ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ១៨–២៤ ខែ ធ្នូ ។ បុណ្យគ្រីស្ទម៉ាស់ ៖ « ដំណឹងល្អ​ពី​សេចក្ដីអំណរ​យ៉ាង​អស្ចារ្យ »


« ថ្ងៃទី ១៨–២៤ ខែ ធ្នូ ។ បុណ្យ​គ្រីស្ទម៉ាស ៖ ‹ ដំណឹងល្អ​ពី​សេចក្ដីអំណរ​យ៉ាង​អស្ចារ្យ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ១៨–២៤ ខែ ធ្នូ ។ បុណ្យគ្រីស្ទម៉ាស់ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣

ទារក​ទើប​នឹង​កើត

កូនចៀម​តូច ដោយ ជេនីឌី ផេច

ថ្ងៃទី ១៨–២៤ ខែ ធ្នូ

បុណ្យ​គ្រីស្ទម៉ាស់

« ដំណឹងល្អ​ពី​សេចក្ដីអំណរ​យ៉ាង​អស្ចារ្យ »

សូម​ពិចារណា​ថាតើ​ការសញ្ជឹងគិត​អំពី​ការប្រសូត និង​បេសកកម្ម​របស់​ព្រះអង្គ​សង្គ្រោះ​អាច​ជួយ​នាំ​វិញ្ញាណ​នៃ​សេចក្ដី​សុខសាន្ត និង​ភាពពិសិដ្ឋ​ដល់​រដូវ​បុណ្យ​គ្រីស្ទម៉ាស់​យ៉ាង​ដូច​ម្ដេច ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

ហេតុអ្វី​បាន​ជា​ការប្រសូត​របស់​ទារក​តូចម្នាក់​អាច​នាំ​ឲ្យ​មាន​អំណរ​យ៉ាង​អស្ចារ្យ​ដូច្នេះ ? ប្រហែលជា​ដោយសារ​តែ​ទារក​ទើប​កើត​ថ្មី​ជា​និមិត្តសញ្ញា​នៃ​សេចក្ដីសង្ឃឹម​ហើយ​មើល​ទៅ ។ មាន​អ្វីមួយអំពី​លទ្ធភាព​ពេញ​លេញដែល​ជីវិត​ថ្មី​មាន ដែល​អញ្ជើញ​ពួក​យើង​ឲ្យ​ពិចារណា​អំពី​ជីវិត​នាពេល​អនាគត​របស់​កុមារ​នោះ និង​អ្វីៗ​ដែល​អស្ចារ្យ​ដែល​គាត់​នឹង​សម្រេច​បាន ។ ការណ៍​នេះ​បង្ហាញ​កាន់តែ​ពិត​នៅ​ក្នុង​ការប្រសូត​របស់​ព្រះរាជបុត្រា​នៃ​ព្រះ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ ពុំ​ធ្លាប់​មាន​ការ​ដាក់​ទីសង្ឃឹម​ច្រើន​ទៅលើ​កុមារ​ម្នាក់ ហើយ​ក៏​ពុំ​ធ្លាប់​មាន​មនុស្ស​ណា​ម្នាក់​ចាប់​កំណើត​មក​ដោយ​មាននូវការ​សន្យា​ដ៏​ច្រើន​ដូច្នេះ​ឡើយ ។

