២០១៩
ទីបំផុត​បាន​ទៅ​ដល់​ព្រះវិហារ​បរិសុទ្ធ
ខែ មិថុនា ឆ្នាំ ២០១៩


មាន​តែ​ឌីជីថល​ប៉ុណ្ណោះ

ទីបំផុត​បាន​ទៅ​ដល់​ព្រះវិហារ​បរិសុទ្ធ

ការរស់នៅ​លើ​កោះ​តូច​មួយ​នៅ​ប្រទេស​ការីប៊ីន ធ្វើ​ឲ្យ​ការ​ទៅ​ព្រះវិហារ​បរិសុទ្ធ​ហាក់ដូចជា​រឿង​ដែល​ពុំ​អាច​កើត​ឡើង​បាន​ឡើយ ។

អ្នក​និពន្ធ​រស់​នៅ​បាបាដូស ។

កាលពី​ពីរ​បី​ឆ្នាំ​មុន ខ្ញុំ​ពុំ​ធ្លាប់​ឮ​អំពី​ព្រះវិហារ​បរិសុទ្ធ​ទេ ។ បន្ទាប់​ពី​ស្គាល់​ព្រះវិហារ​បាន​ជិត​បី​ឆ្នាំ​កន្លង​មក ព្រះវិហារ​បរិសុទ្ធ​នៅ​តែ​ហាក់​ដូច​ជា​អ្វី​មួយ​ដែល​គ្រាន់តែ​ជា​ការស្រមើរស្រមៃ​ដែល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បង្កើត​ឡើង​តែ​ប៉ុណ្ណោះ ។ នៅ​លើ​កោះ​​តូច​​ក្នុង​តំបន់​ការីប៊ីន​នៃ​ទីក្រុង​បាបាដូស គំនិត​អំពី​ព្រះវិហារ​បរិសុទ្ធ​នៅ​លើ​ផែន​ដី ហាក់បី​ដូចជា​វាគឺ​រឿង​និទាន​វេទមន្ត​មួយ​ដែល​ល្អ​ស្តាប់ប៉ុណ្ណោះ ។ ប្រសិនបើ​ព្រះវិហារ​បរិសុទ្ធ​អស្ចារ្យ​មែននោះ ហេតុអ្វី​គ្មាន​ព្រះវិហារ​បរិសុទ្ធ​មួយ​នៅ​បាបាដូស​ដូច្នេះ ?

មួយ​ឆ្នាំ​បន្ទាប់​ពី​ចូលជា​សមាជិក​សាសនាចក្រ​មក ទីបំផុត​ខ្ញុំ​បាន​យល់​កាន់តែ​ច្បាស់​អំពី​តួនាទី​របស់​ព្រះវិហារ​បរិសុទ្ធ​នៅក្នុង​ជីវិត​យើង ក្នុងនាម​ជា​សមាជិក​សាសនាចក្រពិត​របស់​ព្រះវរបិតាសួគ៌ ។ ខ្ញុំ​ប្រាថ្នា​ចង់​ទៅ​ព្រះវិហារបរិសុទ្ធ​ដែល​នៅជិតជាងគេ​បំផុត​នឹង​កោះ​តូចៗ​របស់​ខ្ញុំ​ខ្លាំង​ណាស់—គឺ​ព្រះវិហារ​បរិសុទ្ធ សាន់ដូម៉ាំងសាធារណរដ្ឋ ដូមីនីក ។

ឧបគ្គស និង​ការរៀបចំ

តម្លៃ​សំបុត្រ​យន្ត​ហោះ​ទៅកាន់​សាធារណៈរដ្ឋ​ដូមីនីក ថ្លៃជាង​ប្រាក់​ដែល​ខ្ញុំ​មាន​បន្តិចបន្តួច​នៅក្នុង​គណនី​ធនាគារ​របស់​ខ្ញុំ​ទៅទៀត ។ ឧបសគ្គ​កើត​ឡើង​បន្ត​បន្ទាប់ ហាក់ដូចជា​ជម្រុញ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា គោលដៅ​ទៅ​ព្រះវិហារ​បរិសុទ្ធ​គឺពុំ​អាច​ធ្វើ​បាន​ទេ ។ ប៉ុន្តែ​ខ្ញុំ​បាន​ធ្វើ​វា​ជាទម្លាប់​មួយ ដោយ​មិន​ភ្លេច​សម្ដី​ប្រធាន ថូម៉ាស អេស ម៉នសុន ( ១៩២៧–២០១៨ ) ថា ៖ « ចូរ​មាន​ព្រះវិហារ​បរិសុទ្ធ​នៅក្នុង​ចិត្ត​របស់​អ្នក​ជានិច្ច ។ ចូរ​កុំ​ធ្វើ​អ្វី​ដែល​នឹង​រារាំង​អ្នក​មិន​ឲ្យ​ចូល​ព្រះវិហារ​បរិសុទ្ធ ហើយ​ទទួល​ទាន​នូវ​ពរជ័យ​ដ៏ពិសិដ្ឋ និង​អស់កល្ប​ជានិច្ច​នៅទីនោះ​នោះឡើយ » ( « The Holy Temple—a Beacon to the World » Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៩៣ ) ។

