ការជួយមនុស្សដទៃឲ្យទទួលការព្យាបាលរបស់ព្រះអម្ចាស់
អ្នកនិពន្ធរស់នៅរដ្ឋយូថាហ៍ ស.រ.អា. ។
យើងអនុវត្តជំនាញនៃអង្គព្យាបាល ពេលយើងជួយនាំពរជ័យនៃការព្យាបាលរបស់ព្រះអម្ចាស់ ដល់អស់អ្នកដែលរងទុក្ខខាងរាងកាយ ផ្លូវចិត្ត និងជំងឺខាងវិញ្ញាណ ។
នៅថ្ងៃអាទិត្យមួយខ្ញុំបានអានខគម្ពីរ « ប្រាកដមែន យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា នេះហើយជាដំណឹងល្អរបស់យើង ហើយអ្នករាល់គ្នាស្គាល់ការណ៍ទាំងឡាយ ដែលអ្នករាល់គ្នាត្រូវធ្វើនៅក្នុងសាសនាចក្ររបស់យើង ដ្បិតកិច្ចការទាំងឡាយដែលអ្នករាល់គ្នាបានឃើញយើងធ្វើយ៉ាងណា នោះអ្នករាល់គ្នាត្រូវធ្វើយ៉ាងនោះដែរ » ( នីហ្វៃទី ៣ ២៧:២១ ការគូសបញ្ជាក់បានបន្ថែម ) ។
ខ្ញុំបានគិតតែឯងថា « តើកិច្ចការរបស់ព្រះគ្រីស្ទនៅលើផែនដីនេះមានអ្វីខ្លះ ? » ខ្ញុំបានគិតពីកិច្ចការសំខាន់ពីរ ៖ ការបម្រើ និងការព្យាបាល ។ ការបម្រើខ្ញុំអាចធ្វើបាន ប៉ុន្តែចុះការព្យាបាលវិញនោះ ? ប្រាកដណាស់ ខ្ញុំគ្មានសមត្ថភាពដើម្បីព្យាបាលមនុស្សដទៃ—ឬសូម្បីតែខ្លួនខ្ញុំឡើយ ?
ថ្មីៗនេះ ខ្ញុំកំពុងនៅទទួលការជាសះស្បើយពីការវះកាត់មួយ ដែលបានកើតឡើងដោយសារប្រតិកម្មអាលែកស្ស៊ីធ្ងន់ធ្ងរ ។ រំភេចនោះ ខ្ញុំបានគិតអំពីមនុស្សដែលបានជួយខ្ញុំនៅក្នុងដំណើរការនៃការព្យាបាលរបស់ខ្ញុំ ហើយពួកគេមានច្រើននាក់ណាស់ ។ ប្រសិនបើពួកគេអាចជួយខ្ញុំឲ្យជាសះស្បើយបាន តើខ្ញុំពុំអាចធ្វើការណ៍នេះចំពោះមនុស្សដទៃទេឬ ?
យើងម្នាក់ៗអាចរៀនពីជំនាញនៃអង្គព្យាបាលបាន ។១ យើងមានមនុស្សជាច្រើនដែលរងទុក្ខដោយជំងឺខាងរូបកាយ សតិអារម្មណ៍ និងខាងវិញ្ញាណ ជាអ្នកដែលនឹងមានពរដោយសារជំនួយរបស់យើង ។
ការសួរសុខទុក្ខអ្នកឈឺ
ម៉ូសាយ ៤:២៦ បានចែងថា « យើងចង់ឲ្យអ្នករាល់គ្នា ចែករំលែកនូវទ្រព្យរបស់ខ្លួន ដល់ អ្នកទាល់ក្រ មនុស្សម្នាក់ៗស្របតាមអ្វីដែលគេមាន ដូចជាឲ្យ អាហារដល់អ្នកអត់ឃ្លាន ឲ្យសំលៀកបំពាក់ដល់អ្នកអាក្រាត ទៅមើលអ្នកឈឺ ហើយជួយគាំទ្រដល់គេ ទាំងខាងវិញ្ញាណ និងខាងសាច់ឈាម ស្របទៅតាមសេចក្ដីត្រូវការរបស់គេ » ។
