម ។ នៅ​ពេល​ខ្លះ បងប្អូន​អាច​មាន​អារម្មណ៍​ថា កម្លាំង​របស់​កុមារ​គឺជា​ការបង្វែរ​អារម្មណ៍​កុមារ​ពី​ការរៀន​សូត្រ ។ ប៉ុន្ដែ​បងប្អូន​អាច​បង្កើត​សកម្មភាព​ដោយ​ផ្អែក​លើ​ធម្មជាតិ​ដ៏​សកម្ម​របស់​ពួកគេ​បាន ដោយ​ឲ្យ​ពួកគេ​សម្ដែង​រឿង គូររូប ឬ​ច្រៀង​អំពី​គោលការណ៍​នៃ​ដំណឹងល្អ ។ ( សូម​មើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ​២៥–២៦ ) ។