មានតែឌីជីថលប៉ុណ្ណោះ
អ្នកកំពុងរៀនអ្វីថ្មីៗរៀងរាល់ថ្ងៃមែនទេ ?
អត្ថបទនេះបោះពុម្ពផ្សាយដំបូងនៅកំណត់ហេតុបណ្តាញ Self-Reliance Services Blog ។
ការហ្វឹកហាត់ខួរក្បាលរបស់អ្នកតាមរយៈការរៀនសូត្រអ្វីថ្មីៗ គឺជារឿងមួយល្អសម្រាប់សុខភាពផ្លូវចិត្តរបស់អ្នក ។
នៅពេលអ្នកងាកចេញពីទម្លាប់របស់អ្នក ហើយរៀនអ្វីមួយថ្មី វាហាក់ដូចជាអ្នកប្រើសាច់ដុំដែលអ្នកពុំធ្លាប់ប្រើជាយូរមកហើយដែរ ។ ថ្វីបើពេលខ្លះហាក់ដូចជាពិបាកនៅគ្រាដំបូងក្តី ពេលអ្នកអនុវត្តការរៀនសូត្រអ្វីមួយថ្មីរៀងរាល់ថ្ងៃ នោះអ្នកនឹងពូកែធ្វើវា ខួរក្បាលរបស់អ្នកនឹងសម្របទៅតាមឧបសគ្គប្រចាំថ្ងៃ នោះអ្នកនឹងទុកចិត្តលើខ្លួនឯងកាន់តែច្រើន ជាមួយនឹងសមិទ្ធិផលនីមួយៗ ហើយអ្វីដែលសំខាន់បំផុតនោះការរៀនសូត្រនឹងក្លាយជាអ្វីមួយដែលរីករាយ !
អ្វីដែលអ្នករៀនពុំសំខាន់ដូចដំណើរការរៀនសូត្រនោះទេ ។ ហើយដោយមានកុំព្យូទ័រយូរដៃ និងទូរសព្ទដៃ ព្រមទាំងព័ត៌មានទាំងអស់នៅនឹងចុងម្រាមដៃរបស់អ្នក នោះវាកាន់តែស្រួលជាងកាលពីមុនទៅទៀត ។ ថែមទាំងមានកម្មវិធីទូរសព្ទដៃដែលបានផ្ញើ « អ្វីមួយថ្មីឲ្យអ្នករៀន » រៀងរាល់ថ្ងៃទៀតផង ។
ហើយអ្នកពុំចាំបាច់ត្រូវស្រាវជ្រាវក្នុង Google ឬអានអត្ថបទពី Wikipedia ទាំងស្រុងឡើយ ។ ការធ្វើឲ្យខួរក្បាលរបស់អ្នកឆ្ពោះទៅកាន់ទិសដៅថ្មីមួយរៀងរាល់ថ្ងៃ អាចមានភាពសាមញ្ញដូចជា ការអានសៀវភៅ ការទន្ទេញកំណាព្យខ្លីមួយ ឬរៀនធ្វើម្ហូបមុខថ្មីមួយ ។ ឬអ្នកអាចធ្វើអ្វីដែលជាគោលដៅរយៈពេលវែងដូចជា ៖ រៀនលេងឧបករណ៍តន្ត្រី ហាត់កីឡា ឬហាត់ប្រាណថ្មីមួយឲ្យបានស្ទាត់ ឬធ្វើដំណើរទៅកន្លែងថ្មីៗ ហើយទៅសួរសុខទុក្ខអ្នកស្រុក ។
ដូច្នេះនេះគឺជាអត្ថប្រយោជន៍មួយចំនួននៃការជំរុញខ្លួនរបស់អ្នកឲ្យរៀនអ្វីថ្មីៗ ៖
-
វាជួយកុំឲ្យអ្នកអផ្សុក ។
-
អ្នកមានចំណាប់អារម្មណ៍កាន់តែខ្លាំង ហើយមានអ្វីច្រើនដែលសប្បាយដើម្បីនិយាយអំពីវា ។
-
អ្នកទទួលបានមិត្តភក្តិថ្មី ( ដោយសារមកពីចំណុចទាំង ២ ខាងលើ ) ។
-
អ្នករៀនជំនាញគ្រប់គ្រងពេលវេលា ។
-
អ្នកធ្វើគំរូល្អដល់កូនៗរបស់អ្នក—ពួកគេនឹងឃើញថា វាសប្បាយប៉ុណ្ណាដើម្បីរៀន ហើយសាកល្បងអ្វីដែលថ្មី ។