នៅពេល​ទេវតា​បាន​អញ្ជើញ​ពួក​អ្នកគង្វាល​ឲ្យ​ស្វែងរក​ទារក​ទើបនឹង​កើត​នៅ​ក្នុង​ស្នូក ទ្រង់​បាន​ប្រទាន​សារលិខិត​មួយដល់​ពួកគេ​អំពី​ទារក​តូច​នោះ ។ វា​គឺជា​សារលិខិត​មួយ​នៃ​សេចក្ដីសង្ឃឹម—ថា​ទារក​នេះ​បាន​មក​លើ​ផែនដី​ដើម្បី​បំពេញ​បេសកកម្ម​ដ៏ពិសិដ្ឋ​មួយ ។ ពួក​អ្នកគង្វាល « ក៏​រ៉ាយរ៉ាប់រឿង … ហើយ​អស់​អ្នក​ណា​ដែល​ឮ​ក៏​មាន​សេចក្តីអស្ចារ្យ​ពី​ពាក្យ​ដែល​ពួកអ្នកគង្វាល​បាន​ប្រាប់​មក ។ តែម៉ារា នាង​រក្សា​ទុក​រឿង​ទាំង​នោះ​ដោយ​រំពឹង​គិតតែ​ក្នុង​ចិត្ត » ( លូកា ២:១៧–១៩ ) ។ ប្រហែល​វា​នឹង​ជា​ការ​ល្អ​ដើម្បី​ធ្វើតាម​គំរូ​របស់​ម៉ារា​នា​បុណ្យគ្រីស្ទម៉ាស់​នេះ ៖ ដើម្បី​ពិចារណា​ក្នុង​ដួងចិត្ត​របស់​បងប្អូន​នូវ​រឿង​ដែល​បងប្អូន​បាន​រៀន​អំពី​ព្រះអង្គសង្គ្រោះ​នៅ​ឆ្នាំ​នេះ ។ តើ​ទ្រង់​បាន​បំពេញ​បេសកកម្ម​នៃ​ការ​ប្រោសលោះ​របស់ទ្រង់​នៅក្នុង​ដំណើររឿង​ដែល​បងប្អូន​បាន​អាន​យ៉ាង​ដូចម្ដេច ? ហើយ​ដែល​សំខាន់​ជាង​នេះ តើ​បេសកកម្ម​របស់​ទ្រង់​បាន​ផ្លាស់ប្ដូរ​ជីវិត​របស់​បងប្អូន​យ៉ាង​ដូចម្ដេច ? បន្ទាប់​មក បងប្អូន​អាច​មាន​អារម្មណ៍​បំផុស​ឲ្យ​ធ្វើតាម​គំរូ​របស់​ពួក​អ្នកគង្វាល ៖ តើ​បងប្អូន​នឹង « រ៉ាយរ៉ាប់​ » ពី​អ្វី​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​សម្រាប់​បងប្អូន​យ៉ាង​ដូច​ម្ដេច ?

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

ម៉ាថាយ ១:១៨–២៥; ២:១–១២; លូកា ១:២៦–៣៨; ២:១–២០

ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​ចុះ​មក​ប្រសូត​នៅលើ​ផែនដីនៅ​ក្នុង​ចំណោម​ពួក​យើង ។

ទោះ​ជា​បងប្អូន​បាន​អាន ឬ​បាន​ស្ដាប់​ឮ​ដំណើររឿង​នៃ​ការប្រសូត​របស់​ព្រះយេស៊ូវគ្រីស្ទ​ជា​ច្រើន​ដង​ពី​មុន​មក​ក៏ដោយ ក៏​សូម​សិក្សា​អំពី​ដំណើររឿង​នេះ​ក្នុង​ពេល​នេះ​ដោយ​មាន​គំនិត​នេះ​ក្នុង​ចិត្ត ៖ « បុណ្យគ្រីស្ទម៉ាស់​ពុំ​គ្រាន់តែ​ប្រារព្ធ​អំពី របៀប ដែល​ព្រះយេស៊ូវ​បាន​យាងមក​កាន់​ពិភពលោក​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​ត្រូវ​បាន​ដឹង​ដែរថា ទ្រង់​ជា នរណា —ជា​ព្រះអម្ចាស់ និង​ជា​ព្រះអង្គសង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ—និង​អំពី មូលហេតុ ដែល​ទ្រង់​យាង​មក​ផងដែរ » ( ក្រេហ្គ ស៊ី គ្រីស្ទីនសិន « The Fulness of the Story of Christmas » [ ការ​ប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស​របស់​គណៈប្រធាន​ទីមួយ ថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០១៦ ] នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org ) ។

តើ​បងប្អូន​ដឹង​អ្វី​ខ្លះ​ថា​ព្រះយេស៊ូវ​គ្រីស្ទ​ជា​នរណា មុន​ទ្រង់​បាន​ប្រសូត​មក​ដែរ​ឬ​ទេ ? ( ជា​ឧទាហរណ៍ សូមមើល យ៉ូហាន ១៧:៥; ម៉ូសាយ ៣:៥; គោលលទ្ធិ និង សេចក្តី​សញ្ញា ៧៦:១៣–១៤, ២០–២៤; ម៉ូសេ ៤:២ ) ។ តើ​ចំណេះដឹង​នេះ​ជះឥទ្ធិពល​លើ​អារម្មណ៍​របស់​បងប្អូន​យ៉ាង​ដូចម្ដេច នៅពេល​បងប្អូន​អាន​អំពី​ការប្រសូត​របស់ទ្រង់ ?

