ការងារបម្រើ តាមមធ្យោបាយមួយកាន់តែបរិសុទ្ធ
ដកស្រង់ចេញមកពីសុន្ទរកថាការប្រជុំធម្មនិដ្ឋាន « A Holier Approach to Ministering » ដែលបានថ្លែងនៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ នៅថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៨ ។
ខ្ញុំសូមសន្យាថា ពេលអ្នកស្រឡាញ់ព្រះដោយអស់ពីចិត្តអ្នក ហើយអធិស្ឋានទូលសូមធ្វើជាឧបករណ៍នៅក្នុងព្រះហស្តទ្រង់ នោះព្រះអម្ចាស់នឹងដាក់បុត្រាបុត្រីជាក់លាក់របស់ទ្រង់នៅលើផ្លូវរបស់អ្នក ។
សៀវភៅដែលមានចំណងជើងថា The Narcissism Epidemic ចាប់ផ្តើមដោយសរសេរនូវឧទាហរណ៍ពីការមិនពិតនៃវប្បធម៌សម័យទំនើបរបស់អាមេរិក ៖
« នៅក្នុងកម្មវិធីជីវិតពិតតាមទូរទស្សន៍មួយ ក្មេងស្រីម្នាក់គ្រោងធ្វើពិធីជប់លៀងខួបកំណើតគម្រប់ខួប ១៦ ឆ្នាំរបស់នាង ចង់ឲ្យបិទផ្លូវធំមួយ ដើម្បីឲ្យក្រុមដើរព្យុះហយាត្រាអាចដើរនាំមុខការមកដល់ដ៏ធំរបស់នាងនៅលើកម្រាលព្រំពណ៌ក្រហមមួយ ។ សៀវភៅមួយមានចំណងជើងថា My Beautiful Mommy ពន្យល់ពីការវះកាត់កែសម្ជស្សដល់កុមារតូចៗ ដែលម្តាយរបស់ពួកគេកំពុងទទួលការវះកាត់ដែលកំពុងពេញនិយម ‹ Mommy Makeover › ។ ឥឡូវនេះ គេអាចជួលអ្នកប្រមាញ់រូបថតក្លែងក្លាយ ដើម្បីធ្វើតាមរូបថតរបស់អ្នក ពេលអ្នកដើរលេងនៅពេលយប់—អ្នកថែមទាំងអាចយកគម្របទស្សនាវដ្តីក្លែងក្លាយរបស់ជនល្បីឈ្មោះដែលមានលក្ខណៈពិសេសនៃរូបថតទាំងនោះមកផ្ទះផងដែរ ។ ដោយមិនមែនជាការលេងសើច នោះចម្រៀងល្បីមួយថ្លែងថា ‹ ខ្ញុំជឿថា ពិភពលោកគួរតែវិលជុំវិញខ្ញុំ ! › … ក្មេងៗស្លៀកពាក់ខោអាវចាក់ដែលមានពាក្យ ‹ កំពូលម៉ូដ › … ហើយជញ្ជក់ក្បាលដោះជ័រ ‹ Bling › ( គ្រឿងអលង្ការ ) ខណៈដែលឪពុកម្តាយរបស់ពួកគេអានកំណាព្យចុងជួនថ្នាក់ទារកដ្ឋានទំនើបមកពី This Little Piggy Went to Prada ( កូនជ្រូកតូចនេះបានទៅផ្សារ Prada) » ។១
ក្នុងនាមជាពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ យើងបដិសេធជាខ្លាំងទៅនឹងគំនិតដែលថា ជីវិតរបស់យើងគឺធ្វើអ្វីៗទាំងអស់សម្រាប់តែខ្លួនយើង ។ ផ្ទុយទៅវិញ យើងធ្វើតាមព្រះអង្គសង្គ្រោះដែលមានបន្ទូលថា ៖
« អ្នកណាក្នុងពួកអ្នករាល់គ្នាដែលចង់ធ្វើជាធំ នោះនឹងត្រូវធ្វើជាអ្នកបម្រើដល់អ្នករាល់គ្នាវិញ
ហើយអ្នកណាក្នុងពួកអ្នកដែលចង់បានជាលេខមួយ អ្នកនោះត្រូវធ្វើជាបាវដល់អ្នករាល់គ្នាវិញដែរ ៖
… កូនមនុស្សបានមក មិនមែនឲ្យគេបម្រើលោកទេ គឺនឹងបម្រើគេវិញ ហើយនិងឲ្យជីវិតខ្លួន ទុកជាថ្លៃលោះមនុស្សជាច្រើនផង » ( ម៉ាថាយ ២០:២៦–២៨ ) ។
យើងផ្តល់តម្លៃដល់បន្ទូលរបស់ទ្រង់ ៖
« ឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នា ដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ » ( យ៉ូហាន ១៣:៣៤ សូមមើលផងដែរ យ៉ូហាន ១៥:១២ ) ។
ចូរឲ្យចំណីដល់កូនចៀមខ្ញុំស៊ីផង ។ … ចូរឲ្យចំណីដល់ចៀមខ្ញុំស៊ីផង » ( យ៉ូហាន ២១:១៥, ១៦ ) ។
« កាលណាអ្នកបានប្រែចិត្តវិលមកវិញ នោះចូរចម្រើនឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនឡើង » ( លូកា ២២:៣២ ) ។
