« ថ្ងៃទី ២៥–៣១ ខែ ធ្នូ ។ វិវរណៈ ១៥–២២ ៖ ‹ ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្តីទាំងនេះទុកជាមរតក › » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២១ )
« ថ្ងៃទី ២៥–៣១ ខែ ធ្នូ ។ វិវរណៈ ១៥–២២ » ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ៖ ឆ្នាំ ២០២៣
ថ្ងៃទី ២៥–៣១ ខែ ធ្នូ
វិវរណៈ ១៥–២២
« ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្តីទាំងនេះទុកជាមរតក »
កាលដែលបងប្អូនរៀបចំខ្លួនដើម្បីបង្រៀន សូមប្រើប្រាស់បទពិសោធន៍របស់បងប្អូនក្នុងការសិក្សា វិវរណៈ ១៥–២២ ទាំងជាបុគ្គល ឬជាមួយក្រុមគ្រួសាររបស់បងប្អូន ។ តើមានអ្វីដែលបងប្អូនចាប់អារម្មណ៍ ? តើការបំផុសគំនិតអ្វីខ្លះដែលបងប្អូនទទួលបាន ? សូមចងចាំថា សកម្មភាពទាំងអស់ដែលបានផ្តល់យោបល់នៅក្នុងគម្រោងមេរៀននេះអាចបត់បែនសម្រាប់កុមារគ្រប់វ័យទាំងអស់ ។
អញ្ជើញឲ្យចែកចាយ
សូមអញ្ជើញកុមារឲ្យចែកចាយអំពីមូលហេតុដែលចង់ទៅរស់នៅជាមួយព្រះវរបិតាសួគ៌ម្តងទៀត ។ សូមជួយពួកគេរកមើលអ្វីដែលពួកគេអាចធ្វើបាន ដើម្បីរៀបចំខ្លួនត្រឡប់ទៅកាន់ទ្រង់វិញពេញមួយមេរៀននេះ ។
បង្រៀនគោលលទ្ធិ ៖ កុមារតូចៗ
ខ្ញុំអាចសរសើរព្រះដោយការច្រៀងចម្រៀង ។
ពួកបរិសុទ្ធដែលយ៉ូហានបានពិពណ៌នានៅក្នុង វិវរណៈ ១៥:២–៤ បានច្រៀងសរសើរតម្កើងដល់ព្រះសម្រាប់សេចក្តីល្អរបស់ទ្រង់ ។ តើបទចម្រៀងសរសើរតម្កើងណាមួយ ដែលអាចជួយកុមារឲ្យបង្ហាញសេចក្តីស្រឡាញ់របស់ពួកគេចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
សកម្មភាពដែលអាចធ្វើបាន
-
កាលដែលបងប្អូនអានឲ្យឭៗនូវផ្នែកខ្លះនៃ វិវរណៈ ១៥:២–៤ សូមឲ្យកុមារធ្វើកាយវិការដូចជាកំពុងលេងពិណ ឬដឹកនាំក្រុមចម្រៀង ។ តើយើងមានអារម្មណ៍យ៉ាងណា នៅពេលយើងច្រៀងអំពីព្រះយេស៊ូវ ?
-
សូមឲ្យកុមារចែកចាយបទចម្រៀងដែលពួកគេចូលចិត្តមួយចំនួនអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ សូមច្រៀងចម្រៀងពីរបីបទជាមួយគ្នា ហើយជួយកុមារឲ្យយល់ពីអ្វីដែលបទចម្រៀងនោះបង្រៀនយើងអំពីព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះ ។
ខ្ញុំអាចត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ តាមរយៈការជ្រើសរើសអ្វីដែលត្រូវ ។
តើបងប្អូនអាចជួយកុមារឲ្យយល់ថា ការយាងមកជាលើកទីពីរនឹងក្លាយជាព្រឹត្តិការណ៍ដ៏ពោរពេញដោយអំណរសម្រាប់យើងយ៉ាងដូចម្តេច ប្រសិនបើយើងធ្វើតាមបទបញ្ញត្តិរបស់ព្រះយេស៊ូវនោះ ?
