« ថ្ងៃទី ១៨–២៤ ខែ ធ្នូ ។ បុណ្យគ្រីស្ទម៉ាស់ ៖ ‹ ដំណឹងល្អពីសេចក្តីអំណរយ៉ាងអស្ចារ្យ › » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ៖ ឆ្នាំ ២០២៣ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ១៨–២៤ ខែ ធ្នូ ។ បុណ្យគ្រីស្ទម៉ាស់ » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២៣
ថ្ងៃទី ១៨–២៤ ខែ ធ្នូ
បុណ្យគ្រីស្ទម៉ាស់
« ដំណឹងល្អពីសេចក្តីអំណរយ៉ាងអស្ចារ្យ »
មេរៀននេះគឺជាឱកាសមួយដើម្បីជួយកុមារដែលអ្នកបង្រៀនឲ្យប្រារព្ធការប្រសូត ព្រះជន្ម និងបេសកកម្មរបស់ព្រះអង្គសង្គ្រោះនៅពេលរដូវបុណ្យគ្រីស្ទម៉ាស់ ។ សូមចាំរឿងនេះនៅក្នុងចិត្ត នៅពេលដែលបងប្អូនរៀបចំមេរៀន ។
អញ្ជើញឲ្យចែកចាយ
សូមបង្ហាញរូបភាពនៅក្នុង គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ហើយសូមអញ្ជើញកុមារឲ្យចែកចាយអ្វីដែលពួកគេដឹងអំពីការប្រសូតរបស់ព្រះអង្គសង្គ្រោះ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ព្រះយេស៊ូវគ្រីស្ទបានយាងមកផែនដីជាព្រះឱរស ។
កុមារចូលចិត្តដំណើររឿងនៃការប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទ ។ តើសេចក្ដីពិតខាងគោលលទ្ធិណាខ្លះ ដែលបងប្អូនឃើញមាននៅក្នុងដំណើររឿងនេះ ដែលបងប្អូនមានអារម្មណ៍ថាកុមារគួរតែយល់ដឹង ?
សកម្មភាពដែលអាចធ្វើបាន
-
សូមអាន លូកា ២:១–១៤ ទៅកាន់កុមារ ឬពិពណ៌នាពីព្រឹត្តិការណ៍នៅក្នុងខគម្ពីរទាំងនេះដោយយោងទៅ « ជំពូក ៥ ៖ ព្រះយេស៊ូវគ្រីស្ទបានប្រសូតមក » ( នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាថ្មី ទំព័រ ១៣–១៥ ឬវីដេអូដូចគ្នានៅលើគេហទំព័រ ChurchofJesusChrist.org ) ។ សូមអញ្ជើញកុមារឲ្យគូររូបភាពនៃព្រឹត្តិការណ៍ទាំងនេះ ហើយប្រើរូបភាពដើម្បីប្រាប់ដំណើររឿងនេះដោយខ្លួនពួកគេ ។ ហេតុអ្វីយើងសប្បាយចិត្តដែលព្រះគ្រីស្ទបានប្រសូតមក ?
-
សូមឲ្យកុមារប្រាប់បងប្អូននូវដំណើររឿងនៃពួកហោរាដែលដើរ តាមផ្កាយទៅរកព្រះយេស៊ូវ ។ ប្រសិនបើពួកគេត្រូវការរំឭកដំណើររឿងនេះ សូមមើល ម៉ាថាយ ២:១–១២ ឬ « ជំពូក ៧ ៖ ពួកហោរា » ( នៅក្នុង ដំណើររឿងព្រះគម្ពីរសញ្ញាថ្មី ទំព័រ ១៨ ឬវីដេអូដូចគ្នានេះនៅលើគេហទំព័រ ChurchofJesusChrist.org ) ។ សូមលាក់រូបភាពព្រះយេស៊ូវមួយសន្លឹកនៅក្នុងបន្ទប់ ។ សូមគូររូប ឬកាត់ក្រដាសជារាងផ្កាយ រួចលើកឡើងលើ ។ សូមអញ្ជើញកុមារឲ្យធ្វើជាពួកហោរាដែលកាន់អំណោយ ហើយសូមដឹកនាំពួកគេជុំវិញបន្ទប់ដើម្បីដើរស្វែងរកព្រះយេស៊ូវ ។ សូមជួយកុមារឲ្យគិតពីអំណោយទានមួយចំនួន ដែលយើងអាចថ្វាយដល់ព្រះយេស៊ូវបាន ។
-