« ជួយអ្នកទន់ខ្សោយ លើកដៃដែលរោយ ហើយចម្រើនកម្លាំងដល់ក្បាលជង្គង់ដែលញ័រផង » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៨១:៥ ) ។
នេះគឺជាឧទាហរណ៍មួយអំពីប្រភេទនៃការងារបម្រើដូចជាព្រះគ្រីស្ទ ដែលកើតឡើងក្នុងចំណោមសមាជិកសាសនាចក្ររបស់ព្រះអម្ចាស់ ។ ថ្មីៗនេះ និស្សិតសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ម្នាក់បានសរសេរថា ៖
« ខ្ញុំបានហែលឆ្លងកាត់នូវគ្រាដ៏លំបាកបំផុត ។ ថ្ងៃមួយ ខ្ញុំពិតជាស្មុគស្មាញខ្លាំងណាស់ ហើយខ្ញុំស្ទើរតែយំ ។ ខ្ញុំបានទូលអង្វរ ហើយអធិស្ឋានសូមកម្លាំងដើម្បីបន្តទៅមុខទៀត ។ នៅគ្រានោះ មិត្តរួមថ្នាក់របស់ខ្ញុំបានផ្ញើសារមួយដែលបង្ហាញពីសេចក្តីស្រឡាញ់របស់នាងចំពោះខ្ញុំ ។ គាត់បានចែកចាយខគម្ពីរមួយ ហើយថ្លែងទីបន្ទាល់ ។ វាបានធ្វើឲ្យខ្ញុំមានកម្លាំង និងការលួងលោមចិត្ត ព្រមទាំងមានសេចក្តីសង្ឃឹមយ៉ាងខ្លាំងនៅគ្រានៃភាពអស់សង្ឃឹមនោះ » ។
ខ្ញុំសូមចែកចាយគំនិតមួយចំនួនដែលខ្ញុំសង្ឃឹមថា នឹងពង្រឹងដល់របៀបដ៏អស្ចារ្យ ដែលអ្នកផ្តល់ការងារបម្រើដល់គ្នាទៅវិញទៅមករួចទៅហើយនោះ ។ ចំណុចទីមួយរបស់ខ្ញុំគឺ ៖ ចូរចងចាំពីបទបញ្ញត្តិទីមួយ ពីមុនអ្នកអនុវត្តបទបញ្ញត្តិទីពីរ ។ យុវជនម្នាក់បានមកឯព្រះអង្គសង្គ្រោះ ហើយទូលសួរទ្រង់ថា ៖
« លោកគ្រូក្នុងបណ្តាក្រឹត្យវិន័យ តើបញ្ញត្តិណាដែលយ៉ាងសំខាន់បំផុត ?
នោះព្រះយេស៊ូវឆ្លើយថា ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង ។
នេះជាបញ្ញត្តយ៉ាងសំខាន់ទីមួយ ។
ហើយបញ្ញត្តទីពីរក៏បែបដូចគ្នាគឺថា ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង » ( ម៉ាថាយ ២២:៣៦–៣៩ ) ។
សមត្ថភាពរបស់អ្នកដើម្បីនាំយកវិធីកាន់តែបរិសុទ្ធនេះទៅដល់អ្នកជិតខាងជាទីស្រឡាញ់របស់អ្នក ដើម្បីមើលថែ និងផ្តល់ការងារបម្រើដល់មនុស្សដទៃ គឺផ្អែកយ៉ាងខ្លាំងទៅលើរបៀបដែលអ្នករក្សាបញ្ញត្តិទីមួយនោះឯង ។
ការងារបម្រើមួយបែបទៀត
មានអំណោយទានដ៏ពិសេស និងមកពីព្រះស្តីពីការងារបម្រើ ដែលអាចកើតមកពីបុគ្គលម្នាក់ដែលស្រឡាញ់ព្រះដោយអស់ពីចិត្តរបស់គាត់ ជាអ្នកដែលមានលំនឹង មានការយល់ល្អពីជីវិត មានភាពខ្ជាប់ខ្ជួន និងនឹងននៅក្នុងសេចក្តីជំនឿរបស់គាត់លើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដែលបានស្តារឡើងវិញ ( សូមមើល អេភេសូរ ៣:១៧; កូល៉ុស ១:២៣; នីហ្វៃទី ១ ២:១០; ម៉ូសាយ ៥:១៥; អាលម៉ា ១:២៥; នីហ្វៃទី ៣ ៦:១៤ ) និងអស់អ្នកដែលគោរពបទបញ្ញត្តិដោយឥតល្អៀង ។
ខ្ញុំសូមផ្តល់ដល់បងប្អូននូវបរិបទដែលបងប្អូនដឹងរួចហើយ ។ នៅទូទាំងពិភពលោក មនុស្សជំនាន់ក្រោយកំពុងបាត់បង់សេចក្តីជំនឿរបស់ពួកគេ ហើយជាពិសេសគឺជំនឿលើសាសនាជាក់លាក់ ។ កាលខ្ញុំរៀនចប់ពីសាកលវិទ្យាល័យ ប៊ី.វ៉ាយ.យូ. ក្នុងឆ្នាំ ១៩៧៥ ចំនួនយុវមជ្ឈិមវ័យ ( អាយុ ១៨ ដល់ ២៤ ឆ្នាំ ) ដែលបានដាក់បញ្ចូលឲ្យរៀនអំពីសាសនាមានជិតដល់ ៩០ ភាគរយ ។ ឥឡូវនេះវាមាននៅត្រឹមតែ ៦៦ ភាគរយប៉ុណ្ណោះ ។ « យុវមជ្ឈិមវ័យមួយភាគបីទាំងស្រុងពុំចូលរួមរៀននឹងសាសនាដែលបានរៀបចំឡើងណាមួយឡើយ » ។២
