២០១៩
ទីបំផុត​ក្តីសុបិន​របស់​ខ្ញុំក្នុង​ការធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​ត្រូវ​បាន​បំពេញ
ខែ មិថុនា ឆ្នាំ ២០១៩


ទីបំផុត​ក្តីសុបិន​របស់​ខ្ញុំក្នុង​ការធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​ត្រូវ​បាន​បំពេញ

ជេន ដានីយ៉ែល ដារ៉ូយ ទីក្រុងអុនតារីយ៉ូ ប្រទេស​កាណាដា

woman on computer

រចនា​រូបភាព​ដោយ ខាធី ដុកគ្រីល

ខ្ញុំ​មាន​ក្តីសុបិន​ដើម្បី​បម្រើ​បេសកកម្ម​ពេញ​ម៉ោង​អស់ជាច្រើន​ឆ្នាំ ។ ប៉ុន្តែ​ពេល​ខ្ញុំ​ទៅ​ផ្ទះ​វិញ​បន្ទាប់​ពី​ខ្ញុំ​រៀន​ចប់​នៅ​សាកលវិទ្យាល័យ ខ្ញុំ​បាន​ដឹង​ថា គ្រួសារ​ខ្ញុំ​ត្រូវការ​ខ្ញុំ​ខ្លាំង​ណាស់ ។ សុខភាព​របស់​ឪពុក​ខ្ញុំ​ទ្រុឌទ្រោម ហើយ​ក្រុមគ្រួសារ​ត្រូវការ​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ខ្លាំងណាស់ ។ ក្នុង​នាម​ជា​កូន​ច្បង​គេ​នៃ​គ្រួសារ​ដែល​មាន​កូន​បួន​នាក់ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​គួរតែ​នៅ​ផ្ទះ ហើយ​ជួយគ្រួសារ ។ ព្រះវរបិតាសួគ៌​ប្រទាន​ពរ​ដល់​ខ្ញុំ​ឲ្យ​មាន​ការងារ​សមរម្យ​មួយ ។ ទោះបី​វា​ពុំ​បាន​ចំណូល​ច្រើន​ក្តី តែ​វា​គ្រប់គ្រាន់​សម្រាប់​ការចំណាយ​របស់​ខ្ញុំ ។

ពេល​ណា​ដែល​ខ្ញុំ​ត្រូវបាន​គេ​សួរ​អំពី​ការ​បម្រើ​បេសកកម្ម​ពេញ​ម៉ោង នោះ​ខ្ញុំ​បាន​ឆ្លើយ​ថា ខ្ញុំ​នឹង​ទៅ​បម្រើ ។ ប៉ុន្តែ គ្រប់ពេល​ដែល​ខ្ញុំ​និយាយ​ពាក្យ​នេះ ម្តាយ​របស់​ខ្ញុំ​បាន​មើល​មក​ខ្ញុំ​ដោយ​ក្តី​រំភើប លាយឡំ​នឹង​ក្តីព្រួយ​នៅក្នុង​ក្រសែ​ភ្នែក​គាត់ ។ ខ្ញុំ​បាន​ដឹង​ថា ប្រសិនបើ​ខ្ញុំ​ត្រូវបាន​សុំ​ឲ្យ​ទៅ​បម្រើ​បេសកកម្ម នោះ​គាត់​នឹង​និយាយ​យល់​ព្រម ហើយទុក​ការខ្វល់ខ្វាយ​អំពី​ការបាត់បង់​ចំណូល​ក្នុង​គ្រួសារ​ដោយ​ស្ងប់ស្ងាត់​ក្នុង​ចិត្ត​គាត់ ។​

ពីរបី​ឆ្នាំ​បាន​កន្លង​ផុត​ទៅ ហើយ​អ្នក​កាន់បព្វជិតភាព​ស័ក្តិសម​ម្នាក់​បាន​សុំ​ខ្ញុំ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គាត់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ខ្ញុំ​បាន​យល់​ព្រម ហើយ​ក្រោយ​មក យើង​មាន​ពរ​ដែល​មាន​កូន​បី​នាក់—ស្រីពីរនាក់ និង​ប្រុស​ម្នាក់ ។ អំណរ​ដ៏ធំ​មហិមា​របស់​យើង​គឺនៅពេល​កូន​ប្រុស​របស់យើង​បាន​ចេញ​បម្រើ​បេសកកម្ម​របស់​គាត់ ។ វិញ្ញាណ​នៃ​ការលួងលោម និង​ភាពសុខសាន្តបាន​បំពេញ​ក្នុង​គេហដ្ឋាន​យើង ។ វា​ទំនង​ចំពោះ​ខ្ញុំ​ថា ផ្នែក​មួយ​នៃ​បំណង​ប្រាថ្នា​របស់​ខ្ញុំ​ចង់​បម្រើ​បេសកកម្ម​ត្រូវបាន​បំពេញ ។

