« ថ្ងៃទី ១១–១៧ ខែ ធ្នូ ។ វិវរណៈ ៦–១៤ ៖ ‹ គេបានឈ្នះ … ដោយសារឈាមនៃកូនចៀម › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ១១–១៧ ខែ ធ្នូ ។ វិវរណៈ ៦–១៤ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣
ថ្ងៃទី ១១–១៧ ខែ ធ្នូ
វិវរណៈ ៦–១៤
« គេបានឈ្នះ … ដោយសារឈាមនៃកូនចៀម »
ប្រធាន ប៊យដ៍ ឃេ ផាកកឺ បានផ្ដល់ដំបូន្មាន ៖ « បើភាសានៃបទគម្ពីរមើលទៅចម្លែកចំពោះបងប្អូនពេលដំបូង ចូរបន្ដអានវា ។ មិនយូរប៉ុន្មាន បងប្អូននឹងទទួលស្គាល់ភាពស្រស់ស្អាត និងអំណាចដែលមាននៅលើទំព័រទាំងនោះ » ( « The Key to Spiritual Protection » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ២៧ ) ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
សូមនឹកស្រមៃអំពីស្ត្រីម្នាក់ដែល « មានគភ៌ក៏ស្រែកដោយរៀបនឹងសម្រាលចេញ » ។ ឥឡូវសូមនឹកស្រមៃអំពី « នាគដ៏ធំមានសម្បុរក្រហម ដែលមានក្បាល ៧ និងស្នែង១០ » ដែលហោះពីលើស្ត្រីនោះ បានប្រុងនឹង « លេបកូននាងក្នុងកាលដែលសម្រាលចេញមក » ( វិវរណៈ ១២:២–៤ ) ។ ដើម្បីយល់អំពីខគម្ពីរទាំងនេះអំពីវិវរណៈរបស់យ៉ូហាន សូមចងចាំថា រូបភាពទាំងនេះតំណាងឲ្យសាសនាចក្រ និងនគរនៃព្រះ និងគ្រោះថ្នាក់ដែលពួកគេនឹងប្រឈមមុខ ។ សម្រាប់ពួកបរិសុទ្ធដែលជួបប្រទះនឹងការបៀតបៀនដ៏ខ្លាំងក្លានៅជំនាន់របស់យ៉ូហាន វាហាក់ដូចជាពុំអាចយកឈ្នះលើសេចក្ដីអាក្រក់បានទេ ។ ជ័យជំនះនេះក៏អាចនឹងពិបាកដើម្បីដឹងមុននៅក្នុងជំនាន់មួយដូចជាជំនាន់ពួកយើងនេះផងដែរ ជាពេលដែលមារសត្រូវ « ច្បាំងនឹងពួកបរិសុទ្ធ » ហើយមាន « …អំណាចលើគ្រប់ទាំងពូជមនុស្ស គឺអស់ទាំងគ្រួសារ និងភាសា ហើយនឹងអស់ទាំងសាសន៍ផង » ( វិវរណៈ ១៣:៧ ) ។ ប៉ុន្តែនៅចុងបញ្ចប់នៃវិវរណៈរបស់យ៉ូហាន បានបង្ហាញយ៉ាងរុងរឿងថា សេចក្ដីល្អនឹងយកឈ្នះលើសេចក្ដីអាក្រក់ ។ បាប៊ីឡូននឹងរលំចុះ ។ ហើយពួកបរិសុទ្ធនឹង « ចេញពីគ្រាវេទនាយ៉ាងធំមក » ជាមួយនឹងអាវផាយពណ៌ស—មិនមែនដោយសារតែអាវផាយរបស់ពួកគេមិនដែលមានស្នាមប្រឡាក់នោះទេ ប៉ុន្តែដោយសារតែពួកបរិសុទ្ធនឹង « បានបោកអាវ ហើយធ្វើឲ្យឡើងសក្នុងឈាមរបស់កូនចៀម » ( វិវរណៈ ៧:១៤ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
