សម្រាប់តែឌីជីថលប៉ុណ្ណោះ ៖ យុវមជ្ឈិមវ័យ
តម្រូវការនៃទ័ពជើងទឹក—និងក្រុមគ្រួសាររបស់យើង
អ្នកនិពន្ធរស់នៅរដ្ឋវើរជីញ៉ា ស.រ.អា. ។
យើងបានគិតថា យើងមានគម្រោងល្អឥតខ្ចោះ សម្រាប់ពេលវេលាមានកូន ប៉ុន្តែក្រោយមកអ្វីៗបានផ្លាស់ប្តូរ ដែលយើងពុំអាចគ្រប់គ្រងបាន ។
គម្រោងមានគ្រួសារប្រហែលជាពុំងាយស្រួលសម្រាប់គូស្វាមីភរិយាស្ទើរតែគ្រប់គ្នា ។ វាតែងតែមានរឿងរាប់រយពាន់ដើម្បីពិចារណា ហើយមានរឿងរាប់លានកើតឡើងក្នុងជីវិត ។ ទោះបីជាអ្នកគិតថា អ្នកមានផែនការល្អក្តី រឿងតូចមួយអាចកើតមានឡើង ហើយបំផ្លាញរឿងទាំងអស់ចោលដែរ ។
គ្រួសារយើងគឺជាគ្រួសារកងទ័ព ។ ខ្ញុំគឺជាកងទ័ពជើងទឹកអាមេរិក ហើយអ្វីគ្រប់យ៉ាងដែលយើងធ្វើគឺផ្អែកទៅលើ « តម្រូវការនៃទ័ពជើងទឹក » ។ យើងទៅកន្លែងណាដែលកងទ័ពជើងទឹកប្រាប់ឲ្យយើងទៅ នៅពេលពួកគេប្រាប់យើង ។ កាលពីពីរឆ្នាំមុន ខ្ញុំ និង ភរិយាខ្ញុំ ស្សានណាបានមានកូនស្រីដំបូងរបស់យើងឈ្មោះអ៊ីសាប៊ែល ។ ដោយសារនោះគឺជាការផ្លាស់ប្តូរមួយធំ ពីព្រោះខ្ញុំនៅរៀនសាលាបើកបរយន្តហោះនៅឡើយ ជីវិតរស់នៅរបស់យើងមានលំនឹង ។ បន្ទាប់ពីអ៊ីសាប៊ែលកើតបានមួយឆ្នាំ យើងមានអារម្មណ៍ថា វាដល់ពេលដែលយើងគួរតែមានកូនម្នាក់ទៀត ។ ខ្ញុំរៀនជិតចប់នៅសាលាបើកបរយន្តហោះហើយ ហើយគេចាត់តាំងខ្ញុំឲ្យទៅកងនាវាចម្បាំងដំបូងរបស់ខ្ញុំ ។
ក្រោយមក យើងបានដឹងថា គេបានចាត់តាំងខ្ញុំឲ្យទៅទីនោះភ្លាមសម្រាប់រយៈពេលប្រាំពីរខែ ។ ដូច្នេះ យើងបានបង្កើតផែនការមួយដ៏ល្អឥតខ្ចោះ ។ ខ្ញុំនឹងទៅតាមការចាត់តាំងនោះ ហើយបន្ទាប់មក យើងព្យាយាមដើម្បីមានកូនមួយទៀតឲ្យបានឆាប់ពេលខ្ញុំត្រឡប់មកវិញ ។ នោះយើងនឹងមានគម្លាតពីកូនមួយទៅកូនមួយទៀត ខ្ញុំនឹងមានឱកាសល្អនៅផ្ទះបានមួយរយៈពេល ។ យើងបានអធិស្ឋានអំពីរឿងនេះ ហើយទទួលអារម្មណ៍ថា វាគឺជាការណែនាំដែលយើងគួរតែទទួលយក ។