ក្នុងឆ្នាំ ២០០១ អ្នកប្រាជ្ញសាសនាឈ្មោះ រ៉ូបឺត ស៊ី ហ្វូលើរ បាននិពន្ធសៀវភៅមួយក្បាលមានចំណងជើងថា Spiritual, But Not Religious ។៣ ទំនោរឆ្ពោះទៅរកភាពខាងវិញ្ញាណផ្ទាល់ខ្លួនខាងក្រៅអង្គការសាសនាជាផ្លូវការអាចជារឿងពិតកាលពី ២០ ឆ្នាំមុន ប៉ុន្តែវាពុំសូវពិតទេនៅពេលបច្ចុប្បន្ននេះ ។ យុវមជ្ឈិមវ័យនៅក្នុងសហរដ្ឋអាមេរិកសព្វថ្ងៃអធិស្ឋានមិនសូវញឹកញាប់ មិនសូវជឿលើព្រះ មិនសូវជឿលើព្រះគម្ពីរប៊ីប ហើយមិនសូវជឿលើបទបញ្ញត្តិឡើយ ។៤ វាជារឿងល្ងង់ខ្លៅដើម្បីជឿថា ទំនោរនៃពិភពលោកពុំអាចជះឥទ្ធិពលលើយើងទាំងអស់គ្នាបានឡើយ—សូម្បីតែពួករើសតាំងក្តី ។
ការមើលថែមនុស្សដទៃ ទាំងផ្លូវកាយ និងផ្លូវចិត្ត តម្រូវឲ្យមានចិត្តដែលមិនអាត្មានិយម និងមានការយល់ចិត្ត ។ ការមើលថែនេះជាផ្នែកមួយដ៏សំខាន់នៃដំណឹងល្អ ។ វាត្រូវបានធ្វើឡើងទាំងក្នុង និងក្រៅសាសនាចក្រដោយពួកមនុស្សល្អ ទាំងអ្នកមានជំនឿ និងអ្នកគ្មានជំនឿ ។ មានមនុស្សមានសន្តានចិត្តល្អប្រពៃជាច្រើននៅលើពិភពលោក ហើយយើងអាចរៀនពីពួកគេ ។
ប៉ុន្តែ ជាពិសេសចំពោះសមាជិកដែលជាអ្នកប្រែចិត្តជឿនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺជាការងារបម្រើមួយបែបទៀត ។ ក្នុងនាមជាសិស្សរបស់ព្រះអង្គសង្គ្រោះ យើងមានឱកាសផ្តល់ការងារបម្រើតាមរបៀបមួយ ដែលជួយយើងរក្សាសេចក្តីជំនឿរបស់មិត្តម្នាក់មិនឲ្យជំពប់ដួល ដែលរំឭកមិត្តរួមបន្ទប់តាមរបៀបមួយថា ការអានព្រះគម្ពីរមរមនរៀងរាល់ថ្ងៃ ពិតជានាំមកនូវអព្ភូតហេតុ ហើយដែលបង្ហាញសមាជិកវួដថា បទដ្ឋានរបស់សាសនាចក្រគឺពុំមែនគ្រាន់តែជាច្បាប់នោះទេ ប៉ុន្តែជារបៀបមួយដើម្បីរក្សាយើងឲ្យខិតជិតព្រះ ហើយនាំសុភមង្គលមកដល់យើង ។
មនុស្សម្នាក់ដែលមានចិត្តល្អអាចជួយមនុស្សម្នាក់ប៉ះកង់ឡាន នាំមិត្តរួមថ្នាក់ទៅជួបវេជ្ជបណ្ឌិត ទទួលទានអាហារថ្ងៃត្រង់ជាមួយនឹងមនុស្សម្នាក់ដែលសោកសៅ ឬញញឹម ហើយនិយាយពាក្យសួស្ដីដែលធ្វើឲ្យគាត់មានភាពរីករាយ ។ ប៉ុន្តែអ្នកដែលធ្វើតាមបទបញ្ញត្តិទីមួយនឹងបន្ថែមដោយឯកឯងទៅលើទង្វើនៃការបម្រើសំខាន់ទាំងនេះ ដោយលើកទឹកចិត្តអ្នកដែលកំពុងរក្សាបទបញ្ញត្តិបានល្អ ហើយចែកចាយការទូន្មានឆ្លាតវៃ ដើម្បីពង្រឹងសេចក្តីជំនឿរបស់នរណាម្នាក់ ដែលកំពុងធ្លាក់ ឬអ្នកដែលត្រូវការជំនួយដើម្បីត្រឡប់មកដើរលើផ្លូវដែលធ្លាប់បានដើររួចមកហើយ ។
ខ្ញុំសូមអញ្ជើញអ្នកឲ្យពង្រឹងដល់កិច្ចខិតខំរបស់អ្នក ដើម្បីផ្តល់ការងារបម្រើខាងវិញ្ញាណដល់គ្នាទៅវិញទៅមក ។ ដើម្បីផ្តល់ការងារបម្រើខាងវិញ្ញាណ វាអាចចាប់ផ្តើមជាមួយការដុតនំឃុកឃី ឬលេងកីឡាវាយកូនបាល់ ។ ប៉ុន្តែនៅទីបំផុត របៀបកាន់តែបរិសុទ្ធនៃការងារបម្រើនេះ តម្រូវឲ្យអ្នកបើកដួងចិត្ត និងជំនឿរបស់អ្នក ដោយក្លាហានក្នុងការលើកទឹកចិត្តឲ្យមានការរីកចម្រើនវិជ្ជមានមួយ ដែលអ្នកកំពុងឃើញនៅក្នុងមិត្តម្នាក់ និងការបង្ហាញកង្វល់អំពីអ្វីដែលអ្នកឃើញ ហើយទទួលអារម្មណ៍ថា មិនត្រូវនឹងភាពជាសិស្ស ។
ចូរយើងកុំធ្វើជាមនុស្សដែលមានភាពសុចរិតតែខ្លួនឯងឡើយ ប៉ុន្តែចូរយើងមានចិត្តក្លាហានខាងវិញ្ញាណក្នុងការផ្តល់ការងារបម្រើ តាមមធ្យោបាយមួយកាន់តែបរិសុទ្ធ ជាពិសេសតាមរយៈការពង្រឹងសេចក្តីជំនឿរបស់មនុស្សដទៃ ។ ដើម្បីបំផុសគំនិតដល់អ្នក សូមពិចារណាពីស្ថានភាពដែលអាចកើតមាននេះ ៖
