« ថ្ងៃទី ៤–១០ ខែ ធ្នូ ។ វិវរណៈ ១–៥ ៖ ‹ សិរីល្អ និងព្រះចេស្តាដល់ … កូនចៀមនៅអស់កល្បជានិច្ចរៀងរាបតទៅ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ៤–១០ ខែ ធ្នូ ។ វិវរណៈ ១–៥ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣
ថ្ងៃទី ៤–១០ ខែ ធ្នូ
វិវរណៈ ១–៥
« សិរីល្អ និងព្រះចេស្តាដល់ … កូនចៀមនៅអស់កល្បជានិច្ចរៀងរាបតទៅ »
សូមពិចារណាធ្វើការកត់ត្រាទុកសំណួរទាំងឡាយដែលបងប្អូនមានអំពីអ្វីដែលបងប្អូនបានអាននៅក្នុងគម្ពីរ វិវរណៈ ។ បងប្អូនអាចស្រាវជ្រាវរកចម្លើយចំពោះសំណួររបស់បងប្អូន ឬពិភាក្សាវាជាមួយនឹងសមាជិកគ្រួសារម្នាក់ ឬពិភាក្សានៅក្នុងថ្នាក់រៀននៅព្រះវិហារបាន ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
តើបងប្អូនធ្លាប់មានការលំបាកដើម្បីបង្ហាញដល់អ្នកដទៃអំពីអារម្មណ៍របស់បងប្អូន អំឡុងពេលមានបទពិសោធន៍ខាងវិញ្ញាណដ៏មានអានុភាពមួយដែរឬទេ ? ភាសាសព្វថ្ងៃអាចនឹងមានអារម្មណ៍ថា ពុំមានល្មមគ្រប់គ្រាន់ដើម្បីពិពណ៌នាអំពីអារម្មណ៍ និងចំណាប់អារម្មណ៍ខាងវិញ្ញាណទេ ។ ប្រហែលជារឿងនេះគឺជាមូលហេតុដែលយ៉ូហានបានប្រើនិមិត្តសញ្ញា និងការប្រៀបធៀបដ៏ច្រើនដើម្បីពិពណ៌នាអំពីវិវរណៈដ៏វិសេសវិសាលរបស់លោក ។ លោកអាចនឹងថ្លែងដោយសាមញ្ញថា លោកបានឃើញព្រះយេស៊ូវគ្រីស្ទ ប៉ុន្តែដើម្បីជួយយើងឲ្យយល់អំពីបទពិសោធន៍របស់លោក លោកបានពិពណ៌នាអំពីព្រះអង្គសង្គ្រោះដោយប្រើពាក្យទាំងនេះថា « ព្រះនេត្រទ្រង់ដូចជាអណ្ដាតភ្លើង » « ក៏មានដាវមុខពីរដ៏មុត ចេញពីព្រះឱស្ឋទ្រង់មក » និង « ព្រះភក្រ្តទ្រង់ដូចជាថ្ងៃភ្លឺពេញអំណាច » ( វិវរណៈ ១:១៤–១៦ ) ។ នៅពេលបងប្អូនអានគម្ពីរ វិវរណៈ សូមព្យាយាមស្វែងរកសារលិខិតដែលយ៉ូហានចង់ឲ្យបងប្អូនរៀន និងទទួលអារម្មណ៍ ទោះជាបងប្អូនមិនយល់អំពីអត្ថន័យនៅពីក្រោយនិមិត្តសញ្ញាទាំងអស់នោះក្ដី ។ ហេតុអ្វីក៏លោកប្រៀបធៀបក្រុមជំនុំសាសនាចក្រទៅនឹងជើងចង្កៀង សាតាំងទៅនឹងសត្វនាគ ហើយព្រះយេស៊ូវទៅនឹងកូនចៀមដូច្នេះ ? ទីបំផុត បងប្អូនពុំចាំបាច់ត្រូវយល់ពីគ្រប់និមិត្តរូបនៅក្នុងគម្ពីរ វិវរណៈ ដើម្បីយល់អំពីសារៈសំខាន់នៃបាវចនានោះទេ រួមទាំងបាវចនាដ៏លេចធ្លោបំផុតនេះ ៖ ព្រះយេស៊ូវគ្រីស្ទ និងអ្នកដើរតាមទ្រង់នឹងមានជោគជ័យលើនគរនៃមនុស្ស និងសាតាំង ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ការនិមិត្តរបស់យ៉ូហានបង្រៀនអំពីផែនការរបស់ព្រះវរបិតាសួគ៌ដើម្បីសង្គ្រោះបុត្រាបុត្រីរបស់ទ្រង់ ។
