ផ្លាស់ប្ដូរដួងចិត្ត ផ្លាស់ប្ដូរមិត្ត
ឈ្មោះត្រូវបានដកចេញ រដ្ឋកាលីហ្វ័រញ៉ា ស.រ.អា.
កាលខ្ញុំនៅវ័យជំទង់ ខ្ញុំមានចិត្តមិនស្តាប់បង្គាប់ខ្លាំងណាស់ ហើយខ្ញុំបានធ្វើទង្វើនានាតាមរបៀបដែលផ្ទុយពីអ្វីដែលខ្ញុំត្រូវបានចិញ្ចឹម ។ ខ្ញុំបានចាប់ផ្តើមផឹកគ្រឿងស្រវឹងពេលខ្ញុំអាយុ ១៣ ឆ្នាំ ហើយកាលរៀននៅវិទ្យាល័យ ខ្ញុំបានផឹកគ្រឿងស្រវឹងរៀងរាល់ចុងសប្តាហ៍ ។
ខ្ញុំបានចូលរួមព្រះវិហារយូរៗម្តង ដើម្បីកាត់បន្ថយការប្រឈមមុខជាមួយម្តាយឪពុកខ្ញុំ ប៉ុន្តែខ្ញុំបានដេកនៅក្នុងម៉ោងប្រជុំសាក្រាម៉ង់ ហើយធ្វើដំណើរទៅឆ្នេរសមុទ្រពីមុនថ្នាក់សាលាថ្ងៃអាទិត្យចាប់ផ្តើម ។ ខ្ញុំអាចនិយាយបានថា ឪពុកម្ដាយខ្ញុំពុំសប្បាយចិត្តនឹងឥរិយាបថរបស់ខ្ញុំឡើយ ។ ពួកគាត់គួរឲ្យសរសើរដោយសារ ពួកគេគោរពសិទ្ធិជ្រើសរើសរបស់ខ្ញុំ ខណៈបន្តលើកទឹកចិត្តខ្ញុំឲ្យរស់នៅតាមដំណឹងល្អ ។ ខ្ញុំនៅតែគ្មានបំណងបន្តសកម្មនៅក្នុងព្រះវិហារឡើយ ហើយខ្ញុំពិតជាពុំបានមើលឃើញពីការបម្រើបេសកកម្មនាពេលខាងមុខទេ ។
បន្ទាប់ពីបញ្ចប់វិទ្យាល័យ ខ្ញុំបានចូលរៀនសាកលវិទ្យាល័យសហគមន៍មួយ ហើយបានបន្តរបៀបមិនស្តាប់បង្គាប់របស់ខ្ញុំ ។ ប៉ុន្តែនាអាធ្រាតយប់ជ្រៅមួយ ខ្ញុំចាំថា ខ្ញុំបានសម្រាកនៅលើសាឡុងដោយឆ្ងល់ពីអនាគតរបស់ខ្ញុំ ។ តើខ្ញុំគួររៀបអាពាហ៍ពិពាហ៍ជាមួយនារីបែបណា ? ប្រសិនបើខ្ញុំព្រងើយកន្តើយនឹងព្រះអម្ចាស់ តើខ្ញុំអាចរកផ្លូវត្រឡប់មកវិញដែរឬទេ ? ទោះបីការសម្រេចចិត្តនេះសំខាន់ក្តី ខ្ញុំនៅតែគ្មានការជំរុញចិត្តដើម្បីផ្លាស់ប្តូរឡើយ ។
មិនយូរប៉ុន្មានក្រោយមក ខ្ញុំបានចូលរួមពិធីជប់លៀងនៅផ្ទះរបស់មិត្តខ្ញុំម្នាក់ ដែលមានស្រា និងការដុតភ្នក់ភ្លើង ។ បន្ទាប់ពីនិយាយលេងជាមួយមិត្តភក្តិខ្ញុំមួយសន្ទុះមក ខ្ញុំបានចេញពីពួកគេមួយរយៈ ហើយបិទភ្នែករបស់ខ្ញុំ ។
ពេលខ្ញុំបើកភ្នែកវិញ ខ្ញុំបានមានគ្រាមួយដ៏ច្បាស់លាស់ ។ ខ្ញុំបានមើលមិត្តភក្តិរបស់ខ្ញុំធ្វើទង្វើឆ្កួតលីលា ហើយខ្ញុំបានឃើញថា ខ្ញុំមិនមែនជាសមាជិកនៅក្នុងក្រុមនោះទៀតឡើយ ។ ខ្ញុំបានចាកចេញ ហើយបានសម្រេចចិត្តឈប់ផឹកស្រា និងទៅពិធីជប់លៀងផ្សេងទៀត ។ នោះមានន័យថា ខ្ញុំត្រូវផ្តាស់ប្តូរក្រុមមិត្តរបស់ខ្ញុំ ដែលវាពុំមែនជារឿងងាយស្រួលឡើយ ។ ប៉ុន្តែខ្ញុំធ្វើបានមែន ។
ការសម្រេចចិត្តនោះបានផ្ដល់ពរដល់ជីវិតខ្ញុំ ។ ទីបំផុតខ្ញុំបានបម្រើបេសកកម្ម ហើយបានបំពេញការហៅបម្រើជាច្រើនរបស់ខ្ញុំ ។ រឿងសំខាន់បំផុតនោះ ខ្ញុំបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងស្ត្រីដ៏អស្ចារ្យម្នាក់នៅក្នុងព្រះវិហារបរិសុទ្ធ ។ ការណ៍នេះបានដឹកនាំទៅរកពរជ័យដ៏ជម្រើសបំផុតនៃជីវិតខ្ញុំ ។
ថ្មីៗនេះ ខ្ញុំបានអានអំពីការសន្ទនារបស់អាលម៉ា និងពួកបុត្រាស្តេចម៉ូសាយ ( សូមមើល ម៉ូសាយ ២៧ ) និងរបៀបដែលពួកគេទទួលបទពិសោធន៍នៃការផ្លាស់ប្តូរចិត្តដ៏ធំ ( សូមមើល អាលម៉ា ៥:១២–១៤ ) បានកើតមានឡើងក្នុងផ្នែកមួយនៃការអធិស្ឋានដ៏ស្មោះត្រង់របស់អាលម៉ាជាឪពុក ។ បន្ទាប់មក ខ្ញុំបានគិតអំពីឪពុកម្តាយខ្ញុំ ហើយបានដឹងថា បទពិសោធន៍ស្រគត់ស្រគំដែលខ្ញុំមាននៅឯពិធីជប់លៀងនោះ គឺជាលទ្ធផលផ្ទាល់នៃការអធិស្ឋានរបស់ពួកគាត់អស់រយៈពេលជាង ៣០ ឆ្នាំក្រោយមក ។
ឥឡូវនេះក្នុងនាមជាឪពុកដែលមានកូនពិបាក ខ្ញុំឃើញថា ខ្ញុំស្ថិតនៅក្នុងស្ថានភាពស្រដៀងគ្នាទៅនឹងអាលម៉ាជាឪពុក និងឪពុកម្តាយខ្ញុំ ។ ប៉ុន្តែដោយការប្រដូចខគម្ពីរទៅនឹងខ្លួនខ្ញុំ នោះខ្ញុំមានសេចក្តីជំនឿ និងសេចក្តីសង្ឃឹមថា ថ្ងៃណាមួយកូនរបស់ខ្ញុំក៏នឹងទទួលបទពិសោធន៍នៃផ្លាស់ប្តូរដួងចិត្តផងដែរ ។