ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ១១–១៧ ខែ ធ្នូ ។ វិវរណៈ ៦–១៤ ៖ « គេ​បាន​ឈ្នះ … ដោយសារ​ឈាម​នៃ​កូនចៀម »


« ថ្ងៃទី ១១–១៧ ខែ ធ្នូ ។ វិវរណៈ ៦–១៤ ៖ ‹ គេ​បាន​ឈ្នះ … ដោយសារ​ឈាម​នៃ​កូនចៀម › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ១១–១៧ ខែ ធ្នូ ។ វិវរណៈ ៦–១៤ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២៣

ព្រះយេស៊ូវ​គង់​ក្នុង​ចំណោម​ផ្កាយ​ទាំងពួង

សិល្បៈ​រួមគ្នា​ដោយ អេរិក ចនសុន ៖ ក្រុមប្រឹក្សា​ដ៏ធំ ដោយ រ៉ូប៊ើត ធី បារែត រូប​បណ្ដុំ​ផ្កាយ​បញ្ចេញ​រស្មី​របស់​ភ្នាក់ងារ​លំហ​អាកាស​សហព័ន្ធ​អឺរ៉ុប

ថ្ងៃទី ១១–១៧ ខែ ធ្នូ

វិវរណៈ ៦–១៤

« គេ​បាន​ឈ្នះ … ដោយសារ​ឈាម​នៃ​កូនចៀម​ »

នៅពេល​បងប្អូន​អាន វិវរណៈ ១–១៤ សូម​គិត​ពី​កុមារ​ដែល​បងប្អូន​បង្រៀន ។ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​បងប្អូន​ឲ្យស្គាល់​សេចក្តីពិត ដែល​នឹង​ទាក់ទង​នឹង​ពួកគេ ។

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​បង្ហាញ​រូបភាព​មួយ​ចំនួន​ដែល​នឹង​ជួយ​កុមារ​ឲ្យចងចាំ​អ្វី ដែល​ពួកគេ​បានរៀន​នា​ពេល​ថ្មីៗ​នេះ​នៅ​ផ្ទះ ឬ​នៅ​ក្នុង​អង្គការ​បឋមសិក្សា ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​ដឹង​អំពី​រូបភាព​នេះ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

វិវរណៈ ៧:៩, ១៣–១៤

ព្រះ​យេស៊ូវ​គ្រីស្ទ​ជួយ​ខ្ញុំ​បាន​ជ្រះស្អាត ។

យ៉ូហាន​បាន​ឃើញ្​មនុស្ស​ជាច្រើន​ពាក់​រ៉ូប​ដែល « … ធ្វើ​ឲ្យ​ឡើង​ស​ក្នុង​ឈាម​របស់​កូន​ចៀម » ( ខទី ១៤ ) ។ សូម​ពិចារណា​ពី​របៀប​ដែល​ទស្សននិមិត្ត​នេះ​អាច​ជួយ​ឲ្យ​កុមារ​យល់​ពី​សារៈសំខាន់​នៃ​ការបាន​ជ្រះស្អាត​តាមរយៈ​ដង្វាយ​ធួន​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​បង្ហាញ​សម្លៀក​បំពាក់​ពណ៌​ស​ខ្លះៗ ( ឬ​រូបភាព​សម្លៀក​បំពាក់​ពណ៌​ស ) និង​រូបភាព​របស់​ព្រះ​យេស៊ូវ ។ សូម​អាន វិវរណៈ ៧:៩, ១៣–១៤ ឲ្យ​កុមារ​ស្តាប់ ហើយ​សូម​ឲ្យ​ពួកគេ​ចង្អុល​រូបភាព​នេះ និង​សម្លៀក​បំពាក់ រាល់ពេល​ពួកគេ​ឭ​ពាក្យ  ។ សូម​ពន្យល់ថា សម្លៀកបំពាក់​ពណ៌ស​តំណាង​ឲ្យ​ភាពស្អាតស្អំ និង​រំឭកយើង​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​អាច​ធ្វើ​ឲ្យ​យើង​ជ្រះស្អាត​ពី​កំហុស​របស់​យើង​បាន ។