សូមច្រៀងទំនុកតម្កើងបុណ្យគ្រីស្ទម៉ាស់ពីរបីបទ ឬបទចម្រៀងបុណ្យគ្រីស្ទម៉ាស់ជាមួយកុមារ ( សូមមើល ទំនុកតម្កើង ល.រ. ១២៣–១៣២; សៀវភៅចម្រៀងកុមារ ទំព័រ ២០–៣២ ) ។ សូមឲ្យពួកគេចែកចាយអ្វីមួយដែលបទចម្រៀងនីមួយៗបង្រៀនពួកគេ ដែលពួកគេមានអារម្មណ៍ថាមានសារៈសំខាន់ដើម្បីដឹង ។
ព្រះយេស៊ូវគ្រីស្ទបានធ្វើឲ្យខ្ញុំអាចរស់នៅជាមួយព្រះវរបិតាសួគ៌ម្ដងទៀតនៅថ្ងៃណាមួយ ។
តើកុមារដែលបងប្អូនបង្រៀនយល់អំពីមូលហេតុដែលព្រះយេស៊ូវគ្រីស្ទបានយាងមកផែនដីឬទេ ? សូមចំណាយពេលពិចារណាអំពីអ្វីដែលព្រះអង្គសង្គ្រោះបានធ្វើសម្រាប់បងប្អូនដោយផ្ទាល់ និងរបៀបដែលបងប្អូនអាចជួយកុមារឲ្យយល់អំពីអ្វីដែលទ្រង់បានធ្វើសម្រាប់ពួកគេ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមយកអំណោយដែលបានខ្ចប់រួច ឬប្រអប់មួយមកកាន់ថ្នាក់រៀន ដែលមានរូបភាពរបស់ព្រះយេស៊ូវនៅខាងក្នុង ។ សូមភ្ជាប់ជាមួយស្លាកដែលសរសេរថា « យ៉ូហាន ៣:១៦ » ហើយសូមប្រាប់កុមារថា នេះគឺជាតម្រុយអំពីអំណោយនេះ ។ សូមអាន យ៉ូហាន ៣:១៦ ជាមួយកុមារ រួចអញ្ជើញពួកគេឲ្យទាយថា តើអំណោយនោះជាអ្វី រួចបើកវា ។ ហេតុអ្វីបានជាព្រះបានបញ្ជូនព្រះរាជបុត្រារបស់ទ្រង់មកដល់យើង ?
-
សូមជួយកុមារឲ្យបំពេញប្រយោគនេះឲ្យហើយ ៖ « ព្រះយេស៊ូវគ្រីស្ទបានយាងមកផែនដីដើម្បី » ។ បន្ទាប់មក សូមបង្ហាញរូបភាពដែលទាក់ទងនឹងពលិកម្មដ៏ធួនរបស់ព្រះអង្គសង្រ្គោះ ការសុគត និងការមានព្រះជន្មរស់ឡើងវិញ ( សូមមើល សៀវភៅរូបភាពដំណឹងល្អ ល.រ. ៥៦–៥៩ ) ហើយសូមប្រាប់ពីព្រឹត្តិការណ៍នេះដោយសង្ខេបៗ ។ បងប្អូនក៏អាចច្រៀងចម្រៀងអំពីមូលហេតុដែលព្រះយេស៊ូវយាងមកផែនដីនេះបានផងដែរ ដូចជាបទ « ទ្រង់បញ្ជូនបុត្រាទ្រង់មក » ( សៀវភៅចម្រៀងកុមារ ទំព័រ ២០–២១ ) ។ សូមថ្លែងទីបន្ទាល់របស់បងប្អូនអំពីព្រះយេស៊ូវគ្រីស្ទ និងអ្វីដែលទ្រង់បានធ្វើសម្រាប់បងប្អូន ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ម៉ាថាយ ១:១៨–២៥; ២:១–១២; លូកា ១:២៦–៣៨; ២:១–២០ ។
ព្រះយេស៊ូវគ្រីស្ទបានយាងមកផែនដីជាព្រះឱរស ។
តើបងប្អូនអាចជួយកុមារឲ្យផ្ដោតអារម្មណ៍ទៅលើព្រះយេស៊ូវគ្រីស្ទ នៅពេលបុណ្យគ្រីស្ទម៉ាស់បានយ៉ាងដូចម្ដេច ?
សកម្មភាពដែលអាចធ្វើបាន
-
សូមអញ្ជើញកុមារឲ្យអានអំពីព្រឹត្តិការណ៍មួយចំនួន ដែលទាក់ទងនឹងការប្រសូតរបស់ព្រះអង្គសង្រ្គោះ ( សូមមើល ម៉ាថាយ ១ :១៨–២៥; ២:១–១២; លូកា ១:២៦–៣៨; ២:១–២០ ) ។ សូមឲ្យកុមារដទៃទៀតដាក់វេនគ្នាគូររូបនៅលើក្ដារខៀននៃអ្វីដែលបទគម្ពីរនេះពិពណ៌នា ។ តើរឿងទាំងនេះបង្រៀនយើងអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ?
