សារលិខិតគណៈប្រធានទីមួយ
អំណរគុណចំពោះឪពុកម្ដាយ
កែសម្រួលមកពី « វិវរណៈសម្រាប់សាសនាចក្រ វិវរណៈសម្រាប់ជីវិតរបស់យើង » សន្និសីទទូទៅខែ មេសា ឆ្នាំ ២០១៨ ។
ជីដូនជីតាទួតខ្ញុំទាំងប្រាំបីនាក់បានចូលជាសមាជិកសាសនាចក្រនៅទ្វីបអឺរ៉ុប ។ ពួកលោកមានភាពស្មោះត្រង់នៅក្នុងសាសនាចក្រ ។ បន្ទាប់ពីនោះមក ជីដូនជីតាមួយចំនួនរបស់ខ្ញុំពុំបានបន្តរស់នៅតាមដំណឹងល្អទេ ។ ដោយសាររឿងនេះ ឪពុកម្ដាយខ្ញុំពុំបានទៅព្រះវិហារច្រើនទេ កាលខ្ញុំនៅតូច ។
ខ្ញុំស្រឡាញ់ឪពុកម្ដាយរបស់ខ្ញុំ ។ ពួកលោកបានបង្រៀនខ្ញុំនូវមេរៀនសំខាន់ៗជាច្រើន ។ ខ្ញុំពុំអាចថ្លែងអំណរគុណដល់ពួកលោកគ្រប់គ្រាន់ឡើយសម្រាប់ផ្ទះដ៏រីករាយរបស់យើង ។ ប៉ុន្តែតាំងពីក្មេងម៉្លេះ ខ្ញុំបានដឹងថា ខ្ញុំកំពុងខ្វះអ្វីម្យ៉ាង ដោយសារគ្រួសារយើងពុំបានទៅព្រះវិហារច្រើនទេ ។ មានថ្ងៃមួយ ខ្ញុំបានជិះរថយន្តក្រុងមួយទៅបណ្ណាគារ ដើម្បីរកសៀវភៅមួយអំពីសាសនាចក្រ ។ ខ្ញុំចូលចិត្តការរៀនសូត្រអំពីដំណឹងល្អ ។
ពេលខ្ញុំបានរៀនអំពីពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ខ្ញុំបានដឹងថា ឪពុកម្ដាយខ្ញុំពុំបានរស់នៅតាមរបៀបដែលច្បាប់នេះបង្រៀនយើងឲ្យរស់នៅតាមឡើយ ។ ប៉ុន្តែខ្ញុំចង់ឲ្យពួកលោករស់នៅតាមច្បាប់នេះ ! ដូច្នេះនៅថ្ងៃមួយ ខ្ញុំបានបំបែកគ្រប់ដបស្រានៅក្នុងផ្ទះរបស់ខ្ញុំនៅលើកម្រាលស៊ីម៉ង់ត៍ ។ ខ្ញុំបានគិតថា ឪពុកខ្ញុំនឹងដាក់ទោសខ្ញុំ ប៉ុន្តែគាត់មិនបាននិយាយអ្វីជាមួយខ្ញុំអំពីរឿងនោះទេ ។
ពេលខ្ញុំកាន់តែធំឡើង ខ្ញុំបានបន្តរៀនសូត្រអំពីដំណឹងល្អ ។ បានចាប់ផ្តើមយល់ពីផែនការដ៏អស្ចារ្យរបស់ព្រះវរបិតាសួគ៌ ។ ខ្ញុំបានជ្រមុជទឹក កាលខ្ញុំមានអាយុ ១៦ ឆ្នាំ ។ ជារឿយៗ នៅពេលបុណ្យគ្រីស្ទម៉ាស់ ខ្ញុំនិយាយប្រាប់ខ្លួនឯងថា « ខ្ញុំមិនចង់បានអំណោយបុណ្យគ្រីស្ទម៉ាស់ទៀតទេ ! ខ្ញុំគ្រាន់តែចង់ផ្សារភ្ជាប់ជាមួយឪពុកម្ដាយខ្ញុំនៅក្នុងព្រះវិហារបរិសុទ្ធប៉ុណ្ណោះ » ។ ខ្ញុំបានរង់ចាំអស់ជាច្រើនឆ្នាំ ដើម្បីឲ្យសុបិននោះក្លាយជាការពិត ។ ទីបំផុត ពេលឪពុកម្តាយខ្ញុំអាយុជាង ៨០ ឆ្នាំ ពួកយើងបានផ្សារភ្ជាប់ជាក្រុមគ្រួសារ ! ខ្ញុំមានអារម្មណ៍នៃអំណរដ៏ខ្លាំងនៅថ្ងៃនោះ ។ រៀងរាល់ថ្ងៃ ខ្ញុំនៅតែមានអារម្មណ៍រីករាយថា ពួកលោកបានផ្សារភ្ជាប់ជាមួយគ្នា ហើយខ្ញុំបានផ្សារភ្ជាប់ជាមួយពួកលោក ។
ទំព័រផាត់ពណ៌
« សូមបង្ហើរដួងចិត្តរបស់បងប្អូនទៅរកព្រះវរបិតាសួគ៌ ។ សូមងាកមករកទ្រង់ទូលសូមចម្លើយ និងការលួងលោមចិត្ត »—ប្រធាន រ័សុល អិម ណិលសុន ។