-
អ្នកសង្កេតឃើញថា មិត្តរបស់អ្នកម្នាក់ចំណាយពេលច្រើនលើការលេងវីដេអូហ្គេមតាមទូរសព្ទ ប៉ុន្តែកម្រចូលរួមនិយាយគ្នាទាក់ទងនឹងប្រធានបទដំណឹងល្អណាស់ ។
-
អ្នកដឹងថា សមាជិកវួដម្នាក់អាចមានបញ្ហាជាមួយនឹងការណ៍អាសគ្រាម ។
-
មិត្តរបស់អ្នកចំណាយពេលយ៉ាងច្រើនដើម្បីថតរូប និងបង្ហោះរូបថតរបស់ពួកគេ ដែលជំរុញទៅរកការស្លៀកពាក់មិនសមរម្យ ។
-
អ្នកសង្កេតឃើញថា មានបុគ្គលម្នាក់ដែលហាក់ដូចជាធ្លាប់ចូលចិត្តនិយាយអំពីព្រះគម្ពីរមរមនណាស់ តែឥឡូវនេះមិនដែលនិយាយពីវាសោះ ។
-
អ្នកសង្កេតឃើញថា សមាជិកក្នុងគ្រួសារម្នាក់ហាក់ដូចជាចូលចិត្តទៅព្រះវិហារបរិសុទ្ធ តែឥឡូវនេះមិនទៅព្រះវិហារបរិសុទ្ធសោះ ។
-
អ្នកសង្កេតឃើញថា មិត្តម្នាក់ហាក់ដូចជាធ្លាប់និយាយដោយសេចក្តីជំនឿអំពីការទូន្មានរបស់ព្យាការី តែឥឡូវនេះបែរជានិយាយរិះគន់ព្យាការីទៅវិញ ។
-
អ្នកស្គាល់អ្នកត្រឡប់ពីបេសកកម្មម្នាក់ដែលស្លៀកពាក់មិនសមរម្យដែលឆ្លុះបញ្ចាំងពីសេចក្តីសញ្ញានៃព្រះវិហារបរិសុទ្ធ ។
-
អ្នកសង្កេតឃើញថា សមាជិកវួដម្នាក់ដោះសារដើម្បីទៅកន្លែងផ្សេងៗនៅថ្ងៃអាទិត្យ ជាជាងទៅព្រះវិហារ ។
-
អ្នកដឹងថា មិត្តម្នាក់បានចាប់ផ្តើមមិនទៀងត្រង់ក្នុងរឿងតូចតាច ។
-
អ្នកស្គាល់មនុស្សម្នាក់ដែលមានភាពសប្បាយរីករាយបន្ទាប់ពីត្រឡប់មកពីបេសកកម្មវិញ ប៉ុន្តែឥឡូវនេះភាពរីករាយនោះវាបានរសាយបាត់ទៅ ។
-
អ្នកមានមិត្តភក្តិម្នាក់ដែលយកកិច្ចការពិសិដ្ឋៗមកនិយាយលេងសើច ។
-
អ្នកមានមិត្តម្នាក់ដែលបាក់ទឹកចិត្តដោយសារការណាត់ដើរលេងជាគូរ ហើយបានគិតថា « ព្រះពុំស្រឡាញ់ខ្ញុំទេ » ។
-
អ្នកឃើញសេចក្តីជំនឿរបស់មិត្តម្នាក់ទទួលរងឥទ្ធិពល ដោយសារការបាត់បង់នូវភាពស័ក្តិសម ហើយត្រូវតែប្រែចិត្ត ។
តើអ្នកអាចស្រមៃមើលឃើញពីស្ថានភាពទាំងនេះ ឬស្ថានភាពផ្សេងទៀតដូចនេះដែរឬទេ ? តើមានស្ថានភាពផ្សេងទៀតផុសក្នុងគំនិតរបស់អ្នកដែរឬទេ ? សាវកប៉ុលបានមានប្រសាសន៍ថា « យើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺនិងពួកគ្រប់គ្រង ពួកមានអំណាច និងពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណនៅស្ថានដ៏ខ្ពស់ដែរ » ( អេភេសូរ ៦:១២ ) ។ តម្រូវការដ៏អស្ចារ្យបំផុតមួយនៅទូទាំងពិភពលោកគឺ ត្រូវមានសេចក្តីជំនឿកាន់តែច្រើនឡើងលើព្រះវរបិតាសួគ៌ និងព្រះរាជបុត្រារបស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ និងការមានឆន្ទៈដើម្បីធ្វើតាមបទបញ្ញត្តិឲ្យកាន់តែប្រសើរឡើង ។
ការងារបម្រើដល់បុគ្គលម្នាក់ៗ
ប្រសិនបើយើងធ្វើតាមលំនាំរបស់ព្រះអង្គសង្គ្រោះ នោះការងារបម្រើយើងភាគច្រើននឹងធ្វើឡើងចេញពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ។ ចំពោះស្ត្រីសាសន៍សាម៉ារីនៅឯអណ្ដូងទឹក ព្រះអង្គសង្គ្រោះបានបន្ទូលថា ៖
« អស់អ្នកណាដែលផឹកទឹកនេះ នឹងត្រូវស្រេកទៀត ៖
តែអ្នកណាដែលផឹកទឹកខ្ញុំឲ្យ នោះនឹងមិនស្រេកទៀតឡើយ ។ …
ស្ត្រីនោះក៏ទូលទ្រង់ថា លោកម្ចាស់អើយ សូមឲ្យទឹកនោះមកខ្ញុំផង ដើម្បីកុំឲ្យខ្ញុំស្រេក ។ …
