២០១៩
ការដាក់​គោលដៅ​ប្រាកដប្រជា​ដែល​អ្នក​អាច​សម្រេច​បាន
ខែ មិថុនា ឆ្នាំ ២០១៩


ការរៀបចំ​ខ្លួនសម្រាប់​ជីវិត

ការដាក់​គោលដៅ​ប្រាកដប្រជា ដែល​អ្នក​អាច​សម្រេច​បាន

តើ​អ្នក​រីកចម្រើន​ដែរ​ឬទេ ? ក្លាយ​ជា​មនុស្ស​កាន់តែ​ពូកែ​ឡើង​ក្នុង​ជំនាញ​ជាក់​លាក់​មួយ​ដែរ​ឬទេ ? រៀន​អ្វី​មួយ​ថ្មី​ទាំងស្រុង​ដែរ​ឬទេ ? អ្នក​ត្រូវតែ​ដាក់​គោលដៅ​មួយ​ចំនួន​ដើម្បី​ឈាន​ទៅដល់​ទីនោះ ។

writing in notebook

ជួនកាល​យើង​សរសេរ​ទុក​នូវ​គោលដៅ​ជា​ច្រើន ហើយ​ពិតជាព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​សម្រេច​វា ប៉ុន្តែ​ក្រោយ​មក​យើង​ភ្លេច​គោលដៅនោះ ឬ​បោះបង់​វា​ចោល ។ ស្ដាប់ទៅ​ដូច​អញ្ចឹងដែរ​ឬទេ ? ហេតុអ្វី​វាកើត​ឡើង​បែប​នោះ នៅពេល​យើង​ចង់​ផ្លាស់ប្តូរ ហើយ​ប្រែខ្លួន​ឲ្យ​បាន​កាន់តែ​ប្រសើរ​នោះ ជួនកាល​យើង​គ្រាន់តែ​ពុំអាច​ធ្វើ​តាម​គោលដៅ​ដែល​យើង​បាន​ដាក់​ឲ្យ​បាន​ជាប់លាប់​ប៉ុណ្ណោះ ? មែនហើយ វា​ត្រូវបាន​កំណត់​ដោយ​ភាព​ប្រាកដ​ប្រជាដ៏ខ្លាំង​នៃ​គោលដៅ​របស់យើង និង​ការខិតខំ​យ៉ាង​ខ្លាំង​ដែល​យើង​មាន​ឆន្ទៈ​ដើម្បី​ធ្វើ !

នេះ​គឺ​ជាចំណុច​គន្លឹះ​មួយ​ចំនួន​អំពី​ការដាក់គោលដៅ​ដែល​ប្រាកដប្រជា ៖

  • ដាក់គោលដៅ​ផ្សេងៗ ។ ផ្ដោត​ទៅលើ​ការពង្រឹង​ផ្នែក​ជាច្រើន​នៃ​ជីវិត​របស់​អ្នក ពុំមែន​តែ​មួយ​ផ្នែក​ទេ ។ ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​គំរូ​ដ៏​ល្អ​ឥតខ្ចោះ​មួយ ៖ « ព្រះយេស៊ូវ​ក៏​កាន់​តែ​ធំ ប្រកប​ដោយ​ប្រាជ្ញា​រឹត​តែ​ច្រើន​ឡើង ហើយ​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ព្រះ និង​ចិត្ត​មនុស្ស​ផង » ( លូកា ២:៥២ ) ។ នោះ​ជា​របៀប​ដែល​ទ្រង់​បាន​រីកចម្រើន​ខាង​ផ្លូវ​ចិត្ត រូបកាយ សង្គម និង ខាង​វិញ្ញាណ ។ អ្នក​អាច​ដាក់​គោលដៅ​ធ្វើ​ដូចគ្នា​នេះ​ផងដែរ ។ ការដឹង​ថា គោលដៅ​របស់​អ្នក​កំពុង​ជួយ​អ្នក​ឲ្យ​ប្រែក្លាយ​ជាមនុស្ស​ប្រសើរ​ឡើង អាច​ជួយ​ជំរុញ​ចិត្ត​អ្នក​ឲ្យ​បន្ត​ខិតខំ​​សម្រេច​បាន​គោលដៅ​នោះ ។

  • កត់ត្រា​គោលដៅ​របស់​អ្នក ។ សូម​រក្សា​គោលដៅ​របស់​អ្នក​នៅ​កន្លែង​ដែល​អ្នក​អាច​ឃើញ​វា​រៀងរាល់​ថ្ងៃ ។ មិន​ថា​បិទ​វា​នៅ​លើ​ក្តារខៀន​នៅក្នុង​បន្ទប់ នៅក្នុង​ទូរ​ដាក់​ឥវ៉ាន់​របស់​អ្នក​នៅ​ឯសាលា ឬ​សូម្បី​តែ​នៅក្នុង​ទូរសព្ទ​របស់​អ្នក សូម​មើល​វា​ឲ្យ​បាន​ញឹកញាប់ ។ ដរាប​ណា​អ្នក​ត្រូវបាន​រំឭក​អំពីគោលដៅ​ដែល​អ្នក​បាន​ដាក់ ដរាប​នោះ​អ្នក​នឹង​បន្ត​ខិតខំ​ដើម្បី​សម្រេច​វា​ឲ្យ​បាន ។