នៅព្រឹកថ្ងៃចន្ទមួយ ខ្ញុំបានដឹងថា « តម្រូវការនៃទ័ពជើងទឹក » បានផ្លាស់ប្តូរ ហើយខ្ញុំនឹងត្រូវទៅកងនាវាចម្បាំងមួយផ្សេងទៀត ដោយធ្វើដំណើរស្ទើរតែមួយឆ្នាំពេញ រួចហើយ ខ្ញុំនឹងត្រូវទៅមូលដ្ឋានទ័ព សម្រាប់រយៈពេលប្រាំពីរខែបន្ទាប់ពីនោះ ។ ផែនការរបស់យើងបានផ្លាស់ប្តូរបែបនោះ ហើយយើងពុំដឹងថា ត្រូវធ្វើដូចម្តេចឡើយ ។ ស្សានណានៅតែគិតថា អ្វីដែលយើងបានគ្រោងផែនការនៅតែជាផែនការល្អបំផុតសម្រាប់យើង ប៉ុន្តែខ្ញុំបានបន្តប្រាប់នាងថា វាពុំត្រូវទៅតាមកាលវិភាគខ្ញុំទេ ។ យើងត្រូវតែចាំរហូតដល់ខ្ញុំត្រឡប់មកពីមូលដ្ឋានទ័ពវិញ ហើយកូនៗរបស់យើងនឹងមានអាយុគម្លាតពីគ្នាច្រើនជាងអ្វីដែលយើងចង់បាន ។
សំណាងណាស់ ស្សាណាបានទុកចិត្តថា អ្វីៗគ្រប់យ៉ាងនឹងដំណើរការល្អ ប្រសិនបើយើងគ្រាន់តែបង្ហាញសេក្តីជំនឿតែបន្តិចនោះ ។ ខ្ញុំបានប្រាប់នាងថា ខ្ញុំសប្បាយចិត្តនឹងផែនការនោះ ប៉ុន្តែខ្ញុំចង់ប្រាកដថា នាងបានដឹងថា ប្រសិនបើយើងសម្រេចចិត្តមានកូនដូចយើងបានគ្រោងទុក នោះមិនយូរមិនឆាប់ខ្ញុំនឹងត្រូវចេញទៅមូលដ្ឋានទ័ព ហើយនាងនឹងត្រូវពរពោះតែម្នាក់ឯងដោយគ្មានខ្ញុំនៅជាមួយ ។ មិនត្រឹមតែប៉ុណ្ណោះ ខ្ញុំថែមទាំងពុំអាចនៅជួយមើលថែអ៊ីសាប៊ែលបានផង ។ ខ្ញុំដឹងថា ភរិយាខ្ញុំរឹងប៉ឹងណាស់ ប៉ុន្តែខ្ញុំពុំដឹងថា គាត់រឹងប៉ឹងប៉ុណ្ណានោះទេ ។
យើងបានសម្រេចចិត្តធ្វើតាមផែនការយើង ហើយយើងមានពរដែលនាងមានផ្ទៃពោះភ្លាម ។ ខ្ញុំបានចេញទៅបាត់រយៈពេលយ៉ាងហោចណាស់ប្រាំមួយខែ អំឡុងពេលស្សានណាពរពោះ ។ ពេលនាងពរពោះបានប្រាំពីរខែ ខ្ញុំបានចេញទៅមូលដ្ឋានទ័ព ដោយពុំរំពឹងថានឹងបានត្រឡប់មកវិញឆាប់ឡើយ រហូតដល់កូនរបស់យើងមានអាយុប្រាំ ឬប្រាំមួយខែឯណោះ ។
ថ្ងៃមួយ នៅពេលជិតដល់ថ្ងៃឆ្លងទន្លេរបស់ស្សានណា ខ្ញុំទទួលកាលវិភាគឲ្យធ្វើដំណើរតាមជើងយន្តហោះនៅព្រឹកព្រលឹមមួយ ដែលទីបំផុតការធ្វើដំណើរនោះត្រូវបានលុបចោល ដូច្នេះខ្ញុំបានចូលដេកវិញ ។ ប៉ុន្មានម៉ោងក្រោយមក មេបញ្ជាការរបស់ខ្ញុំបានទូរសព្ទហៅខ្ញុំឲ្យទៅជួបគាត់នៅការិយាល័យជាប្រញាប់ ។ ពេលខ្ញុំទៅដល់ទីនោះ គាត់បានបង្ហាញអ៊ីម៉ែលរបស់ស្សានណាមកខ្ញុំ ដែលក្នុងអ៊ីម៉ែលនោះនាងសរសេរថា នាងកំពុងឈឺពោះឆ្លងទន្លេ ហើយកំពុងទៅមន្ទីរពេទ្យ ។ សំណាងល្អស្សានណាមានស្មារតីល្អ ដើម្បីអ៊ីម៉ែលមកមេបញ្ជាការខ្ញុំ និងខ្ញុំ តែមេបញ្ជាការខ្ញុំ ទទួលបានអ៊ីម៉ែលលឿនជាងខ្ញុំ ។ លោកមេបញ្ជាបានប្រាប់ខ្ញុំថា ខ្ញុំអាចប្រើទូរសព្ទរបស់គាត់ ហើយខ្ញុំអាចនិយាយទូរសព្ទជាមួយស្សានណា អំឡុងពេលនាងឈឺពោះឆ្លងទន្លេបាន ដែលការឈឺពោះនេះវាលឿន ហើយដំណើរការរលូនជាងការឈឺពោះកើតអ៊ីសាប៊ែល ។ ស្សានណាបានអត់ទ្រាំនឹងការឈឺពោះនោះដូចជាជើងឯកម្នាក់ នាងឈឺពោះតែឯង ហើយមិនភ័យខ្លាចនៅក្នុងបន្ទប់សម្រាលនោះឡើយ ។ អាឡិចស៊ីសបានកើតមកដោយគ្មានបញ្ហាអ្វីឡើយ ។ ប្រសិនបើការហោះហើររបស់ខ្ញុំពុំត្រូវបានលុបចោល ឬប្រសិនបើស្សានណាមិនបានអ៊ីម៉ែលមកមេបញ្ជាការខ្ញុំទេនោះខ្ញុំនឹងមិនដឹងអំពីរឿងទាំងនោះទេ ហើយខ្ញុំក៏ពុំអាចស្ដាប់ឮសម្រែកយំដំបូងរបស់អាឡិចស៊ីសដែរ ។
មិនយូរប៉ុន្មានក្រោយមក ខ្ញុំបានដឹងថា ខ្ញុំត្រូវបានអនុញ្ញាតច្បាប់ឲ្យទៅផ្ទះរយៈពេលពីរបីសប្តាហ៍ ។ យើងទាំងពីរនាក់មានចិត្តរំភើបណាស់ ដែលខ្ញុំអាចទៅជួបអាឡិចស៊ីស មុនកាលកំណត់ដែលយើងរំពឹងទុក ។ វាជាក្តីអស្ចារ្យដែលខ្ញុំចេញពីយន្តហោះ ហើយជួបគ្រួសាររបស់ខ្ញុំដែលបានចម្រើនឡើងនោះ ។
ស្សានណា និងខ្ញុំបានរៀនមេរៀនដែលពុំអាចកាត់ថ្លៃបានអំពីសេចក្តីជំនឿ និងការទុករឿងនានានៅក្នុងព្រះហស្តទ្រង់ ។ យើងបានមានគម្រោងមួយដែលយើងមានអារម្មណ៍ថា វានឹងដំណើរការយ៉ាងល្អបំផុតសម្រាប់គ្រួសារ និងស្ថានភាពរបស់យើង ។ អ្វីៗបានផ្លាស់ប្តូរដែលយើងពុំអាចគ្រប់គ្រងបាន ប៉ុន្តែស្សានណាបានបង្រៀនខ្ញុំថា ប្រសិនបើយើងទទួលអារម្មណ៍បញ្ជាក់ពីព្រះវិញ្ញាណបរិសុទ្ធថា ផែនការនេះត្រឹមត្រូវ នោះយើងគួរតែបន្តធ្វើវា ។ អ្វីដែលយើងត្រូវធ្វើនោះគឺមានផែនការមួយជាមួយព្រះអម្ចាស់ ហើយបង្ហាញសេចក្តីជំនឿតែបន្តិចប៉ុណ្ណោះ ។ វាពុំបានកើតឡើងដូចយើងរំពឹងចង់បាននោះទេ ប៉ុន្តែព្រះអម្ចាស់បានធ្វើឲ្យវាកើតឡើង តាមរយៈការប្រទាននូវ « សេចក្តីមេត្តាករុណាដ៏ទន់ភ្លន់ » ជាបន្តបន្ទាប់ ( សូមមើល នីហ្វៃទី១ ១:២០ ) ។