យ៉ូហានបានឃើញព្រឹត្តិការណ៍ជាច្រើននៃប្រវត្តិសាស្ត្រផែនដី ជាពិសេសប្រវត្តិសាស្ត្រនៃថ្ងៃចុងក្រោយនេះ ។
នៅក្នុងជំពូកទាំងនេះ បងប្អូននឹងអានអំពីក្រាំងមួយដែលមានបិទត្រាប្រាំពីរ ។ ប្រសិនបើបងប្អូនឆ្ងល់ថាការណ៍នោះមានន័យយ៉ាងណា បងប្អូនមិនមែនជាមនុស្សតែម្នាក់ទេ ។ ព្យាការី យ៉ូសែប ស៊្មីធ ក៏បានឆ្ងល់ដែរ ។ ព្រះអម្ចាស់បានបើកបង្ហាញដល់យ៉ូសែបថា ក្រាំងនេះ និងត្រាបិទទាំងឡាយរបស់វា តំណាងឲ្យដំណើររឿងនៃ « ការរស់នៅខាងសាច់ឈាម » នៃផែនដីនេះ ដោយត្រាបិទនីមួយៗតំណាងឲ្យមួយពាន់ឆ្នាំ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧:៦–៧ ) ។ បងប្អូនប្រហែលជាចាប់អារម្មណ៍ដើម្បីដឹងថា ព្រឹត្តិការណ៍ទាំងឡាយនៃត្រាបិទទាំងបួនដំបូង គឺត្រូវបានសង្ខេបនៅក្នុងការនិមិត្តរបស់យ៉ូហានតែនៅក្នុងប្រាំបីខប៉ុណ្ណោះ ( វិវរណៈ ៦:១–៨ ) ។ ខគម្ពីរបីបន្ទាប់ទៀតពិពណ៌នាអំពីត្រាបិទទីប្រាំ ( ខទី ៩–១១ ) ។ ព្រឹត្តិការណ៍នៃត្រាបិទពីរចុងក្រោយមានពិពណ៌នានៅក្នុងភាគច្រើនបំផុតនៃគម្ពីរ វិវរណៈ ដែលនៅសល់ទាំងប៉ុន្មាន ។ និយាយម្យ៉ាងទៀតគឺ ការផ្ដោតជាចម្បងនៃការនិមិត្តរបស់យ៉ូហាន គឺអំពីថ្ងៃចុងក្រោយ—ជាជំនាន់របស់យើង ។ កាលដែលបងប្អូនអាន សូមសញ្ជឹងគិតពីមូលហេតុដែលវាមានតម្លៃ ដើម្បីដឹងពីអ្វីដែលយ៉ូហានបានសរសេរអំពីថ្ងៃចុងក្រោយ ។
កាលដែលបងប្អូនអានអំពីព្រឹត្តិការណ៍ទាំងឡាយដែលយ៉ូហានបានព្យាករ សូមពិចារណាពីយោបល់ និងសំណួរខាងក្រោមនេះ ៖
-
សូមអាន វិវរណៈ ៧ ដោយគិតពីកិច្ចការនៃការប្រមូលផ្ដុំវង្សអ៊ីស្រាអែលនៅក្នុងគំនិត ។ តើបងប្អូនមានគំនិតយ៉ាងណាអំពីកិច្ចការនេះ ? ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៧៧:៨–១១ ) ។ តើបងប្អូនរៀនអ្វីខ្លះមកពី ខទី ១៣–១៧ អំពីព្រះយេស៊ូវគ្រីស្ទ និងពួកអ្នកដែលមករកទ្រង់ ?
-
តើ ជំពូកទី ៨; ៩ និង ១១ បង្រៀនបងប្អូនអ្វីខ្លះអំពីថ្ងៃចុងក្រោយ ? ( សូមមើលផងដែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៧:១២–១៣, ១៥ ) ។ តើយើងអាចរៀបចំខាងវិញ្ញាណដូចម្តេចសម្រាប់ព្រឹត្តិការណ៍ទាំងនេះ ?
