២០១៩
ជីងចក់ ចង្រិត និងពេលវេលា​ជាមួយ​កូន
ខែ មិថុនា ឆ្នាំ ២០១៩


គេហដ្ឋាន​របស់​យើង ក្រុម​គ្រួសារ​របស់​យើង

ជីងចក់ ចង្រិត និងពេលវេលា​ជាមួយ​កូន

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ​មេន ស.រ.អា.

ខ្ញុំ​ពុំ​ធ្លាប់​ស្រមៃ​ថា ពពួក​សត្វ​ល្មូន​មាន​ឥទ្ធិពល​យូរ​អង្វែង​លើ​ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយ​កូន​ប្រុស​ខ្ញុំ​សោះ ។

geckos

រចនា​រូបភាព​ដោយ ដេវីឌ ហ្គ្រីន

ដាល្លីន​កូន​ប្រុស​ខ្ញុំ​តែងតែ​ចូល​ចិត្ត​សត្វ​ល្មូន ។ ប៉ុន្តែ​ខ្ញុំ​ពុំ​ដែល​ចូលចិត្ត​សត្វ​ល្មូន​ទេ ។ គាត់​បាន​ទទួល​ការអនុញ្ញាត​ឲ្យ​មាន​សត្វ​ល្មូន​មួយ​នៅ​ក្នុង​លក្ខខណ្ឌ​ថា សត្វ​អ្វី​ក៏​ដោយ​ដែល​គាត់​ជ្រើសរើស​ត្រូវ​តែ​មាន​ទំហំ​ល្មម​ទៅ​នឹងបំពង់​ម៉ាស៊ីន​បូម​ធូលី ដើម្បី​កុំឲ្យ​វា​ចេញពីទ្រង់​បាន ពេល​កូន​ប្រុស​ខ្ញុំ​ទៅរៀន ។ យើង​បាន​គិតពីសត្វ​បីបួន​ក្បាល ចាប់តាំង​ពី​កង្កែប​រហូត​ដល់​សត្វ​ត្រកួត ពីមុន​ការសម្រេច​ចិត្ត​យក​សត្វ​ជីងចក់​សម្បុរក្រឡេក្រឡា​ពណ៌​ក្រម៉ៅ​ពីរ មួយឈ្មោះហ្វូស្ស និង​មួយ​ទៀត​ឈ្មោះ​ដាយអែន ។

សត្វចិញ្ចឹម​ថ្មី​របស់​ដាល្លីន​បាន​ចូលរួម​ជាមួយ​គ្រួសារ​យើង កាល​ដាល្លីន​មាន​អាយុ​ប្រាំពីរ​ឆ្នាំ ។ អ្វី​មួយ​ដែល​ខ្ញុំ​មិន​បាន​ដឹង​ជាមុន​ក្នុង​ការធ្វើ​ជាម្ចាស់​សត្វ​ជីងចក់​នោះ គឺ​យើង​ត្រូវ​ឲ្យ​សត្វ​ចង្រិត​ទៅ​វា​ស៊ី—ចង្រិត​រស់—ម្តង​មួយ​សប្តាហ៍ ។ ដាល្លីន និង​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅទិញ « ចង្រិត​រស់ » អស់រយៈពេលជាច្រើន​ឆ្នាំ ។ វាពុំ​សូវ​ស្រួល​ប៉ុន្មាន​ទេ ជាទូទៅ​វា​កើត​ឡើង​រាង​យប់ជ្រៅ​ ខណៈ​យើង​ព្យាយាម​ទៅ​ឲ្យ​ទាន់ម៉ោង​ពីមុន​ហាង​សត្វ​ចិញ្ចឹម​នោះ​បិទ​ទ្វារ ។

ដាយ​អែន​រស់​បាន​តែ​បី​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​ហ្វូស្ស​រស់​បាន​រយៈពេល​ជាច្រើន​ឆ្នាំ ទាំង​មាន​សុខភាព​ល្អ និង​រីករាយ ។ ដល់​ចុង​បញ្ចប់​នៃ​ថ្នាក់​រៀន​នៅ​វិទ្យាល័យ​របស់​ដាល្លីន គាត់​ត្រូវបាន​ចាត់​ឲ្យ​ធ្វើ​បទបង្ហាញ​មួយ​សម្រាប់​ថ្នាក់​និយាយ​ជា​សាធារណៈ​របស់​គាត់ ។ គាត់​បាន​សួរ​យោបល់​ពី​ស្វាមី​ខ្ញុំ និង​រូប​ខ្ញុំ ។ យើង​បាន​ផ្តល់​យោបល់​ថា គាត់​ពិភាក្សា​អំពី​សត្វ​ជីងចក់​សម្បុរ​ក្រឡេក្រឡា​នោះ​ទៅ ដោយសារ​គាត់​ដឹង​ច្រើន​ពី​សត្វ​ជីងចក់នោះ ហើយ​អាច​យក​ហ្វូស្ស​ទៅ​បង្ហាញ​ពួក​សិស្ស​បាន​ឃើញ​ផង ។ បន្ទាប់​មក ដាល្លីន​បាន​ប្រាប់​យើង​ថា ហ្វូស្ស​បាន​ងាប់ហើយ ។