តើ​បងប្អូន​ដឹង​អ្វី​ខ្លះ អំពី​មូលហេតុ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​យាង​មក​ផែនដី ? ( ជា​ឧទាហរណ៍ សូមមើល លូកា ៤:១៦–២១; យ៉ូហាន ៣:១៦–១៧; នីហ្វៃទី៣ ២៧:១៣–១៦; គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:២០–២៨ ) ។ តើ​ចំណេះដឹង​នេះ​ជះឥទ្ធិពល​លើ​អារម្មណ៍​របស់​បងប្អូន​អំពី​ព្រះអង្គសង្គ្រោះ​យ៉ាង​ដូចម្ដេច ? តើ​វា​ជះឥទ្ធិពល​លើ​របៀប​ដែល​បងប្អូន​រស់នៅ​យ៉ាង​ដូចម្ដេច ?

សូមមើល​ផងដែរ កូរិនថូស ទី២ ៨:៩; ហេព្រើរ ២:៧–១៨; នីហ្វៃទី១ ១១:១៣–៣៣; អាលម៉ា ៧:១០–១៣; « The Nativity » ( វីដេអូ ) នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

កូរិនថូស ទី១ ១៥:២១–២៦; កូល៉ុស ១:១២–២២; ពេត្រុស ទី១ ២:២១–២៥

ព្រះយេស៊ូវ​គ្រីស្ទ​បានបំពេញ​បេសកកម្ម​របស់​ទ្រង់ ហើយ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​អាច​ទទួល​គ្រង​ជីវិត​ដ៏​អស់កល្ប​ជានិច្ច​បាន ។

ទោះ​ជា​ដំណើររឿង​អំពី​ការប្រសូត​របស់​ព្រះគ្រីស្ទ​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ទៅដោយ​ព្រឹត្តិការណ៍​ដែល​ពោរពេញ​ទៅ​ដោយ​អព្ភូតហេតុ​ជាច្រើន​ក្ដី ក៏​ការប្រសូត​របស់ទ្រង់​នឹង​ប្រៀប​ដូចជា​ការ​ចាប់កំណើត​របស់​អ្នក​ដទៃទៀត​ដូច្នោះ​ដែរ បើ​ពុំ​មែន​ដោយ​សារ​​កិច្ចការដ៏​មហិមា​ដែល​ទ្រង់​បាន​សម្រេច​នៅ​ក្នុង​ព្រះជន្ម​របស់​ទ្រង់នា​ពេល​ក្រោយ​មក​ទេនោះ ។ ដូចជា​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ថ្លែង​ថា « ព្រះឱរស​ដែល​មាន​នាមថា​ព្រះ​យេស៊ូវ​នៃ​ភូមិ​បេថ្លេហិម ក៏នឹងដូចជា​ទារក​ផ្សេងៗទៀត​ដែរ បើ​ពុំ​ជា​ព្រះគ្រីស្ទ​ដ៏ប្រោសលោះ​នៅ​ឯសួនច្បារ​គែតសេម៉ានី និង​កាលវ៉ារី ហើយ​នឹង​ភាព​ពិត​ដ៏ជោគជ័យ​នៃ​ការ​រស់ឡើងវិញ​ទេ​នោះ » ( « The Wondrous and True Story of Christmas » Ensign ខែ ធ្នូ ឆ្នាំ ២០០០ ទំព័រ ៥ ) ។