យើងទាំងអស់គ្នានៅលើផែនដីនេះសម្រាប់ភាពរីកចម្រើនផ្ទាល់ខ្លួន ។ ពេលយើងរៀនរបៀបរៀនសូត្រ នោះយើងបង្កើនល្បឿនមួយដែលយើងរីកចម្រើន ។ ការណ៍នេះអាចជួយធ្វើឲ្យផ្លូវចិត្តរបស់យើងមានភាពកាន់តែចាស់ទុំ ធ្វើឲ្យយើងមានសមត្ថភាពប្រកាន់ខ្ជាប់នឹងការងារ និងធ្វើឲ្យយើងអត់ធ្មត់ជាមួយមនុស្សដទៃបានប្រសើរឡើង ។
មានហេតុផលរាប់មិនអស់ដើម្បីរៀនអ្វីមួយថ្មីរៀងរាល់ថ្ងៃ ។ ហេតុផលមួយដ៏អស្ចារ្យមកពី អាឡិច ប្លែកវែល ដែលបាននិយាយថា ការរៀនអ្វីមួយថ្មីរៀងរាល់ថ្ងៃគឺ « ជួយអ្នកឲ្យឃើញពីតម្លៃដែលនៅជុំវិញខ្លួនអ្នក ។ ជួនកាលទស្សនវិស័យតូចមួយ គឺជាអ្វីៗទាំងអស់ដែលយើងអាចត្រូវការ ដើម្បីទទួលបានអំណរគុណដ៏អស្ចារ្យមួយ និងស្មារតីនៃតម្លៃសម្រាប់អ្វីៗដែលនៅជុំវិញខ្លួនយើង » ( « The Benefits of Trying New Things » Everyday Inspiration, Beliefnet ខែ មិនា ឆ្នាំ ២០១៤ ) ។
ផ្នែកដ៏លំបាកនោះគឺកំពុងចាប់ផ្តើមហើយ ដូច្នេះនេះគឺជាស្នៀតដើម្បីចាប់ផ្តើម ៖ សូមសួរក្មេងអាយុបួនឆ្នាំពីអ្វីដែលពួកគេមើលឃើញ ។ មែនហើយ សូមសួរពួកគេទៅ ។ ពួកគេអាចសម្លឹងមើលអ្នក ពួកគេអាចមើលជុំវិញខ្លួន ពួកគេអាចងើយមើលទៅលើមេឃ ឬឈ្ងោកមុខមើលទៅដី ។ ក្មេងៗដែលប្រើ Google ស្រាវជ្រាវនិយាយថា ពួកគេមើលឃើញអ្វីៗគ្រប់យ៉ាង ។ សូមរៀនអ្វីគ្រប់យ៉ាងដែលអ្នកអាចរៀនបានអំពីរឿងមួយ ។ ឧទាហរណ៍ ប្រសិនបើក្មេងលើកឡើងពីស្លឹកឈើមួយ សូមស្វែងយល់ថា វាជាប្រភេទដើមឈើអ្វី តើវាដុះលូតលាស់ធំប៉ុណ្ណា ហើយវាមានប្រភពមកពីណា ។ អ្នកនឹងមានភាពរីករាយក្នុងការស៊ើបអង្កេតពីវា ហើយខួរក្បាលរបស់អ្នកនឹងធ្វើឲ្យអ្នកចូលចិត្តវា ។
ឥឡូវនេះសូមយកគោលការណ៍ដូចគ្នានេះ ហើយអនុវត្តវាចំពោះជីវិតខាងវិញ្ញាណរបស់អ្នក ។ ពេលអ្នកអានព្រះគម្ពីរ សូមឈប់មួយសន្ទុះ ហើយសួរខ្លួនឯងថា « តើវាមានន័យពិតប្រាកដដូចម្តេច ? » មើលតាមបទគម្ពីរយោង ។ ពិចារណាពីអត្ថន័យនោះ ។ អធិស្ឋានដើម្បីយល់ ។ ពេលយើងឈប់មួយសន្ទុះ ហើយឲ្យគំនិតយើងនៅស្ងៀម នោះជាពេលដែលព្រះវិញ្ញាណបង្រៀនយើង ជាទូទៅតាមរបៀបមួយតូចតាច មួយបន្ទាត់ម្តងៗ ។
ពេលគំនិត និងវិញ្ញាណរបស់អ្នករីកចម្រើនរៀងរាល់ថ្ងៃ នោះអ្នកនឹងឃើញថា អ្នកមានភាពរីករាយ និងសកម្មកាន់តែខ្លាំងឡើង ។