ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ៤–១០ ខែ ធ្នូ ។ វិវរណៈ ១–៥ ៖ « សិរីល្អ និង​ព្រះចេស្តា​ដល់ … កូនចៀម​នៅ​អស់កល្ប​ជានិច្ច​រៀងរាប​តទៅ »


« ថ្ងៃទី ៤–១០ ខែ ធ្នូ ។ វិវរណៈ ១–៥ ៖ ‹ សិរីល្អ និង​ព្រះចេស្តា​ដល់ … កូនចៀម​នៅ​អស់កល្ប​ជានិច្ច​រៀងរាប​តទៅ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២១ )

« ថ្ងៃទី ៤–១០ ខែ ធ្នូ ។ វិវរណៈ ១–៥ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២៣

កូនចៀម​ដេកលើ​វាលស្មៅ

ថ្ងៃទី ៤–១០ ខែ ធ្នូ

វិវរណៈ ១–៥

« សិរីល្អ និង​ព្រះចេស្តា​ដល់ … កូនចៀម​នៅ​អស់កល្ប​ជានិច្ច​រៀងរាប​តទៅ »

កុមារ​អាច​ពិបាក​យល់ពី​គម្ពីរ វិវរណៈ ប៉ុន្តែ​វា​ក៏មាន​គោលលទ្ធិ​សំខាន់ៗ​ដែល​ស្រស់ស្អាត និង​សាមញ្ញ​ផងដែរ ។

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​អារម្មណ៍​របស់​ពួកគេ ប្រសិនបើ​ពួកគេ​បាន​ឃើញ​ព្រះយេស៊ូវគ្រីស្ទ​នៅ​ក្នុង​ការនិមិត្ត ។ សូម​ឲ្យ​កុមារ​ចែកចាយ​អ្វីក៏ដោយ​ដែល​ពួកគេ​ដឹង​អំពី​ការនិមិត្ត​របស់​យ៉ូហាន​ពី​ព្រះយេស៊ូវ​នៅក្នុង​គម្ពីរ វិវរណៈ ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

វិវរណៈ ១:២០

ខ្ញុំ​អាច​បញ្ចាំង​ពន្លឺ​របស់​ព្រះអង្គ​សង្គ្រោះ ។

នៅក្នុង វិវរណៈ ១:២០ ព្រះអង្គ​សង្គ្រោះ​បាន​ប្រៀបធៀប​សាសនាចក្រ​របស់​ទ្រង់​ទៅនឹង​ជើង​ចង្កៀង ។ សូម​ជួយ​កុមារ​ឲ្យ​យល់​ថា ពួកគេ​អាច​បញ្ចាំង​ពន្លឺ​របស់​ព្រះអង្គ​សង្រ្គោះ​បាន តាមរយៈ​ការរស់នៅ​តាម​ការបង្រៀន​របស់​ទ្រង់ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​បង្ហាញ​រូបភាព​នៃ​ប្រភព​ពន្លឺ​ខុសៗ​គ្នា​ទៅ​កុមារ ដូចជា ពន្លឺ​អំពូល​ភ្លើង ទាន និង​ព្រះអាទិត្យ ។ កាល​ដែល​បងប្អូន​អាន « ជើង​ចង្កៀង​ទាំង​៧ នោះ​គឺ​ជា​ពួក​ជំនុំ​ទាំង​៧​នោះ​ឯង » ( វិវរណៈ ១:២០ ) សូម​អញ្ជើញ​កុមារ​ឲ្យ​ចង្អុល​ទៅ​រូបភាព​នៃ​ពន្លឺ​ដែល​បាន​រៀបរាប់​នៅក្នុង​ខគម្ពីរ​នេះ ។ សូម​ជួយ​កុមារ​ឲ្យពិភាក្សា​ពី​របៀប​ដែល​យើង​ក្នុងនាម​ជា​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះយេស៊ូវ អាច​ធ្វើ​ដូចជា​ពន្លឺ​ភ្លើងទៀន​បាន—ឧទាហរណ៍ នៅពេល​យើង​ធ្វើ​រឿងល្អៗ​សម្រាប់​អ្នកដទៃ ។

