២០១៩
ម៉ាថា និង​ម៉ារា
ខែ មិថុនា ឆ្នាំ ២០១៩


មេរៀន​មក​ពី​ព្រះ​គម្ពីរ​សញ្ញា​ថ្មី

ម៉ាថា និង​ម៉ារា

វា​ជា​ការចាំបាច់​ដើម្បី​ទទួល​ស្គាល់ និង​ធ្វើ​តាម​ព្រះគ្រីស្ទ​ដោយ​អស់​ពី​ចិត្ត និង​គំនិត​របស់យើង មិន​ថា​យើង​ជ្រើសរើស​របៀប​ណា​ដើម្បី​បម្រើ​នោះ​ឡើយ ។

នៅ​គ្រា​មួយ ពេល​មនុស្ស​ជា​ច្រើន​នៅ​ទីក្រុង​យេរូសាឡិម​បាន​បង្ហាញ​ការភាន់​ច្រឡំ​អំពី​អត្តសញ្ញាណ​របស់​ព្រះអង្គសង្គ្រោះ នោះ​ព្រះយេស៊ូវ​បាន​បង្រៀន​ថា « បើ​អ្នក​ណា​ចង់​ធ្វើ​តាម​ព្រះហឫទ័យ​ទ្រង់ នោះ​នឹង​បាន​ដឹង​ជា​សេចក្តី​បង្រៀន​នេះ​មក​ពី​ព្រះ » ( យ៉ូហាន ៧:១៧ ) ។ ប្រសិនបើ​យើង​រៀន​ឲ្យ​ស៊ីជម្រៅ​ហួស​ពី​គោលលទ្ធិ​នៃ​ការរៀនសូត្រ និង​រៀន​ថា តើ​ព្រះយេស៊ូវ​គ្រីស្ទ​ជា​នរណា ហើយ​ប្រែក្លាយ​ជា​សិស្ស​របស់​ទ្រង់ នោះ​យើង​ត្រូវ​អនុវត្ត​សេចក្តីជំនឿ​យើង​សិន ។ ដំណើរ​រឿង​របស់​ម៉ាថា និង​ម៉ារា​បង្ហាញ​ថា មាន​របៀប​ច្រើន​ជាង​មួយ ដើម្បី​បម្រើ​ព្រះអង្គសង្គ្រោះ​នៅក្នុង​ជីវិត​យើង​ផ្ទាល់ ។

មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ទេសនកថា​នេះ ព្រះយេស៊ូវ និង​ពួកសិស្ស​មួយ​ចំនួន​របស់​ទ្រង់​បាន​ទៅ​ផ្ទះ​របស់​ម៉ាថា​នៅភូមិ​បេថានី ដើម្បី​បង្រៀន​ដំណឹងល្អ ។ ម៉ាថា​បាន​យក​ការទទួលខុសត្រូវ​ចម្បង​មួយ សម្រាប់​ការឆ្លើយ​តប​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ដ៏​សប្បុរស ប្រហែល​ជា​ការផ្តល់​អាហារ និង​ជម្រក​ដល់​ភ្ញៀវ​របស់​នាង ខណៈ​ដែល​ប្អូន​ស្រី​របស់​គាត់​ម៉ារា​អង្គុយ​នៅ​ក្បែរ​ព្រះយេស៊ូវ ហើយ​ស្តាប់​ទ្រង់​មាន​បន្ទូល ។ ( សូមមើល លូកា ១០:៣៨–៤២ ) ។ វិធីសាស្ត្រ​ខុសគ្នារបស់​បងប្អូន​ស្រី​ទាំងពីរ​ដើម្បី​បម្រើ​ព្រះអម្ចាស់ បង្រៀន​យើង​ឲ្យ​គោរព និង​ផ្តល់​កិត្តិយស​ដល់​អស់​អ្នក​ដែល​បង្ហាញ​ភាព​ជាសិស្ស​តាម​របៀប​ផ្សេងៗ​គ្នា ។ ការបង្រៀន​របស់​ព្រះយេស៊ូវ​នៅក្នុង​រឿង​នេះ ក៏​បង្ហាញ​ពី​ទស្សនវិស័យ​ដែល​ស្ត្រី​មាន​សេរីភាព ដើម្បីជ្រើសរើស​របៀប​ដើម្បី​បម្រើ និង​របៀប​បង្ហាញ​ភាព​ជាសិស្ស ដូចជា​ពួកបុរស​អាច​ជ្រើសរើស​ផងដែរ ។