គម្ពីរ វិវរណៈ អាចនឹងពិបាកយល់ ប៉ុន្តែសូមកុំបាក់ទឹកចិត្តឡើយ ។ ការសន្យារបស់យ៉ូហានអាចនឹងបំផុសគំនិតបងប្អូនឲ្យបន្ដព្យាយាម ៖ « មានពរហើយអ្នកណាដែល មើល និងអស់អ្នកណាដែល ស្ដាប់ ហើយយល់ នូវពាក្យទាំងឡាយនៃការព្យាករនេះ ហើយ ប្រព្រឹត្តតាម សេចក្ដីទាំងប៉ុន្មាន ដែលកត់ទុកនេះដែរ ដ្បិតឯពេលវេលានៃការយាងមករបស់ព្រះអម្ចាស់នោះជិតដល់ហើយ » ( ការបកប្រែដោយយ៉ូសែប ស្ម៊ីធ, វិវរណៈ ១:៣ [ នៅក្នុងការបកប្រែដោយយ៉ូសែប ស្ម៊ីធ ] ការសង្កត់ន័យត្រូវបានបន្ថែម ) ។
របៀបមួយដើម្បីសិក្សាគម្ពីរ វិវរណៈ គឺត្រូវរកមើលទំនាក់ទំនងទៅនឹងផែនការនៃសេចក្ដីសង្គ្រោះ ។ ទិដ្ឋភាពទូទៅនេះអាចជួយបងប្អូនបាន ៖
-
ជំពូក ៥ និង ១២ ពិពណ៌នាអំពីព្រឹត្តិការណ៍នានានៅក្នុងជីវិតមុនផែនដីនេះ ។
-
ជំពូក ៦–១១, ១៣–១៤, ១៦–១៩ ពិពណ៌នាអំពីជីវិតរមែងស្លាប់ និងព្រឹត្តិការណ៍នានានៅក្នុងប្រវត្តិសាស្ត្រផែនដីនេះ ។
-
ជំពូក ២–៣, ១៥, ២០–២២ ពិពណ៌នាអំពីការជំនុំជម្រះចុងក្រោយ និងសិរីល្អដែលរង់ចាំពួកអ្នកស្មោះត្រង់ ។
នៅពេលបងប្អូនអាន សូមសួរខ្លួនឯងថា « តើការណ៍នេះបង្រៀនអ្វីដល់ខ្ញុំអំពីផែនការរបស់ព្រះ ? តើព្រះបានធ្វើអ្វីខ្លះ ដើម្បីជួយខ្ញុំឲ្យយកឈ្នះលើសេចក្ដីអាក្រក់ ហើយត្រឡប់ទៅទ្រង់វិញ ? តើអ្វីខ្លះជាការសន្យារបស់ទ្រង់ដល់ពួកអ្នកស្មោះត្រង់ ? »
វាអាចមានប្រយោជន៍ក្នុងការដឹងថា គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៧ ពន្យល់ពីនិមិត្តរូបមួយចំនួនដែលមានប្រើនៅក្នុងគម្ពីរ វិវរណៈ ។ បន្ថែមលើនោះទៀត ការបកប្រែដោយ យ៉ូសែប ស៊្មីធ បញ្ជាក់ពីវគ្គបទគម្ពីរមួយចំនួននៅក្នុងគម្ពីរ វិវរណៈ ដូច្នេះសូមមើលលេខយោង និងជំនួយការសិក្សាជាទៀងទាត់ ។
សូមមើលផងដែរ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « យ៉ូហាន, កូនប្រុសរបស់សេបេដេ » « វិវរណៈរបស់យ៉ូហាន » ។
ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រាដែលមានព្រះជន្មរស់នៃព្រះដ៏មានព្រះជន្មរស់ ។
ទំពូកទីមួយនៃគម្ពីរ វិវរណៈ ពិពណ៌នាអំពីការយាងជួបរបស់ព្រះយេស៊ូវគ្រីស្ទចំពោះយ៉ូហាននៅក្នុងការនិមិត្តមួយ ។ ប្រហែលជាបងប្អូនអាចធ្វើបញ្ជីមួយអំពីអ្វីគ្រប់យ៉ាងដែលជំពូកនេះនិយាយអំពីព្រះយេស៊ូវគ្រីស្ទ រួមបញ្ចូលទាំងទ្រង់ជានរណា អ្វីដែលទ្រង់ធ្វើសម្រាប់យើង និងតើទ្រង់មានលក្ខណៈបែបណា ។
អ្វីមួយចំនួនដែលបងប្អូនរៀននឹងចេញមកពីនិមិត្តរូប ។ សូមសញ្ជឹងគិតពីអ្វីដែលព្រះអម្ចាស់អាចនឹងកំពុងព្យាយាមបង្រៀនដល់បងប្អូនអំពីទ្រង់ផ្ទាល់តាមរយៈនិមិត្តរូបទាំងនេះ ។ ឧទាហរណ៍ សូមកត់សម្គាល់ថា ព្រះអង្គសង្គ្រោះហៅអង្គទ្រង់ថា « ជាមុនគេ ហើយក្រោយគេ » និង « ជាដើម ហើយជាចុង » ។ តើបងប្អូនគិតថា ហេតុអ្វីព្រះគោរមងារទាំងនេះសំខាន់ ? តើព្រះបរមងារទាំងនេះបង្រៀនបងប្អូនអ្វីខ្លះអំពីព្រះអង្គសង្គ្រោះ ?
