« ថ្ងៃទី ២៧ ខែ វិច្ឆិកា–៣ ខែ ធ្នូ ។ យ៉ូហាន ទី១–ទី៣; យូដាស ៖ ‹ ព្រះទ្រង់ជាសេចក្តីស្រឡាញ់ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ២៧ ខែ វិច្ឆិកា–៣ ខែ ធ្នូ ។ យ៉ូហាន ទី១–ទី៣; យូដាស » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣
ថ្ងៃទី ២៧ ខែ វិច្ឆិកា–៣ ខែ ធ្នូ
យ៉ូហាន ១–៣; យ៉ូដាស
« ព្រះទ្រង់ជាសេចក្តីស្រឡាញ់ »
នៅពេលបងប្អូនអានសំបុត្ររបស់យ៉ូហាន និងយូដាស សូមស្វែងរកការបំផុសគំនិតអំពីរបៀបដែលបងប្អូនអាចបង្ហាញសេចក្ដីស្រឡាញ់របស់បងប្អូនចំពោះព្រះ ។ សូមកត់ត្រាចំណាប់អារម្មណ៍ទាំងនេះ ហើយអនុវត្តតាម ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
ពេលដែលយ៉ូហាន និងយូដាសបានសរសេរសំបុត្ររបស់ពួកលោក នោះគោលលទ្ធិពុករលួយបានចាប់ផ្ដើមដឹកនាំពួកបរិសុទ្ធជាច្រើនចូលទៅក្នុងការក្បត់សាសនារួចទៅហើយ ។ គ្រូបង្រៀនក្លែងក្លាយមួយចំនួនបានមានចម្ងល់ថាតើព្រះយេស៊ូវគ្រីស្ទពិតជាបានមក « ក្នុងសាច់ឈាម » ឬទេ ( ឧទាហរណ៍សូមមើល យ៉ូហាន ទី១ ៤:១–៣; យ៉ូហាន ទី២ ១:៧ ) ។ តើអ្នកដឹកនាំសាសានចក្រម្នាក់អាចធ្វើអ្វីខ្លះនៅក្នុងស្ថានភាពបែបនេះ ? សាវកយ៉ូហានបានឆ្លើយតប ដោយការចែកចាយទីបន្ទាល់ផ្ទាល់ខ្លួនរបស់លោកអំពីព្រះអង្គសង្គ្រោះ ៖ « នេះគឺជាទីបន្ទាល់ដែលយើងផ្ដល់ឲ្យអំពីរឿងនោះតាំងពីដំបូង ដែលយើងបានស្ដាប់ឮ ដែលយើងបានឃើញដោយភ្នែករបស់យើង ដែលយើងបានទន្ទឹងចាំ ហើយដៃរបស់ពួកយើងបានកាន់ព្រះបន្ទូលនៃជីវិត » ( ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ, យ៉ូហាន ទី១ ១:១ ) ។ ហើយបន្ទាប់មក យ៉ូហានបានបង្រៀនអំពីសេចក្ដីស្រឡាញ់ ៖ សេចក្ដីស្រឡាញ់របស់ព្រះសម្រាប់យើង និងសេចក្ដីស្រឡាញ់ដែលយើងគួរតែមានសម្រាប់ទ្រង់ និងបុត្រាបុត្រីទាំងអស់របស់ទ្រង់ ។ បន្ទាប់ពីអ្វីៗទាំងអស់ យ៉ូហានគឺជាសាក្សីម្នាក់អំពីការណ៍នោះផងដែរ ។ លោកបានដកពិសោធន៍ពីសេចក្ដីស្រឡាញ់របស់ព្រះអម្ចាស់ដោយផ្ទាល់ ( សូមមើល យ៉ូហាន ១៣:២៣; ២០:២ ) ហើយលោកចង់ឲ្យពួកបរិសុទ្ធទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់ដូចគ្នានោះ ។ ទីបន្ទាល់ និងការបង្រៀនរបស់យ៉ូហានអំពីសេចក្ដីស្រឡាញ់ គឺជាអ្វីដែលយើងត្រូវការនៅសព្វថ្ងៃនេះតែម្ដង កាលដែលសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ត្រូវបានសង្ស័យ និងសម្បូរទៅដោយការបង្រៀនក្លែងក្លាយ ។ ការអានសំបុត្ររបស់យ៉ូហាន អាចជួយយើងប្រឈមនឹងមាសត្រូវសព្វថ្ងៃនេះដោយសេចក្ដីក្លាហាន ដ្បិត « គ្មានសេចក្តីភ័យខ្លាចណា នៅក្នុងសេចក្តីស្រឡាញ់ឡើយ សេចក្តីស្រឡាញ់ដែលពេញខ្នាត នោះបណ្តេញសេចក្តីភ័យខ្លាចចេញ » ( យ៉ូហាន ទី១ ៤:១៨ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ព្រះគឺជាពន្លឺ ហើយព្រះគឺជាសេចក្ដីស្រឡាញ់ ។
ប្រសិនបើបងប្អូនជ្រើសរើសពាក្យមួយម៉ាត់ ឬពីរម៉ាត់ដើម្បីពិពណ៌នាអំពីព្រះ តើពាក្យទាំងនោះជាពាក្យអ្វីខ្លះ ? នៅក្នុងសំបុត្រនេះ យ៉ូហានបានប្រើពាក្យ « ពន្លឺ » និង « សេចក្តីស្រឡាញ់ » ជាញឹកញាប់ ( ជាឧទាហរណ៍ សូមមើល យ៉ូហាន ទី១ ១:៥; ២:៨–១១; ៣:១៦, ២៣–២៤; ៤:៧–២១ ) ។ កាលដែលបងប្អូនអានសំបុត្រពីរដំបូងរបស់យ៉ូហាន សូមសញ្ជឹងគិតពីបទពិសោធន៍ទាំងឡាយ ដែលយ៉ូហានបានមានជាមួយនឹងពន្លឺ និងសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ ។ ឧទាហរណ៍ សូមពិចារណាពីអ្វីដែលយ៉ូហានបានរៀនពីការបង្រៀនរបស់ព្រះយេស៊ូវនៅក្នុង យ៉ូហាន ៣:១៦–១៧; ១២:៣៥–៣៦, ៤៦; ១៥:៩–១៤; ១៩:២៥–២៧ ។ តើបងប្អូនឃើញពីភាពស្រដៀងគ្នាអ្វីខ្លះ រវាងការបង្រៀនទាំងនេះ និងអ្វីដែល យ៉ូហាន ទី១ បង្រៀនអំពីពន្លឺ និងសេចក្ដីស្រឡាញ់របស់ព្រះ ? តើបទពិសោធន៍អ្វីខ្លះដែលបានបង្រៀនដល់បងប្អូនថា ព្រះគឺជាពន្លឺ និងជាសេចក្ដីស្រឡាញ់ ?
« បើយើងស្រឡាញ់គ្នាទៅវិញទៅមក នោះព្រះទ្រង់គង់នៅក្នុងយើង » ។
បងប្អូនក៏នឹងឃើញពាក្យដូចជា « នៅជាប់ » និង « គង់នៅ » ម្ដងហើយម្ដងទៀតនៅក្នុងសំបុត្ររបស់យ៉ូហាន ។ សូមរកមើលពាក្យទាំងនេះ នៅពេលបងប្អូនអាន យ៉ូហាន ទី១ ២–៤ និង យ៉ូហាន ទី២ ។ តើបងប្អូនគិតថា វាមានន័យយ៉ាងណា ដើម្បី « នៅជាប់ » នឹងព្រះ និងគោលលទ្ធិរបស់ទ្រង់នោះ ? ( សូមមើល យ៉ូហាន ទី២ ១:៩ ) ។ តើវាមានន័យបែបណាចំពោះបងប្អូន ដែលមានព្រះ « គង់នៅ » ជាមួយនឹងបងប្អូននោះ ?