សកម្មភាពដែលអាចធ្វើបាន
-
សូមសួរកុមារថា តើពួកគេធ្លាប់ចូលរួមពិធីមង្គលការឬទេ ។ តើវាមានសភាពដូចម្ដេច ? ហេតុអ្វីបានមនុស្សម្នារីករាយក្នុងពិធីមង្គលការ ? សូមដាក់បង្ហាញរូបភាពនៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្រ្គោះដែលមាននៅក្នុង គម្រោងមេរៀនសប្តាហ៍នេះ នៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ និងអាន វិវរណៈ ១៩:៧ ។ សូមពន្យល់ថា « ពេលរៀបវិវាហមង្គលនៃកូនចៀម » តំណាងឲ្យការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។ ហេតុអ្វីយើងរីករាយពេលព្រះអង្គសង្គ្រោះយាងមកម្ដងទៀត ? សូមជួយកុមារឲ្យប្រៀបធៀបនូវអំណរនៃពិធីមង្គលការទៅនឹងអំណរនៃការយាងមកជាលើកទីពីររបស់ព្រះអង្គសង្រ្គោះ ។
-
សូមចែកចាយជាមួយកុមារអំពីមូលហេតុដែលបងប្អូនទន្ទឹងរង់ចាំដល់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវ ។ បងប្អូនអាចច្រៀងជាមួយគ្នានូវបទចម្រៀង ដូចជាបទ « ពេលទ្រង់យាងមកម្តងទៀត » ( សៀវភៅចម្រៀងកុមារ ទំព័រ ៤៦–៤៧ ) ។
-
សូមអញ្ជើញកុមារឲ្យចែកចាយអ្វីដែលពួកគេធ្វើ ដើម្បីត្រៀមខ្លួនសម្រាប់ព្រះវិហារនៅថ្ងៃអាទិត្យ ។ ហេតុអ្វីយើងធ្វើកិច្ចការទាំងនេះ ពីមុនយើងមកព្រះវិហារ ? ហេតុអ្វីយើងគួរតែត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះគ្រីស្ទ ? នៅលើទំព័រសកម្មភាពនៅសប្ដាហ៍នេះ សូមឲ្យកុមារគូររូបអ្វីដែលពួកគេអាចធ្វើបាន ដើម្បីរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីរ ។
វិវរណៈ ២១:១, ៣–៤, ២២–២៧; ២២:១–២
ព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យខ្ញុំរស់នៅជាមួយទ្រង់ នៅក្នុងនគរសេឡេស្ទាល ។
នៅក្នុងជំពូកពីរចុងក្រោយនៃគម្ពីរវិវរណៈ យ៉ូហានបានប្រើភាសាដ៏ស្រស់ស្អាតដើម្បីពិពណ៌នាអំពីសិរីល្អសេឡេស្ទាលដែលមនុស្សស្មោះត្រង់នឹងអរសប្បាយ ។
សកម្មភាពដែលអាចធ្វើបាន
-
សូមជួយកុមារគូររូបភាពដើមឈើដែលបានពិពណ៌នានៅក្នុង វិវរណៈ ២២:២ នៅលើក្តារខៀន ។ សូមពន្យល់ថា ដើមឈើនេះគឺជាដើមជីវិត ហើយផ្លែរបស់វាតំណាងឲ្យសេចក្តីស្រឡាញ់នៃព្រះ ( សូមមើល នីហ្វៃទី១ ១១:២១–២២ ) ។ សូមឲ្យក្រដាសដែលមានរាងដូចផ្លែឈើទៅកុមារ ហើយអញ្ជើញពួកគេឲ្យគូរលើក្រដាសនូវអ្វីដែលជួយពួកគេឲ្យទទួលអារម្មណ៍ពីសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ ។ សូមពន្យល់ថា អស់អ្នកដែលស្រឡាញ់ និងគោរពប្រតិបត្តិតាមព្រះវរបិតាសួគ៌នឹងរស់នៅជាមួយទ្រង់នៅក្នុងនគរសេឡេស្ទាល ។
-
សូមចែកចាយជាមួយកុមារនូវរូបភាពមួយចំនួនដែល យ៉ូហាន បានប្រើដើម្បីពិពណ៌នាពីនគរសេឡេស្ទាល ( សូមមើល វិវរណៈ ២១:១, ៣–៤, ២២–២៧; ២២:១–២ ) និងអញ្ជើញកុមារឲ្យគូររូបភាពពីរបស់ទាំងនេះ ។
-
សូមច្រៀងជាមួយគ្នានូវបទចម្រៀង ដែលបង្រៀនពីរបៀបដែលយើងអាចរៀបចំខ្លួនដើម្បីត្រឡប់ទៅកាន់ទីវត្តមានរបស់ព្រះវិញ ដូចជាបទ « ខ្ញុំនឹងធ្វើតាមផែនការព្រះ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៨៦–៨៧ ) ។ សូមអញ្ជើញកុមារឲ្យធ្វើការកត់សម្គាល់នូវអ្វីដែលពួកគេអាចធ្វើបាន ដើម្បីអាចរស់នៅជាមួយព្រះវរបិតាសួគ៌ម្តងទៀត ។
បង្រៀនគោលលទ្ធិ ៖ កុមារធំៗ
ខ្ញុំអាចត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ តាមរយៈការជ្រើសរើសអ្វីដែលត្រូវ ។
តើបងប្អូនអាចជួយកុមារដែលបងប្អូនបង្រៀនឲ្យយល់ថា ការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទនឹងក្លាយជាព្រឹត្តិការណ៍ដ៏ពោរពេញដោយអំណរសម្រាប់ពួកសុចរិតយ៉ាងដូចម្តេច ?