[ បន្ទាប់មក ស្ត្រីនោះទូលថា ] ខ្ញុំដឹងហើយថា [ ព្រះ ] មែស៊ី ដែលហៅជាព្រះគ្រីស្ទ ទ្រង់នឹងយាងមក កាលណាមកហើយ នោះទ្រង់នឹងប្រាប់ឲ្យយើងខ្ញុំដឹងគ្រប់ទាំងអស់ ។
ព្រះយេស៊ូវមានព្រះបន្ទូលថា នោះគឺខ្ញុំនេះហើយ ដែលនិយាយនឹងនាង » ( សូមមើល យ៉ូហាន ៤:១៣–១៥, ២៥–២៦ ) ។
សូម្បីតែនៅក្នុងការប្រកាសអំពីភាពជាព្រះរបស់ទ្រង់ ព្រះយេស៊ូវបានប្រទានការងារបម្រើដល់បុគ្គលម្នាក់ៗ ។
ពុំដូចជាការដូរសំបកពោះវៀនកង់យានយន្តឡើយ ការផ្តល់ការងារបម្រើតែម្តង កម្រនឹងអាចព្យាបាលបញ្ហាខាងវិញ្ញាណបានណាស់ ។ វាត្រូវចំណាយពេលច្រើន ត្រូវនិយាយគ្នា និងបទពិសោធន៍លើកទឹកចិត្តនានា ដែលនឹងជួយស្ថាបនាសេចក្តីជំនឿឡើងវិញ ។ វាកើតឡើងដោយសន្សឹមៗ ពុំមែនម្តងទាំងអស់នោះទេ ។ អ្នកត្រូវផ្តល់ការងារបម្រើម្តងហើយម្តងទៀត ពេលអ្នកជួយនរណាម្នាក់ឲ្យត្រឡប់មករកព្រះវិញ ហើយពឹងផ្អែកលើព្រះអង្គសង្គ្រោះ និងដង្វាយធួនរបស់ទ្រង់ម្តងទៀត ។
ដើម្បីផ្តល់ការងារបម្រើតាមរបៀបរបស់ព្រះអម្ចាស់ យើងត្រូវការជំនួយពីព្រះវិញ្ញាណបរិសុទ្ធ ។ ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ប្រកបដោយអនុភាពស្តីពីប្រធានបទនេះ អំឡុងពេលសន្និសីទទូទៅក្នុងខែមេសា ឆ្នាំ ២០១៨ ៖ « នៅពេលខាងមុខ វានឹងមិនអាចរស់រានខាងវិញ្ញាណបានឡើយ បើគ្មានព្រះចេស្ដាណែនាំ ដឹកនាំ និងលួងលោមចិត្តជាប់ជានិច្ចមកពីព្រះវិញ្ញាណបរិសុទ្ធនោះ » ។៥
ប្រធានណិលសុនបានបន្ថែមទៀតថា « ខ្ញុំសុំជំរុញចិត្តអ្នកឲ្យទៅហួសពីសមត្ថភាពខាងវិញ្ញាណបច្ចុប្បន្នរបស់អ្នកដើម្បីទទួលវិវរណៈផ្ទាល់ខ្លួន » ។៦ លោកបានទូន្មានយើងឲ្យអធិស្ឋាន ស្តាប់ កត់ត្រាគំនិតរបស់យើង ហើយធ្វើសកម្មភាព ។
តើយើងអាចអនុវត្តការណ៍នេះ នៅក្នុងមធ្យោបាយមួយកាន់តែបរិសុទ្ធដែរឬទេ ? ចូរយើងអធិស្ឋាន ស្តាប់ កត់ត្រាគំនិតរបស់យើង ហើយធ្វើសកម្មភាពទាក់ទងនឹងអស់អ្នកដែលអ្នកអាចផ្តល់ការងារបម្រើបាន ។
អធិស្ឋានទូលសូមឱកាសដើម្បីស្ថាបនាសេចក្តីជំនឿនៅក្នុងមនុស្សដទៃ ។ មនុស្សដែលអ្នកជួយទាំងអស់នឹងពុំមែនជាមនុស្សដែលអ្នកស្គាល់នោះទេ ។ កាលព្រះយេស៊ូវបានផ្តល់ការងារបម្រើដល់ស្ត្រីមេម៉ាយនៃស្រុកណាអ៊ីន នោះទ្រង់កំពុងតែធ្វើដំណើរយាងទៅទីក្រុងនោះប៉ុណ្ណោះ ។ ប៉ុន្តែ ទ្រង់បានឃើញនាង ក៏មានសេចក្តីអាណិតអាសូរដល់នាង ហើយបានប្រោសកូនប្រុសនាងពីស្លាប់ឲ្យរស់វិញ ។ ការងារបម្រើរបស់ទ្រង់បានផ្លាស់ប្តូរជីវិតនាង ( សូមមើល លូកា ៧:១១–១៥ ) ។
សូមអធិស្ឋានទូលសូមថា ឱកាសផ្តល់ការងារបម្រើនឹងកើតឡើងដល់អ្នក សូមស្តាប់ សូមកត់ត្រាគំនិតរបស់អ្នក ហើយបន្ទាប់មកត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើសកម្មភាព ពេលមានមនុស្សត្រូវបានដាក់មកលើផ្លូវរបស់អ្នក ។
ខ្ញុំមានការរំជួលចិត្តជានិច្ចដោយការអំពាវនាវរបស់អ្នកសរសេរទំនុកតម្កើងនេះ ៖ « សូមទតទៅខាងស្តាំមើល … ដ្បិតគ្មានអ្នកណាស្គាល់ទូលបង្គំសោះ គ្រប់ទាំងទីពឹងបានបាត់ពីទូលបង្គំចេញហើយ ឥតមានអ្នកណា [ ទាំងបុរស និងស្ត្រី ] រវល់នឹងព្រលឹងទូលបង្គំឡើយ » ( ទំនុកតម្កើង ១៤២:៤ ) ។ ចូរជួយដល់អស់អ្នកដែលមានអារម្មណ៍បែបនេះ ។