ព្រះយេស៊ូវគ្រីស្ទស្គាល់ខ្ញុំដោយផ្ទាល់ ហើយនឹងជួយខ្ញុំឲ្យយកឈ្នះលើឧបសគ្គនានារបស់ខ្ញុំ ។
ព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះនៅក្នុង វិវរណៈ ២–៣ បើកបង្ហាញថា ទ្រង់ញាណយល់អំពីជោគជ័យ និងឧបសគ្គជាក់លាក់ដែលមាននៅក្នុងសាខានីមួយៗនៃព្រះវិហារនៅជំនាន់របស់យ៉ូហាន ។ ទ្រង់បានសរសើរដល់កិច្ចខិតខំរបស់ពួកបរិសុទ្ធ ហើយក៏បានដាស់តឿនពួកគេអំពីអ្វីៗដែលពួកគេត្រូវផ្លាស់ប្ដូរផងដែរ ។ តើបងប្អូនរៀនអ្វីខ្លះអំពីការសរសើរ និងការដាស់តឿនរបស់ព្រះអង្គសង្គ្រោះ ?
ព្រះអង្គសង្គ្រោះក៏យល់ពីភាពជោគជ័យ និងការលំបាក របស់បងប្អូន ផងដែរ ហើយទ្រង់មានព្រះទ័យចង់ជួយបងប្អូន ។ សូមកត់សម្គាល់ពីការសន្យាជាញឹកញាប់ ដែលទ្រង់បានប្រទានដល់ពួកអ្នកដែលយកឈ្នះ ។ តើបងប្អូនចាប់អារម្មណ៍អ្វីខ្លះអំពីការសន្យាទាំងនេះ ? តើព្រះអម្ចាស់អាចនឹងមានព្រះទ័យចង់ឲ្យបងប្អូនយកឈ្នះលើអ្វីខ្លះ ? តើយើងអាចធ្វើអ្វីខ្លះ ដើម្បីទទួលបានជំនួយរបស់ទ្រង់ ?
មានតែព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះដែលអាចធ្វើឲ្យផែនការរបស់ព្រះវរបិតាសួគ៌អាចកើតមានឡើងបាន ។
តើបងប្អូនរៀនអ្វីខ្លះអំពីព្រះវរបិតាសួគ៌ចេញពី វិវរណៈ ៤ និងអំពីព្រះយេស៊ូវគ្រីស្ទចេញពី វិវរណៈ ៥ ? សូមពិចារណាថាវាមានលក្ខណៈបែបណា ពេលដែលយើងទាំងអស់គ្នាបានដឹងថា ព្រះយេស៊ូវគ្រីស្ទ ( « កូនចៀម » ) នឹងធ្វើឲ្យផែនការរបស់ព្រះវរបិតាសួគ៌បានសម្រេចនោះ ( ព្រះអង្គសង្គ្រោះអាច « បកត្រាទាំង៧ បើកក្រាំងនោះបាន » [ វិវរណៈ ៥:៥ ] ) ។ ហេតុអ្វីក៏ព្រះយេស៊ូវគ្រីស្ទធ្វើការណ៍នេះតែអង្គឯង ? តើបងប្អូនបង្ហាញសេចក្ដីជំនឿរបស់បងប្អូនទៅលើទ្រង់ដែលជាព្រះអង្គសង្គ្រោះរបស់បងប្អូនតាមរបៀបណា ?