  • សូម​ច្រៀង​ចម្រៀង​អំពី​ការធ្វើ​ជា​ពន្លឺ​ដល់​អ្នក​ដទៃ ដូចជា​បទ « ព្រះ​យេស៊ូវ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​ជា​ពន្លឺ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៣៨ ) ។ សូម​ចែកចាយ​ពី​របៀប​ដែល​បងប្អូន​បាន​ឃើញ​កុមារ​រស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ការធ្វើ​ជា​ពន្លឺ​ដល់​អ្នក​នៅជុំវិញ​ខ្លួន​របស់​ពួកគេ ។ សូម​ចែកចាយ​ពី​របៀប​ដែល​ការធ្វើ​ជា​ពន្លឺ​ដល់​អ្នកដទៃ​បាន​ជួយ​បងប្អូនឲ្យ​មាន​អារម្មណ៍​ខិត​កាន់តែ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ ។

វិវរណៈ ៣:២០

ខ្ញុំ​អាច​យាង​អញ្ជើញ​ព្រះយេស៊ូវ​គ្រីស្ទ​ឲ្យ​ចូល​មក​ក្នុង​ជីវិត​របស់​ខ្ញុំ​បាន ។

ការប្រៀបប្រដូច​ព្រះយេស៊ូវ​ឈរ​នៅ​មាត់​ទ្វារ ហើយ​គោះទ្វារ អាច​ជួយ​កុមារ​ឲ្យ​យល់​ថា ទ្រង់​សព្វព្រះទ័យ​គង់​នៅ​ក្បែរ​ពួកគេ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • កាល​ដែល​បងប្អូន​អាន វិវរណៈ ៣:២០ សូម​បង្ហាញ​រូបភាព​ព្រះ​យេស៊ូវ​គ្រីស្ទ​គង់​នៅ​មាត់ទ្វារ​ចេញពី គម្រោង​មេរៀន​សប្តាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ស្រមៃ​ថា ព្រះ​យេស៊ូវ​បាន​គោះទ្វារ​ផ្ទះ​របស់​ពួកគេ ។ សូម​ឲ្យ​កុមារ​និយាយ​អំពី​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ ។

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ប្រាប់​បងប្អូន​អំពី​គ្រា​ដែល​ពួកគេ​បានរង់ចាំ​នរណា​ម្នាក់​ឲ្យ​មកលេង​ផ្ទះ​របស់​ពួកគេ ជា​មនុស្ស​ដែល​ពួកគេ​អន្ទះសា​ចង់​ជួប ។ តើ​វា​មាន​អារម្មណ៍​បែប​ណា​ដែល​រង់ចាំ​ឲ្យ​នរណា​មក​គោះទ្វារ​របស់​ពួកគេ​នោះ ? ចុះប្រសិនបើ​យើង​មិន​ឲ្យ​បុគ្គល​នោះ​ចូល​ក្នុង​ផ្ទះ​វិញ ? សូម​អាន វិវរណៈ ៣:២០ រួច​ឲ្យ​កុមារ​ដាក់​វេន​គ្នា​កាន់​រូបភាព​ព្រះយេស៊ូវ ហើយ​ធ្វើ​ជា​អ្នក​គោះ​ទ្វារ ។ កុមារ​ដទៃទៀត​ក្នុង​ថ្នាក់​អាច​ធ្វើ​ជា​អ្នក​បើក​ទ្វារ ។ តើ​យើង​អាច​ធ្វើ​ដូចម្ដេច​ដើម្បី​យាង​ព្រះយេស៊ូវ​ឲ្យ​គង់​នៅ​ក្បែរ​យើង ទោះជា​យើង​ពុំ​អាច​មើល​ឃើញ​ទ្រង់​ក៏​ដោយ​នោះ ។

វិវរណៈ ៥:១–១០

ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​អង្គ​តែ​មួយ​គត់ ដែល​ស័ក្ដិសម​នឹង​ធ្វើ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​ខ្ញុំ ។

