២០១៩
ការយកឈ្នះ​លើ​ការភ័យ​ខ្លាច​របស់​ខ្ញុំ​ដើម្បី​មាន​កូន
ខែ មិថុនា ឆ្នាំ ២០១៩


សម្រាប់​តែ​ឌីជីថល​ប៉ុណ្ណោះ ៖ យុវមជ្ឈិមវ័យ

ការយកឈ្នះ​លើ​ការភ័យ​ខ្លាច​របស់​ខ្ញុំ​ដើម្បី​មាន​កូន

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​តិចសាស ស.រ.អា. ។

ការមាន​កូន​ពុំ​មែន​ជា​ការផ្លាស់ប្តូរ​ជីវិត​​ដែល​ខ្ញុំ​រំភើប​ចិត្ត​​ធ្វើ​នោះ​ទេ ។

ខ្ញុំ​ពុំ​ដែល​គិត​ពី​រឿង​មាន​កូន​​ទេ ។ ខ្ញុំ​ជា​កូន​ពៅគេ​នៅក្នុង​គ្រួសារ​ខ្ញុំ ខ្ញុំ​ពុំ​មាន​បទពិសោធន៍​ជាមួយ​ទារក​ទេ ហើយ​ខ្ញុំ​ខ្លាច​ពេល​កូន​ក្មេង​ចេះ​ដើរ​តេះតាស​សម្លឹង​មើល​មកខ្ញុំ ។ ប្រាកដ​ណាស់ ពេល​ខ្ញុំ​រៀបការ​ហើយ​ដំបូង ការមាន​កូន​គឺ​ជា​ការផ្លាស់ប្តូរ​​ជីវិត​មួយ ដែល​ខ្ញុំ​ពុំ​សូវ​រំភើប​នឹង​រឿងនោះ​ប៉ុន្មាន​ទេ ។

ស្វាមី​ខ្ញុំ​គឺ​ជា​អ្នក​ដែល​ចង់​ចាប់ផ្តើម​គ្រួសារ​មួយ​ចាប់តាំង​ពី​ថ្ងៃ​ដំបូង​ដែល​យើង​រៀបការ ប៉ុន្តែ​ខ្ញុំ​ទទូច​សូម​ឲ្យ​ពួក​យើង​រង់ចាំ​សិន ។ នៅ​អំឡុងពេល​ពីរ​ខែ​ដំបូង « ចាំមួយ​ឆ្នាំ​ទៀត​ចាំ​និយាយ​ពី​រឿង​នោះ » គឺ​ជា​បាវចនា​របស់​ខ្ញុំ ។

ខណៈ​ដែល​រឿង​នេះ​ពុំ​មែន​ជា​ហេតុផល​ឲ្យ​មនុស្ស​គ្រប់​រូប​ពិបាក​សម្រេច​ចិត្ត​​មាន​កូន នោះ​ខ្ញុំ​បាន​ដឹង​ថា អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​ចាំ​សិន​នោះ​គឺ ៖ ការភ័យ​ខ្លាច និង​ភាព​អាត្មានិយម វា​ច្បាស់លាស់ ហើយសាមញ្ញ ។ ពេល​ខ្ញុំ​គិត​ក្នុងការ​ធ្វើ​ជា​ម្តាយ​ម្នាក់ គំនិត​ខ្ញុំ​ពុំ​ត្រូវបាន​ពោរពេញ​ទៅ​ដោយ​ស្នាម​ញញឹម និង​ការសើច​សប្បាយ​ឡើយ ។ ផ្ទុយទៅវិញ ខ្ញុំ​បាន​គិត​ពី​ការដេក​ពុំ​ឆ្អែត​នៅពេល​យប់ និង​ការ​គ្មាន​ពេលទំនេរ ។ នេះ​មិនទាន់​និយាយ​ពី​ការឈឺចាប់ និង​ភាព​មិន​ស្រណុក​សុខ​ស្រួល​ផង ។ ខ្ញុំ​នៅតែ​ចាំ​ពី​គ្រា​ដំបូង​ដែល​ខ្ញុំ​បាន​ឮ​ពី​ការ​ឆ្លង​ទន្លេ ។ តាំងពីពេលនោះ​មកខ្ញុំ​បាន​​សម្រេច​ចិត្តថា​​​នឹង​សុំ​កូន​គេ​មក​ចិញ្ចឹម​វិញ ។