-
សូមអញ្ជើញកុមារឲ្យសរសេរនៅលើក្រដាសបីបួនសន្លឹកនូវអ្វីដែលពួកគេអាចធ្វើបាន ដើម្បីជួយពួកគេឲ្យផ្តោតអារម្មណ៍លើព្រះអង្គសង្រ្គោះនៅអំឡុងពេលរដូវកាលបុណ្យគ្រីស្ទម៉ាស់ ។ ( ពួកគេអាចទទួលបានគំនិតមកពីវីដេអូ « Good Tidings of Great Joy: The Birth of Jesus Christ » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ សូមអញ្ជើញពួកគេឲ្យចែកចាយនូវអ្វីដែលពួកគេបានសរសេរ ។ សូមលើកទឹកចិត្តកុមារឲ្យយកក្រដាសត្រឡប់ទៅផ្ទះវិញ ហើយធ្វើតាមសំណូមពរដែលពួកគេបានសរសេរនៅលើក្រដាសនេះជាមួយក្រុមគ្រួសាររបស់ពួកគេ ។
4:59 -
សូមច្រៀងចម្រៀងបទបុណ្យគ្រីស្ទម៉ាស់អំពីព្រះអង្គសង្រ្គោះ ( សូមមើល សៀវភៅចម្រៀងកុមារ ទំព័រ ២០–៤៨; ទំនុកតម្កើង ល.រ. ១២៣–១៣២ ) និងសូមអញ្ជើញកុមារឲ្យចែកចាយវគ្គ ឬឃ្លាចេញពីបទចម្រៀងនេះ ។
ព្រះយេស៊ូវគ្រីស្ទបានធ្វើឲ្យខ្ញុំអាចរស់នៅជាមួយព្រះវរបិតាសួគ៌ម្ដងទៀតនៅថ្ងៃណាមួយ ។
តើបងប្អូនអាចជួយកុមារឲ្យរំឭកអ្វីដែលពួកគេបានរៀននៅឆ្នាំនេះ ហើយយល់អំពីមូលហេតុដែលពួកគេត្រូវការព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិតរបស់ពួកគេយ៉ាងដូចម្ដេច ?
សកម្មភាពដែលអាចធ្វើបាន
-
សូមសរសេរនៅលើក្រដាសមួយសន្លឹកថា តើព្រះយេស៊ូវគ្រីស្ទជានរណា ? ហើយនៅលើសន្លឹកផ្សេងទៀតសរសេរថា ហេតុអ្វីទ្រង់យាងមកកាន់ផែនដី ? ហើយសូមបិទវានៅលើជញ្ជាំងខុសៗគ្នានៅលើក្នុងថ្នាក់រៀន ។ សូមអញ្ជើញកុមារម្នាក់ឲ្យអានព្រះគម្ពីរដូចតទៅនេះ ៖ ម៉ាថាយ ១៦:១៥–១៦; យ៉ូហាន ៣:១៦; នីហ្វៃទី១ ១០:៤; ម៉ូសាយ ៣:៨; អាលម៉ា ៧:១០–១៣; នីហ្វៃទី៣ ២៧:១៤–១៥ ។ សូមឲ្យសិស្សរកមើលចម្លើយនៅក្នុងព្រះគម្ពីរ ដែលពួកគេអានចំពោះសំណួរដែលមាននៅលើក្តារខៀន ។ សូមអញ្ជើញពួកគេឲ្យសរសេរចម្លើយរបស់ពួកគ ហើយបិទភ្ជាប់ចម្លើយទាំងនោះនៅលើក្តារខៀននៅជិតនឹងសំណួរដែលត្រឹមត្រូវ ។ តើយើងអាចបង្ហាញអំណរគុណរបស់យើងចំពោះអ្វីដែលព្រះយេស៊ូវគ្រីស្ទបានធ្វើចំពោះយើងយ៉ាងដូចម្តេច ?
-
សូមអញ្ជើញកុមារឲ្យសរសេរនៅលើក្តារខៀននូវព្រះនាម ឬព្រះបរមងារទាំងអស់របស់ព្រះយេស៊ូវ ដែលពួកគេអាចនឹកឃើញ ( សូមមើល សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ព្រះយេស៊ូវគ្រីស្ទ » ) ។ តើព្រះនាមទាំងនេះបង្រៀនយើងអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ និងបេសកកម្មរបស់ទ្រង់ ? ហេតុអ្វីបានជាយើងត្រូវការព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិតរបស់យើង ? ដើម្បីជួយឆ្លើយសំណួរនេះ សូមបង្ហាញវីដេអូ « Why We Need a Savior—A Christmas Message about Our Savior Jesus Christ » ( នៅលើគេហទំព័រChurchofJesusChrist.org ) ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមលើកទឹកចិត្តកុមារឲ្យស្វែងរកយ៉ាងហោចណាស់ឲ្យបានរបៀបមួយ ដើម្បីបម្រើមនុស្សដទៃ ឬមកកាន់តែជិតព្រះយេស៊ូវគ្រីស្ទនៅពេលបុណ្យគ្រីស្ទម៉ាស់នេះ ។