ការមានជំងឺ—ទោះខាងរូបកាយ ផ្លូវចិត្ត ឬខាងវិញ្ញាណក្តី—អាចធ្វើឲ្យយើងមានអារម្មណ៍ឯកោ ។ មនុស្សចំណាយពេលជាច្រើនម៉ោងតែឯងនៅលើគ្រែដេក ឬនៅមន្ទីរពេទ្យ ដោយព្យាយាមទទួលការព្យាបាល ហើយវាងាយនឹងធ្វើឲ្យវិញ្ញាណរបស់ពួកគេទន់ខ្សោយ ។ ពេលមានក្តីព្រួយបានកើនឡើង ការសួរសុខទុក្ខពីមិត្តភក្ដិដែលមានចិត្តខ្វាយខ្វល់ ឬពីសមាជិកគ្រួសារម្នាក់អាចនាំពន្លឺមកក្នុងជីវិតយើង ។
របៀប ដែលយើងសួរសុខទុក្ខអ្នកជំងឺក៏អាចជារឿងសំខាន់ផងដែរ ។ ស្ត្រីមួយចំនួនបានឆ្លើយតបនឹងសំណួររបស់ខ្ញុំ ដែលបានសួរអំពីរបៀបដែលមនុស្សដទៃបានជួយពួកគេឲ្យឆ្លងកាត់ដំណើរការនៃជាសះស្បើយ ។ ជូឌីមកពីរដ្ឋអារីហ្សូណា ស.រ.អា. បានថ្លែងថា « ការស្តាប់ … [ គឺ ] ជាជំនួយមួយដ៏អស្ចារ្យនៅក្នុងគ្រាលំបាក ។ គឺការស្តាប់ ពុំមែន ការវិនិច្ឆ័យនោះទេ » ។ ការស្តាប់ដោយអត់ធ្មត់ ដោយស្មោះសរ និងដោយក្តីស្រឡាញ់គឺជាការជួយជ្រោមជ្រែងដ៏មានតម្លៃ ដល់អស់អ្នកដែលកំពុងព្យាយាមឲ្យបានជាសះស្បើយ ។
លីដាមកពីរដ្ឋកាលីហ្វូញ៉ា ស.រ.អា. បានចែកចាយរបៀបដែលការសួរសុខទុក្ខរបស់មិត្តម្នាក់បានជួយគាត់ ៖ « ខ្ញុំចាំមនុស្សពិសេសទាំងនោះនៅក្នុងជីវិតខ្ញុំ—ជាពិសេសអស់អ្នកដែលពិតជាបានស្តាប់ ហើយបានបង្ហាញឲ្យឃើញការទូន្មានដ៏ផ្អែមល្ហែមពីព្រះវិញ្ញាណ ។ បន្ទាប់ពីក្លាយជាស្ត្រីមេម៉ាយនៅវ័យ ៣០ ឆ្នាំ ដោយមានកូនប្រាំនាក់មក ខ្ញុំមានអារម្មណ៍ថា សេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានកាន់តែខ្លាំងឡើង ដោយសារមិត្តដ៏ល្អរបស់ខ្ញុំម្នាក់ឈ្មោះខារ៉ែន ។ គាត់ដឹងពីតម្រូវការខ្ញុំ ហើយគាត់ស្តាប់ខ្ញុំជានិច្ច ។ ខ្ញុំពុំធ្លាប់មានអារម្មណ៍ឯកោឡើយ ពេលគាត់រំឭកខ្ញុំជាប់ជានិច្ចអំពីចំណងដ៏ល្អប្រពៃដែលខ្ញុំមាន ក្នុងនាមជាបុត្រីរបស់ព្រះ » ។
ជាពិសេសបងប្អូនប្រុសស្រីដែលផ្តល់ការងារបម្រើអាចធ្វើជំនាញនៃអង្គព្យាបាលនេះបាន ។ វាមានសារៈសំខាន់ ដើម្បីដឹងពីតម្រូវការរបស់អស់អ្នកដែលរងទុក្ខ ។ ជួនកាល ទៅសួរសុខទុក្ខខ្លីមួយដ៏សមរម្យ ដោយសារពួកគេនឿយហត់ ។ ជួនកាល ពួកគេឯកោ ហើយអផ្សុក ដូច្នេះការទៅសួរទុក្ខរយៈពេលយូរនឹងបំពេញតម្រូវការរបស់ពួកគេ ។ វាក៏សំខាន់ផងដែរ ដើម្បីដឹងពីបុគ្គលិលក្ខណៈរបស់ពួកគេ ។ អ្នកខ្លះចូលចិត្តភាពឯកជន និងភាពស្ងប់ស្ងាត់ ឯអ្នកផ្សេងទៀតចង់បានទំនាក់ទំនង និងការជួយជ្រោមជ្រែងច្រើន ។ ដំបូងយើងគួរកំណត់ពីតម្រូវការពួកគេសិន បន្ទាប់មកឈោងទៅជួយពួកគេតាមតម្រូវការនោះ ។