  • សូម​បង្ហាញ​ក្រណាត់​ពណ៌ស​មួយ​ចម្រៀក ឬ​ក្រដាស​ពណ៌​ស​មួយ​សន្លឹក​ទៅ​កុមារ ហើយ​ឲ្យ​ពួកគេ​ធ្វើ​ឲ្យ​វា​ប្រឡាក់​ដោយ​ការ​គូសប៊ិច​នៅលើ​វា ឬ​យកដី​មក​ប្រឡាក់​លើ​វា ។ សូម​ពន្យល់ថា នៅពេល​យើង​មិន​គោរពប្រតិបត្តិ​តាម​បទបញ្ញត្តិ វា​អាច​មាន​អារម្មណ៍​ដូចជា​សម្លៀក​បំពាក់​ប្រឡាក់​ដូច្នោះ​ដែរ ។ សូម​បង្ហាញ​រូបភាព​របស់​ព្រះ​យេស៊ូវ​នៅក្នុង​សួនច្បារ​គែតសេម៉ានី ( ដូចជា សៀវភៅ​រូបភាព​ដំណឹងល្អ ល.រ ៥៦ ) ដាក់​សម្លៀកបំពាក់ ឬ​ក្រដាស​ប្រឡាក់​មួយឡែក ហើយ​បង្ហាញ​ក្រណាត់ ឬ​ក្រដាស​ស្អាត​ដល់​ពួកគេ​វិញ ។ សូម​ថ្លែងទីបន្ទាល់​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​អាច​ជួយ​យើង​ឲ្យ​ជ្រះស្អាត ។

  • សូមច្រៀង​ចម្រៀង​អំពី​ពិធីបុណ្យជ្រមុជទឹក ដូចជា « ពេល​ខ្ញុំ​បាន​ជ្រមុជ​ទឹក » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៥៣ ) ហើយ​សូម​ថ្លែងទីបន្ទាល់​ថា ព្រះយេស៊ូវ​អាច​ជួយ​យើង​ឲ្យ​បាន​ជ្រះស្អាត នៅពេល​យើង​ទទួល​បុណ្យជ្រមុជទឹក ។

វិវរណៈ ១២:៧–១១

ខ្ញុំ​បាន​បង្ហាញ​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ នៅក្នុង​ជីវិត​មុន​ឆាក​ជីវិត​នេះ ។

នៅក្នុង​សង្គ្រាម​នៅ​ស្ថានសួគ៌ បុត្រាបុត្រី​ស្មោះត្រង់​របស់​ព្រះ​បាន​យក​ឈ្នះ​លើ​សាតាំង​តាមរយៈ « សេចក្តី​បន្ទាល់​របស់​គេ » និង​តាមរយៈ​ការបង្ហាញ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ( វិវរណៈ ១២:១១ ) ។ ពួកគេ​នៅ​បន្ត​ធ្វើ​ដូច្នេះ​នៅសព្វ​ថ្ងៃ​នេះ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • ដើម្បី​ជួយ​កុមារ​ឲ្យ​យល់​អំពី​អត្ថន័យ​ក្នុងការ​ធ្វើ​តាម​គំរូ​របស់​បុគ្គល​ម្នាក់ នោះ​សូម​ជ្រើសរើស​កុមារ​ម្នាក់​ឲ្យ​ធ្វើ​ជា « អ្នកដឹកនាំ » ហើយ​សូម​ឲ្យ​កុមារ​ដទៃ​ទៀត​ធ្វើតាម​គាត់ ដោយ​ការត្រាប់​តាម​អ្វី​ដែល​គាត់​ធ្វើ ។ បន្ទាប់មក សូម​ឲ្យ​កុមារ​ផ្សេង​ទៀត​ធ្វើ​ជា​អ្នក​ដឹកនាំ ។ សូម​អាន វិវរណៈ ១២:៧–១១ ដល់​កុមារ ហើយ​សូម​ពន្យល់​ថា ពីមុន​ពួកយើង​កើត​មក ពួកយើង​បាន​ជ្រើសរើស​ធ្វើតាម​ព្រះគ្រីស្ទ ហើយ​ពុំ​ធ្វើតាម​សាតាំង​ឡើយ ។

  • សូម​ច្រៀង​ជាមួយ​គ្នា​នូវ​បទចម្រៀង​មួយ​បទ អំពី​ជីវិត​មុនឆាក​ជីវិត​នេះ ដូចជា​បទ « ខ្ញុំ​រស់នៅ​ស្ថានសួគ៌ » ឬ « ខ្ញុំ​នឹង​ធ្វើ​តាម​ផែនការ​ព្រះ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១៤០, ៨៦–៨៧ ) ។ សូម​សួរ​សំណួរ​ដូចជា « តើ​មាន​អ្វី​កើតឡើង​នៅ​ស្ថានសួគ៌​ពីមុន​យើង​បាន​កើតមក ? » និង « តើ​យើងបាន​ជ្រើសរើស​ធ្វើ​អ្វី ? » ( សូមមើល​ផងដែរ « សេចក្តីផ្តើម ៖ ផែនការ​របស់​ព្រះវរបិតាសួគ៌​យើង » ដំណើររឿង​ព្រះគម្ពីរ​សញ្ញា​ថ្មី ទំព័រ ១–៥ ឬ​វីដេអូ​ដូច​គ្នា​នេះ​នៅលើគេហទំព័រ ChurchofJesusChrist.org ) ។

