ភាពជាសិស្សដែលបានដឹកនាំដោយព្រះ
ដកស្រង់ចេញពីសុន្ទរកថាការប្រជុំធម្មនិដ្ឋាន « God Will Use You, God Will Bless You » ដែលបានថ្លែងនៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ នៅថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ។
ប្រសិនបើអ្នកនឹងព្យាយាមប្រែក្លាយជាសិស្សពិតរបស់ព្រះអង្គសង្គ្រោះជាទីស្រឡាញ់របស់យើង នោះព្រះអម្ចាស់ជាព្រះនៃស្ថានសួគ៌នឹងដឹកនាំផ្លូវរបស់អ្នក ។
ខ្ញុំចង់លើកឡើងពីសំណួរពីរដែលខ្ញុំផ្ទាល់ចង់បានចម្លើយកាលពីខ្ញុំនៅក្មេង ។
ទីមួយ ប្រសិនបើអ្នកបូជាជីវិតអ្នកចំពោះការបម្រើរបស់ព្រះ តើទ្រង់នឹងដឹកនាំផ្លូវអ្នក ហើយប្រើអ្នកសម្រាប់គោលបំណងសុចរិតរបស់ទ្រង់ដែរឬទេ ? ទីពីរ ប្រសិនបើអ្នកជ្រើសរើសធ្វើតាមព្រះអង្គសង្គ្រោះ ហើយដើរនៅលើផ្លូវនៃភាពជាសិស្ស តើព្រះអម្ចាស់នឹងមើលថែអ្នក ដឹកនាំអ្នក ប្រទានពរដល់អ្នក ហើយបំពេញឲ្យអ្នកនូវវិញ្ញាណនៃអំណរ និងការបំពេញដូចដែលទ្រង់ប្រើអ្នកសម្រាប់គោលបំណងរបស់ទ្រង់ដែរឬទេ ?
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ ប្រសិនបើបងប្អូនថ្វាយដួងចិត្តរបស់បងប្អូនចំពោះព្រះអង្គសង្គ្រោះ ហើយព្យាយាមដើរដោយសេចក្តីជំនឿ និងការអាណិតអាសូរនៅលើផ្លូវដែលទ្រង់បានត្រាស់បង្គាប់ នោះខ្ញុំដឹងថា ព្រះអម្ចាស់នឹងប្រើបងប្អូនតាមរបៀបមួយដែលបងប្អូនពុំអាចនឹកស្រមៃដល់ក្នុងពេលនេះ ។
បងប្អូននិយាយថា « ប៉ុន្តែខ្ញុំពុំមែនជាមនុស្សពិសេសអ្វីទេ » ។ ខ្ញុំជាមនុស្សមធ្យមក្នុងគ្រប់កិច្ចការទាំងអស់ ។ ខ្ញុំពុំមែនជាមនុស្សឆ្លាត មានវោហាសព្ទ ស្លៀកពាក់ស្អាត ឬមានឥរិយាបថប្រពៃឡើយ ។ តើព្រះអាចប្រើខ្ញុំយ៉ាងដូចម្ដេច ? »
ចាប់តាំងពីគ្រាដំបូងមក ព្រះវរបិតាសួគ៌យើងបានឈោងទៅជួយអស់អ្នកដែលជាមនុស្សមធ្យម ហើយប្រើពួកគេសម្រាប់គោលបំណងទ្រង់ ។ សាវកប៉ុលបានសរសេរទៅកាន់បងប្អូនសព្វថ្ងៃនេះ ដូចលោកបានសរសេរទៅកាន់ពួកកូរិនថូសពីបុរាណដែរ ៖
« ព្រះទ្រង់បានរើសពួកល្ងង់ល្ងើនៅលោកីយ៍នេះ ដើម្បីនឹងធ្វើឲ្យអ្នកប្រាជ្ញមានសេចក្តីខ្មាសវិញ ទ្រង់បានរើសពួកកម្សោយនៅលោកីយ៍នេះ ដើម្បីនឹងធ្វើឲ្យពួកខ្លាំងពូកែមានសេចក្តីខ្មាស
ហើយទ្រង់បានរើសអ្នកទាបថោកនៅលោកីយ៍នេះ និងពួកអ្នកដែលគេមើលងាយ ព្រមទាំងរបស់ដែលគ្មានផង ដើម្បីនឹងលើកចោលរបស់ដែលមានចេញ ៖
ប្រយោជន៍កុំឲ្យមនុស្សណាបានអួតខ្លួន នៅចំពោះព្រះឡើយ » ( កូរិនថូសទី ១ ១:២៧–២៩ ) ។
នៅពេលដល់គ្រាសម្រាប់ព្រះអង្គសង្គ្រោះស្តារសាសនាចក្ររបស់ទ្រង់លើផែនដីឡើងវិញ ហេតុអ្វីអ្នកស្មានថា ទ្រង់បានជ្រើសរើសក្មេងប្រុសម្នាក់ដែលមានការអប់រំតិចតួចនោះ ?