ទទួលបន្ទុកគ្នាទៅវិញទៅមក
អាលម៉ាបានពិពណ៌នាយ៉ាងស្ទាត់ជំនាញ អំពីការតាំងចិត្តយើងដើម្បីធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ពេលលោកបានសួរពួកអ្នកជឿនៅក្នុងព្រះគម្ពីរមរមន ប្រសិនបើពួកគេចង់ « ចូលរួមក្នុងក្រោលនៃព្រះ ហើយដើម្បីឲ្យបានហៅថា ជារាស្ត្ររបស់ទ្រង់ ហើយ [ យល់ ] ព្រមទទួលបន្ទុកគ្នាទៅវិញទៅមក ដើម្បីឲ្យបន្ទុកនោះបានស្រាល » ( ម៉ូសាយ ១៨:៨ ) ។
យើងម្នាក់ៗរែកបន្ទុកច្រើនប្រភេទ ។ បន្ទុកទាំងនោះភាគច្រើនមានការលំបាកដើម្បីដោះស្រាយ ពេលយើងមានជំងឺ ឬមានជំងឺខាងផ្លូវចិត្ត ឬការលំបាកខាងវិញ្ញាណ ។ ជំនាញមួយនៃអង្គព្យាបាល គឺជួយរែកបន្ទុករបស់មនុស្សដទៃ ពេលពួកគេរងទុក្ខ ។
ស្សាណាន់មកពីរដ្ឋ យូថាហ៍ ស.រ.អា. បានចែកចាយរបៀបដែលអ្នកជិតខាងរបស់គាត់បានជួយគាត់ ៖ « នៅថ្ងៃដែលយើងបានកប់សពកូនប្រុសរបស់យើង យើងបានត្រឡប់មកពីទីកប់សពវិញ ដោយឃើញអ្នកជិតខាងយើងបានមកជួបជុំគ្នានៅប៉ុន្មានម៉ោងនោះ ដើម្បីរៀបចំទីធ្លារបស់យើងឲ្យបានស្រស់បំព្រងឡើងវិញទាំងស្រុង ខណៈយើងនៅពិធីបុណ្យសពកូនប្រុសខ្ញុំ ។ ពួកគេបានដាំគុម្ពឈើ ដើមឈើ និងផ្កា ហើយថែមទាំងដាំស្មៅថ្មីដ៏ស្រស់ស្អាតទៀតផង ។ នៅក្នុងក្តីទុក្ខព្រួយដែលពុំអាចពិពណ៌នាបានរបស់យើង ការបង្ហាញសេចក្តីស្រឡាញ់ និងការជួយជ្រោមជ្រែងដ៏ចេះគិតគូររបស់ពួកគេ បានចាប់ផ្តើមដំណើរការនៃការព្យាបាលសម្រាប់យើង ។ យើងត្រូវបានរំឭកថា សេចក្តីស្រឡាញ់ និងជីវិតគឺជាភាពអស់កល្បរៀងរាល់ឆ្នាំ ពេលទីធ្លាផ្ទះដ៏ស្រស់ស្អាតរបស់យើងបានត្រឡប់មករស់រានមានជីវិតវិញ ។ [ វាពិតជា ] បទពិសោធន៍មួយពិសិដ្ឋ និងជានិមិត្តរូប ដែលយើងនឹងពុំភ្លេចវាទេ » ។
