និយាយសួស្តីទៅកាន់ហាលីម !
អ្នកនិពន្ធរស់នៅរដ្ឋ អៃដាហូ ស.រ.អា ។
« អ្នករាល់គ្នាបានទទួលទទេ ត្រូវឲ្យទទេដែរ » ( ម៉ាថាយ ១០:៨ ) ។
នៅសាលារៀននាព្រឹកនោះ ម៉ាគើសបានសង្កេតឃើញក្មេងប្រុសចំណូលថ្មីម្នាក់ដើរចូលមកក្នុងថ្នាក់រៀន ។
អ្នកគ្រូប៊ែកឃើរបាននិយាយពេលសិស្សគ្រប់គ្នាស្ងាត់ស្ងៀមថា « អរុណសួស្តីប្អូនៗ ។ នេះគឺហាលីម ។ គាត់ជាអ្នកចំណូលថ្មីនៅសាលារៀនយើង ។ តាមពិតទៅ គាត់ជាអ្នកចំណូលថ្មីមកក្នុងប្រទេសយើង ។
ហាលីមបានឱនមុខមើលកម្រាលឥដ្ឋពេលគាត់និយាយថាសួស្តី ។ ម៉ាគើសបានគិតថា សំឡេងរបស់គាត់ដូចជាមានសំឡេងខុសប្លែក ។ អ្នកគ្រូប៊ែកឃើរបន្តនិយាយទៀត ។
« ពួកយើងរីករាយដែលគាត់នៅទីនោះ ហើយគាត់នឹងក្លាយជាសិស្សក្នុងថ្នាក់យើង ។ អ្នកគ្រូសង្ឃឹមថា យើងទាំងអស់គ្នាជួយឲ្យគាត់មានអារម្មណ៍កក់ក្តៅ » ។
ពេលអ្នកគ្រូប៊ែកឃើរបង្ហាញតុអង្គុយឲ្យហាលីម ម៉ាគើសបានគិតអំពីការភ័យខ្លាចរបស់គាត់ ប្រសិនបើគាត់បានប្តូរទៅប្រទេសថ្មីមួយ និងសាលារៀនថ្មីមួយ ។
បន្ទាប់ពីម៉ោងញ៉ាំអាហារសម្រន់រួច អ្នកគ្រូប៊ែកឃើរបានប្រាប់សិស្សគ្រប់គ្នាថា គាត់មានអ្វីមួយភ្ញាក់ផ្អើលបង្ហាញពួកគេ ។ ម៉ាគើសបានអង្គុយយ៉ាងត្រង់ខ្លួន ដើម្បីគាត់អាចមើលឃើញអ្វីដែលអ្នកគ្រូដកចេញពីកាបូបរបស់គាត់ ។ វាជាធុងតូចៗ ។ គាត់បានចាប់ផ្តើមហុចធុងនោះតៗគ្នាទៅសិស្សក្នុងថ្នាក់ ។
គាត់បាននិយាយពេលគាត់ហុចធុងពណ៌លឿងឲ្យម៉ាគើស « យើងម្នាក់ៗមានធុងនៃក្តីស្រមៃមួយនៅក្នុងចិត្តយើងម្នាក់ៗ ។ មនុស្សបំពេញធុងរបស់យើង ពេលពួកគេធ្វើរឿងល្អៗដល់យើង ។ ហើយយើងអាចបំពេញធុងរបស់មនុស្សដទៃតាមរយៈការធ្វើល្អចំពោះពួកគេដែរ ។ ឧទាហរណ៍ ពេលម្តាយប្អូនឱបប្អូន គាត់កំពុងបំពេញធុងរបស់ប្អូន ។ ពេលប្អូនៗនិយាយអ្វីមួយល្អៗទៅកាន់នរណាម្នាក់ នោះប្អូនៗកំពុងបំពេញធុងរបស់ពួកគេ ។
ម៉ាគើសបានមើលទៅមិត្តជិតស្និទរបស់គាត់ឈ្មោះកាលីប ។ គាត់ក៏បានធុងពណ៌លឿងផងដែរ !
អ្នកគ្រូប៊ែកឃើរបាននិយាយថា « សប្តាហ៍នេះ យើងនឹងទុកធុងទាំងនេះនៅលើតុរបស់យើង ដូច្នេះយើងអាចសរសេរកំណត់ចំណាំល្អៗសម្រាប់គ្នាទៅវិញទៅមក » ។ គាត់បានមូរក្រដាសតូចមួយ ហើយទម្លាក់វាចូលក្នុងធុងនោះ ។ « ហើយវានឹងជួយយើងឲ្យចងចាំពីធុងនៃក្តីស្រមៃ ដែលមនុស្សគ្រប់គ្នាមាននៅក្នុងធុងនោះ ។ យើងចង់មានសន្តានចិត្តល្អ ដើម្បីឲ្យយើងធ្វើជាអ្នកបំពេញធុងនោះ ។
ម៉ាគើសបានទាញយកក្រដាសមួយសន្លឹកមក ហើយបានគិតអំពីអ្វីៗដែលគាត់អាចសរសេរទៅកាន់កាលីប ដូចជាថាគាត់ពូកែលេងកីឡា ។ ប៉ុន្តែក្រោយមកគាត់បានមើលទៅហាលីម ។ ស្មារបស់គាត់ហាក់ដូចកោងដោយកើតទុក្ខ ។
ម៉ាគើសឆ្ងល់ថា តើហាលីមមានកល្យាណមិត្តម្នាក់ នៅកន្លែងដែលគាត់ធ្លាប់រស់នៅដែរឬទេ ។ វាប្រហែលជាលំបាកណាស់ដើម្បីនិយាយលាពួកគេ ហើយភ័យខ្លាចចំពោះការប្តូរទៅរស់នៅឆ្ងាយ ។
ម៉ាគើសបានមើលទៅក្រដាសសៀវភៅទទេនៅលើតុរបស់គាត់ ។ គាត់មានគំនិតមួយ បន្ទាប់មកគាត់បានសរសេរថា
« ជូនចំពោះហាលីម
សូមស្វាគមន៍មកសាលារៀនរបស់យើង ។ ប្រសិនបើឯងចង់ យើងអាចលេងជាមួយគ្នាពេលម៉ោងចេញលេង ។ ខ្ញុំនឹងធ្វើជាមិត្តភក្តិរបស់ឯង ។ ហើយខ្ញុំគិតថា កាលីបនឹងធ្វើជាមិត្តរបស់ឯងដែរ ។
ពីខ្ញុំ ម៉ាគើស » ។
បន្ទាប់មកគាត់បានមូរក្រដាសនោះដោយប្រុងប្រយ័ត្ន ហើយទម្លាក់វាចូលក្នុងធុងរបស់ហាលីម ។ ហាលីមបានញញឹម ។ ម៉ាគើសបានទទួលអារម្មណ៍កក់ក្តៅ និងរីករាយក្នុងចិត្ត ។ គាត់ចូលចិត្តធ្វើជាអ្នកបំពេញធុង !