ហេតុអ្វីអ្នកគិតថា ព្រះបានប្រាប់គេឌានដែលជាកសិករ ឲ្យបន្តបញ្ជូនកងទ័ពទៅផ្ទះវិញ រហូតដល់លោកមានទ័ពតែ ៣០០ នាក់ដើម្បីច្បាំងនឹងសត្រូវដ៏ច្រើននោះ ? ( សូមមើល ពួកចៅហ្វាយ ៧:១–២៥ ) ។
ហេតុអ្វីអ្នកស្មានថា ព្រះអង្គសង្គ្រោះយើងបានជ្រើសរើសអ្នកនេសាទត្រី ឲ្យធ្វើជាប្រធានសាវករបស់ទ្រង់ ហើយដឹកនាំសាសនាចក្របន្ទាប់ពីទ្រង់បានយាងទៅវិញ ? ( សូមមើល ម៉ាថាយ ១៦:១៨ ) ។
ទីមួយ ដោយសារ « ព្រះទ្រង់មិនទតចំពោះសេចក្តី ដែលមនុស្សលោកពិចារណាមើលទេ ឯមនុស្សលោក តែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ាទ្រង់ទតចំពោះក្នុងចិត្តវិញ » (សាំយូអែល ទី១ ១៦:៧ ) ។
ទីពីរ ដោយសារព្រះអាចយកដីឥដ្ឋដ៏រាបទាបបំផុត ហើយបង្កើតស្នាដៃឯកមកពីដីឥដ្ឋនោះ ។ ប្រាកដណាស់ « ប្រសិនបើជាព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន ? » ( រ៉ូម ៨:៣១ ) ។
ទីបី ព្រះជ្រើសរើសមនុស្សទន់ខ្សោយ ដើម្បីកុំឲ្យបុគ្គលណាម្នាក់មានអំនួត ហើយនិយាយថា « ខ្ញុំបានធ្វើកិច្ចការនេះដោយសមត្ថភាពខ្ញុំផ្ទាល់ » ។
ពេលពេត្រុសដែលជាអ្នកនេសាទត្រីដ៏រាបទាបម្នាក់យកមនុស្សមានជំនឿមួយក្រុមតូច ហើយក្រោយមកបានឃ្វាលពួកគេទៅក្នុងសាសនាចក្រដ៏មានមហិទ្ធិឫទ្ធិ នោះមនុស្សបានថ្លែងឡើង ហើយថ្វាយអំណរគុណដល់ព្រះ ។
ពេលក្រុមមនុស្ស ៣០០ នាក់នោះបានច្បាំងឈ្នះកងទ័ពរាប់ពាន់នាក់ នោះប្រជាជនកោតសរសើរចំពោះព្រះ ។
ពេលក្មេងប្រុសកាប់គាស់ដីចាកចេញពីការភ្ជួររាស់ដី ហើយបកប្រែអត្ថបទដ៏បំផុសគំនិត និងផ្លាស់ប្តូរជីវិតតាំងពីព្រះគម្ពីរប៊ីប នោះមនុស្សពុំសរសើរដល់បញ្ញារបស់មនុស្សនោះទេ ប៉ុន្តែសរសើរដល់ព្រះចេស្តានៃព្រះវិញ ។
ព្រះវរបិតាសួគ៌ពុំត្រូវការឲ្យអ្នកជាមនុស្សខ្លាំង មានប្រាជ្ញា ឬពូកែនិយាយនោះទេ ។ ទ្រង់ត្រូវការអ្នកឲ្យផ្ចង់ចិត្តតម្រង់ទៅឯទ្រង់ ហើយព្យាយាមគោរពទ្រង់ តាមរយៈការបម្រើទ្រង់ និងឈោងទៅជួយអស់អ្នកដែលនៅជុំវិញអ្នកដោយក្តីអាណិតអាសូរ ។
ការងារបម្រើនៃព្រះវិញ្ញាណបរិសុទ្ធ