ពេលខ្ញុំត្រូវបានធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីកសុដន់ ខ្ញុំកំពុងបម្រើជាប្រធានសមាគមសង្គ្រោះ និងកំពុងធ្វើការសម្រាប់ការបោះឆ្នោតឡើងវិញនៅក្នុងក្រុមប្រឹក្សានៅទីក្រុងរបស់យើង ។ ស្វាមីខ្ញុំបានបាត់បង់ការងារ ហើយយើងបានជួបនឹងការសាកល្បងធ្ងន់ធ្ងរជាច្រើនទៀត អំឡុងគ្រានោះ ។ ទីប្រឹក្សារបស់ខ្ញុំបានសម្រេចចិត្តធ្វើតាមឃ្លា « រែកបន្ទុកគ្នាទៅវិញទៅមក » ដោយស្មោះសរ ហើយបានជួយរំលែកបន្ទុកដែលខ្ញុំកំពុងរែក ។ ប៊ីស្សពរបស់ខ្ញុំបានយកការទទួលខុសត្រូវមួយចំនួនរបស់ខ្ញុំ ។ ស្វាមីខ្ញុំបានយកកាតព្វកិច្ចជាច្រើនក្នុងការចម្អិនម្ហូប និងធ្វើការងារផ្ទះ ។ ខ្ញុំពិតជាបានឃើញដោយរាបសាថា បន្ទុករបស់ខ្ញុំពុំត្រូវបានដកយកចេញនោះទេ ប៉ុន្តែមានមនុស្សជាច្រើនបានជួយរែកបន្ទុកនោះ ជាអ្នកដែលបានអនុវត្តជំនាញនៃអង្គព្យាបាល ។
ការលួងលោម
អាលម៉ាក៏បានបង្រៀនថា អ្នកដើរតាមព្រះគ្រីស្ទ « ព្រមទួញយំជាមួយនឹងអ្នកណាដែលទួញយំ មែនហើយ ហើយកម្សាន្តទុក្ខដល់អស់អ្នកណាដែលកំពុងត្រូវការកម្សាន្តទុក » ( ម៉ូសាយ ១៨:៩ ) ។
ការផ្តល់ការលួងលោមរួមមាន ក្តីអាណិតអាសូរ សន្តានចិត្តល្អ ចេះគិតគូរ ខ្វាយខ្វល់ ស្រឡាញ់ និងមានចិត្តសប្បុរស ។ វាជាការបង្ហាញក្តីស្រឡាញ់ដល់អ្នកដែលឈឺ ឬរងទុក្ខដោយដៃនៃសេចក្តីស្រឡាញ់ ដើម្បីជួយពួកគេប្រឈមមុខនឹងការរងទុក្ខរបស់ពួកគេ ។
ឡោន ( ឈ្មោះត្រូវបានផ្លាស់ប្តូរ ) បានប្រឈមមុខនឹងការលំបាកខាងវិញ្ញាណ និងខាងសីលធម៌ ហើយបានសញ្ជឹងគិតពីបទពិសោធន៍របស់គាត់ជាមួយមនុស្សដទៃដែលបានលួងលោមគាត់ ៖ « ពួកគេបានមើលខ្ញុំហួសពីអ្វីដែលជាខ្ញុំក្នុងពេលបច្ចុប្បន្ននេះ ហើយបានឃើញពីសក្តានុពលដែលបានសន្យារបស់ខ្ញុំ សក្តានុពលដែលអាចក្លាយជាមនុស្សម្នាក់ដែលប្រសើរជាង ឆ្លាតជាង មានសន្តានចិត្តល្អជាង ។ ខ្ញុំបានក្រឡេកមើលខ្លួនខ្ញុំកាលពីមុន ហើយជួនកាល មានអារម្មណ៍មិនល្អដោយមានភាពអាម៉ាស់បន្តិចបន្តួចពីភាពល្ងង់ខ្លៅរបស់ខ្ញុំ—ការខ្មាសអៀនបន្តិចបន្តួចចំពោះរបៀបនៃការរំលង និងអំពើបាបរបស់ខ្ញុំ ។ ប៉ុន្តែថ្នាំនៃការព្យាបាលដូចជា ព្រះគុណ សេចក្តីមេត្តាករុណា ការអភ័យទោស និងសេចក្តីស្រឡាញ់ តែងតែកើតឡើងបន្ទាប់ពីការឈឺចាប់នៃភាពអាម៉ាស់ និងការខ្មាសអៀន ។ ពេលខ្ញុំឃើញមានមនុស្សនៅជុំវិញខ្ញុំបង្ហាញអ្វីៗទាំងនោះដល់ខ្ញុំ នោះការឈឺចាប់នោះបានរសាត់ចេញទៅ ។ ហើយខ្ញុំឃើញពួកគេកំពុងជួយខ្ញុំឲ្យបានជាសះស្បើយ ។ ប្រហែលវាត្រឹមត្រូវជាងដើម្បីនិយាយថា ពួកគេបានបង្កើតបរិយាកាសសុវត្ថិភាពមួយនៅជុំវិញខ្ញុំ—ប្រហែលវាជាសសៃសូត្រនៃព្រះគុណ—ដែលនៅក្នុងព្រះអង្គសង្គ្រោះជាអង្គព្យាបាលដ៏កំពូលអាចព្យាបាលខ្ញុំបាន ។ ផ្លាស់ប្ដូរខ្ញុំ ។ ផ្លាស់ប្ដូរចិត្តខ្ញុំ » ។
ផ្នែកសំខាន់មួយនៃការលួងលោមអ្នកឈឺគឺ បង្វែរពួកគេទៅរកអង្គព្យាបាលដ៏កំពូល ។ សាព្រីណាមកពីរដ្ឋយូថាហ៍បាននិយាយថា « គ្មានការព្យាបាលណាប្រសើរជាងនរណាម្នាក់ដែលជួយអ្នកឲ្យដឹងពីតម្រូវការ ឬត្រឡប់ទៅកាន់ព្រះវិញឡើយ ។ វាអាចជាការរំឭកអំពីអ្វីដែលអ្នកដឹងរួចហើយ—ថាអ្នកកំពុងតែព្យាយាមខ្លាំងឡើងជាងដែលអ្នកត្រូវធ្វើ ធ្វើអ្វីៗតែម្នាក់ឯង ហើយពុំពឹងផ្អែកពិតប្រាកដលើព្រះ » ។
ការលួងលោមអ្នកឈឺ និងការជួយពួកគេឲ្យមានភាពវិជ្ជមាន តម្រូវឲ្យមានការស្តាប់ព្រះវិញ្ញាណ ។ នៅក្នុងគ្រាមួយនៃជីវិតខ្ញុំ ខ្ញុំពុំបានដេកលក់ស្កប់ស្កល់អស់រយៈពេលជាច្រើនខែ ជាទូទៅខ្ញុំដេកបានតែពីរបីម៉ោងប៉ុណ្ណោះរៀងរាល់យប់ ដោយការដេកពុំស្កប់ ។ ខ្ញុំមានជំងឺថប់បារម្ភ និងនឿយហត់ធ្ងន់ធ្ងរ ហើយខ្ញុំបានជួបនឹងវេជ្ជបណ្ឌិតជាច្រើនរូប ប៉ុន្តែវាគ្មានប្រយោជន៍អ្វីឡើយ ។ ទីបំផុត មិត្តភក្ដិម្នាក់របស់ខ្ញុំបានណែនាំខ្ញុំឲ្យជួបវេជ្ជបណ្ឌិលពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលវេជ្ជបណ្ឌិតរូបនោះបានធ្វើរោគវិនិច្ឆ័យត្រឹមត្រូវមួយដល់ខ្ញុំ ។ ប៉ុន្តែអ្វីដែលគាត់បាននិយាយបន្ទាប់នោះគួរឲ្យភ្ញាក់ផ្អើល ៖ « មើរីលីរឿងដ៏សំខាន់បំផុតមួយដែលអ្នកត្រូវធ្វើនោះគឺបង្វែរការថប់បារម្ភរបស់អ្នកទៅកាន់ព្រះ » ។ បន្ទាប់មកគាត់បានលើកទឹកចិត្តខ្ញុំឲ្យពិចារណារៀងរាល់ថ្ងៃអស់មួយរយៈពេលខ្លីស្តីពី « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ៖ ទីបន្ទាល់នៃពួកសាវក » ។