វិវរណៈ ១៤:៦–៧

ដំណឹងល្អ​ត្រូវបាន​ស្តារឡើងវិញ​នៅ​សម័យ​របស់​យើង ។

យ៉ូហាន​បាន​សរសេរ​អំពី​ទេវតា​មួយ​អង្គ​ដែល​នឹង​នាំ​មក​នូវ « ដំណឹង​ល្អ​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ( វិវរណៈ ១៤:៦ ) ។ ការពិភាក្សា​ពី វិវរណៈ ១៤:៦–៧ ផ្តល់​ឲ្យ​បងប្អូន​នូវ​ឱកាស​ដើម្បី​ថ្លែងទីបន្ទាល់​ពី​ការស្តារឡើងវិញ​នៃ​ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៅ​សម័យ​របស់​យើង ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​បង្ហាញ​រូបភាព​មរ៉ូណៃ​កំពុង​មាន​បន្ទូល​ទៅកាន់​យ៉ូសែប ស្ម៊ីធ ដល់​កុមារ កាល​ដែល​បងប្អូន​អាន វិវរណៈ ១៤:៦ ( សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ៩១ ) ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ចង្អុល​ទៅ​ទេវតា​ដែល​នៅក្នុង​រូបភាព​នោះ ។ សូម​ចែកចាយ​ដំណើររឿង​នៃ​ការ​យាងមក​របស់​ទេវតា​មរ៉ូណៃ​ជាមួយ​ពួកគេ ( សូមមើល « ជំពូក ៣ ៖ ទេវតា​មរ៉ូណៃ និង​ផ្ទាំង​ចំណារ​មាស » នៅក្នុង ដំណើរ​រឿង​ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្តី​សញ្ញា ទំព័រ ១៣–១៧ ឬ​វីដេអូ​ដូចគ្នា​នេះ​នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

  • សូម​អញ្ជើញ​កុមារ​ឲ្យ​សម្តែង​តាម​ដំណើររឿង​របស់​មរ៉ូណៃ ដែល​បាន​យាងមក​ជួប​យ៉ូសែប ស្ម៊ីធ ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:២៩–៣៥ ) ។ សូម​ជួយ​ពួកគេ​ឲ្យរៀបរាប់​ពី​ពរជ័យ​មួយ​ចំនួន​ដែល​យើង​អរសប្បាយ ដោយសារតែ​ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​ដែលបាន​ស្តារឡើងវិញ ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​បងប្អូន​អំពី​ការស្តារ​ឡើងវិញ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

វិវរណៈ ៩:១–២

ដំណឹងល្អ​អាច​ជួយ​ខ្ញុំ​ឲ្យយកឈ្នះ​លើ​ការល្បួង​បាន ។

ផ្សែង​ដែល​ហុយ​ឡើង​ធ្វើ​ឲ្យ​អាកាស​ងងឹត​នៅ​ក្នុង វិវរណៈ ៩:២ អាច​ប្រដូច​ទៅ​នឹង​ការល្បួង ( សូម​មើល  នីហ្វៃទី១ ១២:១៧ ) ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​គូរ​រូប​ព្រះអាទិត្យ និង​ពពក​ខ្មៅ រួច​កាត់​វា​ចេញ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​អាន វិវរណៈ ៩:២ និង នីហ្វៃទី១ ១២:១៧ រួច​សរសេរ​នៅ​លើ​ពពក​ខ្មៅ នូវ​អ្វី​ដែល​តំណាង​ឲ្យ​ផ្សែង ឬ​អ័ព្ទ​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ ។ សូម​បិទ​ពពក​ខ្មៅ​នៅ​លើ​ក្ដារខៀន រួច​អញ្ជើញ​កុមារ​ឲ្យ​ធ្វើ​បញ្ជី​នៃ​ការល្បួង​ដែល​កុមារ​ជួបប្រទះ​នៅ​ក្នុង​វ័យ​របស់​ពួកគេ ។ បន្ទាប់​មក សូម​បិទ​ព្រះអាទិត្យ​នៅ​លើ​ក្ដារខៀន រួច​ឲ្យ​ពួកគេ​ធ្វើ​បញ្ជី​នៃ​មធ្យោបាយ ដែល​ព្រះវរបិតាសួគ៌​បាន​ប្រទាន​ដល់​យើង ដើម្បី​យកឈ្នះ​លើ​ភាពងងឹត​នៃ​លោកិយ​នេះ ។