យ៉ូហាន​បាន​រៀន​ចេញ​ពី​ការនិមិត្ត​របស់​លោក​ថា មាន​តែ​ព្រះយេស៊ូវ​គ្រីស្ទ ( ដែល​មាន​រូបតំណាង​ជា​កូនចៀម ) ប៉ុណ្ណោះ ទើប​អាច​ធ្វើ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង​បាន ហើយ​បំពេញ​តាម​ផែនការ​របស់​ព្រះវរបិតាសួគ៌ ( ដែល​មាន​រូបតំណាង​ជា​គម្ពីរ​ដែល​បាន​បិទត្រា ) បាន ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • ពីមុន​ចូលថ្នាក់ សូម​ខ្ចប់​សំណៅ​ចម្លង​នៃ សៀវភៅ​រូបភាព​ដំណឹងល្អ ដោយប្រើ​ក្រដាស ឬ​ខ្សែ ។ ដោយ​ប្រើ​ឃ្លា​គន្លឹះ​មួយ​ចំនួន​ចេញ​ពី វិវរណៈ ៥:១–១០ សូម​ពិពណ៌នា​អំពី​ការនិមិត្ត​ដែល​យ៉ូហាន​បាន​ឃើញ ។ សូម​បង្ហាញ​សៀវភៅ​នោះ​ដល់​កុមារ រួច​ប្រាប់​ពួកគេ​ថា វិធី​តែ​មួយ​គត់​ដើម្បី​បើក​សៀវភៅ​នេះ​បាន គឺ​ត្រូវ​ស្វែងរក​រូបភាព​ព្រះយេស៊ូវគ្រីស្ទ​ដែល​បងប្អូន​បាន​លាក់​នៅ​ក្នុង​បន្ទប់ ។ នៅពេល​ពួកគេ​រកឃើញ​រូបភាព​នេះហើយ សូមបើក​សៀវភៅ​នោះ ហើយ​ចែកចាយ​ជាមួយ​កុមារ​នូវ​រូបភាព​ខ្លះៗ​នៅក្នុង​សៀវភៅ​ដែល​តំណាង​ឲ្យ​ពរជ័យ ដែល​មាន​ដោយសារ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ( ដូចជា ព្រះវិហារ​បរិសុទ្ធ ពិធីបុណ្យ​ជ្រមុជទឹក និង​ក្រុមគ្រួសារ ) ។ សូម​ថ្លែងទីបន្ទាល់​ថា ព្រះអង្គសង្រ្គោះ​គឺជា​ព្រះ​តែ​មួយ​អង្គ​គត់​ដែល​អាច​ធ្វើ​ឲ្យ​រឿងទាំងនោះ​អាច​កើតមាន​បាន ។

  • សូម​សង្ខេប​ការនិមិត្ត​ដែល​មាន​ពិពណ៌នា​នៅ​ក្នុង វិវរណៈ ៥:១–១០ រួច​អញ្ជើញ​កុមារ​ឲ្យ​សម្ដែង​តាម​អារម្មណ៍​របស់​យ៉ូហាន និង​មនុស្សដទៃ​ទៀត​ដែល​មាន​នៅ​ក្នុង​ផ្នែក​ផ្សេងៗ​គ្នា​នៃ​ការនិមិត្ត​នេះ ។ ឧទាហរណ៍ ពួកគេ​អាច​ធ្វើ​ជា​យំ នៅ​ពេល​គ្មាន​នរណាម្នាក់​អាច​បើក​សៀវភៅ​បាន ឬ​ពួកគេ​អាច​ធ្វើ​ជា​រីករាយ នៅ​ពេល​ព្រះអង្គសង្គ្រោះ​បាន​បើក​វា​ឡើង ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

វិវរណៈ ៣:៥, ១២–២១

ប្រសិនបើ​ខ្ញុំ​តាំងចិត្ត​ធ្វើតាម​ដំណឹងល្អ​របស់​ព្រះអង្គ​សង្រ្គោះ នោះ​ខ្ញុំ​នឹង​ទទួលបាន​ពរជ័យ​ដ៏​មហិមា​នៅ​ឯ​ស្ថានសួគ៌ ។

តើ​វា​មាន​អត្ថន័យ​យ៉ាងណា​ចំពោះ​បងប្អូន​ដែល​ធ្វើ​ជា « ស្ទើរៗ​ប៉ុណ្ណោះ គឺ​មិន​មែន​ត្រជាក់ ក៏​មិន​ក្តៅ​ផង » ? សូម​គិតពិចារណា​ពីរបៀប​ដើម្បី​ជួយ​កុមារ​ឲ្យ​ធ្វើ​ផ្ទុយ​នឹង​ការ​ស្ទើរៗ—ឲ្យ​មាន​ភាពក្លៀវក្លា​ក្នុង​ការប្តេជ្ញាចិត្ត​របស់​ពួកគេ​ចំពោះ​ព្រះអង្គ​សង្គ្រោះ និង​ដំណឹងល្អ​របស់ទ្រង់ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អាន​ជាមួយគ្នា​ក្នុង វិវរណៈ ៣:៥, ១២, ២១ ហើយ​សូមពន្យល់​រាល់ពាក្យ​ដែល​កុមារ​អាច​មិន​ស្គាល់ ។ តើ​ពាក្យ « ឈ្នះ » មាន​អត្ថន័យ​ដូចម្តេច ? សូម​អញ្ជើញ​កុមារ​ឲ្យ​គូរ​រូប​ពរជ័យ​មួយ​ដែល​បាន​សន្យា​នៅក្នុង​ខគម្ពីរ​ទាំងនេះ ហើយ​ចែកចាយ​វា​មួយ​នឹង​កុមារ​ក្នុង​ថ្នាក់ ។