ខ្ញុំ​មាន​ចិត្ត​រំភើប​ជា​ខ្លាំង ពេល​កូន​ស្រី​ច្បង​របស់​ខ្ញុំ​បាន​និយាយ​ថា គាត់​ក៏​ចង់​បម្រើ​បេសកកម្ម​ផងដែរ ។ រៀងរាល់​សប្តាហ៍​នៅ​ក្នុង​តំបន់​បេសកកម្ម គាត់​បាន​ផ្ញើ​រឿង​នានា​អំពី​កិច្ចការ​របស់​គាត់​មក​ឲ្យ​ខ្ញុំ ។ ទីបន្ទាល់​របស់​គាត់​បាន​បំផុសគំនិត​ខ្ញុំ និង​បំពេញ​ចិត្ត​ខ្ញុំ​នូវ​ស្មារតី​នៃ​ការធ្វើជាអ្នក​ផ្សព្វផ្សាយ​សាសនា ។ ខ្ញុំ​បាន​អធិស្ថាន​ដើម្បី​ទទួលបាន​ឱកាស​បម្រើ​បេសកកម្ម​ជា​រៀង​រាល់​ថ្ងៃ ។

ថ្ងៃ​មួយ ខ្ញុំ​ទទួល​ការបំផុសគំនិត​ឲ្យ​សួរ​មិត្ត​ម្នាក់​តាម​សារ​ឯកជន​មួយ នៅតាម​បណ្តាញ​ផ្សព្វផ្សាយ​សង្គម ដោយ​សួរ​គាត់​ថា តើ​គាត់​ចាប់អារម្មណ៍​ចង់​ជួប​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែរ​ឬទេ ? នាង​បាន​ឆ្លើយ​ថា « ចា៎ស​ខ្ញុំ​ចង់​ជួប ! » ខ្ញុំ​បាន​បំពេញ​ទម្រង់​បែបបទ​ផ្តល់​អ្នក​រៀន​តាម​អ៊ិនធើរណែត​នៅ​គេហទំព័រ LDS.org ហើយ​មិនយូរ​ប៉ុន្មាន​ក្រោយ​មក ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ចាប់ផ្តើម​បង្រៀន​គាត់ ។ ក្នុង​រយៈពេល​បី​ខែ គាត់​បាន​ចូល​ជា​សមាជិក​សាសនាចក្រ​ ។ កូនៗ​របស់​គាត់​បាន​ចូល​ជា​សមាជិក​សាសនាចក្រ​ពីរបី​ខែ​ក្រោយ​មក ។ ពេល​ព្រះវិញ្ញាណ​បាន​ដឹកនាំ​ខ្ញុំ នោះ​ខ្ញុំ​បាន​អញ្ជើញ​មិត្តភក្តិ​ផ្សេង​ទៀត​ឲ្យ​ស្តាប់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ពេល​កូន​ស្រី​របស់​ខ្ញុំ​ត្រឡប់​មក​ពីបេសកកម្ម​វិញ ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា ខ្ញុំ​បាន​បំពេញ​ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​រយៈពេល ១៨ ខែ​ផងដែរ ។

ព្រះវរបិតាសួគ៌​បាន​ជ្រាបដឹង​ពី​បំណង​ប្រាថ្នា​នៃដួងចិត្ត​ខ្ញុំ និង​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​គ្រួសារ​ខ្ញុំ និង​រូប​ខ្ញុំ ។ ខ្ញុំ​មាន​អំណរ​គុណ​ដែល​ទ្រង់​បាន​ប្រទាន​ដល់​ខ្ញុំ​នូវ​បំណង​ប្រាថ្នា​ខ្ញុំ ដើម្បី​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ដែល​វា​បាន​ដក់​ក្នុង​ចិត្ត​ខ្ញុំ​អស់​ពេល​ជា​យូរ​មក​ហើយ ។