ព្រះយេស៊ូវគ្រីស្ទ​កំពុង​លុត​ជង្គង់​នៅ​ក្នុងសូន​ច្បារ​គែតសេម៉ានី

សួនច្បារ​គែតសេម៉ានី ដោយ ជេ ឃើក រីឆាដ

ភស្ដុតាង​នៃ​បេសកកម្ម​ដ៏ទេវភាព​របស់​ព្រះអង្គ​សង្គ្រោះ និង​សេចក្ដីស្រឡាញ់​ប្រកប​ដោយ​អានុភាព​របស់​ទ្រង់​ចំពោះ​អ្នកដទៃ គឺ​អាច​រក​បាន​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​នេះ ។ តើ​វគ្គ​បទគម្ពីរ ឬ​ដំណើររឿង​ណា​ខ្លះ​កើត​មាន​ក្នុង​គំនិត​របស់​បងប្អូន ? បងប្អូ​នអាច​នឹង​ត្រឡប់ទៅ​មើល​ធនធាន​នេះ ឬ​កំណត់ហេតុ​ការ​សិក្សា​របស់​បងប្អូន ហើយ​រំឭក​អំពី​ចំណាប់អារម្មណ៍​មួយចំនួន​ដែល​បងប្អូន​បាន​កត់ត្រា ។ បងប្អូន​ក៏​អាច​អាន កូរិនថូស ទី១ ១៥:២១–២៦; កូល៉ុស ១:១២–២២; ពេត្រុស ទី១ ២:២១–២៥ ហើយ​ពិចារណា​អំពី​របៀប​ដែល​ព្រះអង្គសង្គ្រោះ និង​កិច្ចការ​របស់​ទ្រង់​បាន​ប្រទានពរ​ដល់​ជីវិត​របស់​បងប្អូន ។ តើបងប្អូន​ទទួលអារម្មណ៍​បំផុសគំនិត​ឲ្យ​ផ្លាស់ប្ដូរ​អ្វី​ខ្លះ​នៅ​ក្នុង​ជីវិត​របស់​បងប្អូន ? តើ​បងប្អូន​នឹង​ប្រើប្រាស់​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ​យ៉ាង​ដូចម្ដេច ?

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្នុង​គ្រួសារ

ម៉ាថាយ ១:១៨–២៥; ២:១–១២; លូកា ១:២៦–៣៨; ២:១–២០ ។តើ​បងប្អូនអាច​ប្រារព្ធ​ការប្រសូត​របស់​ព្រះយេស៊ូវ​ជាមួយ​នឹង​គ្រួសារ​របស់​បងប្អូន​យ៉ាង​ដូចម្ដេច ? នេះ​ជា​គំនិត​យោបល់​មួយចំនួន ឬ​បងប្អូន​អាច​បង្កើត​ដោយ​ខ្លួន​ឯង​ផ្ទាល់ ៖

  • សូមអាន ហើយ​ដើរតួ​រឿង​ប្រសូតកម្ម​ជាមួយគ្នា ។

  • សូមមើល​វីដេអូ « The Christ Child » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។

  • ស្រាវជ្រាវ​ធនធាន​មួយចំនួន​នៅក្នុង​កម្រង​អំពី « ព្រះយេស៊ូវ​គ្រីស្ទ » នៅ​បណ្ណាល័យ​ដំណឹងល្អ ជាពិសេស​នៅក្នុង​វគ្គ​ដែល​មាន​ចំណងជើង​ថា « កំណើត​របស់​ទ្រង់ ( បុណ្យ​គ្រីស្ទម៉ាស់ ) » ។

  • សូម​មើល​ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់​របស់​គណៈប្រធានទីមួយ ( នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org ) ។

  • សូមច្រៀង​ទំនុកតម្កើង​បុណ្យគ្រីស្ទម៉ាស់​ជាមួយ​គ្នា ឬ​ជ្រើសរើស​អ្នកជិតខាង ឬ​មិត្តភក្ដិ​ដើម្បី​ទៅ​សួរសុខទុក្ខ ហើយ​ច្រៀង​ឲ្យ​ពួកគាត់​ស្តាប់ ( សូមមើល ទំនុកតម្កើង ល.រ. ១២៣–១៣២ ) ។

  • សូម​ធ្វើ​ការ​បម្រើមួយ ។

  • សូម​ឲ្យ​សមាជិក​គ្រួសារ​ស្វែងរក​ព័ត៌មាន​លម្អិត​នៅក្នុង​រឿង​ប្រសូតកម្ម​ដែល​ផ្ដល់ជា​គំនិត​យោបល់​ដល់​ពួកគេក្នុង​ការតុបតែង ឬ​ដាក់តាំង ដើម្បី​ពួកគេ​អាច​ធ្វើ​ការ​រំឭកចាំ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

