ការរង់ចាំអៀន
អៀនបានសួរថា « តើមានអ្វីបានកើតឡើងចំពោះខ្ញុំ ? » ។
« យើងចូលចិត្តនៅក្នុងថ្នាក់អង្គការបឋមសិក្សា យើងរីករាយដែលអ្នកបានមកចូលរួមដែរ » ( Children’s Songbook ទំព័រ ២៥៦ ) ។
ពេលអៀនភ្ញាក់ឡើង គាត់ឮម្តាយគាត់ច្រៀង ។ វាគឺបទ « ខ្ញុំស្គាល់ក្តីស្នេហ៍ព្រះអង្គ » ។ នោះគឺជាបទថ្នាក់អង្គការបឋមសិក្សាដែលអៀនចូលចិត្ត ! គាត់បានចាប់ផ្តើមច្រៀងតាមម្តាយគាត់ ។
ម្តាយគាត់បាននិយាយថា « កូនដឹងខ្លួនហើយ ! » ម្តាយគាត់ញញឹម ហើយយំ ។ អៀនបានឃើញប៉ារបស់គាត់នៅអង្គុយក្បែរម៉ាក់របស់គាត់ ។ មើលទៅគាត់ក៏សប្បាយចិត្តដែរ ។
ម៉ាក់បាននិយាយថា « ម៉ាក់បានច្រៀងចម្រៀងដែលកូនចូលចិត្តឲ្យកូនស្តាប់រៀងរាល់ថ្ងៃ » ។
អៀនបានញញឹម—ប៉ុន្តែគាត់ឈឺក្បាល ។ តាមពិតទៅ គាត់ឈឺខ្លួនប្រាណទាំងមូល ជាពិសេសជើងរបស់គាត់ ។
គាត់បានមើលបរិវេណជុំវិញដោយយកចិត្តទុកដាក់ ។ គាត់មិននៅផ្ទះទេ ។ គាត់កំពុងដេកនៅលើគ្រែដែកក្នុងបន្ទប់ប្លែកមួយ ។ បន្ទាប់មកគាត់បានឃើញគិលានុបដ្ឋាយិកាម្នាក់ និងគ្រែជាច្រើននៅក្បែរនោះ ។ គាត់បានគិតថា « នេះច្បាស់ជាមន្ទីរពេទ្យហើយ » ។
គាត់បានសួរថា « តើមានអ្វីកើតឡើងចំពោះខ្ញុំ ? »
ទឹកមុខម៉ាក់បានប្រែជាមានទុក្ខ ។ « កូនបានជួបគ្រោះថ្នាក់អាក្រក់មួយ ។ ទ្វារដែកមួយបានរលំលើកូន ។ កូនបាននៅសម្រាកពេទ្យអស់ពីរសប្តាហ៍ហើយ ប៉ុន្តែកូននឹងមិនកើតអ្វីទេ » ។
ពីរសប្ដាហ៍ ! អៀនបានគិតថា « អូ៎ វាជាការដេកដ៏យូរមួយ » ។ រឿងចុងក្រោយដែលគាត់បានចាំនោះគឺ គាត់បាននៅអគារសាសនាចក្រ ហាត់សមកម្មវិធីសម្រាប់ថ្នាក់អង្គការបឋមសិក្សា ។ …
អូ៎ អត់ទេ ! កម្មវិធី !
អៀនបានសួរ « តើខ្ញុំបានខកខានមិនបានចូលរួមកម្មវិធីថ្នាក់អង្គការបឋមសិក្សាឬ ? » គាត់បានទន្ទឹងរង់ចាំកម្មវិធីនោះអស់ពេលជាយូរមកហើយ ! គាត់ចូលចិត្តច្រៀងជាមួយមិត្តភក្តិរបស់គាត់ ។
ម៉ាក់បានញញឹម ហើយគ្រវីក្បាលរបស់គាត់ ។ « អត់ទេ កូនមិនបានខកខាននឹងកម្មវិធីនោះទេ ។ សមាជិកវួដបានសម្រេចចិត្តពន្យាកម្មវិធីនោះ រហូតដល់កូនដឹងខ្លួនឡើងវិញ ដើម្បីកូនអាចចូលរួមកម្មវិធីនោះដែរ » ។
« ពិតមែនឬ ? »
ប៉ាបាននិយាយថា « ពិតមែនហើយ ។ កុមារនៅថ្នាក់អង្គការបឋមសិក្សាទាំងអស់បានសូមប៊ីស្សពឲ្យរង់ចាំសិន ។ ពួកគេចង់ឲ្យកូនទៅកម្មវិធីនោះដែរ ។ ពួកគេបានដឹងថា កូនរំភើបចិត្តខ្លាំងប៉ុណ្ណាចំពោះកម្មវិធីនេះក្នុងឆ្នាំនេះ » ។