ចំណុចទីពីរដែលខ្ញុំចង់ឲ្យអ្នកយល់ច្បាស់នោះគឺថា ប្រសិនបើអ្នកនឹងធ្វើតាមព្រះក្នុងសេចក្តីពិត និងកម្លាំង នោះទ្រង់នឹងប្រទានពរដល់អ្នកតាមរបៀបដែលអ្នកពុំអាចយល់បាន ។
នៅឆ្នាំ ២០០៦ ប្រធាន ហ្គរដុន ប៊ី. ហ៊ិងគ្លី ( ១៩១០–២០០៨ ) និងគណៈប្រធានទីមួយបានកំណត់ថា គួរតែមានការពិចារណាអំពីព្រះវិហារបរិសុទ្ធសម្រាប់ទីក្រុង សាន់ សាល់វ៉ាឌ័រ ប្រទេស អែល សាល់វ៉ាឌ័រ ។ យើងបានទៅមើលដីមួយចំនួន រួមទាំងប្លុកអគារពេញទីក្រុងនោះ ដែលមានទីតាំងនៅក្នុងផ្នែកចំណាស់នៃទីក្រុងនោះ ។ ពេលយើងបើកឡានចេញពីដីមួយទៅដីមួយទៀត គ្មានអ្វីមួយដែលទំនងថាត្រូវឡើយ ។
ទីបំផុតយើងបានជិះកាត់តំបន់អភិវឌ្ឍមួយនៅផ្នែកខាងលិចនៃទីក្រុងនោះ ។ ខ្ញុំទទួលអារម្មណ៍អ្វីមួយនៅតំបន់នោះ ហើយខ្ញុំបានដើរជុំវិញប្លុកអគារមួយចំនួននោះ ។ ដីមួយកន្លែងដែលមានរបងព័ទ្ធជុំវិញគឺគួរឲ្យចាប់អារម្មណ៍ណាស់ ។ ខ្ញុំបានទាក់ទងទៅម្ចាស់ដីនោះ ហើយបានដឹងថា ដីនោះគេពុំលក់ទេ ដូច្នេះខ្ញុំបានទៅផ្ទះវិញ ។
ប៉ុន្តែព្យាការីបានមានប្រសាសន៍ថា ព្រះវិហារបរិសុទ្ធមួយត្រូវតែសាងសង់ឡើងនៅក្នុងប្រទេស សាន់ សាល់វ៉ាឌ័រ ដូច្នេះខ្ញុំបានត្រឡប់ទៅមើលដីផ្សេងទៀត ។ ជាថ្មីម្តងទៀត ខ្ញុំបានឃើញថា ខ្ញុំចាប់អារម្មណ៍នឹងដីដែលមានរបងព័ទ្ធជុំវិញនោះ ហើយខ្ញុំបានទាក់ទងទៅម្ចាស់ដីនោះម្តងទៀត ។ ពួកគេបានប្រាប់ជាថ្មីម្តងទៀតថា ពួកគេពុំលក់ដីនោះទេ ។
ខ្ញុំបានត្រឡប់ទៅផ្ទះវិញម្តងទៀត ប៉ុន្តែពុំអាចឈប់គិតពីអារម្មណ៍មួយថា ទីនោះគឺជាកន្លែងដែលត្រូវសាងសង់ព្រះវិហារបរិសុទ្ធ ។ ខ្ញុំបានទាក់ទងក្រុមគ្រួសានោះភ្លាម ហើយសួរថា តើពួកគេអាចជួបជាមួយខ្ញុំបានដែរឬទេ ? ពួកគេបានយល់ព្រមជួបខ្ញុំ ។ ជាថ្មីម្តងទៀត ខ្ញុំបានធ្វើដំណើរទៅ សាន់ សាល់វ៉ាឌ័រ ដោយមាន រ៉ូបឺត ហ្វក ទៅជាមួយ គាត់គឺជាមិត្តខ្ញុំ ហើយជាបុគ្គលិកនៅក្នុងផ្នែកអចលនទ្រព្យរបស់សាសនាចក្រ ។ នៅព្រឹកនោះ យើងបានលុតជង្គង់អធិស្ឋាននៅក្នុងបន្ទប់ខ្ញុំ ពីមុនយើងចាប់ផ្តើមចេញដំណើរ ហើយទូលសូមជំនួយពីព្រះអម្ចាស់ ។