ការបម្រើ​តាមរយៈ​ការ​ផ្តល់​ឲ្យ

រំពេច​នោះ ពីមុន​លូកា​ណែនាំ​ម៉ាថា និង​ម៉ារា លោក​កត់ត្រា​រឿង​ប្រៀបប្រដូច​អំពី​សាសន៍​សាម៉ារី​ល្អ​ម្នាក់ ។ នៅក្នុង​រឿង​នេះ ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​យើង​ឲ្យ​បង្ហាញ​សេចក្តីមេត្តា​ករុណា​ដល់​មនុស្ស​ដទៃ ដូច​ជា​ផ្តល់​អាហារ ផ្តល់​ទីជម្រក និង​មើល​ថែ​ដល់​មនុស្ស​គ្រប់​រូប​ដែល​ខ្វះខាត ( សូមមើល លូកា ១០:៣០–៣៧ ) ។ ការព្យាយាម​របស់​ម៉ាថា​នៅក្នុង « ការ​រវល់​ជា​ច្រើន » ( លូកា ១០:៤០ ) បង្ហាញ​ពី​ការទទួល​យក​របស់​នាង និង​ការបកស្រាយ​នៃ​គោលការណ៍​នេះថា នាង​អនុវត្ត​សេចក្តីជំនឿ​របស់​ខ្លួន ។

ការបង្ហាញ​អំពីការបង្រៀន​ថា ទ្រង់​ជា​អង្គ​ដ៏អស្ចារ្យ​បំផុត​ប្រទាន​ការងារ​បម្រើ​ដល់​មនុស្ស​ដទៃ ( សូមមើល ម៉ាថាយ ២០:២៦–២៨; លូកា ២២:២៦–២៧ ) ព្រះយេស៊ូវ​បាន​ចំណាយ​ពេលវេលា​នៃ​ព្រះជន្ម​ទ្រង់​ក្នុង​ការបម្រើ ។ ម៉ាថា​បាន​ឆ្លើយ​តប​ជាមួយ​នឹង​បំណង​ប្រាថ្នា​របស់​នាង​ដើម្បី​បម្រើ​ទ្រង់ ។ ដំណើរ​រឿង​របស់​ម៉ាថា និង​ម៉ារា​បង្ហាញ​​ពី​ស្ត្រី​ពីរ​នាក់​ដែល​ធ្វើជា​គំរូ​នៃ​សេចក្តីជំនឿ និង​ភាពជាសិស្ស​ពិតប្រាកដ​តាមរយៈ​ការបម្រើ និង​ការរៀនសូត្រ ។ ដូចជា​ម៉ាថា​ដែល​បាន​បង្ហាញ​សេចក្តីស្រឡាញ់​របស់​នាង​ចំពោះ​ព្រះគ្រីស្ទ​តាមរយៈ​ការបម្រើ​ដែរ នោះ​យើង​អាច​ផ្តល់​ការបម្រើ​ដល់​អស់​អ្នក​ដែល​នៅជុំវិញ​យើង ដែល​ផ្តោត​ទៅលើ​សេចក្តីស្រឡាញ់​របស់យើង​ចំពោះ​ព្រះអង្គសង្គ្រោះ​យើង និង​ឆន្ទៈ​យើង​ដើម្បី​រៀន និង​ធ្វើតាម​ដំណឹងល្អ​របស់​ទ្រង់ ។

ពេល​យើង​បម្រើ នោះ​យើង​ត្រូវ​ចងចាំ​ថា មាន​របៀប​ផ្សេង​ទៀត​ដើម្បី​បម្រើ ហើយ​យើង​ពុំ​វិនិច្ឆ័យ​អស់​អ្នក​ដែលចូលរួម​ក្នុង​របៀប​ទាំង​នោះ​ឡើយ ។ ពេល​ម៉ាថា « មាន​ការ​រវល់ » ( លូកា ១០:៤០ ) ប្រតិកម្ម​របស់​គាត់​បាន​បង្ហាញ​ពី​ជម្លោះ និង​ការគំរាមកំហែង​ដល់​ឥរិយាបថ​គួរសម​នៃ​ការមក​លេង​របស់​ព្រះអង្គសង្គ្រោះ ។