អៀនមានចិត្តរីករាយដែលគាត់អាចនៅតែចូលរួមកម្មវិធីថ្នាក់អង្គការបឋមសិក្សា ។ ប៉ុន្តែគាត់ត្រូវតែបានធូរស្បើយជាមុនសិន ។ ហើយវាចំណាយពេលច្រើន ។ គាត់ត្រូវបន្តស្នាក់នៅមន្ទីរពេទ្យមួយរយៈពេលយូរទៀត ។ ទីបំផុតពេលគាត់ត្រឡប់ទៅផ្ទះវិញ គាត់នៅតែមិនអាចដើរ ឬលេងបាន ។
ប៉ុន្តែមិត្តភក្តិរបស់គាត់ត្រូវមកសួរសុខទុក្ខគាត់ ។ អៀនបានសួរពួកគេអំពីសាលារៀន និងព្រះវិហារ ។ ហើយពួកគេបានសួរគាត់ថា តើពេលណាទើបគាត់អាចត្រឡប់មកវិញបាន ។
គាត់បានប្រាប់ពួកគេថា « ខ្ញុំមិនអាចទៅបានទេ រហូតដល់ជើងរបស់ខ្ញុំបានធូរស្បើយសិន ។ ខ្ញុំពុំទាន់ដើរបាននៅឡើយ » ។
ខែតុលាបានបន្តចូលទៅខែវិច្ឆិកា ហើយអៀនបានធូរស្បើយដោយសន្សឹមៗ ។ ថ្ងៃមួយ មិត្តភក្ដិរបស់គាត់បានអញ្ជើញគាត់ឲ្យមក ហើយមើលរឿងជាមួយពួកគេ ។ ម៉ាក់ និងប៉ារបស់អៀនបានជួយយកគាត់ទៅទីនោះ ។
សេសជាមិត្តរបស់គាត់បានសួរគាត់ថា « តើជើងរបស់ឯងនៅតែឈឺទៀតឬ ? »
សេសបានសួរថា « បាទ ។ ប៉ុន្តែវាបានធូរស្បើយជារៀងរាល់ថ្ងៃ » ។
ម៉ារៀបានសួរថា « តើឯងអាចដើរបានហើយមែនទេ ? »
អៀនបានពោលថា « ខ្ញុំមិនដឹងទេ » ។
សេសបាននិយាយថា « អញ្ចឹងសាកល្បងមើល » ។ នាងបានជួយអៀនឲ្យក្រោកឈរ ។ អៀនបានដាក់ជើងរបស់គាត់ចុះក្រោមដោយប្រុងប្រយ័ត្ន ។ គាត់បានរំកិលខ្លួនគាត់ទៅមុខ ។ គាត់ឈរនៅស្ងៀមនៅឡើយ ! វាជាជំហានដំបូងរបស់គាត់ក្នុងរយៈពេលជាងមួយខែ ! មនុស្សគ្រប់គ្នាបានទះដៃ ។
សេសបាននិយាយថា « នេះមានន័យថា ឯងអាចត្រឡប់មកព្រះវិហារវិញហើយ ! »
ហើយនាងពិតជានិយាយត្រូវមែន ! នៅក្នុងរយៈពេលពីរបីសប្តាហ៍ទៀត ទីបំផុតជើងរបស់អៀនបាត់ឈឺ ។ វេជ្ជបណ្ឌិតបានដកប៉ង់ស៊ីម៉ង់ត៍ពីជើងគាត់ចេញ ហើយដាក់រណបជំនួសវិញ ។ នៅពេលថ្ងៃអាទិត្យមកដល់ វាជាពេលសម្រាប់កម្មវិធីថ្នាក់អង្គការបឋមសិក្សា ។
អំឡុងពេលការប្រជុំសាក្រាម៉ង់ អៀនបានដើរទៅខាងមុខសាលាជំនុំជាមួយមិត្តរបស់គាត់ ។ គាត់បានក្រោកឈរយ៉ាងត្រង់ខ្លួន ហើយញញឹមដាក់ម៉ាក់ និងប៉ារបស់គាត់ ។ អំឡុងពេលច្រៀង គាត់បានច្រៀងឮៗតាមដែលគាត់អាចធ្វើបាន ។ ពេលដល់វេនរបស់គាត់ គាត់បានឈរនៅលើវេទិកា ហើយចែកចាយទីបន្ទាល់របស់គាត់ ។ គាត់មានអំណរគុណចំពោះមិត្តភក្តិថ្នាក់បឋមសិក្សារបស់គាត់ ។ ហើយគាត់រីករាយដែលគាត់អាចចូលរួមកម្មវិធីថ្នាក់អង្គការបឋមសិក្សា បន្ទាប់ពីអ្វីៗទាំងអស់បានកើតឡើង ។