ពេលយើងបើកឡានតាមច្រកទ្វារចូលទៅក្នុងផ្ទះនោះ វាស្ទើរតែដូចជាការចូលទៅក្នុងសួនច្បារពិសិដ្ឋមួយ ។ មានដើមឈើ និងផ្កា និងសំឡេងអ៊ូអរមកពីអ្នកឈប់នៅខាងក្រៅនៅឯច្រកទ្វារចូល ។ លោក មីហ្គែល ដេញ៉ាស់ ប្អូនប្រុសគាត់ និងកូនប្រុសពីរនាក់ទៀតរបស់គាត់កំពុងរង់ចាំពួកយើង ។ ពួកគេបានស្វាគមន៍យើង ហើយនាំយើងចូលទៅក្នុងផ្ទះដូនតារបស់ពួកគេ—ជាផ្ទះមួយធំ និងទូលាយ ។
យើងបានប្រាប់ពួកគេថា ប្រធានសាសនាចក្ររបស់យើងបានចាត់យើងឲ្យមក ហើយលោកចង់ផ្តល់ពរដល់ប្រទេសនេះ និងសមាជិកសាសនាចក្រ តាមរយៈការសាងសង់ព្រះវិហារបរិសុទ្ធមួយនៅទីនោះ ។ ខ្ញុំបានបង្ហាញរូបភាពព្រះវិហារបរិសុទ្ធផ្សេងទៀត ។ ខ្ញុំបាននិយាយថា យើងទទួលអារម្មណ៍ថា ដីរបស់ពួកគេ ជាផ្ទះនៃដូនតារបស់ពួកគេគឺជាកន្លែងមួយដែលត្រូវសាងសង់ព្រះវិហារបរិសុទ្ធ ។
វាមិនគួរឲ្យភ្ញាក់ផ្អើលឡើយ នៅពេលពួកគេបានបដិសេធយើងម្តងទៀត ប៉ុន្តែយើងត្រូវតែព្យាយាម ។ ដូច្នោះហើយ យើងបានព្យាយាមគ្រប់មធ្យោបាយដើម្បីបញ្ចុះបញ្ចូលពួកគេស្ទើរតែជិតមួយម៉ោង ដូចជាការទិញបង់លុយទាំងដុល ការប្តូរដី និងជម្រើសផ្សេងទៀតដែលយើងអាចគិតឃើញ ។ ប៉ុន្តែពួកគេម៉ឺងម៉ាត់នឹងការតាំងចិត្តរបស់ពួកគេ ហើយបដិសេធគ្រប់ការផ្តល់ជូនរបស់យើង ។
យើងបានខំធ្វើអ្វីៗគ្រប់យ៉ាងតាមដែលយើងអាចធ្វើបាន ។ យើងបានរៀបចំខ្លួន ។ យើងបានខំធ្វើអស់ពីលទ្ធភាពដែលយើងចេះ ។ ប៉ុន្តែវាហាក់ដូចជាពុំគ្រប់គ្រាន់ឡើយ ។
ចិត្តខ្ញុំពោរពេញដោយការអធិស្ឋានមួយភ្លាមថា ៖ « ឱព្រះវរបិតាអើយ សូមជួយពួកទូលបង្គំឲ្យដឹងពីអ្វីដែលត្រូវនិយាយ ឬធ្វើផង » ។
នៅទីបំផុត វាបានបង្ហាញយ៉ាងច្បាស់ថា ដំណើររបស់យើងក្លាយជាឥតប្រយោជន៍ ។ វាបង្ហាញថា គ្មានអ្វីមួយបានផ្លាស់ប្តូរចិត្តរបស់ពួកគេទេ ។ ប៉ុន្ដែពេលយើងចាប់ផ្ដើមរៀបចំចាកចេញទៅហើយនោះ ស្រាប់តែមានអ្វីមួយបានកើតឡើង ។ ព្រះវិញ្ញាណព្រះអម្ចាស់បានយាងចូលមកក្នុងបន្ទប់នោះ ។ វាមានភាពស្តែងណាស់ ។ មនុស្សគ្រប់គ្នានៅក្នុងបន្ទប់បានទទួលអារម្មណ៍នោះ ។ វាគឺជាបទពិសោធន៍មួយខាងវិញ្ញាណដ៏មានឥទ្ធិពលបំផុតដែលខ្ញុំធ្លាប់មាន ។