កូរិនថូស ទី១ ១៥:២១–២៦; កូល៉ុស ១:១២–២២; ពេត្រុស ទី១ ២:២១–២៥ ។ហេតុអ្វី​យើង​មាន​អំណរគុណ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រសូត​មក ? តើ​ទ្រង់​បាន​ប្រទាន​អំណោយ​អ្វីខ្លះដល់​យើង ? តើ​យើង​អាច​បង្ហាញ​នូវការ​ដឹងគុណ​របស់​យើង​ចំពោះ​ទ្រង់​យ៉ាង​ដូចម្ដេច ? គ្រួសារ​របស់​បងប្អូន​អាច​ច្រៀង​ចម្រៀង​មួយ​បទ​ដែល​បង្រៀន​អំពី​បេសកកម្ម​របស់​ទ្រង់ ដូចជា​បទ « ទ្រង់​បញ្ជូន​បុត្រា​ទ្រង់មក » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ២០–២១ ) ។

« ព្រះគ្រីស្ទដ៏​មាន​ព្រះជន្ម​រស់ ៖ ទីបន្ទាល់​នៃ​ពួកសាវក » ។បើ​សិនជា​បងប្អូន​ចង់​ជួយ​ដល់​គ្រួសារ​របស់​បងប្អូន​ឲ្យ​ផ្ដោត​ទៅលើ​ព្រះអង្គសង្គ្រោះ​នៅ​ពេល​បុណ្យ​គ្រីស្ទម៉ាស់ ប្រហែលជា​បងប្អូន​អាច​ចំណាយ​ពេល​ខ្លះៗ​អាន និង​សិក្សា​ជា​មួយ​គ្នា​ក្នុង « The Living Christ: The Testimony of the Apostles » ( នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ ប្រហែលជា​បងប្អូន​អាច​ទន្ទេញ​វគ្គ​មក​ពី « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ » ឬ​ស្វែងរក​ការ​ពិពណ៌នា​អំពី​ព្រះជន្ម​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង​ព្រះគម្ពីរសញ្ញា​ថ្មី​ដែល​គាំទ្រ​ដល់​សេចក្ដីថ្លែងការណ៍​នានា​នៅក្នុង​វគ្គ​នោះ​ ។ បងប្អូន​ក៏​អាច​អញ្ជើញ​សមាជិក​គ្រួសារ​ម្នាក់ៗ​ឲ្យ​សរសេរ​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​គាត់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​បើ​មាន​ការ​បំផុសគំនិត​ខ្លាំង សូម​អាន​អំពី​ទីបន្ទាល់​នោះ​ទៅ​ទៅកាន់​គ្រួសារ​ទាំងមូល ។

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ។

ចម្រៀង​ដែល​លើក​ទឹកចិត្ត​ឲ្យ​ប្រើ ៖ « គ្រាមួយ​នៅក្នុង​ក្រោល​ដ៏​រាបសា » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ២៥ ។

ការកែលម្អ​ដល់​ការសិក្សា​ផ្ទាល់​ខ្លួន

ស្វែងរក​ព្រះយេស៊ូវ​គ្រីស្ទ ។ បទគម្ពីរ​បង្រៀន​យើង​ថា រឿងទាំងអស់​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល ម៉ូសេ ៦:៦២–៦៣ ) ដូច្នេះ​យើង​គួរ​តែ​ស្វែងរក​ទ្រង់​នៅ​គ្រប់​អ្វីៗ​ទាំងអស់ ។ នៅពេល​បងប្អូន​អាន​បទគម្ពីរ​នេះ សូមពិចារណា​ធ្វើ​ការ​កត់ចំណាំ ឬ​គូស​ចំណាំ​ខគម្ពីរ​ដែល​បង្រៀន​បងប្អូន​អំពី​ទ្រង់ ។ សូម​ចំណាយ​ពេល​ខ្លះៗ​នៅ​មួយ​ថ្ងៃៗរហូត​ដល់ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់​ដើម្បី​រកមើល​អ្វីៗ​នៅជុំវិញ​បងប្អូន ដែល​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

ម៉ារា យ៉ូសែប និង​ពួក​អ្នកគង្វាល​នៅ​ជុំ​វិញ​ទារក​យេស៊ូវ

ប្រសូតកម្ម ដោយ ប្រាយអិន ខល