  • តើ​យើង​អាច​ជួយ​អ្នក​ដទៃ​ដែល​ស្ថិត​នៅក្នុង​ភាព​ខ្មៅងងឹត​ខាង​វិញ្ញាណ​យ៉ាង​ដូចម្តេច ? ដើម្បី​ជួយ​កុមារ​ឲ្យ​គិត​អំពី​សំណួរ​នេះ សូម​បង្ហាញ​ផ្នែក​ខ្លះ​នៃ​វីដេអូ « Choose the Light » ( នៅលើ​គេហទំព័រChurchofJesusChrist.org ) ជាពិសេស​វគ្គ​ពាក់​កណ្ដាល​ចុងក្រោយ​នៃ​វីដេអូ​នេះ ។ តើ​យើង​ដូចជា​មនុស្ស​ដែល​ជួយ​អ្នកជិះកង់​នៅក្នុង​រូង​នេះ​យ៉ាង​ដូចម្តេច ?

វិវរណៈ ១២:៧–១១

ខ្ញុំ​បាន​បង្ហាញ​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ នៅក្នុង​ជីវិត​មុន​ឆាក​ជីវិត​នេះ ។

កុមារ​ដែល​បងប្អូន​បង្រៀន មក​នៅលើ​ផែនដី​នេះ​ដោយសារ​ពួកគេ​បាន​មាន​សេចក្តីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង​ជីវិត​មុន​ឆាក​ជីវិត​នេះ ហើយ​បាន​ជ្រើសរើស​ធ្វើតាម​ទ្រង់ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អាន​ជាមួយ​គ្នា​ក្នុង វិវរណៈ ១២:៧–១១ ហើយ​សរសេរ​នៅលើ​ក្តារខៀន​នូវ​ពាក្យ នាគ ចំបាំង​នៅលើ​មេឃ បោះ​ទម្លាក់ សេចក្តី​បន្ទាល់ និង កូនចៀម ។ សូម​ឲ្យ​កុមារ​សង្ខេប​ខគម្ពីរ​ទាំង​នេះ ដោយ​ប្រើប្រាស់​ពាក្យ​នៅលើ​ក្តារខៀន ។ តើ​យើង​រៀន​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ ( កូនចៀម ) ចេញ​មកពី​ខគម្ពីរ​ទាំងនេះ ? តើ​យើង​រៀន​អ្វីខ្លះ​អំពី​ជម្រើស​ដែល​យើង​បាន​ធ្វើ​នៅក្នុង​ជីវិត​មុន​ឆាក​ជីវិត​នេះ ?

  • នៅលើ​ក្តារខៀន សូម​គូរ​ជួរឈរ​បី ហើយ​សរសេរ​នៅលើ​ជួរឈរ​នីមួយៗ​ថា ពីមុន​ជីវិត​នេះអំឡុង​ជីវិត​នេះ និង ទាំងពីរ ។ សូម​រៀបចំ​ស្លាកក្រដាស​ដែល​មាន​សរសេរ​ពី​សេចក្តីពិត​អំពី​ជីវិត​មុន​ឆាកជីវិត​នេះ និង​អំពី​ជីវិត​រមែងស្លាប់ ដូចជា យើង​មាន​រូបកាយ យើង​ពុំមាន​រូបកាយ យើង​រស់នៅ​ទី​ដែល​មាន​វត្តមាន​របស់​ព្រះ យើង​ធ្វើ​សង្រ្គាម​ជាមួយ​សាតាំង យើង​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ និង យើង​ធ្វើតាម​ផែនការ​របស់​ព្រះ ។ សូម​អនុញ្ញាត​ឲ្យ​កុមារ​ឆ្លាស់វេន​គ្នា​រើស​យក​ចម្រៀក​ក្រដាស​នោះ ហើយ​សម្រេច​ចិត្ត​ដាក់​វា​ទៅក្នុងជួរ​ឈរ​ណា​មួយ ។ សូម​ចែកចាយ​ទំនុក​ចិត្ត​របស់​បងប្អូន​ថា កុមារ​អាច​បន្ត​បង្ហាញ​សេចក្តីជំនឿ​លើ​ព្រះគ្រីស្ទ​បាន ។