សូមទុកពេលឲ្យព្រះវិញ្ញាណ
ដើម្បីមានជំនួយពីព្រះវិញ្ញាណបរិសុទ្ធ យើងត្រូវរៀបចំគំនិត និងដួងចិត្តរបស់យើង ។ នៅក្នុងជំនាន់របស់យើង យើងត្រូវមានវិន័យ និងភាពម្ចាស់ការលើខ្លួនឯង នៅក្នុងរបៀបដែលយើងប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យារបស់យើង ។ នៅក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា Irresistible អ័ដាម អាល់ធើរ បាននិយាយអំពីឥរិយាបថនៃការញៀនបច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយសង្គម ។ គាត់បានស្រង់ពាក្យសម្តីរបស់ ហ្គ្រេហ្គ ហុចមុត វិស្វករម្នាក់ដែលបង្កើត Instagram បានថ្លែងថា « មាន hashtag ផ្សេងមួយទៀតដើម្បីចុចមើលជានិច្ច ។ បន្ទាប់មក hashtag នោះដូចជាមានជីវិតរស់នៅ ដូចជាសរីរៈមួយ ហើយមនុស្សអាចគិតមមៃ » ។៧
លោក អាលធើរ បានបន្ថែមថា ៖ « Instagram ក៏ដូចជាកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើនផ្សេងទៀតដែរ គឺវាគ្មានទីបញ្ចប់ទេ ។ Facebook បញ្ជូលព័ត៌មានមិនចេះចប់ Netflix បន្តទៅរឿងវគ្គបន្ទាប់ទៀតជាស៊េរីដោយស្វ័យប្រវត្តិ Tinder ជំរុញឲ្យអ្នកប្រើប្រាស់បន្តចុចចុះឡើង ដើម្បីស្វែងរកជម្រើសកាន់តែប្រសើរ ។ … យោងតាម ទ្រីស្តាន ហារីស ‹ អ្នកប្រាជ្ញផ្នែករចនាប្លង់ › បញ្ហានោះពុំមែនមនុស្សខ្វះឆន្ទៈនោះទេ វាគឺថា ‹ មានមនុស្សមួយពាន់នាក់ដែលនៅផ្នែកម្ខាងទៀតនៃអេក្រង់នោះ មានមុខងារដើម្បីធ្វើឲ្យច្បាប់ផ្ទាល់ខ្លួនដែលអ្នកមាននោះបរាជ័យ › » ។៨
លោកអាលធើរបានបន្តទៀតថា ៖ « ការចូលចិត្តមួយនៅលើ Facebook និង Instagram ធ្វើឲ្យបុគ្គលនោះ [ មានអារម្មណ៍ល្អ ] ដូចទៅនឹងការផ្តល់រង្វាន់នៃការបញ្ចប់បេសកកម្ម World of Warcraft ដែរ ឬការឃើញថា សារមួយនៅក្នុងកម្មវិធី Tweet របស់អ្នកមានអ្នកប្រើប្រាស់ Tweet រាប់រយនាក់បានចែកចាយសារនោះ ។ មនុស្សដែលបង្កើត និងធ្វើឲ្យបច្ចេកវិទ្យា ហ្គេម និងទំនាក់ទំនងបានប្រសើរឡើងគឺពូកែខាងផ្នែកដែលពួកគេធ្វើ ។ ពួកគេធ្វើការសាកល្បងជាមួយអ្នកប្រើប្រាស់រាប់លាននាក់ ដើម្បីដឹងថា តើកិច្ចការណាមួយដែលផ្លាស់ប្តូរ និងមិនផ្លាស់ប្តូរ—តើពណ៌ផ្ទៃខាងក្រោយ ម៉ូដអក្សរ និងសំឡេងណាមួយដែលធ្វើឲ្យមានអ្នកអានច្រើន និងបន្ថយភាពស្មុគស្មាញ ។ ពេលបទពិសោធន៍មួយកើតឡើង វាហួសពីការអត់ទ្រាំបាន មានប្រសិទ្ធភាពខ្លាំងជាងបទពិសោធន៍ដែលមានពីមុន ។ ក្នុងឆ្នាំ ២០០៤ Facebook គឺជាកម្សាន្តមួយ តែ [ សព្វថ្ងៃនេះ ] វាជាការញៀនហើយ » ។៩
ដើម្បីឲ្យព្រះវិញ្ញាណគង់នៅក្នុងយើង យើងត្រូវមានពេលវេលា និងទុកកន្លែងសម្រាប់ទ្រង់ ។ ចូររៀនទុកទូរសព្ទរបស់អ្នកមួយអន្លើ ។ ចូរដាក់កាលវិភាគដើម្បីប្រើបច្ចេកវិទ្យារបស់អ្នក ។