  • សូម​អាន​ជាមួយគ្នា​ក្នុង វិវរណៈ ៣:១៥–១៦ ។ សូម​ឲ្យ​កុមារ​និយាយ​អំពី​អ្វី​ដែល​មាន​គុណប្រយោជន៍ ឬ​ឆ្ងាញ់​បំផុត នៅពេល​ដែល​វា​នៅ​ក្តៅៗ ( ដូចជា សម្ល ) ឬ​ត្រជាក់ ( ដូចជា ការ៉េម ) ។ តើ​ការធ្វើ​ជាមនុស្ស​ស្ទើរៗ​អំពី​ព្រះអង្គសង្រ្គោះ រារាំង​យើង​ពី​ការទទួល​បានពរជ័យ​ដែល​បានសន្យា​នៅក្នុង​ខទី ៥ ១២ និង ២១ យ៉ាង​ដូចម្តេច ?

  • នៅលើ​ក្តារខៀន សូមសរសេរ​ពាក្យ ស្ទើរៗព្រម​ជាមួយ​សទិស​ន័យ​មួយចំនួន ដូចជា ដែល​មិន​ពេញ, មិន​ល្មមមិន​គ្រប់គ្រាន់ ។ សូម​ប្រើពាក្យ​ទាំងនេះ​ដើម្បី​ជួយ​កុមារ​ឲ្យ​យល់​ពី​មូលហេតុ ដែល​ព្រះអម្ចាស់​មិន​ចង់​ឲ្យ​យើង​ធ្វើ​ជា​មនុស្ស​ស្ទើរៗ ។ តើ​ពាក្យ​អ្វី​ដែល​យើង​អាចគិត​ដល់ ដើម្បី​ពិពណ៌នា​អំពី​របៀប​ដែល​ទ្រង់​ចង់​ឲ្យ​យើង​ប្រព្រឹត្ត ? សូម​ចែកចាយ​ពី​មូលហេតុ​ដែល​បងប្អូន​ចង់​ប្តេជ្ញាចិត្ត​យ៉ាងមុតមាំ​ចំពោះ​ព្រះអង្គ​សង្គ្រោះ ហើយ​សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ​ផងដែរ ។

វិវរណៈ ៣:២០

ខ្ញុំ​អាច​ជ្រើសរើស​ដើម្បី​អនុញ្ញាត​ឲ្យ​ព្រះយេស៊ូវ​ធ្វើ​ជា​ចំណែក​មួយ​ក្នុង​ជីវិត​របស់​ខ្ញុំ ។

តើ​បងប្អូន​អាច​ជួយ​កុមារ​ដែល​បងប្អូន​បង្រៀន​ឲ្យ​បើក​ដួងចិត្ត និង​ជីវិត​របស់​ពួកគេ ទទួល​យក​ព្រះចេស្ដា និង​ឥទ្ធិពល​របស់​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • កាល​ដែល​បងប្អូន​អាន វិវរណៈ ៣:២០ សូម​បង្ហាញ​រូបភាព​ព្រះ​យេស៊ូវ​គ្រីស្ទ​គង់​នៅ​មាត់ទ្វារ​ចេញពី គម្រោង​មេរៀន​សប្តាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ។ ដើម្បី​ជួយ​កុមារ​ឲ្យ​យល់​អត្ថន័យ​នៃ​រូបភាព​នេះ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើការ​ជា​គូៗ​ដើម្បី​ឆ្លើយ​សំណួរ​ដូចនេះ ៖ ហេតុអ្វី​បានជា​ប្អូន​គិត​ថា ព្រះយេស៊ូវ​កំពុង​គោះ​ទ្វារផ្ទះ ? ហេតុអ្វី​បាន​ជា​គ្មាន​ដៃទ្វារ​នៅ​ខាង​ក្រៅ​ទ្វារ ? តើ​ការអនុញ្ញាត​ឲ្យ​ព្រះយេស៊ូវ​យាង​ចូល​មក​ក្នុង​ជីវិត​របស់​យើង​មាន​ន័យ​ដូចម្ដេច ?