សកម្មភាពដែលអាចធ្វើបាន
-
សូមអាន វិវរណៈ ១៩:៧–៨ ហើយជួយកុមារឲ្យយល់អំពីនិមិត្តសញ្ញានៅក្នុងខគម្ពីរនេះ—វិវាហមង្គលគឺជាការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ កូនចៀមគឺជាព្រះអង្គសង្គ្រោះ ហើយព្រះមហេសីរបស់ទ្រង់គឺជាសាសនាចក្រ ( ឬពួកយើងទាំងអស់គ្នា ) ។ តើមានអ្វីខ្លះដែលយើងអាចធ្វើបាន ដើម្បីរៀបចំខ្លួនសម្រាប់ការយាងមករបស់ព្រះអង្គសង្គ្រោះម្តងទៀតនោះ ?
-
សូមរំឭក និងទន្ទេញ មាត្រានៃសេចក្ដីជំនឿ ១:១០ ជាមួយកុមារ ។ សូមពន្យល់ថា មាត្រានៃសេចក្ដីជំនឿពិពណ៌នាអំពីព្រឹត្តិការណ៍ដ៏រំភើបរុងរឿង ដែលនឹងកើតឡើង ពេលព្រះយេស៊ូវយាងមកម្តងទៀត ។ សូមបង្ហាញ រូបភាពនៃការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវ ដែលមាននៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ហើយអញ្ជើញកុមារឲ្យគូររូបភាពអ្វីដែលពួកគេគិតថា ការយាងមកជាលើកទីពីររបស់ ព្រះយេស៊ូវនឹងមានសភាពបែបណា ។
ខ្ញុំនឹងទទួលការជំនុំជម្រះពីព្រះ ។
នៅថ្ងៃណាមួយ យើងទាំងអស់គ្នានឹងឈរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះដើម្បីទទួលការជំនុំជម្រះ ។ បងប្អូនអាចជួយកុមារឲ្យយល់ថា ការជំនុំជម្រះរបស់ទ្រង់គឺយុត្តិធម៌ ត្រឹមត្រូវ និងពេញដោយសេចក្តីមេត្តាករុណា ។
សកម្មភាពដែលអាចធ្វើបាន
-
សូមសរសេរនៅលើក្តារខៀន តើថ្ងៃនៃការជំនុំជម្រះនឹងមានសភាពបែបណា ? សូមអញ្ជើញកុមារឲ្យរកមើលចម្លើយចំពោះសំណួរនេះនៅក្នុង វិវរណៈ២០:១២–១៣ ហើយនៅក្នុង « សេចក្ដីជំនុំជម្រះចុងក្រោយបំផុត » នៅក្នុងសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ ( នៅលើគេហទំព័រscriptures.ChurchofJesusChrist.org ) ។ តើព្រះអង្គសង្រ្គោះបានធ្វើអ្វីខ្លះដើម្បីឲ្យថ្ងៃនៃការជំនុំជម្រះក្លាយជាថ្ងៃដ៏សប្បាយរីករាយ ? ( សូមមើល មាត្រានៃសេចក្តីជំនឿ ១:៣–៤ ) ។ តើយើងអាចធ្វើអ្វីខ្លះដើម្បីធ្វើឲ្យថ្ងៃនោះជាថ្ងៃដ៏សប្បាយរីករាយសម្រាប់យើង ?