អំឡុងពេលសន្និសីទទូទៅក្នុងខែមេសាឆ្នាំ ២០១៨ ប្រធាន អិម. រ័សុល បាឡឺដ ប្រធានស្ដីទីក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានមានប្រសាសន៍ថា ៖ « មានមនុស្សជាច្រើនបណ្ដោយឲ្យខ្លួនពួកគេចំណាយពេលយ៉ាងច្រើនលើអ៊ិនធើរណែតជាមួយឧបករណ៍ចល័តរបស់ពួកគេ—ជាអេក្រង់ដែលបំភ្លឺមុខពួកគេទាំងយប់ទាំងថ្ងៃ និងការដាក់កាសស្ដាប់នៅក្នុងត្រចៀកដែលរារាំងពួកគេមិនឲ្យឮសំឡេងតូចរហៀងរបស់ព្រះវិញ្ញាណ ។ បើយើងគ្មានពេលចេញឆ្ងាយពីឧបករណ៍ទាំងនោះទេ យើងអាចនឹងខកខាននូវឱកាសស្ដាប់ឮព្រះសូរសៀងរបស់ទ្រង់ដែលមានបន្ទូលថា ‹ ចូរបង្អង់សិន ហើយឲ្យបានដឹងថា យើងជាព្រះ › [ ទំនុកតម្កើង ៤៦:១០ ] ។ ឥឡូវនេះ ការទាញយកប្រយោជន៍ពីភាពជឿនលឿននៃបច្ចេកវិទ្យាដែលបំផុសគំនិតមកពីព្រះអម្ចាស់គឺមិនមែនជារឿងខុសឆ្គងទេ ប៉ុន្តែយើងត្រូវតែវៃឆ្លាតនៅក្នុងការប្រើប្រាស់វា » ។១០
ពង្រឹងគ្នាទៅវិញទៅមក
អំឡុងពេលខ្ញុំបញ្ចប់ការសិក្សានៅ ប៊ី.វ៉ាយ.យូ. ក្រៅពីខាធីភរិយារបស់ខ្ញុំ ដែលជាអ្នកមានឥទ្ធិពលអស់កល្បជានិច្ចដែលពុំអាចវាស់វែងបាន នោះមានមិត្តភក្តិរួមបន្ទប់ពីរនាក់—ម្នាក់ជាមិត្តមុនបេសកកម្ម និងម្នាក់ទៀតជាមិត្តបន្ទាប់ពីបេសកកម្ម—បានសម្រួចសម្រាំងគ្រឹះខាងវិញ្ញាណរបស់ខ្ញុំយ៉ាងខ្លាំង ។ ម្នាក់ឈ្មោះ រៀដ រ៉ូប៊ីនសុន ឥឡូវនេះគឺជាសាស្ត្រាចារ្យនៅ ប៊ី.វ៉ាយ.យូ. នៅក្នុងផ្នែកទំនាក់ទំនងមនុស្ស ។ ខ្ញុំបានជួបគាត់ពេលបម្រើបេសកកម្ម ហើយក្រោយមកយើងបានក្លាយជាមិត្តភក្តិរួមបន្ទប់ជាមួយគ្នា ។ ការធ្វើតាមបទបញ្ញត្តិដ៏ឥតល្អៀងរបស់រៀដ សេចក្តីស្រឡាញ់របស់គាត់ចំពោះព្យាការី និងទីបន្ទាល់ដ៏រឹងមាំរបស់គាត់អំពីព្រះអង្គសង្គ្រោះ បានពង្រឹងខ្ញុំ និងអស់អ្នកដែលនៅជុំវិញគាត់ ។ ហើយគាត់បានបន្តធ្វើជាគំរូដល់ខ្ញុំអស់រយៈពេល ៤៥ ឆ្នាំកន្លងទៅនេះ ។
មិត្តភក្តិរួមបន្ទប់ម្នាក់ទៀតដែលខ្ញុំបាននិយាយនោះគឺ ធើររេ ប៊ើដ ដែលឥឡូវនេះរស់នៅទីក្រុង សេន ចច រដ្ឋ យូថាហ៍ ស.រ.អា. ។ ខ្ញុំបានជួបធើររេ ពេលយើងរៀននៅវិទ្យាល័យជាមួយគ្នានៅ ប៉ូកាតេឡូ រដ្ឋ អៃដាហូ ស.រ.អា ។ ទោះបីយើងលេងកីឡាវាយកូនបាល់ជាមួយគ្នាក្តី មិត្តភាពរបស់យើងបានកើតឡើង ពេលខ្ញុំបានសង្កេតមើលពីភាពចាស់ទុំខាងវិញ្ញាណរបស់គាត់ ។ គាត់បានចែកចាយការយល់ខាងវិញ្ញាណរបស់គាត់ដោយបើកចំហរនូវអ្វីដែលគាត់មាន និងគោលការណ៍នានានៃជីវិតដែលគាត់បានអាន និងបានរៀន ។ ខ្ញុំមានក្តីរំភើបដែលបានឮរឿងទាំងនេះពីក្មេងអាយុ ១៧ ឆ្នាំម្នាក់ ។ យើងបានសម្រេចចិត្តស្នាក់នៅបន្ទប់ជាមួយគ្នានៅ ប៊ី.វ៉ាយ.យូ. ។
កាលនៅជំនាន់នោះ យើងគ្មានកុំព្យូទ័រទេ ប៉ុន្តែយើងមានម៉ាស៊ីនវាយអង្គុលីលេខ ។ ធើររេបានយកខគម្ពីរដែលមានអត្ថន័យចំពោះគាត់ និងពាក្យដកស្រង់ដែលបណ្តុះឲ្យមានអត្តចរិតល្អ វាយអង្គុលីលេខវា ហើយដាក់វានៅក្នុងប្រអប់តូចមួយ ដើម្បីគាត់អាចមើលវាបានញឹកញាប់ ។ វាជារឿងធម្មតាសម្រាប់គាត់ ដើម្បីមានខគម្ពីរ និងពាក្យសម្តីដកស្រង់ច្រើនជាងមួយពាន់ ដែលភាគច្រើនគាត់បានទន្ទេញវាចាំ ។ ទោះបីខ្ញុំនៅធ្វើការក្តី—សម្អាតបណ្ណាល័យរៀងរាល់ព្រឹកពីម៉ោង ៤ ដល់ម៉ោង ៧ ព្រឹក—ហើយត្រូវទៅរៀនជាច្រើនម៉ោងក្តី នោះខ្ញុំបានចាប់ផ្តើមធ្វើតាមធើររេ ដោយបង្កើតប្រអប់ឯកសារសម្រាប់ខ្លួនខ្ញុំផងដែរ ។
នេះគឺជាពាក្យដកស្រង់មួយដែលខ្ញុំនៅតែចាំទោះបីវាស្ទើរតែជិត ៥០ កន្លងទៅក្តី ៖
គំនិតគឺជាមេអំណាចដែលចាក់ពុម្ព និងនាំឲ្យធ្វើកិច្ចការ ។
ហើយមនុស្សគឺជាគំនិត ហើយគាត់តែងតែយក
ឧបករណ៍នៃគំនិត ហើយសម្រួចសម្រាំងអ្វីដែលគាត់ចង់បាន