ខ្ញុំអាចប្រែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទបាន ។
តើគោលដៅនៃការប្រែក្លាយដូចជាព្រះគ្រីស្ទហាក់ដូចជាពិបាកនឹងធ្វើបានសម្រាប់បងប្អូនដែរឬទេ ? សូមពិចារណាអំពីដំបូន្មានដែលលើកទឹកចិត្តរបស់យ៉ូហាន ៖ « ពួកកូនតូចៗអើយ ចូរនៅជាប់ក្នុងទ្រង់ចុះ ដើម្បីកាលណាទ្រង់លេចមក នោះយើងខ្ញុំនឹងមានចិត្តក្លាហាន … [ ហើយ ] នោះយើងនឹងបានដូចជាទ្រង់ » ( យ៉ូហាន ទី១ ២:២៨, ៣:២ ) ។ តើបងប្អូនរកឃើញអ្វីខ្លះនៅក្នុង យ៉ូហាន ទី១ ២:២៤–៣:៣ ដែលផ្ដល់ចិត្តក្លាហាន និងការលួងលោមដល់បងប្អូនក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ? នៅពេលបងប្អូនសិក្សាសំបុត្ររបស់យ៉ូហាន សូមរកមើលគោលការណ៍ ឬដំបូន្មានផ្សេងទៀតដែលអាចជួយបងប្អូននៅក្នុងការខិតខំប្រែក្លាយឲ្យកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ។
សូមមើលផងដែរ មរ៉ូណៃ ៧:៤៨; គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៦៧–៦៨; ស្កត់ ឌី វីតធីង « Becoming like Him » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ១២–១៤ ។
តើ « គ្មានអ្នកណាដែលឃើញព្រះនៅពេលណាមួយឡើយ… » ឬ ?
ការបកប្រែដោយយ៉ូសែប ស្ម៊ីធ យ៉ូហាន ទី១ ៤:១២ បញ្ជាក់ថា « គ្មានអ្នកណាដែលឃើញព្រះនៅពេលណាមួយឡើយ លើកលែងតែពួកអ្នកដែលជឿប៉ុណ្ណោះ » នៅក្នុង យ៉ូហាន ទី១ ៤:១២ សូមមើលផងដែរ យ៉ូហាន ៦:៤៦; យ៉ូហាន ទី៣ ១:១១ ) ។ បទគម្ពីរបានកត់ត្រាឧទាហរណ៍ជាច្រើននៅពេលដែលព្រះជាព្រះវរបិតាបានបើកសម្ដែងព្រះអង្គទ្រង់ដល់បុគ្គលស្មោះត្រង់ជាច្រើន រួមមានទាំង យ៉ូហានផ្ទាល់ ( សូមមើល វិវរណៈ ៤; សូមមើលផងដែរ កិច្ចការ ៧:៥៥–៥៦; នីហ្វៃទី១ ១:៨; គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៦:២៣; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៦–១៧ ) ។
នៅពេលខ្ញុំអនុវត្តសេចក្ដីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ហើយបានកើតសាជាថ្មី នោះខ្ញុំអាចយកឈ្នះលើលោកិយបាន ។
នៅពេលបងប្អូនអាន យ៉ូហាន ទី១ ៥ សូមរកមើលអ្វីដែលយើងត្រូវធ្វើដើម្បីយកឈ្នះលើលោកិយ ហើយទទួលបានជីវិតអស់កល្បជានិច្ច ។ តើការយកឈ្នះលើលោកិយអាចមានទម្រង់បែបណាខ្លះនៅក្នុងជីវិតរបស់បងប្អូន ? បងប្អូនក៏អាចស្វែងរកចម្លើយ និងការយល់ដឹងនៅក្នុងសារលិខិតរបស់អែលឌើរ នែលអិល អាន់ឌើរសិន « Overcoming the World » ផងដែរ ( Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៥៨–៦២ ) ។
« [ ចូរ ] ស្អាងចិត្តឡើងក្នុងសេចក្តីជំនឿដ៏បរិសុទ្ធបំផុតរបស់អ្នករាល់គ្នា » ។
តើ យូដាស ១:១០–១៩ បង្រៀនបងប្អូនអ្វីខ្លះ អំពីអស់អ្នកដែលប្រឆាំងទាស់នឹងព្រះ និងកិច្ចការរបស់ទ្រង់ ? តើបងប្អូនរៀនអ្វីខ្លះមកពីខទី ២០–២៥ អំពីរបៀបដើម្បីរក្សាសេចក្ដីជំនឿរបស់បងប្អូនលើព្រះយេស៊ូវគ្រីស្ទឲ្យបានរឹងមាំ ?