វិវរណៈ ១៤:៦–៧

ជា​ផ្នែក​មួយ​នៃ​ការស្តារឡើងវិញ នោះ​ដំណឹងល្អ​នឹង​ត្រូវ​ផ្សព្វផ្សាយ​ដល់​ពិភពលោក​ទាំងមូល ។

កុមារ​ដែល​បងប្អូន​បង្រៀន​អាច​ជួយ​ផ្សព្វផ្សាយ​ដំណឹងល្អ​ដល់ « គ្រប់​អស់​ទាំង​សាសន៍ គ្រប់​ពូជ​អំបូរ គ្រប់​ភាសា ហើយ​គ្រប់​ទាំង​គ្រួសារ​ដែរ » ( វិវរណៈ ១៤:៦ ) ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ឲ្យ​កុមារ​អាន វិវរណៈ ១៤:៦–៧ ហើយ​សរសេរ​នៅលើ​ក្តារខៀន​នូវ​ពាក្យ ឬ​ឃ្លា​ចេញពី​ខគម្ពីរ​ទាំងនេះ ដែល​មាន​អត្ថន័យ​ចំពោះ​ពួកគេ ។ សូម​ឲ្យ​ពួកគេ​និយាយ​អំពី​មូលហេតុ​ដែល​ពួកគេ​បាន​ជ្រើសរើស​ពាក្យ ឬ​ឃ្លា​ទាំងនោះ ។ សូម​ពន្យល់​ថា ខគម្ពីរ​ទាំងនេះ​ពិពណ៌នា​ពី​ការស្តារ​ដំណឹងល្អ​ឡើងវិញ​នៅ​សម័យ​របស់​យើង ។ សូម​សួរ​ពួកគេ​ពី​របៀប​ដែល​ពួកគេ​អាច​រួមចំណែក​នៅក្នុង​កិច្ចការ​នៃ​ការផ្សព្វផ្សាយ​ដំណឹងល្អ​ដល់​ពិភពលោក​នេះ ។

  • សូម​អញ្ជើញ​ពួកគេ​ឲ្យ​អាន វិវរណៈ ១៤:៧ និង​និយាយ​ឡើង​វិញ​តាមពាក្យ​សម្តី​របស់ពួក​គេ​ផ្ទាល់ នូវ​សារលិខិត​ដែល​ទេវតា​មាន​សម្រាប់​ពិភពលោក ។ ឬ​សូម​អញ្ជើញ​ពួកគេ​ឲ្យ​គូររូបភាព​ដែល​តំណាង​ឲ្យ​សារលិខិត​របស់​ទេវតា ។ តើ​យើង​អាច​ចែកចាយ​អ្វីខ្លះ​ជាមួយ​អ្នក​ដទៃ​អំពី​ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ?

រូប​តំណាង​ការរៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​ជួយ​កុមារ​ឲ្យ​សរសេរ​ពាក្យ ឬ​ឃ្លា​មួយ​ដែល​នឹង​ជួយ​ពួកគេ​ឲ្យចងចាំ​អ្វីមួយ ដែល​ពួកគេ​បានរៀន​នៅក្នុង​ថ្នាក់​នា​ថ្ងៃ​នេះ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​បង្ហាញ​អ្វី​ដែល​ពួកគេ​បាន​សរសេរ​ទៅកាន់​នរណា​ម្នាក់​នៅ​ឯ​ផ្ទះ និង​ចែកចាយ​អ្វី​ដែល​ពួកគេ​បានរៀន ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

បង្រៀន​គោលលទ្ធិ​តាមរយៈ​តន្រ្តី ។ ការច្រៀង​ចម្រៀង​ជាមួយ​កុមារ​អាច​ពង្រឹង​គោលលទ្ធិ ដែល​បងប្អូន​បង្រៀន​ចេញពី​បទគម្ពីរ ។ សម្រាប់​គំនិត​នានា សូម​មើល​ផ្នែក « ការប្រើ​តន្ត្រី​ដើម្បី​បង្រៀន​គោលលទ្ធិ » ដែល​មាន​ចំណងជើង​ថា « សេចក្តី​ណែនាំ​សម្រាប់​ម៉ោង​ច្រៀង​ចម្រៀង និង​បទបង្ហាញ​តន្ដ្រី​របស់​កុមារ​នៅក្នុង​ម៉ោង​ប្រជុំ​សាក្រាម៉ង់ » នៅ​ចុង​បញ្ចប់​ធនធាន​នេះ ។