នាំមកនូវក្តីរីករាយមួយពាន់ រឿងអាក្រក់មួយពាន់ ៖—
គាត់គិតដោយសម្ងាត់ ហើយវាបានកើតឡើង ៖
បរិស្ថាននៅជុំវិញគាត់គឺគ្រាន់តែជាការឆ្លុះបញ្ចាំងពីអ្វីដែលគាត់គិតប៉ុណ្ណោះ ។១១
ប្រាកដណាស់ ខ្ញុំក៏នៅចាំពីខគម្ពីរដ៏មានអនុភាពដូចខគម្ពីរមួយនេះផងដែរ ៖
« ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា ខ្ញុំជាសេចក្តីរស់ឡើងវិញ ហើយជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើបានស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ ៖
ឯអ្នកណាដែលរស់នៅ ហើយជឿដល់ខ្ញុំ នោះមិនត្រូវស្លាប់ឡើយ » ( យ៉ូហាន ១១:២៥–២៦ ) ។
ធើររេបានជួយខ្ញុំឲ្យដាក់ពាក្យនៃព្រះគម្ពីរ និងពាក្យសម្តីនៃប្រាជ្ញាវាងវៃនៅក្នុងចិត្តខ្ញុំ កាលខ្ញុំជានិស្សិតឆ្នាំទីមួយនៅ ប៊ី.វ៉ាយ.យូ. ដែលមានឥទ្ធិពលពេញមួយជីវិតខ្ញុំ ។ ខ្ញុំមានអំណរគុណចំពោះ រៀដ រ៉ូប៊ីសុន និង ធើររេ ប៊ើដ សម្រាប់ការមើលថែខ្ញុំខាងវិញ្ញាណនៅគ្រាមួយដ៏សំខាន់ ។
នេះគឺជាកំណាព្យមួយចំនួនដែលបាននិពន្ធដោយអ្នកជិតខាងខ្ញុំឈ្មោះ ថូម៉ាស អិល ខេ ៖
សូមអរគុណព្រះដល់អស់អ្នកដែលផ្តល់ភាពធូរស្បើយ
សម្រាប់អស់អ្នកដែលខ្វាយខ្វល់ពិតប្រាកដ
អ្នកដែលឱបមនុស្សទន់ខ្សោយ
ហើយទូលអង្វរសម្រាប់ពួកគេនៅក្នុងការអធិស្ឋាន
សូមអរគុណព្រះដល់អស់អ្នកដែលយល់ចិត្ត
និងអ្នកដែលស្តាប់ពាក្យយើង
អ្នកដែលចេះអង្កេត ឬអ្នកមានទំនាក់ទំនងទន់ភ្លន់
មានន័យលើសពីអ្វីៗទាំងអស់លើពិភពលោកនេះ
សូមអរគុណព្រះដល់អស់អ្នកដែលលើកដៃដែលរោយ
និងចម្រើនកម្លាំងដល់ជង្គង់ដែលញ័រ
អ្នកដែលទៅចុះឡើងស្តារព្រលឹងមនុស្សឡើងវិញ
នៅក្នុងការបម្រើមួយដ៏ស្ងាត់ស្ងៀម ។១២
មិត្តភក្ដិ និងពួកសិស្សជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំសូមធ្វើជាសាក្សីយ៉ាងមុតមាំដល់អ្នកថា ខ្ញុំដឹងថាព្រះអង្គសង្រ្គោះមានព្រះជន្មរស់ ។ ទ្រង់បានមានព្រះជន្មរស់ឡើងវិញ ។ ទ្រង់ដឹកនាំកិច្ចការដ៏បរិសុទ្ធរបស់ទ្រង់ ។ ប្រធានណិលសុនគឺជាព្យាការីរបស់ទ្រង់ដែលបានរើសតាំងឡើងនៅលើផែនដីនេះ ។ ពេលវេលារបស់យើងនៅលើផែនដីនេះគឺមានសារៈសំខាន់អស់កល្ប ។
ខ្ញុំសូមសន្យាថា ពេលអ្នកស្រឡាញ់ព្រះដោយអស់ពីចិត្តអ្នក អធិស្ឋានទូលសូមធ្វើជាឧបករណ៍នៅក្នុងព្រះហស្តទ្រង់ ផ្តល់ការងារបម្រើដល់បុគ្គលម្នាក់ៗ ស្ថាបនាសមត្ថភាពរបស់អ្នកដើម្បីទទួលវិវរណៈ ហើយទុកចិត្តលើព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ នោះព្រះអម្ចាស់នឹងដាក់បុត្រាបុត្រីជាក់លាក់របស់ទ្រង់នៅលើផ្លូវរបស់អ្នក ហើយអ្នកនឹងក្លាយជាពួកទេវតាដែលផ្តល់ការងារបម្រើរបស់ពួកគេ ដោយផ្តល់ពរដល់ជីវិតពួកគេអស់កល្បជានិច្ច ។ អ្នកនឹងផ្តល់ការងារបម្រើតាមមធ្យោបាយមួយកាន់តែបរិសុទ្ធ ។
ខ្ញុំអធិស្ឋានថា នេះគឺជារឿងសំខាន់មួយចំពោះអ្នក ពេលអ្នកបន្តដើរនៅលើផ្លូវដ៏សំខាន់នៃជីវិតរមែងស្លាប់របស់យើង ។ ខ្ញុំសូមផ្តល់ជាសាក្សីយ៉ាងមុតមាំ និងម៉ឹងម៉ាត់អំពីព្រះអង្គសង្គ្រោះ និងតម្លៃអស់កល្បជានិច្ចរបស់អ្នកចំពោះទ្រង់ ហើយទ្រង់នឹងយាងមកម្តងទៀត ហើយនឹងឱបយើងក្នុងនាមយើងជាបុត្រាបុត្រីរបស់ទ្រង់ និងជាសិស្សរបស់ទ្រង់ ។