តើការងារបម្រើរបស់យើងអាចជួយមនុស្សដទៃឲ្យជាសះស្បើយដែរឬទេ ?
នៅថ្ងៃអាទិត្យមួយ ខ្ញុំកំពុងអង្គុយនៅក្នុងការប្រជុំសាក្រាម៉ង់ពិចារណាពេលខ្ញុំអានព្រះគម្ពីរខ្ញុំថា យើងត្រូវធ្វើកិច្ចការដែលព្រះអង្គសង្គ្រោះបានធ្វើ ( សូមមើល នីហ្វៃទី៣ ២៧:២១ ) ។ ខ្ញុំបានគិតតែឯងថា « តើកិច្ចការរបស់ព្រះគ្រីស្ទនៅលើផែនដីនេះមានអ្វីខ្លះ ? » ខ្ញុំបានគិតពីកិច្ចការសំខាន់ពីរ ៖ ការបម្រើ និងការព្យាបាល ។ ការបម្រើខ្ញុំអាចធ្វើបាន ប៉ុន្តែចុះការព្យាបាលវិញនោះ ?
គំនិតនៃការព្យាបាលនេះបានក្លាយជាអ្វីមួយដែលខ្ញុំបានពិចារណាជារឿយៗ ។ ខ្ញុំធ្លាប់បានទទួលការវះកាត់ ១៦ ដងមកហើយនៅក្នុងជីវិត ហើយខ្ញុំធ្លាប់ទទួលការជាសះស្បើយ ច្រើន ដងផងដែរ ! ប៉ុន្តែខ្ញុំឆ្ងល់ពីរបៀបដែលខ្ញុំអាចធ្វើដូចព្រះយេស៊ូវគ្រីស្ទ និងជួយមនុស្សដទៃឲ្យជាសះស្បើយ ។ ប្រាកដណាស់ ខ្ញុំគ្មានអំណាយនៃការព្យាបាលដូចទ្រង់មាននោះទេ ។ ដូច្នេះ តើទ្រង់សព្វព្រះទ័យឲ្យខ្ញុំធ្វើកិច្ចការនៃការព្យាបាលរបស់ទ្រង់នៅលើផែនដីនេះតាមរបៀបណា ? តើខ្ញុំអាច ធ្វើ អ្វីទៅ ?
ពេលខ្ញុំពិចារណាពីរបៀបដែលមនុស្សដទៃបានជួយខ្ញុំឲ្យជាសះស្បើយ នោះចិត្តខ្ញុំបានបើកឡើងទៅរកកិច្ចការដ៏អស្ចារ្យនៃការព្យាបាល—ការលួងលោម ការបម្រើ និងការងារបម្រើ—ដែលមនុស្សដទៃបានធ្វើដល់ខ្ញុំក្នុងជីវិតរបស់ខ្ញុំ ។ ជាមួយនឹងការផ្តោតចិត្តទុកដាក់របស់យើងលើការងារបម្រើដល់មនុស្សដទៃតាមរបៀបដែលព្រះអង្គសង្គ្រោះធ្វើ នោះគំនិតនៃការជួយមនុស្សដទៃឲ្យជាសះស្បើយគឺជាគំនិតដ៏មានឥទ្ធិពលមួយ ។យើងទាំងអស់គ្នារងទុក្ខអំឡុងពេលជីវិតរមែងស្លាប់របស់យើងនៅលើផែនដីនេះ ។ ដូច្នេះមនុស្សជាច្រើនមានជំងឺខាងរាងកាយ ឬជំងឺផ្លូវចិត្ត ឬរងទុក្ខខាងវិញ្ញាណ ។ យើងទាំងអស់គ្នាត្រូវការការព្យាបាល ។ ដូចខ្ញុំបានពន្យល់នៅក្នុងអត្ថបទរបស់ខ្ញុំ ( ទំព័រ ២០ ) និងដូចអែលឌើរ នែល អិល អាន់ឌើរសិន បង្រៀននៅក្នុងអត្ថបទរបស់លោក ( ទំព័រ ១២ ) យើងទាំងអស់គ្នាអាចចូលរួមក្នុងការងារបម្រើ ដល់មនុស្សដទៃតាមរបៀបដែលនឹងជួយពួកគេឲ្យជាសះស្បើយ ។
ដោយស្មោះស្ម័គ្រ
មើរីលី ប៊យយ៉ាក