មីហ្គែល ដេញ៉ាស់ ដែលពុំមែនជាសមាជិកសាសនាចក្របានចាប់ផ្តើមយំ ។ លោកដេញ៉ាស់បានងាកទៅកាន់ប្អូនប្រុសរបស់គាត់ ហើយនិយាយថា « ប្រសិនបើយើងពុំអាចលក់ផ្ទះដូនតាយើងបានទេ តើយើងពុំអាចលក់ដីដ៏ល្អបំផុតនៅទល់មុខនេះដែលយើងមាននោះទេឬអី ?
ប្អូនប្រុសរបស់គាត់បានតបយល់ស្រប ។ បន្ទាប់មក យើងបាននិយាយគ្នាអំពីដីផ្សេងមួយទៀត ។ ពួកគេជាម្ចាស់ដីរាប់រយហិចតានៅឆ្លងទៅផ្លូវធំពីផ្ទះដូនតារបស់ពួកគេ ដែលចំណុចកណ្តាលនៃដីនោះលេចឡើងបន្តិច ដូច្នេះគ្រប់ឡានដែលបើកបរតាមផ្លូវនោះអាចមើលឃើញព្រះវិហារបរិសុទ្ធ ។
នោះគឺជាដីដែលពួកគេបានផ្តល់ជូនសម្រាប់សាងសង់ព្រះវិហារបរិសុទ្ធនៃព្រះអម្ចាស់ ។ វាពិតជាអព្ភូតហេតុមួយ ។ ចាប់តាំងពីគ្រានោះមក ពរជ័យនៃព្រះអម្ចាស់បានចូលមកក្នុងដំណើរការនោះ ។ នៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១១ ប្រធាន ហិនរី ប៊ី អាវរិង កាលនោះជាទីប្រឹក្សាមួយក្នុងគណៈប្រធានទីមួយ បានឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធនេះសម្រាប់ការបម្រើរបស់ព្រះអម្ចាស់ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះវិហារបរិសុទ្ធដ៏ស្រស់ស្អាតដែលបន្ថែមសម្រស់ដល់ទួលនៅ សាន់ សាល់វ៉ាឌ័រ ពុំមែនជាលទ្ធផលនៃអ្វីដែលបងប្រុស ហ្វក ឬខ្ញុំបាននិយាយ ឬធ្វើឡើយ ។ ព្រះវិហារបរិសុទ្ធមាននៅទីនោះនាបច្ចុប្បន្ននេះ ដោយសារការងារបម្រើដ៏មានព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធនៃព្រះដ៏មានមហិទ្ធិឫទ្ធិរបស់យើង ។
ព្រះវរបិតាដ៏មានសេចក្តីមេត្តាករុណារបស់យើង
ប្រសិនបើព្រះអម្ចាស់ខ្វល់ព្រះទ័យល្មម ដើម្បីបញ្ជូនព្រះវិញ្ញាណទ្រង់ ហើយអាចធ្វើឲ្យមានទីតាំងសម្រាប់ព្រះវិហារបរិសុទ្ធមួយ តើអ្នកពុំស្មានថា ទ្រង់នឹងបញ្ជូនព្រះវិញ្ញាណទ្រង់ ហើយរៀបចំចិត្តរបស់អ្នក និងដឹកនាំផ្លូវរបស់អ្នកទេឬអី ?