សូមមើលផងដែរ យ៉ូប ៣៨:៤–៧; គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៧:១–៧ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្នុងគ្រួសារ
-
វិវរណៈ ៥:២០ ។ហេតុអ្វីព្រះយេស៊ូវគ្រីស្ទបានប្រៀបធៀបសាសនាចក្ររបស់ទ្រង់ទៅនឹងជើងចង្កៀង ? ( សូមមើល ម៉ាថាយ ៥:១៤–១៦ ) ។ សូមច្រៀងបទចម្រៀងមួយបទអំពីរបៀបដែលយើងអាចធ្វើដូចជាពន្លឺមួយនៅលើជើងចង្កៀង ដូចជាបទ « រះឡើង » ( សៀវភៅចម្រៀងកុមារ ទំព័រ ៩៦ ) ។
-
វិវរណៈ ២–៣ ។សូមធ្វើដូចជាយ៉ូហានត្រូវបានសុំឲ្យផ្ដល់សារលិខិតមួយដល់គ្រួសារបងប្អូន ដូចជាសារលិខិតដែលលោកបានផ្ដល់ដល់ព្រះវិហារទាំងឡាយក្នុងជំនាន់របស់លោកដែរ ។ តើអ្វីដែលលោកនិយាយនឹងដំណើរការល្អឬទេ ? តើបងប្អូនអាចធ្វើឲ្យប្រសើរឡើងយ៉ាងដូចម្ដេច ?
-
វិវរណៈ ៣:១៥–១៦ ។បន្ទាប់ពីអានខគម្ពីរទាំងនេះហើយ គ្រួសាររបស់បងប្អូនអាចផឹកអ្វីមួយដែលក្ដៅឧណ្ហៗ ដែលមានរសជាតិឆ្ងាញ់ជាងនៅពេលក្ដៅ ឬឆ្ងាញ់ជាងនៅពេលត្រជាក់ ? តើការស្ទើរៗខាងវិញ្ញាណមានន័យយ៉ាងដូចម្តេច ?
-
វិវរណៈ ៣:២០ ។សូមបង្ហាញរូបភាពរបស់ព្រះអង្គសង្គ្រោះគោះទ្វារ ( សូមមើលនៅចុងបញ្ចប់នៃគម្រោងមេរៀននេះ ) កាលដែលគ្រួសារបងប្អូនអាន វិវរណៈ ៣:២០ ។ តើហេតុអ្វីបានជាព្រះយេស៊ូវគោះ ជំនួសឲ្យការចូលក្នុងតែម្ដង ? សមាជិកគ្រួសារអាចប្ដូរវេនគ្នាគោះទ្វារ ។ បន្ទាប់មកនរណាម្នាក់នៅក្នុងគ្រួសារអាចផ្ដល់យោបល់ពីរបៀបមួយ ដែលយើងអាច « បើកទ្វារ » ទៅកាន់ព្រះអង្គសង្គ្រោះ ហើយអនុញ្ញាតឲ្យសមាជិកគ្រួសារចូលមកក្នុង ។ តើវានឹងមានអារម្មណ៍យ៉ាងណាក្នុងការមានព្រះអង្គសង្គ្រោះនៅក្នុងផ្ទះរបស់យើងនោះ ?
-
វិវរណៈ ៤:១០–១១ ។តើការថ្វាយបង្គំព្រះវរបិតាសួគ៌មានន័យយ៉ាងណា ? តើមានអ្វីដែលយើងដឹងអំពីទ្រង់ ដែលធ្វើឲ្យយើងចង់ថ្វាយបង្គំទ្រង់នោះ ?
-
វិវរណៈ ៥:៦, ១២–១៣ ។ហេតុអ្វីបានជាព្រះយេស៊ូវគ្រីស្ទត្រូវបានគេហៅថាជា « កូនចៀម » ? តើព្រះបរមងារនេះបង្រៀនយើងអ្វីខ្លះអំពីទ្រង់ ?
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ។
ទំនុកតម្កើងដែលលើកទឹកចិត្តឲ្យប្រើ ៖ « គ្រាមួយព្រះយេស៊ូវកំសត់ » ទំនុកតម្កើង ល.រ. ១១៨ ។