-
វិវរណៈ ១០ ប្រាប់អំពីក្រាំងមួយដែលទេវតាបានប្រគល់ទៅយ៉ូហាន និងបញ្ជាគាត់ឲ្យទទួលទាន ។ តើការណ៍នេះអាចតំណាងឲ្យអ្វី ? ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៧:១៤ ) ។
សង្គ្រាមនៅស្ថានសួគ៌បន្ដមាននៅលើផែនដី ។
យើងពុំដឹងច្រើនអំពីសង្គ្រាមនៅលើស្ថានសួគ៌នោះទេ ប៉ុន្តែមានភស្ដុតាងច្បាស់លាស់មួយដែលពិពណ៌នាដោយសង្ខេបនៅក្នុង វិវរណៈ ១២:៧–១១ ។ នៅពេលបងប្អូនអានខគម្ពីរទាំងនេះ សូមស្រមៃថាខ្លួនបងប្អូនស្ថិតនៅក្នុងជម្លោះនៃជីវិតមុនឆាកជីវិតនេះ ។ តើបងប្អូនរៀនបានអ្វីខ្លះ អំពីរបៀបយកឈ្នះលើសាតាំង ? ( សូមមើល ខទី ១១ ) ។
សង្គ្រាមដែលបានចាប់ផ្ដើមនៅស្ថានសួគ៌បន្តនៅលើផែនដី កាលដែលសាតាំងបន្ត « ចេញទៅច្បាំងនឹងសំណល់ពូជនាងទាំងប៉ុន្មាន ជាពួកអ្នកដែលកាន់តាមបញ្ញត្តិព្រះ ហើយមានសេចក្តីបន្ទាល់ពីព្រះយេស៊ូវ » ( វិវរណៈ ១២:១៧ ) ។ តើបងប្អូនរៀនអ្វីខ្លះមកពី វិវរណៈ ១៣ អំពីរបៀបដែលវាកំពុងប្រយុទ្ធនៅសព្វថ្ងៃនេះ ? តើ « ឈាមរបស់កូនចៀម » និង « សេចក្តីបន្ទាល់ [ របស់បងប្អូន ] » ( វិវរណៈ ១២:១១ ) បន្តជួយបងប្អូននៅក្នុងសង្គ្រាមនេះយ៉ាងដូចម្ដេច ?
សូមមើលផងដែរ នីហ្វៃទី១ ១៤:១២–១៤; មរ៉ូណៃ ៧:១២–១៣; ម៉ូសេ ៤:១–៤; គោលលទ្ធិ និង សេចក្តីសញ្ញា ២៩:៣៦–៣៧; សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « សង្គ្រាមនៅស្ថានសួគ៌ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ។
« ខ្ញុំក៏ឃើញទេវតាមួយទៀត … មានដំណឹងល្អដ៏នៅអស់កល្បជានិច្ច » ។
ការបំពេញនូវការព្យាករមួយនៅក្នុងខគម្ពីរទាំងនេះបានកើតឡើងនៅពេលមរ៉ូណៃបានលេចមកឯយ៉ូសែប ស្ម៊ីធ ហើយបាននាំគាត់ឲ្យទៅកាន់កំណត់ត្រាដែលគាត់បានបកប្រែ ហើយបានបោះពុម្ពជាព្រះគម្ពីរមរមន ។ គម្ពីរវិវរណៈនេះមាននូវ « ដំណឹងល្អដ៏នៅអស់កល្បជានិច្ច » ដែលយើងត្រូវទទួលខុសត្រូវដើម្បីផ្សាយទៅកាន់ « ដល់គ្រប់អស់ទាំងសាសន៍ គ្រប់ពូជអំបូរ គ្រប់ភាសា ហើយគ្រប់ទាំងគ្រួសារដែរ » ( វិវរណៈ ១៤:៦ ) ។
ដើម្បីរៀនអំពីទេវតាផ្សេងទៀត ដែលបានចូលរួមនៅក្នុងការស្ដារឡើងវិញនៃដំណឹងល្អដ៏នៅអស់កល្បជានិច្ច សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣; ២៧:៥–១៣; ១១០:១១–១៦; ១២៨:២០–២១ ។
សូមមើលផងដែរ « ការស្ដារឡើងវិញនៃភាពពេញលេញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ៖ ការប្រកាសដល់ពិភពលោកនៃខួបលើកទីពីររយឆ្នាំ » នៅលើគេហទំព័រ ChurchofJesusChrist.org ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្នុងគ្រួសារ
-
វិវរណៈ ៧:៩, ១៣–១៥ ។តើខគម្ពីរទាំងនេះអាចបង្រៀនយើងអ្វីខ្លះអំពីមូលហេតុដែលយើងស្លៀកពាក់សម្រាប់ពិធីបុណ្យជ្រមុជទឹក និងពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ?