អំណរ​មួយ​ដ៏អស្ចារ្យ​បំផុត​នៅក្នុង​ជីវិត​នេះ​គឺ​អំណរ​ដែល​កើត​មក​ពី​ព្រះវិហារ​បរិសុទ្ធ ។ ការស្តាប់​ឮ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​និយាយ​អំពី​អំណរ និង​វិញ្ញាណ​នៃ​ភាព​សុខសាន្ត​ដ៏​ច្រើន​លើសលុប​ដែល​ពួកគេ​បាន​មានជានិច្ច ពេល​ពួកគេ​ទៅ​ព្រះវិហារ​បរិសុទ្ធ វា​តែងតែ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ច្រណែន​បន្តិច​បន្តួច ដោយសារ​ទោះបីខ្ញុំ​បន្ត​តាំងចិត្ត​ចំពោះ​សេចក្តីសញ្ញា​ខ្ញុំ​ក្តី ក៏​ខ្ញុំគ្មាន​សំណាង​ដូច​ពួកគេដែរ ព្រោះ​ខ្ញុំ​ពុំ​ទាំង​អាច​ដើរ ឬ​បើកបរ​ទៅ​ព្រះវិហារ​បរិសុទ្ធ​ដែល​ជិត​បំផុត​នោះបានផង ។ ដោយ​សារ​ព្រះវិហារ​បរិសុទ្ធ សាធារណៈរដ្ឋ​ដូមីនីក នៅ​ឆ្ងាយ វា​ហាក់ដូច​ជា​ខ្ញុំ​ពុំ​អាច​ទទួល​ពរជ័យ​ដែល​កំពុង​រង់ចាំ​ខ្ញុំ​នោះបានទេ ។

នៅ​ពេល​ដែល​ខ្ញុំ​បាន​បោះបង់​ក្តីសង្ឃឹម​ទាំងអស់​របស់​ខ្ញុំ​ដើម្បី​ទៅ​ព្រះវិហារ​បរិសុទ្ធ នោះ​ស្រាប់​តែ​មាន​ការធ្វើដំណើរ​មួយ​របស់​ពួកយុវមជ្ឈិមវ័យ​នៅ​បេសកកម្ម បាបាដូស ប្រ៊ីចថោន ទៅ​សាធារណ​រដ្ឋ​ដូមីនីក ដែល​បាន​ធ្វើ​ឲ្យ​ក្តីសុបិន​របស់​ខ្ញុំ​ដើម្បី​ទៅ​ព្រះវិហារ​បរិសុទ្ធ​ក្លាយ​ជាការពិត ។ ការរៀបចំ​គឺ​ជា​គន្លឹះ ។ ការចូល​ព្រះវិហារ​បរិសុទ្ធ​គឺ​ពុំមែន​ជា​រឿង​តូចតាច ឬ​មិន​សំខាន់​នោះ​ទេ ដូច្នេះ​នៅ​ដើម​ឆ្នាំ​នោះ ខ្ញុំ​បាន​ខិតខំ​សម្រប​ខ្លួន​ដើម្បី​បង្កើន​ជីវភាព​ខាង​វិញ្ញាណ​របស់​ខ្ញុំ​យ៉ាង​ខ្លាំង ។ ខ្ញុំបាន​ទទួល​ទាន​សាក្រាម៉ង់​កាន់តែ​យកចិត្ត​ទុកដាក់​ឡើង ខ្ញុំ​បាន​ចាប់ផ្តើម​យក​ចិត្ត​ទុកដាក់​ខ្លាំង​អំឡុងពេល​ប្រជុំ​សាក្រាម៉ង់ ខ្ញុំ​បាន​ថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ នៅពេល​ណា​ដែលខ្ញុំមាន​ឱកាស ហើយ​ខ្ញុំ​បាន​បញ្ឈប់​មិន​ឲ្យ​ឧបករណ៍​អេឡិច​ត្រូនិច​រំខាន​ខ្ញុំ​ទៀត ហើយ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ចំណាយ​ពេលវេលា​របស់​ខ្ញុំ​នៅ​ព្រះវិហារ ដើម្បី​ស្វែងរក​របៀប​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​កាន់តែ​ច្រើន​ថែម​ទៀត ។