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្នុងគ្រួសារ
-
យ៉ូហាន ទី១ ២:៨–១១ ។ដើម្បីជួយដល់គ្រួសាររបស់បងប្អូនឲ្យសញ្ជឹងគិតអំពីការបង្រៀនរបស់យ៉ូហាន សូមជួបជុំគ្នានៅក្នុងបន្ទប់ងងឹតមួយ ដើម្បីឲ្យសមាជិកគ្រួសារអាចមានបទពិសោធន៍ពីភាពខុសគ្នារវាងការដើរ « នៅក្នុងសេចក្តីងងឹត » និងការដើរ « នៅក្នុងពន្លឺ » ។ តើការស្អប់បណ្ដាលឲ្យយើងដើរនៅក្នុងភាពងងឹត ហើយជំពប់ដួលយ៉ាងដូចម្ដេច ? តើការស្រឡាញ់គ្នាទៅវិញទៅមកនាំពន្លឺមកក្នុងជីវិតរបស់យើងយ៉ាងដូចម្ដេច ?
-
យ៉ូហាន ទី១ ៣:២១–២២ ។តើមានអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះដែលជួយបង្កើន « ទំនុកចិត្ត » ដែលយើងមានទៅលើព្រះ និងទៅលើសមត្ថភាពរបស់យើងដើម្បីទទួលចម្លើយចំពោះការអធិស្ឋានរបស់យើង ?
-
យ៉ូហាន ទី១ ៥:២–៣ ។តើមានបទបញ្ញត្តិណាមួយដែលយើងចាត់ទុកថាជា « បន្ទុកដ៏ធ្ងន់ » ឬពិបាកដើម្បីធ្វើតាមឬទេ ? តើសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះផ្លាស់ប្ដូររបៀបដែលយើងមានអារម្មណ៍អំពីបទបញ្ញត្តិទាំងឡាយរបស់ទ្រង់យ៉ាងដូចម្ដេច ?
-
យ៉ូហាន ទី៣ ១:៤ ។តើ « ប្រព្រឹត្តតាមសេចក្តីពិត » មានន័យដូចម្ដេច ? បងប្អូនអាចយកឱកាសនេះ ដើម្បីប្រាប់សមាជិកគ្រួសារពីរបៀបដែលបងប្អូនបានឃើញពួកគេប្រព្រឹត្តតាមសេចក្តីពិត ហើយនិយាយអំពីការណ៍នេះនាំសេចក្ដីអំណរមកដល់បងប្អូន ។ សមាជិកគ្រួសារអាចរីករាយក្នុងការសរសេរ ឬគូររូបពីសេចក្ដីពិតដែលពួកគេបានរៀន នៅលើក្រដាសដែលមានរាងជាដានជើង ហើយប្រើវាធ្វើជាផ្លូវ ដែលគ្រួសារបងប្អូនអាចដើរលើជាមួយគ្នា ។
-
យូដាស ១:៣–៤ ។តើមានគ្រោះថ្នាក់ខាងវិញ្ញាណណាមួយដែលបាន « លួចចូលមក » នៅក្នុងជីវិតរបស់យើង និងគ្រួសាររបស់យើងដែរឬទេ ? ( យូដាស ១:៤ ) ។ តើយើងអាចធ្វើតាមការដាស់តឿនរបស់យូដាសឲ្យ « ខំតយុទ្ធដើម្បីការពារសេចក្ដីជំនឿ » ហើយទប់ទល់នឹងគ្រោះថ្នាក់ទាំងនេះយ៉ាងដូចម្ដេច ? ( យូដាស ១:៣ ) ។ តើយើងអាចធ្វើអ្វីខ្លះដើម្បីប្រាកដថាមាន « សេចក្ដីសុខសាន្ដ និងសេចក្ដីស្រឡាញ់កាន់តែច្រើនឡើង » នៅក្នុងគ្រួសាររបស់យើង ? ( យូដាស ១:២ ) ។
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ។
ចម្រៀងដែលលើកទឹកចិត្តឲ្យប្រើ ៖ « ទីក្ដីស្នេហ៍ជាទីរបស់ព្រះ » សៀវភៅចម្រៀងកុមារ ទំព័រ ៧៦ ។