ខ្ញុំបានព្យាយាមពិចារណាពីរបីដងដោយគ្មានជោគជ័យ ប៉ុន្តែខ្ញុំត្រូវការការព្យាបាលជាខ្លាំង ។ នៅថ្ងៃបន្ទាប់មក ខ្ញុំបានពិចារណាដោយស្ងាត់ស្ងៀមអំពីពាក្យដ៏មានអនុភាព « យើងសូមថ្វាយនូវទីបន្ទាល់របស់យើង អំពីសគុណភាពនៃការបូជាដ៏មហិមារបស់ទ្រង់ដែលធួននឹងបាប » ។២ ខ្ញុំមានអារម្មណ៍រំជួលចិត្ត ពេលខ្ញុំបានចាប់ផ្តើមពិចារណាអំពីទីបន្ទាល់របស់អង្គព្យាបាលដ៏កំពូល ហើយបានដឹងថា ខ្ញុំបានរកឃើញការលួងលោម និងភាពសុខសាន្តក្នុងព្រលឹងខ្ញុំ ។
ការយកចិត្តទុកដាក់
ពេលយើងសិក្សាព្រះគម្ពីរដើម្បីធ្វើតាមព្រះយេស៊ូវនៅក្នុងកិច្ចការនៃការព្យាបាលរបស់ទ្រង់ នោះយើងអានអំពីព្រះយេស៊ូវធ្វើកិច្ចការមួយម្តងហើយម្តងទៀត ៖ ទ្រង់បានយកព្រះទ័យទុកដាក់ដល់មនុស្សដែលនៅជុំវិញទ្រង់ ។
ព្រះគ្រីស្ទសង្កេតមើលមនុស្ស ។ ទ្រង់មានបន្ទូលជាមួយស្ត្រីសាសន៍សាម៉ារី ទោះបីមានការហាមឃាត់ខាងវប្បធម៌ក្តី ។ ទ្រង់ចំណាយពេលដើម្បីប្រសិទ្ធពរកុមារ ។ ទ្រង់បានសោយអាហារជាមួយអ្នកយកពន្ធ និងមនុស្សមានបាប ព្រមទាំងបានផ្តល់ការងារបម្រើដល់មនុស្សឃ្លង់ និងមនុស្សដែលគេនិរទេស្ទចោល ។ ទ្រង់បានយកព្រះទ័យទុកដាក់ដល់បុគ្គលម្នាក់ៗ ។
ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទដោយព្យាយាមរៀនពីជំនាញនៃការព្យាបាលរបស់ទ្រង់ យើងអាចចាប់ផ្តើមមើលទៅមនុស្សដោយព្រះនេត្ររបស់ព្រះគ្រីស្ទ ។ យើងអាចចំណាយពេលនិយាយសួស្តី ញញឹម ហើយសួរសុខទុក្ខពួកគេ ។ យើងពុំអាចដឹងឡើយថា ឱសថព្យាបាលដែលយើងបានខិតខំធ្វើអាចមានដល់មនុស្សជុំវិញខ្លួនយើងជាបុគ្គលដែលឯកោ បាក់ទឹកចិត្ត ឈឺ ទន់ខ្សោយ ឬរងទុក្ខ ។ សូម្បីតែទង្វើនៃសេចក្តីស្រឡាញ់សាមញ្ញៗអាចមានឥទ្ធិពលដ៏មានអានុភាពមួយ ។
ពេលយើងធ្វើកិច្ចការរបស់ព្រះគ្រីស្ទ ហើយចូលរួមនៅក្នុងការព្យាបាលមនុស្សដទៃ នោះពរជ័យមហិមានឹងកើតមានឡើង ។ ដូចព្រះគ្រីស្ទបានមានបន្ទូលថា « ដែលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថា បានធ្វើដល់យើងដែរ » ( ម៉ាថាយ ២៥:៤០ ) ។ ចំពោះទ្រង់ដែលបានព្យាបាលពួកយើងម្នាក់ៗ ចំពោះទ្រង់ដែលបានឱបយើងនៅក្នុងព្រះហស្តដ៏ពេញដោយក្តីស្រឡាញ់ ជាច្រើនគ្រាជាងយើងដឹង ចំពោះទ្រង់ដែលបានផ្តល់ដង្វាយធួនរបស់ទ្រង់ដែល ជាឱសថនៃព្យាបាល នោះយើងអាចថ្វាយកិច្ចខិតខំបន្តិចបន្តួចរបស់យើង ដើម្បីជួយព្យាបាលបងប្អូនប្រុសស្រីរបស់យើង ។ នេះគឺជាជំនាញនៃអង្គព្យាបាលពិតប្រាកដ ។