ការបង្ហាញអំពីសេចក្តីជំនឿ
រ៉ូដ្រីហ្គោ ឃ្វីនតានីលឡា
ទីក្រុង វ៉ាលប៉ារ៉េសសូ ប្រទេសឈីលី
នៅពេលគ្រោះថ្នាក់ដោយការសាងសង់មួយបានបន្សុលទុកឲ្យគាត់ពុំអាចដើរបាន រ៉ូដ្រីហ្គោ ឃ្វីនតានីលឡាពុំអាចធ្វើជាជាងផ្សារដែកតទៅទៀតទេ—ឬធ្វើកិច្ចការជាច្រើនផ្សេងទៀតបានឡើយ ។ ប៉ុន្តែគាត់បានសម្រេចចិត្តបន្តឆ្ពោះទៅមុខដោយសេចក្តីជំនឿ ដោយទុកចិត្តលើផែនការរបស់ព្រះវរបិតាសួគ៌សម្រាប់គាត់ និងគ្រួសារគាត់ ។
ឡេសលី នីលសុន ជាងថតរូប
ពេលមានអ្វីពិតជាអាក្រក់កើតឡើងចំពោះយើង យើងអាចមានប្រតិកម្មពីររបៀប ។ យើងអាចខឹងសម្បារនឹងព្រះ ហើយចាកចេញពីព្រះវិហារ ដោយគ្មានអ្វីទៀតនឹងបន្តវាទេ ។ ឬយើងអាចលុតជង្គង់ចុះ អធិស្ឋាន ហើយបន្តរីកចម្រើន ។
ខ្ញុំពុំបាត់បង់សេចក្តីជំនឿរបស់ខ្ញុំទេ ហើយខ្ញុំក៏ពុំបានសួរខ្លួនខ្ញុំថា « ហេតុអ្វីរឿងនេះកើតឡើងចំពោះខ្ញុំដែរ ? » ខ្ញុំបដិសេធមិនដើរផ្លូវនោះឡើយ ។
ពេលការសាកល្បងមួយកើតឡើងចំពោះយើង ខ្ញុំដឹងថា ព្រះវរបិតាគង់នៅស្ថានសួគ៌ប្រទានផ្លូវមួយឲ្យឆ្លងកាត់ការសាកល្បងនោះ ។ ពេលខ្ញុំបានធូរស្បើយមកវិញ ការមានព្រះវិញ្ញាណបរិសុទ្ធគឺជារឿងសំខាន់ ។ ខ្ញុំត្រូវតែគិតពីអ្វីមួយទៀតដើម្បីធ្វើជាមុខរបរ ដូច្នេះខ្ញុំបានអធិស្ឋានទូលសូមការណែនាំពីព្រះវិញ្ញាណ ។ ព្រះបានឆ្លើយតបនឹងខ្ញុំ ។
បន្ទាប់ពីបានជួបគ្រោះថ្នាក់នោះ ខ្ញុំបានចំណាយពេលអស់មួយឆ្នាំដើម្បីបានជាសះស្បើយ និងមាននីតិសម្បទាឡើងវិញ ។ ខ្ញុំបានចំណាយពេលនៅឆ្នាំទីពីរដើម្បីកំណត់ពីអ្វីដែលត្រូវធ្វើ ។ ខ្ញុំត្រូវស្វែងរកអ្វីមួយដែលយ៉ាងហោចណាស់អាចបំពេញតម្រូវការចាំបាច់របស់គ្រួសារខ្ញុំ—អ្វីមួយដែលពុំចំណាយកម្លាំងច្រើន ហើយដែលខ្ញុំអាចធ្វើវាបាននៅលើរទេះជនពិការ ។
ដោយមានជំនួយពីផលឡាភរិយារបស់ខ្ញុំ និងកូនៗ រីកាដូ និងនីកូល នោះខ្ញុំបានបើកអាជីវកម្មមួយនៅផ្ទះ ។ ខ្ញុំបានចាប់ផ្តើមដោយការផ្តល់សេវាធ្វើសោ ។ យើងបានបន្ថែមសេវាកម្មផ្សេងទៀតដោយសន្សឹមៗ ។ ខ្ញុំបានប្រមែលប្រមូលចំណេះដឹងពីនេះពីនោះ ។ ខ្ញុំបានរៀនចេះចេញពីការអនុវត្តជាក់ស្តែង ។ ឥឡូវនេះ ប្រាំបួនឆ្នាំហើយ យើងបានដំណើរការហាងជាងសោមួយ និងមជ្ឈមណ្ឌលផ្តល់សេវាកម្មបោះពុម្ព និងអ៊ុតសម្ភារ ។
ពីមុនខ្ញុំជួបគ្រោះថ្នាក់ យើងបានគិតថា យើងនឹងត្រូវបាត់បង់ផ្ទះយើង ។ សមាជិកគ្រួសារដែលជាម្ចាស់ផ្ទះចង់លក់ផ្ទះនោះ ប៉ុន្តែយើងពុំចង់ប្តូរទីលំនៅទេ ។ យើងស្រឡាញ់វួដរបស់យើង ។
បន្ទាប់ពីគ្រោះថ្នាក់មក យាយរបស់ខ្ញុំបាននិយាយថា « យាយនឹងឲ្យចំណែកយាយក្នុងផ្ទះទៅចៅ » ។ ឪពុកខ្ញុំក៏បានធ្វើដូច្នោះផងដែរ ។ ម្តាយមីងម្នាក់របស់ខ្ញុំ និងបងប្អូនប្រុសស្រីមួយចំនួនរបស់ខ្ញុំក៏ប្រគល់សិទ្ធិទ្រព្យសម្បត្តិរបស់ពួកគេមកខ្ញុំ ។ ពួកគេបាននិយាយថា « ប្អូនអាចបន្តនៅទីនេះបានតាមដែលប្អូនពេញចិត្ត » ។ នេះគឺជាពរជ័យមួយមកពីព្រះវរបិតាសួគ៌យើង ។
ចំពោះអស់អ្នកដែលបានរងទុក្ខដោយគ្រោះថ្នាក់ ឬព្រឹត្តិការណ៍ដែលធ្វើឲ្យជីវិតផ្លាស់ប្តូរ ខ្ញុំចង់និយាយថា « អ្វីៗអាចមានការលំបាក ប៉ុន្តែសូមបន្តនៅក្នុងសាសនាចក្រ ។ សូមបន្តនៅជាប់នឹងដំណឹងល្អ ។ ជីវិតកាន់តែលំបាកឡើងប្រសិនបើគ្មានដំណឹងល្អនោះ ។ សូមខិតខំឲ្យអស់ពីសមត្ថភាពរបស់អ្នក ហើយព្រះវរបិតាសួគ៌នឹងធ្វើកិច្ចការដែលនៅសេសសល់ » ។