អ្នកមានតម្លៃខ្លាំងជាងដីមួយកន្លែងទៅទៀត ។ អ្នកគឺជាបុត្រជាទីស្រឡាញ់របស់ព្រះវរបិតាអស់កល្បរបស់អ្នក ។ អ្នកគឺជាពូជរបស់ព្រះនៃសាកលលោកនេះ !
តើអ្នកមិនគិតថា ទ្រង់គិតគូរពីអ្នកទេឬអី ? តើអ្នកមិនគិតថា ទ្រង់នឹងប្រើអ្នក និងប្រទានពរដល់អ្នកតាមរបៀបកាន់តែរុងរឿងជាងអ្វីដែលអ្នកអាចស្រមៃឃើញទេឬអី ?
ខគម្ពីរប្រាប់យើងថា ប្រសិនបើយើង « ពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត [ របស់យើង ] កុំឲ្យពឹងផ្អែកលើយោបល់ [ របស់យើង ] » ឡើយ ប្រសិនបើយើង « ទទួលស្គាល់ទ្រង់…នោះទ្រង់នឹងតម្រង់អស់ទាំងផ្លូវច្រក [ របស់យើង ] » ( សុភាសិត ៣:៥–៦ ) ។
ស្ដេចបេនយ៉ាមីនបានសង្ខេបសារលិខិតយ៉ាងល្អឥតខ្ចោះ ដែលខ្ញុំចង់បន្សល់ទុកជាមួយអ្នក ។ ទ្រង់បានមានបន្ទូលថា ៖ « ខ្ញុំចង់ឲ្យអ្នករាល់គ្នាគិតពិចារណាអំពីស្ថានភាពដ៏មានពរ និងរីករាយនៃអស់អ្នកណាដែលកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ ។ ដ្បិតមើលចុះ ពួកគេបានពរគ្រប់យ៉ាង ទាំងខាងសាច់ឈាម និង ខាងវិញ្ញាណផង ហើយបើសិនជាពួកគេរក្សាការស្មោះត្រង់ដរាបដល់ចុងបំផុត នោះពួកគេនឹងត្រូវបានទទួលនៅស្ថានសួគ៌ ដើម្បីឲ្យពួកគេអាចរស់នៅជាមួយនឹងព្រះក្នុងស្ថានភាពសុភមង្គលដ៏មិនចេះចប់មិនចេះហើយ » ( ម៉ូសាយ ២:៤១ ) ។
ខ្ញុំសូមប្រកាសសរសើរតម្កើង និងធ្វើជាសាក្សីអំពីសេចក្តីពិតនេះ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ខ្ញុំបានឃើញពរជ័យដែលព្រះបានសន្យា បានបំពេញម្តងហើយម្តងទៀតនៅក្នុងជីវិតខ្ញុំផ្ទាល់ និងជីវិតមនុស្សដទៃជាច្រើនទៀត ។
ខ្ញុំសូមសន្យាថា ប្រសិនបើអ្នកនឹងផ្ចង់ចិត្តតម្រង់ទៅឯព្រះវរបិតាដែលគង់នៅស្ថានសួគ៌របស់អ្នក ប្រសិនបើអ្នកព្យាយាមរៀងរាល់ថ្ងៃ ដើម្បីស្រឡាញ់ និងធ្វើតាមព្រះយេស៊ូវគ្រីស្ទកាន់តែល្អឥតខ្ចោះឡើង ប្រសិនបើអ្នកនឹងសម្រាលបន្ទុក និងលើកស្ទួយដល់អ្នកដែលនៅជុំវិញអ្នកដែលកំពុងជួបការលំបាកដោយសេចក្តីអាណិតអាសូរ និងដោយសប្បុរស ប្រសិនបើអ្នកនឹងព្យាយាមប្រែក្លាយជាសិស្សពិតរបស់ព្រះអង្គសង្គ្រោះជាទីស្រឡាញ់របស់យើង នោះព្រះអម្ចាស់ជាព្រះនៃស្ថានសួគ៌នឹងដឹកនាំផ្លូវរបស់អ្នក ។ ទ្រង់នឹងប្រើអ្នកសម្រាប់គោលបំណងដ៏មហិមារបស់ទ្រង់ ។ ទ្រង់នឹងប្រទានពរអ្នកតាមរបៀបដែលអ្នកនឹងស្មានពុំដល់ ។