-
សូមយកសៀវភៅដែលតំណាងឲ្យ « បញ្ជីជីវិត » មកថ្នាក់ ( វិវរណៈ ២០:១២ ) ដែលបងប្អូនបានសរសេរពីបុគ្គលិកលក្ខណៈដូចជាព្រះគ្រីស្ទ និងកិច្ចការល្អរបស់កុមារនៅក្នុងថ្នាក់របស់បងប្អូនមួយចំនួន ។ សូមអានឲ្យកុមារស្តាប់នូវអ្វីៗដែលបងប្អូនបានសរសេរ ហើយអញ្ជើញពួកគេឲ្យនិយាយអំពីគុណសម្បត្តិដូចជាព្រះគ្រីស្ទ ដែលពួកគេបានមើលឃើញនៅក្នុងគ្នាទៅវិញទៅមក ។ សូមចែកចាយទីបន្ទាល់របស់បងប្អូនថា ព្រះយេស៊ូវគ្រីស្ទជួយយើងឲ្យប្រែក្លាយកាន់តែដូចជាទ្រង់ និងផ្តល់មធ្យោបាយឲ្យយើងប្រែចិត្ត និងយកឈ្នះលើអំពើបាប ។
វិវវរណៈ ២១:១, ៣–៤, ២២–២៧; ២២:១–២, ១៧
ព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យខ្ញុំរស់នៅជាមួយទ្រង់ នៅក្នុងនគរសេឡេស្ទាល ។
កាលដែលបងប្អូនអានការពិពណ៌នារបស់យ៉ូហានពីសិរីរុងរឿងនៃសេឡេស្ទាលនៅក្នុង វិវរណៈ ២១–២២ តើអ្វីដែលលេចធ្លោចំពោះបងប្អូន ? តើបងប្អូនទទួលអារម្មណ៍បំផុសគំនិតឲ្យចែកចាយអ្វីខ្លះជាមួយកុមារដែលបងប្អូនបង្រៀន ?
សកម្មភាពដែលអាចធ្វើបាន
-
សូមអញ្ជើញកុមារឲ្យស្វែងរកខគម្ពីរដូចតទៅនេះសម្រាប់ពាក្យ ឬឃ្លាដែលយ៉ូហានធ្លាប់ពិពណ៌នាអំពីសិរីរុងរឿងនៃសេឡេស្ទាល ៖ វិវរណៈ ២១:១, ៣–៤, ២២–២៧; ២២:១–២ ។ សូមឲ្យពួកគេជ្រើសរើសអ្វីមួយនៅក្នុងខគម្ពីរទាំងនេះដែលពួកគេចង់គូររូប ។ សូមឲ្យពួកគេនិយាយអំពីរូបគំនូររបស់ពួកគេជាមួយនឹងសិស្សនៅក្នុងថ្នាក់ ។ សូមលើកទឹកចិត្តពួកគេឲ្យបង្ហាញគំនូររបស់ខ្លួនដល់ក្រុមគ្រួសាររបស់ពួកគេដែលនៅផ្ទះ ។
-
សូមអានរួមគ្នាក្នុង វិវរណៈ ២២:១៧ ហើយពន្យល់ថាកូនក្រមុំដែលនិយាយថា « អញ្ជើញមក » គឺជាសាសនាចក្រ ។ ក្នុងនាមយើងជាសមាជិកនៃសាសនាចក្រ តើយើងចង់អញ្ជើញអ្នកដទៃឲ្យ « មករក » នរណាដែរ ? ( សូមមើល មរ៉ូណៃ ១០:៣០–៣៣ ) ។ តើអស់អ្នកដែលនៅជុំវិញយើងអាច « ស្រេកឃ្លាន » អ្វីខ្លះ ? តើមានវិធីល្អៗអ្វីខ្លះក្នុងការអញ្ជើញមនុស្សឲ្យ « មក » ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សូមជួយកុមារឲ្យរៀបចំអានព្រះគម្ពីរមរមននៅឆ្នាំក្រោយ ដោយអញ្ជើញពួកគេឲ្យសូមសមាជិកគ្រួសារ ឬមិត្តភក្តិម្នាក់ចែកចាយខគម្ពីរ ឬដំណើររឿងដែលពេញចិត្តមកពីព្រះគម្ពីរមរមន ។