ទីបំផុត…

ការរៀបចំ​ខាង​វិញ្ញាណ និង​ភាពស័ក្តិសម​ពីមុន​ចូល​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ប្រាកដ​ថា យើង​នឹង​ទទួល​ពរជ័យ​ដែល​ព្រះវរបិតាសួគ៌​បាន​រៀបចំ​សម្រាប់​យើង ។ បន្ទាប់​ពី​ការលំបាក ការសាកល្បង អស់​រយៈពេល​ជា​ច្រើន​ខែ ព្រមទាំង​លោក​យាយ​ជាទីស្រឡាញ់​របស់ខ្ញុំ​បាន​ទទួល​មរណភាព​ទៀត នោះ គ្មាន​ពាក្យ​ណា​អាច​នឹង​ថ្លែង​ពី​អារម្មណ៍​ដែល​ខ្ញុំ​មាន ពេល​ខ្ញុំ​ឈាន​ជើង​ចូល​បរិវេណ​នៃ​ព្រះវិហារ​បរិសុទ្ធ​សាធារណ​រដ្ឋ​ដូមីនីក​បាន​ឡើយ ។ ពេល​ខ្ញុំ​ឈរនៅ​ទីនោះ​ទាំង​ទឹកភ្នែក នោះ​ខ្ញុំ​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ដែល​ខ្ញុំ​ពុំ​ធ្លាប់​ទទួល​បាន​ពីមុន ។

អំឡុងពេល​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជាច្រើន​ដង នៅក្នុង​ការធ្វើ​ដំណើរនោះ ខ្ញុំ​តែងតែបើក​ព្រះគម្ពីរ​មរមន​របស់​ខ្ញុំ​ទៅ​កាន់​ខគម្ពីរ​ពិសេស​មួយ ។ វា​ជា​ខគម្ពីរ​មួយ​ដែល​ខ្ញុំ​អាន​វា​ជារឿយៗ​ឲ្យ​លោក​យាយ​ខ្ញុំ​ស្តាប់ ទោះបី​គាត់​ពុំ​មែន​ជាសមាជិក​សាសនាចក្រ​ពីមុន​គាត់​មរណភាពក្តី ។ វា​ដកស្រង់​ចេញពី នីហ្វៃ​ទី​១ ៣:៧ ដែល​ចែង​ថា « ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ នីហ្វៃ បាន​និយាយ​ទៅ​ឪពុក​ខ្ញុំ​ថា ៖ ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា ដ្បិត​ខ្ញុំ​ដឹង​ថា ព្រះ​អម្ចាស់​ទ្រង់​មិន​ចេញ​បញ្ជា​ដល់​កូនចៅ​មនុស្ស​ណា​ឡើយ លើក​លែង​តែ​ទ្រង់​នឹង​រៀប​ចំ​ផ្លូវ ដើម្បី​ឲ្យ​គេ​អាច​សម្រេច​នូវ​អ្វីៗ ដែល​ទ្រង់​បាន​បញ្ជា​ដល់​ពួកគេ​ទុក​ជា​មុន​សិន » ។

ខ្ញុំ​ដឹង​​យ៉ាង​ជាក់ច្បាស់​ថា ព្រះវរបិតាសួគ៌​បាន​រៀបចំ​ផ្លូវ​មួយ​ឲ្យ​ខ្ញុំ ដើម្បី​មក​ដល់​ព្រះវិហារ​បរិសុទ្ធ ហើយ​នោះ​គឺ​ដោយសារ​អន្តរាគមន៍​ដ៏ទេវភាព​របស់​ទ្រង់ ដែល​ទីបំផុត​ខ្ញុំ​អាច​ទៅកាន់ទីនោះ​បាន ។ កន្លែង​ណា​ដែល​មាន​ការប្រឆាំង ឬ​ថ្ម​ជំពប់​ដួល​នៅលើ​ផ្លូវ​របស់យើង នោះ​ព្រះវរបិតាសួគ៌​នឹង​រៀបចំ​ផ្លូវ​ឲ្យ​យើង​បន្ត​បោះជំហានទៅ​មុខ ទោះបី​ជា​ផ្លូវ​របស់​យើង​ហាក់​ដូចជា​លំបាក​ក្តី ។ ព្រះវិហារ​បរិសុទ្ធ​គឺពិតជា​កន្លែង​ពិសិដ្ឋ ជាកន្លែង​ដែលយើង​អាច​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​សម្រាប់​យើង​នៅលើ​ផែនដី​នេះ ។