ពេញ​មួយ​ជីវិត​ខ្ញុំ ខ្ញុំ​មាន​ចិត្ត​រសប់រសល់​នៅពេល​ខ្ញុំ​នៅ​ជិត​ក្មេងៗ ដូច្នេះ​ពេល​ខ្ញុំ​គិត​ពី​ការមាន​កូន​ខ្ញុំ​ផ្ទាល់ នោះ​ខ្ញុំ​ពុំ​អាច​ស្រមៃ​វា​ចេញ​ឡើយ ។ តើ​ខ្ញុំ​អាច​លះបង់​អ្វីៗ​គ្រប់​យ៉ាង​សម្រាប់​ពួកគេយ៉ាង​ដូចម្ដេច ?

រយៈពេល​ប្រាំបី ឬ​ប្រាំបួន​ខែ​ដំបូង​នៃ​អាពាហ៍ពិពាហ៍​របស់​យើង បាន​កន្លង​ផុត​ទៅ​ដោយ​គ្មាន​ការផ្លាស់ប្តូរ​អ្វី​ឡើយ ។ គ្រប់ពេល​ដែល​ខ្ញុំ​បាន​សួរ​ថា « បង​ទាយ​មើល ? » នោះ​ស្វាមី​ខ្ញុំ​បាន​និយាយ​កំប្លែង​ថា « អូន​ឯង​មាន​ផ្ទៃ​ពោះ​ហើយ ! » ខ្ញុំ​នឹងពេបមាត់ ហើយ​បន្ត​និយាយ​ដោះសារ​ច្រើន​បែប​ច្រើន​យ៉ាង​ពី​មូលហេតុ​នៃ​ការមាន​កូន​ថា​វា​នឹង​ពុំ​កើត​ឡើង​ក្នុង​ពេល​ឆាប់ៗ​ទេ ។

ឥឡូវនេះ សូម​កុំ​យល់​ខុស​អី ខ្ញុំ​គ្មាន​អារម្មណ៍​ដើម្បី​មាន​កូន​ទេ ។ ខ្ញុំ និង​ស្វាមី​ខ្ញុំ​បាន​សន្ទនា​គ្នា ហើយ​យល់​ព្រម​ធ្វើ​កិច្ចការ​នានា​មួយ​ជំហាន​ម្តងៗ ។ ប៉ុន្តែ​ក្នុង​ចិត្ត​ខ្ញុំ ការមាន​កូន​វា​នឹង​មិនអាច​កើត​ឡើង​ក្នុង​ពេល​ឆាប់​ៗ​​ឡើយ ។

ទោះ​ជា​យ៉ាង​ណា​ក្តី ខ្ញុំ​បាន​ដឹង​ថា ព្រះវរបិតាសួគ៌​ជ្រាប​ដឹង​ពី​ជីវិត​ខ្ញុំ​ហើយ​ថាជីវិត​ខ្ញុំ​នឹង​ប្រែ​ទៅ​ជា​យ៉ាង​ណា​ជាង​ខ្ញុំ​ដឹង​ដោយ​ខ្លួន​ឯង​ទៅ​ទៀត ។ ជា​មូលហេតុ​ដែល​ខ្ញុំ​បន្ត​អធិស្ឋាន​តែ​ឯង និង​ជាមួយ​ស្វាមី​ខ្ញុំ​អំពី​ការសម្រេច​ចិត្ត​នេះ ទោះបី​ខ្ញុំ​មាន​ជឿ​មុតមាំ​ថា គួរ​តែ​រង់ចាំ​កុំ​ទាន់​​យក​កូន​ក្ដី ។ យើង​បាន​ទូល​ប្រាប់​ព្រះវរបិតាសួគ៌​អំពី​ផែនការ​យើង ប៉ុន្តែ​យើង​បាន​សារភាព​ថា យើង​ចង់​ទទួល​យក​ផែនការ​ផ្សេង​ដែរ ប្រសិនបើ​វា​ជា​ព្រះទ័យ​របស់​ទ្រង់ ។ នោះ​គឺ​ជា​ជំហាន​សំខាន់មួយ​ក្នុង​ការផ្លាស់ប្តូរ​ចិត្ត ដែល​បាន​កើត​ឡើង​សន្សឹមៗ​​ចំពោះ​ខ្ញុំ ។