-
វិវរណៈ ៧:១៤–១៧ ។សូមពិចារណាអញ្ជើញសមាជិកគ្រួសារឲ្យចែកចាយអារម្មណ៍របស់ពួកគេអំពីការសន្យារបស់ព្រះអម្ចាស់នៅក្នុងខគម្ពីរទាំងនេះ ។ តើការសន្យារបស់ទ្រង់អាចជួយយើង នៅពេលយើងនៅក្នុង « គ្រាវេទនាយ៉ាងធំ » ដោយរបៀបណា ? ( ខទី ១៤ ) ។
-
វិវរណៈ ១២:៧–១១; ១៤:៦ ។សមាជិកគ្រួសារខ្លះអាចនឹងរីករាយនឹងការគូររូបភាពអំពីការនិមិត្តដែលបានពិពណ៌នានៅក្នុងគម្ពីរ វិវរណៈ ។ ឧទាហរណ៍ ការគូររូបដោយផ្អែកទៅលើ វិវរណៈ ១២ អាចនាំទៅរកការពិភាក្សាអំពីសង្គ្រាមនៅលើស្ថានសួគ៌ ( សូមមើល ខទី ៧–១១ ) ។ រូបភាពទាំងឡាយដោយផ្អែកលើ វិវរណៈ ១៤:៦ អាចដឹកនាំទៅការពិភាក្សាអំពីការស្ដារឡើងវិញនៃដំណឹងល្អ ។
បន្ទាប់ពីអាន វិវរណៈ ១៤:៦ រួមគ្នាហើយ សូមពិចារណាក្នុងការបង្ហាញរូបភាពទេវតាមរ៉ូណៃ និងទេវតាដទៃទៀត ដែលបានជួយស្ដារដំណឹងល្អនៅក្នុងជំនាន់របស់យើង ( សូមមើលរូបភាពនៅចុងបញ្ចប់នៃគម្រោងមេរៀននេះ ) ។ ប្រហែលជាសមាជិកគ្រួសារអាចប្ដូរវេនគ្នាកាន់រូបភាពមួយឡើង ហើយចែកចាយពីមូលហេតុនានា ដែលពួកគេមានអំណរគុណ ដែលពួកទេវតាបានយាងមក « ទាំងមានដំណឹងល្អដ៏នៅអស់កល្បជានិច្ច សម្រាប់នឹងថ្លែងប្រាប់ដល់ [ យើង ] » ។
-
វិវរណៈ ១២:១១ ។តើឃ្លា « សេចក្ដីបន្ទាល់របស់គេ » មានន័យយ៉ាងណា ? តើទីបន្ទាល់របស់យើងអំពីព្រះយេស៊ូវគ្រីស្ទជួយយើង និងអ្នកដទៃឲ្យយកឈ្នះលើសាតាំងយ៉ាងដូចម្ដេច ?
-
វិវរណៈ ១៣:១១–១៤ ។តើសមាជិកគ្រួសាររបស់បងប្អូនមានគំនិតអ្វីខ្លះអំពីសត្វបញ្ឆោត ? តើយើងត្រូវបានការពារ ហើយចៀសផុតពីការបញ្ឆោតដែលយើងមើលឃើញនៅជំនាន់សព្វថ្ងៃនេះយ៉ាងដូចម្ដេច ?
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ។
ចម្រៀងដែលលើកទឹកចិត្តឲ្យប្រើ ៖ « ខ្ញុំនឹងធ្វើជាអ្នកក្លាហាន » សៀវភៅចម្រៀងកុមារ ទំព័រ ៨៥ ។