ការបង្រៀនយុវវ័យ និងកុមារតូចៗ
ពេលឪពុក ឬម្តាយ ឬទាំងឪពុក និងម្តាយពុំចូលរួមសាសនាចក្រ
អ្នកនិពន្ធរស់នៅរដ្ឋយូថាហ៍ ស.រ.អា. ។
ប្រធាន រ័សុល អិម ណិលសុន បានចម្រើនវ័យធំឡើងនៅក្នុងផ្ទះដែលពោរពេញដោយក្តីស្រឡាញ់ជាមួយឪពុកម្តាយដែលលោកស្រឡាញ់ជាខ្លាំង ។ ប៉ុន្តែកាលពីនៅតូច លោកបានទៅព្រះវិហារដោយគ្មានម្តាយ ឬឪពុកលោកទៅជាមួយលោកទេ ហើយលោកចង់ផ្សារភ្ជាប់នឹងគ្រួសារលោកក្នុងព្រះវិហារបរិសុទ្ធជាយូរមកហើយ ។១ ប៉ុន្តែគ្មានកូនណាម្នាក់ត្រូវដើរលើផ្លូវនៃសេចក្តីសញ្ញាតែឯងឡើយ ។ សេចក្ដីស្រឡាញ់ និងការមើលថែរបស់គ្រួសារ និងសមាជិកវួដអាចបំពេញការខ្វះចន្លោះសម្រាប់កុមារ ដែលពុំអាចមានដំណឹងល្អជួយជ្រោមជ្រែងពួកគេនៅផ្ទះ ។ ការបង្រៀនដំណឹងល្អដ៏ល្អ និងបទពិសោធន៍ល្អៗនៅផ្ទះ និងព្រះវិហារ អាចជួយកុមារគ្រប់រូបឲ្យទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ ។
សម្រាប់ឪពុក ឬម្តាយដែលចូលរួមព្រះវិហារដោយពុំមានស្វាមី ឬភរិយាចូលរួមជាមួយ
-
សូមចែកចាយពរជ័យនៃការរស់នៅតាមដំណឹងល្អ ។ ជួយកុមារឲ្យយល់ថា ការរស់នៅតាមដំណឹងល្អអាចនាំមកនូវភាពសុខសាន្ត—និងសម្រាលបន្ទុក ។ សូមពន្យល់ពីមូលហេតុដែលអ្នកជ្រើសរើសចូលរួមសាសនាចក្រ ដោយកុំនិយាយអាក្រក់ពីឪពុកម្តាយណាម្នាក់ដែលជ្រើសរើសពុំចូលរួមព្រះវិហារ ។ សូមចែកចាយអារម្មណ៍របស់អ្នកអំពីរបៀបរក្សាសេចក្តីសញ្ញាបុណ្យជ្រមុជទឹករបស់អ្នក ផ្តល់ការលួងលោម និងការណែនាំដល់អ្នក ។
-
បណ្តុះឲ្យមានឥរិយាបទវិជ្ជមានមួយ ។ សូមជួយកុមារឲ្យឃើញពីសេចក្តីល្អនៅក្នុងក្រុមគ្រួសាររបស់ពួកគេ ។ អ្នកក៏អាចជួយពួកគេឲ្យឃើញសេចក្តីល្អនៅក្នុងគ្រូបង្រៀន ថ្នាក់ដឹកនាំ និងសមាជិកវួដក្នុងសាសនាចក្ររបស់ពួកគេផងដែរ ។ និយាយអំពីអ្វីដែលកូនរបស់អ្នកបានរៀននៅព្រះវិហារ ។ កុំគិតពីយោបល់ទន់ខ្សោយ ឬដែលគ្មានការយល់ចិត្តរបស់មនុស្សដទៃឡើយ ។ ផ្ទុយទៅវិញ និយាយវិជ្ជមាន ហើយបង្ហាញឆន្ទៈដើម្បីរៀនពីមនុស្សដទៃ ។
-
គ្រប់គ្រងអារម្មណ៍អវិជ្ជមាន ។ សូមជួយកុមារឲ្យស្គាល់អារម្មណ៍អវិជ្ជមាន ដូចជាការភ័យខ្លាច ភាពឯកោ ការខកចិត្ត និងកំហឹង ។ បន្ទាប់មក អ្នកអាចជួយពួកគេដោះស្រាយអារម្មណ៍របស់ពួកគេតាមរយៈការគូររូបភាព ការលេងកម្សាន្ត ឬការនិយាយគ្នា ។ ប្រសិនបើចាំបាច់ អ្នកក៏អាចស្វែងរកជំនួយពីអ្នកមានវិជ្ជាជីវៈផងដែរ ។ ការព្យាបាលដួងចិត្តដែលមានរបួសនឹងជួយមនុស្សគ្រប់គ្នា ឲ្យកាន់តែងាយទទួលយកអារម្មណ៍ខាងវិញ្ញាណ ហើយមានបទពិសោធន៍ប្រសើរឡើងនៅព្រះវិហារ ។
-
ប្រសិនបើចាំបាច់ សូមស្វែងរកជំនួយ ។ ប្រសិនបើអ្នកត្រូវការជំនួយ កុំរង់ចាំរហូតដល់មានគេមកសុំជួយឡើយ ។ ជួនកាលថ្នាក់ដឹកនាំសាសនាចក្រ និងសមាជិកវួដពុំអាចសង្កេតឃើញពីតម្រូវការនោះ ឬពួកគាត់ប្រហែលជាស្ទាក់ស្ទើរនឹងជួយដោយគ្មានការស្នើសុំ ។ ប្រសិនបើកុមារត្រូវការការប្រសិទ្ធពរ សូមពិចារណាប្រកបដោយការអធិស្ឋានពីបុគ្គលណាដែលអាចជួយបាន ហើយបន្ទាប់មកសូមជំនួយនោះ ។ ក៏សូមពិចារណាពីបុគ្គលដែលអ្នកអាចជួយបានផងដែរ ។