ការផ្លាស់ប្តូរ​នោះ​ពុំ​កើត​ឡើង​ក្នុង​ពេល​តែ​មួយ​ទេ ។ តាម​ពិត​ទៅ ខ្ញុំ​ពុំ​ចាំ​ប្រាកដ​​ថា ការផ្លាស់ប្តូរ​នោះ​បាន​ចាប់ផ្តើម​ពេល​ណា​នោះទេ ។ ប៉ុន្តែ​ខ្ញុំ​បាន​ចាប់ផ្តើម​ពុំ​សូវ​ប្រឆាំង​នឹង​គំនិត​នៃ​ការចាប់ផ្តើម​មាន​គ្រួសារ​ដោយ​សន្សឹមៗ ។ ខ្ញុំ​បាន​ចាប់ផ្តើម​ពិចារណាវា​យ៉ាង​ស្មោះសរ ជាពិសេស​នៅពេល​ការដោះសារ​របស់​ខ្ញុំ​បាន​ឈាន​ចូល​ដល់​ទីបញ្ចប់ ។ ខ្ញុំ​ចង់​រង់ចាំ​រហូត​ដល់​ខ្ញុំ​រៀន​ចប់​សិន—ខ្ញុំ​ជិត​បញ្ចប់​ការសិក្សាហើយ ។ ខ្ញុំ​ចង់​ដឹង​ពី​កន្លែង​ដែល​ពួកយើងរស់​នៅ​ឆ្នាំ​ក្រោយ—ស្វាមី​ខ្ញុំ​ទទួល​បាន​ការងារ​មួយ ។ ប៉ុន្តែ​ប្រាកដប្រជា នោះ​អ្វីៗ​គ្រប់យ៉ាង​បាន​ដំណើរការ​ដោយ​សន្សឹមៗ ។

ខ្ញុំ​បាន​គិត​ថា វា​គួរ​ឲ្យ​ខ្លាច​ណាស់ ព្រោះ​ខ្ញុំ​លែង​មាន​ការដោះសារ​ដែល​ខ្ញុំ​ធ្លាប់​មាន​មក​ជាយូរ នោះ​ទៀត​ហើយ ។ ប៉ុន្តែ ឥឡូវ​វា​ចប់​ហើយ ។ ខ្ញុំ​មិន​ខ្លាច​ទៀត​ទេ ។ ការភ័យខ្លាច​ដែល​មាន​ក្នុង​ខ្លួន​ខ្ញុំ​រយៈពេល ១០ ឆ្នាំកន្លង​មក គ្មាននៅក្នុង​ចិត្ត​ខ្ញុំ​ទៀត​ទេ ។ ឬ​យ៉ាង​ហោច​ណាស់ ភាព​សុខសាន្ត​បាន​កើត​មាន​ដែល​មាន​ឥទ្ធិពល​គ្រប់​គ្រាន់​ដើម្បី​បណ្តេញ​ភាពភ័យ​ខ្លាច​ឲ្យ​ចេញ​ទៅ ។

ដូច្នេះ​នៅ​ពេល​ខួប​អាពាហ៍ពិពាហ៍​ដំបូង​របស់​យើង​ជិត​មក​ដល់ ខ្ញុំ​គ្មាន​ហេតុផល​ណា​មួយ​ដើម្បី​បដិសេធ​ចំពោះ​ការចាប់ផ្តើម​មាន​គ្រួសារ​ទៀត​ឡើយ ។ ព្រះអម្ចាស់​បាន​ផ្លាស់ប្តូរ​ចិត្ត​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​បាត់​ខ្លាច ។