ទោះបីជា​អាច​ទទួល​ភ្ញៀវ និង​មាន​ការទទួល​ខុសត្រូវ​ក្តី ម៉ាថា​ក៏​មាន​ភាព​មមាញឹក និង​ជក់ចិត្ត​នឹង​ភាព​រវល់​របស់​គាត់​ផងដែរ ។ គាត់​បាន​ត្អូញត្អែរ​ទៅ​កាន់​ព្រះយេស៊ូវ​ថា « ព្រះអម្ចាស់​អើយ តើ​ទ្រង់​មិន​គិត​ឃើញ​ថា ប្អូន​ខ្ញុំ​ម្ចាស់ វា​ទុក​ខ្ញុំ​ម្ចាស់​ឲ្យ​ខ្វល់ខ្វាយ​បម្រើ​តែ​ម្នាក់​ឯង​ទេ​ឬ​អី សូម​ទ្រង់​ប្រាប់​ឲ្យ​វា​មក​ជួយ​ខ្ញុំ​ម្ចាស់​ផង » ( លូកា ១០:៤០ ) ។ ការជំទាស់​របស់​នាង​ថ្លែង​បញ្ជាក់​ពី​ការយល់ដឹង​របស់​នាង​ថា នាង​កំពុង​បម្រើ​តែ​ម្នាក់​ឯង ។ នាង​មើល​ពុំឃើញ​ពី​របៀប​នៃ​ការបម្រើ​ផ្សេងៗ ដែល​មនុស្ស​ដទៃ​បាន​ធ្វើ​ឡើង​នៅ​គ្រា​នោះទេ រួមទាំងម៉ារា និង​ព្រះអង្គសង្គ្រោះ​ផ្ទាល់ ។ ម៉ាថា​បាន​បង្ហាញ​គោលការណ៍​នៃ​ការផ្តល់​ឲ្យ ប៉ុន្តែ​ដោយ​ឥរិយាបថ​ដែល​រំខាន​ដល់​ព្រះវិញ្ញាណ ។ នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង យើង​ក៏​អាច​បង្ហាញ​សេចក្តីស្រឡាញ់​របស់យើង​ចំពោះ​មនុស្ស​ដទៃ តាមរយៈ​ទង្វើ​របស់​យើង និង ឥរិយាបថ​របស់យើង​ផងដែរ ។

ការបម្រើ​តាមរយៈ​ការទទួល

ដោយ​សំឡេង​នៃ​ការដាស់តឿន ព្រះយេស៊ូវ​បាន​ទទួល​ស្គាល់​កិច្ចខិតខំ​របស់​ម៉ាថា​ដើម្បី​បម្រើ និង​ភាពស្មុគស្មាញ​របស់​នាង ៖ « ម៉ាថាៗ​អើយ នាង​ព្រួយ​ចិត្ត​ខំ​ប្រឹង​រៀបចំ​ធ្វើ​អី​ច្រើន​ម៉្លេះ » ( លូកា ១០:៤១ ) ។ បន្ទូល​របស់​ព្រះអង្គសង្គ្រោះពុំមែន ដើម្បី​បង្អាក់​របៀប​ដែល​ម៉ាថា​បាន​ជ្រើស ដើម្បី​បង្ហាញ​ការទទួល​ភ្ញៀវ​នោះ​ទេ ប៉ុន្តែ​ដើម្បី​ទទួល​ស្គាល់​សិទ្ធិ​ដែល​ម៉ារា​ត្រូវ​បម្រើ​តាមរយៈ​ការស្តាប់ និង​ការរៀន ។ ទង្វើ​របស់​ម៉ារា​បង្ហាញ​យើង​ពី​អ្វី​ដែល​ចាំបាច់​សម្រាប់​មនុស្ស​ទាំងអស់​ណា ដែល​មាន​បំណង​ធ្វើ​តាម​ទ្រង់​ដោយ​ឯករាជ្យស្តីពី​លក្ខណៈ​នៃ​ការបម្រើ​តាម​ការជ្រើសរើស ។