  • សូម​ឲ្យ​កុមារ​សរសេរ​នៅ​លើ​ក្ដារខៀន​នូវ​របៀប​ខុសៗ​គ្នា​ដើម្បី « បើក​ទ្វារ​ឲ្យ » ព្រះយេស៊ូវ ។ ឧទាហរណ៍​ខ្លះៗ​អាច​រួមមាន​ការបម្រើ​អ្នកដទៃ ការអាន​ព្រះគម្ពីរ ការរក្សា​សេចក្តី​សញ្ញា​ដែល​យើង​ធ្វើ​នៅពេល​ជ្រមុជទឹក និង​ការទទួលទាន​សាក្រាម៉ង់ ។

វិវរណៈ ៥:១–១០

ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​អង្គ​តែ​មួយ​គត់ ដែល​ស័ក្ដិសម​នឹង​ធ្វើ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​ខ្ញុំ ។

ការនិមិត្ត​ដែល​មាន​ពិពណ៌នា​នៅ​ក្នុង វិវរណៈ ៥ បាន​បង្រៀន​ថា មាន​តែ​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ ទើប​ជា​អង្គ​ដែល​ស័ក្ដិសម ហើយ​អាច​ធ្វើ​ដង្វាយធួន ព្រម​ទាំង​សង្គ្រោះ​យើង​ពី​អំពើបាប​បាន ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អញ្ជើញ​កុមារ​ឲ្យ​ប្រាប់​អំពី​គ្រា​មួយ ដែល​ពួកគេ​ត្រូវការ​នរណាម្នាក់​ដើម្បី​ជួយ​ធ្វើ​កិច្ចការ​មួយ ដែល​ពួកគេ​ពុំ​អាច​ធ្វើ​ដោយ​ខ្លួន​ពួកគេ​បាន ។ សូម​ឲ្យ​ពួកគេ​អាន វិវរណៈ ៥:១–១០ រួច​ស្វែងរក​អ្វី​ដែល​ចាំបាច់​ដើម្បី​ធ្វើ ដែល​មាន​តែ​បុគ្គល​ម្នាក់​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​បាន ( សូម​ពន្យល់​ថា កូនចៀម​គឺ​ជា​ព្រះយេស៊ូវគ្រីស្ទ រីឯ​ក្រាំង​តំណាង​ឲ្យ​ផែនការ​របស់​ព្រះ ) ។ តើ​ព្រះយេស៊ូវ​បាន​ធ្វើ​អ្វី​សម្រាប់​យើង ដែល​គ្មាន​នរណា​ទៀត​អាច​ធ្វើ​បាន​នោះ ?

  • សូម​ឲ្យ​កុមារ​រកមើល​ទំនុក​តម្កើង ឬ​សៀវភៅ​ចម្រៀង​កុមារ​ដែល​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ( ដូចជា​បទ « Beautiful Savior » Children’s Songbook ទំព័រ ៦២–៦៣ ) ។ តើ​ទំនុកបទ​នៅ​ក្នុង​ចម្រៀង​នេះ បង្រៀន​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ ? តើ​បទចម្រៀង​នេះ​អាចដូច​ជា​ទំនុក​តម្កើង ដែល​បាន​ច្រៀង​សរសើរ​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ក្នុង វិវរណៈ ៥:៩–១០ យ៉ាង​ដូចម្ដេច ?

រូប​តំណាង​ការរៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ អំពី​របៀប​ទាំងឡាយ​ដែល​ពួកគេ​អាច​អញ្ជើញ​ឲ្យ​មាន​ឥទ្ធិពល​របស់​ព្រះអង្គ​សង្គ្រោះ ចូល​មក​ក្នុង​ជីវិត​របស់​ពួកគេ​បាន ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

លើក​ទឹកចិត្ត​ឲ្យ​មាន​គារវភាព ។ ទិដ្ឋភាព​ដ៏​សំខាន់​មួយ​នៃ​គារវភាព គឺ​ជា​ការគិត​ដល់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ បងប្អូន​អាច​រំឭក​កុមារ​ឲ្យ​មាន​គារវភាព​បាន ដោយ​ការច្រៀង ឬ​ការបន្ទរ​រហ៊ឹម​បទ​ចម្រៀង​មួយ​ដោយ​ស្ងាត់ស្ងៀម ឬ​ការបង្ហាញ​រូបភាព​ព្រះយេស៊ូវ​មួយ​សន្លឹក ។