ក្រោយ​មក មិត្ត​ភក្ដិ​ម្នាក់​សួរ​ខ្ញុំ​ថា តើខ្ញុំបានដឹង​ពេល​ត្រូវ​មាន​កូន​ដោយ​របៀប​ណា ។ ខ្ញុំ​បាន​សារភាព​ថា វា​ពុំមែន​ជា​អារម្មណ៍​ដ៏​ខ្លាំង​ក្លា​នៃ​ភាព​ក្លាហាន ឬ​អារម្មណ៍​ស្រឡាញ់​ក្មេង​នោះ​ទេ ហើយ​ក៏​ពុំមែន​ជា​អារម្មណ៍​ខ្មួលខ្មាញ់​ក្នុង​ចិត្ត​ដែរ ។ វា​គ្រាន់តែ​ជា​អារម្មណ៍​នៃ​ការបាត់​ភ័យ​ខ្លាច​ប៉ុណ្ណោះ ។ វា​ដូច​ជា​អ្វី​ដែល​ព្រះ​មាន​បន្ទូល​ទៅ​កាន់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ពីជំនាន់​ដើម​ថា ៖ « បើ​សិន​ជា​អ្នករាល់​គ្នា​បាន​ប្រុងប្រៀប​ទុក​ជា​ស្រេច នោះ​អ្នករាល់​គ្នា​នឹង​មិន​ត្រូវ​ខ្លាច​ឡើយ » ( គ.និងស. ៣៨:៣០ ) ។ សម្រាប់​ខ្ញុំ ការឈប់​ភ័យ​ខ្លាច​របស់​ខ្ញុំ​គឺ​ជា​ចម្លើយ​មក​ពី​ព្រះអម្ចាស់​ដែល​មានបន្ទូល​ថា « មែន​ហើយ អ្នក​​បាន​ប្រុងប្រៀប​ទុក​ជា​ស្រេច​ហើយ » ។

វា​ពិត​ជា​រំភើប​ណាស់ ដែល​ខ្ញុំ​អាច​សើច ហើយ​និយាយ​យល់​ស្រប​ទៅនឹង​ការ​ឆ្លើយ​តប​របស់​ស្វាមី​ខ្ញុំ​ថា « អូន​ឯង​មាន​ផ្ទៃ​ពោះហើយ ! » ជា​លើក​ដំបូង​នោះ ។

ឥឡូវ​នេះ ខ្ញុំ​មាន​កូន​តូច​ម្នាក់​នៅក្នុង​រង្វង់​ដៃ​ខ្ញុំ ។ ខ្ញុំ​នៅតែ​រៀន​ពី​របៀប​ធ្វើ​ជាម្តាយ​មួយ​រូប ហើយ​ខ្ញុំ​នៅតែ​ពុំ​ទាន់​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី ពេល​នៅ​ជាមួយ​កូនៗ​របស់​មនុស្ស​ដទៃ​ទៀត ។ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា ទោះបីខ្ញុំ​មាន​ចំណុច​ខ្វះខាត​ពេល​ខ្ញុំ​នៅ​ក្បែរ​ក្មេងៗ​ក្តី ព្រះវរបិតាសួគ៌​សព្វព្រះទ័យ​ចំពោះ​ខ្ញុំ ។ ទ្រង់​បាន​រៀបចំ​ខ្ញុំ​សម្រាប់​គ្រា​នេះ ។ ខ្ញុំ​បាន​ទទួល​ជំនួយ​ដ៏ទេវភាព​របស់​ទ្រង់ ទោះបី​ជាខ្ញុំ​នៅតែ​មាន​អារម្មណ៏​សង្ស័យ និង​ខ្លាច​ក្តី ។ ការដេក​ពុំ​ឆ្អែត​នៅពេលយប់ និង​ការពុំ​សូវ​មាន​ពេល​ទំនេរ​គឺ​ជា​ការលះបង់​តូច​តាច សម្រាប់​អំណរ​ដែល​កើត​មាន​ចំពោះ​ខ្ញុំ និង​គ្រួសារ​ខ្ញុំ ។ ខ្ញុំដឹង​ថា ព្រះវរបិតាសួគ៌​ជ្រាប​ដឹង​ពី​ការភ័យខ្លាច និង​កាលៈទេសៈ​របស់​យើង ។ ហើយប្រសិនបើ​យើង​ស្វែងរក​ជំនួយ​ទ្រង់ នោះ​ទ្រង់​អាច​ជួយ​យើង​យក​ឈ្នះ​លើ​ការភ័យ​ខ្លាច​នោះ ហើយបោះជំហានទៅមុខ​ដោយ​សេចក្តីជំនឿ ។