  • ត្រូវមានភាព​ជាក់លាក់ ។ ប្រសិនបើ​អ្នក​មាន​គោលដៅ​មួយ​ថា « រៀន​អ្វី​មួយ​ថ្មី » នៅលើ​បញ្ជី​គោលដៅ​របស់​អ្នក វា​ប្រាកដ​ជា​គោលដៅ​ប្រាកដប្រជា​មួយ ប៉ុន្តែ​វា​ពុំ​ជាក់លាក់​ទេ ។ តើ​អ្នក​ចង់​រៀន​អ្វី ? ចង់​ចេះ​លេង​ឧបករណ៍​តន្ត្រី​មួយ​ឬ ? ចង់​ចេះ​ធ្វើ​ម្ហូប​មួយ​មុខ​ឬ ? ប្រហែល​ជា​ធ្វើ​កិច្ចការ​កម្សាន្ត​មួយ​ថ្មី​ជាមួយ​គ្នា​ឬ ? សូមមាន​ភាព​ជាក់លាក់​អំពីអ្វី​ដែល​អ្នក​ចង់​សម្រេច​បាន !

  • ដាក់គោលដៅ​រយៈពេល​ខ្លី ។ អ្នក​អាច​ដាក់​គោលដៅ​ធំមួយ​សម្រាប់​ខ្លួន​អ្នក ប៉ុន្តែ​ដើម្បី​សម្រេច​បាន​គោលដៅ​នោះ អ្នក​ត្រូវសម្រេច​គោលដៅ​តូចៗ​សិន​ដើម្បី​សម្រេច​គោលដៅ​ធំនោះ ។ ប្រាកដ​ណាស់ អ្នក​ចាំបាច់​ត្រូវ​មាន​ផែនការ​មួយ ។ ឧទាហរណ៍ អ្នក​ចង់​រត់​កីឡាម៉ារ៉ាតុន​ឆ្នាំ​នេះ ។ ដើម្បី​ហាត់ប្រាណ​ឲ្យ​អ្នក​អាច​រត់​ចម្ងាយ ៤២ គីឡូម៉ែត្រ អ្នក​ត្រូវ​ចាប់ផ្តើម​ពី​ចម្ងាយ​តិចៗ​សិន ។ សូម​ដាក់​គោលដៅ​រត់​ចម្ងាយ​ពីរបី​គីឡូ​ម៉ែត្រ​រៀងរាល់​សប្តាហ៍ ហើយ​បង្កើន​ចម្ងាយ​របស់​អ្នក​ដោយ​សន្សឹមៗ​រៀងរាល់​សប្តាហ៍ ។ ពេល​យើង​ដាក់​ផែនការ​សម្រេច​គោលដៅ​របស់យើង ព្រះ​នឹង​ជួយ​យើង​សម្រេច​គោលដៅ​ទាំងនោះ ( សូមមើល សុភាសិត ១៦:៩ ) ។

  • សូម​មាន​ពេលវេលា​ដើម្បី​សម្រេចគោលដៅ​របស់​អ្នក ។ ដោយសារ​អ្នក​មាន​ភាពមមាញឹក វា​អាច​ងាយធ្វើ​ឲ្យ​គោលដៅ​អ្នកត្រូវ​បាន​បំភ្លេច ដោយសារ​តែ​សាលា​រៀន ការងារ មិត្តភក្តិ និង​គ្រួសារ ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ញែកពេលវេលា​ជាក់លាក់ ដើម្បី​ខិតខំ​ធ្វើ​គោលដៅ​របស់​អ្នក​រៀងរាល់ថ្ងៃ រៀងរាល់​សប្តាហ៍ ឬ​ពេលណា​ក៏​ដោយ​ដែល​អ្នក​ចង់​ធ្វើ នោះ​អ្នក​កាន់តែ​បន្ត​ធ្វើ​តាម​គោលដៅ​នោះ ។

  • សូម​កុំ​ធ្វើ​ច្រើនពេក ។ កុំ​ដាក់​គោលដៅ​ច្រើន​ពេក​ដែល​អ្នក​ពិបាក​ចាំ​នូវ​អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​បាន​គ្រោង​ដើម្បីធ្វើ ។ ប្រសិនបើ​អ្នក​ចាប់​ផ្តើម​ជាមួយ​នឹង​គោលដៅ​សំខាន់ៗពីរ ជំនួស​ឲ្យ​ការខិតខំ​ព្យាយាម​សម្រេច​គោលដៅ ៤០ ក្នុងពេល​តែ​មួយ នោះ​អ្នក​នឹង​មាន​អារម្មណ៍​ពុំ​សូវ​ស្មុគស្មាញ ហើយ​មាន​ទំនុកចិត្ត​កាន់តែ​ច្រើន​ឡើង​នៅក្នុង​ការខិតខំ​របស់​អ្នក​ដើម្បី​សម្រេច​គោលដៅ​នោះ ។ យើង​ត្រូវ​ធ្វើ​កិច្ចការនានា « ក្នុង​ប្រាជ្ញា និង​របៀប​រៀប​រយ ដ្បិត​មិន​ត្រូវ​ឲ្យ​អ្នក​ណា​រត់​លឿន​ជាង​កម្លាំង​ដែល​គេ​មាន​នោះ​ឡើយ » ( ម៉ូសាយ ៤:២៧ ) ។ ហើយ​ពេល​អ្នក​សម្រេច​បាន​គោលដៅ​មួយ អ្នក​ទំនង​ជា​សម្រេច​បាន​គោលដៅ​ផ្សេង​មួយ​ទៀត ! កិច្ចការ​តូចតាច​ដឹកនាំ​ទៅ​រក​កិច្ចការ​ធំ​បាន ។ ◼