ម៉ារា​បាន​អនុញ្ញាត​ឲ្យ​ព្រះអង្គសង្គ្រោះ​បម្រើ​នាង​តាមរយៈ​ការទទួល​បន្ទូល​ទ្រង់ ។ គំរូ​របស់​នាង​បង្ហាញ​ថា យើង​អាច​បង្ហាញ​សេចក្តីស្រឡាញ់​ចំពោះ​ព្រះអង្គសង្គ្រោះ តាមរយៈ​ការអង្គុយ​នៅ​ក្បែរ​ទ្រង់​ដើម្បី​រៀន និង​រីកចម្រើន​ខាង​វិញ្ញាណ ។

សេចក្តី​តែ​មួយ​ទេ ដែល​សម្រាប់​ត្រូវ​ការ

ចម្លើយ​ចំពោះ​ទំនាស់​របស់​ម៉ាថា​ត្រូវបាន​ទទួលស្គាល់​ថា​ជា « សេចក្តី​តែ​មួយ​ទេ ដែល​សម្រាប់​ត្រូវ​ការ » ( លូកា ១០:៤២ ) ។ អំណាច​ដ៏អស្ចារ្យ​នៃ​ភាព​សាមញ្ញ​ត្រូវបាន​បង្ហាញ ប៉ុន្តែ ភាពសាមញ្ញ អាច​មាន​ន័យ​ផ្សេង​ពី​គ្នា​ចំពោះ​យើង​ម្នាក់ៗ ។ បទដ្ឋាននៃ « តម្រូវការ » គឺ​រក​ពុំ​ឃើញ​នៅ​ក្រៅ​ខ្លួន​យើង​ឡើយ ប៉ុន្តែ​រក​បាន​នៅក្នុង​ការជំរុញ​ចិត្ត​របស់យើង​វិញ ។ អ្វី​ដែល​សំខាន់​គឺការទទួល​ស្គាល់ និងការ​ធ្វើ​តាម​ព្រះគ្រីស្ទ​ដោយ​អស់​ពី​ចិត្ត និង​គំនិត​របស់យើង មិន​ថា​យើង​ជ្រើសរើស​របៀប​ណា​ដើម្បី​បម្រើ​នោះ​ឡើយ ។

វា​អាច​ថា ការបម្រើ​តាម « របៀប​របស់​ម៉ាថា » អាច​ជា​របៀប​ដ៏​ល្អ​បំផុត​នៅក្នុង​គ្រា​មួយ​ចំនួន ខណៈ​ដែល​គ្រា​ដទៃ​ទៀត​ហាក់​ដូចជា​ផ្តល់យោបល់ ថាជា « ចម្លើយ​តប​របស់​ម៉ារា »—ឬ​សូម្បី​តែ​របៀប​ណា​មួយ​ដែល​មិន​ត្រូវ​នឹង​ស្ថានភាព​ទាំង​ពីរ​នេះក្តី ។ យើង​អាច​យក​គំរូ​របស់​ម៉ាថា និង​ម៉ារា​មក​ក្នុង​ជីវិត​យើង ហើយ​ទូល​សូម​ការណែនាំ ដើម្បី​បម្រើ​តាម​របៀប​ល្អ​បំផុត ។

ចូរ​យើង​ក្រឡេកមើល​ឥរិយាបថ​របស់​យើង​ខណៈ​បម្រើ​នៅក្នុង​របៀប​ដែល​យើង​ជ្រើសរើស​ដោយ​ខ្លួន​យើង​ផ្ទាល់ ដោយ​ចងចាំថា ភាពជឿជាក់​ពិត​ប្រាកដ​របស់​យើង​ដើម្បី​ធ្វើតាម​ទ្រង់​គឺជា​រឿង​សំខាន់​បំផុត ។ ចូរ​ឲ្យ​ឃើញ​ថា យើង​នៅ​ក្បែរ​នឹង​ព្រះអង្គសង្គ្រោះ​ជានិច្ច ។