សម្រាប់មជ្ឈិមវ័យទាំងអស់
-
សូមសង្កេតមើល និងស្រឡាញ់កុមារដែលចូលរួមព្រះវិហារជាមួយតែឪពុក ឬម្តាយ ឬតែម្នាក់ឯង ។ រៀនស្គាល់ឈ្មោះពួកគេ ហើយស្វាគមន៍ពួកគេដោយកក់ក្តៅ និងសន្តានចិត្តល្អ ។ កុំវិនិច្ឆ័យពួកគេដោយសារតែកាលៈទេសៈពួកគេ ហើយកុំសួរសំណួរអំពីអវត្តមានរបស់ឪពុកម្តាយពួកគេឡើយ ។ ពេលកុមារទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់ដោយស្មោះសរពីសមាជិកសាសនាចក្រ នោះពួកគេកាន់តែមានអារម្មណ៍ធូរស្បើយ រៀន និងទទួលអារម្មណ៍ពីព្រះវិញ្ញាណ ។
-
ត្រូវដឹងពីតម្រូវការពិសេស ។ ពេលកុមារចូលរួមព្រះវិហារជាមួយតែឪពុក ឬម្តាយ ឬតែម្នាក់ឯង សូមគិតគូរពីរបៀបនៃការបង្រៀន ឬសកម្មភាពជាក់លាក់ដែលអាចជះឥទ្ធិពលដល់ពួកគេ ។ នៅក្នុងមេរៀនមួយស្តីពីការប្រសិទ្ធពរបព្វជិតភាព សូមបង្រៀនថា មនុស្សគ្រប់រូបអាចទទួលបានពរជ័យទាំងនេះ ។ ប្រសិនបើសកម្មភាពមួយមានជាប់ទាក់ទងនឹងឪពុកម្តាយ សូមរួមបញ្ជូលទាំងឪពុកម្តាយទាំងពីរ ។ សូមស្គាល់កុមារដែលអាចមានអារម្មណ៍ងាយទទួលរងការឈឺចាប់នៅថ្ងៃពិសេសដូចជា ទិវាបុណ្យរំឭកគុណឪពុក ឬទិវាបុណ្យរំឭកគុណម្តាយ ។
-
សូមជួយពួកគេឲ្យស្រឡាញ់ ហើយពង្រឹងគ្រួសាររបស់ពួកគេ ។ សូមបង្រៀនកុមារថា ក្រុមគ្រួសារត្រូវបានតែងតាំងឡើងដោយព្រះ ។២ សូមលើកទឹកចិត្តពួកគេឲ្យមានអំណរគុណចំពោះសេចក្តីល្អនៅក្នុងក្រុមគ្រួសារពួកគេ ។ កិច្ចការពង្សប្រវត្តិអាចជួយកុមារឲ្យដឹងថា គ្រួសាររបស់ពួកគេចាប់ផ្តើមពីមុនពួកគេបានកើត ។ ហើយការធ្វើកិច្ចការពង្សប្រវត្តិអាចជួយផ្តល់ពរដល់ពួកគេ « ឲ្យខិតកាន់តែជិត និងមានអំណរនៅក្នុងគ្រួសារ [ របស់ពួកគេ ] » ។៣
-
បង្រៀនគោលលទ្ធិពិតដល់ពួកគេ ។ សិទ្ធិជ្រើសរើសគឺជាគោលលទ្ធិគ្រឹះមួយនៅក្នុងផែនការនៃសេចក្តីសង្គ្រោះ ហើយកុមារពុំទទួលខុសត្រូវចំពោះជម្រើស និងអំពើបាបរបស់ឪពុកម្តាយឡើយ ( សូមមើល ម៉ូសេ ៦:៥៤ ) ។ បញ្ហារបស់ឪពុកម្តាយក៏ពុំមែនជាកំហុសរបស់កូនៗពួកគេ ហើយក៏ពុំមែនជាការទទួលខុសត្រូវរបស់កុមារដើម្បីដោះស្រាយវាឡើយ ។ ការដឹងពីរឿងនេះអាចជួយកុមារឲ្យមានក្តីបារម្ភតិចតួច អំពីរឿងដែលពួកគេពុំអាចផ្លាស់ប្តូរបាន ហើយមានអំណរគុណដល់ពរជ័យជាច្រើនប្រចាំថ្ងៃអំពីក្រុមគ្រួសារ ។
ប្រធាន ហិនរី ប៊ី អាវរិង ទីប្រឹក្សាទីពីរក្នុងគណៈប្រធានទីមួយបានបង្រៀនថា ៖ « ព្រះវរបិតាសួគ៌យើង មានព្រះទ័យរីករាយដើម្បីប្រមូលផ្ដុំ ហើយប្រទានពរដល់គ្រួសារទ្រង់ ។ ផែនការរបស់ទ្រង់ ផ្ដល់ឲ្យពួកគេនូវឱកាសដើម្បីទទួលយក ឬ បដិសេធការអញ្ជើញរបស់ទ្រង់ដែរ ។ គ្រួសារគឺជាផ្នែកសំខាន់នៃផែនការនេះ » ។៤