« តើ​កូន​និយាយ​មែន​ឬ ? តើ​វាងាប់​តាំងពី​ពេល​ណា ? » ខ្ញុំ​បាន​សួរ​ទាំង​មិន​ជឿ ។

ដាល្លីន​បាន​ប្រាប់​យើង​ថា ហ្វូស្ស​បាន​ងាប់​សប្តាហ៍​មុន ។

« វា​នៅក្នុង​បន្ទប់​កូន ប៉ុន្តែ​កុំ​ព្រួយ​អី ។ វា​ពុំ​ស្អុយ​ទេ ។ កូន​បាន​ខ្ចប់​វា​ទុក​ក្នុង​ថង់​ពីរ​ជាន់ » ។

បន្ទាប់​ពី​ឃើញ​ភាព​ភ្ញាក់ផ្អើល​របស់​យើង ដាល្លីន​បាន​ពន្យល់​ថា « កូនកំពុង​ធ្វើ​ការពិសោធន៍​មួយ​—កូន​ចង់​មើល​វា​ផុយ​រលួយ » ។

ការពិសោធន៍​របស់​ដាល្លីន​បង្ហាញ​លើស​ពី​ការគ្រាន់តែ​មើល​ពី​ការផុយ​រលួយ​របស់​ជីងចក់នោះទៅ​ទៀត ។ គាត់​បាន​ពន្យា​ដំណើរ​ការ​នោះ​ដោយ​ការដាក់​ហ្វូស្ស​នៅក្នុង​ទូរ​ទឹកកក​រយៈពេល​ពីរ​សប្តាហ៍ ហើ​យ​ក្រោយ​មក​យក​វា​ចេញ​ទុក​ឲ្យ​រលាយ​ទឹកកក ហើយ​ឲ្យ​វា​ផុយ​រលួយ​បន្ថែម​ទៀត ។

មួយ​ឆ្នាំ​ក្រោយ​មក ពេល​ដាល្លីន​កំពុង​បម្រើ​បេសកកម្ម ខ្ញុំ​បាន​សម្អាត​ទូរទឹក​កក ហើយ​បាន​ឃើញ​ហ្វូស្សនៅតែនៅក្នុង​ថង់​ពីរជាន់​នៅផ្នែក​ខាង​ក្រោយ​ទូរទឹកកក​ដដែល ។ ដោយសារ​ខ្ញុំ​កំពុង​រៀបចំ​ឥវ៉ាន់​ផ្ញើ​ទៅ​ដាល្លីន នោះ​ខ្ញុំ​បាន​គិត​ថា វា​នឹង​កំប្លែងណាស់ ប្រសិន​បើ​ខ្ញុំ​ផ្ញើ​សត្វ​ជីងចក់​ពិសោធន៍​តូច​នេះ​ទៅ​គាត់ ។ ខ្ញុំ​បាន​ដាក់​ហ្វូស្ស​នៅក្នុង​ប្រអប់​ដោយ​ប្រុង​ប្រយ័ត្ន ខ្ចប់​វា​នៅក្នុង​ក្រដាស​អុចៗ​ពងជីងចក់​ពណ៌ស​ខ្មៅ ហើយ​ញាត់​វា​យ៉ាង​ស្អាត​ដាក់​ក្នុង​កញ្ចប់​ឥវ៉ាន់​​របស់​ដាល្លីន ដោយ​មាន​សរសេរ​លិខិត​ខ្លី​មួយ​ថា « មាន​អ្វី​មួយ​ដែល​ភ្ញាក់ផ្អើល​នៅក្នុង​កញ្ចប់​ឥវ៉ាន់​របស់​កូន » ។ បន្ទាប់​មក ខ្ញុំ​រង់ចាំ​ចម្លើយ​តប​របស់​គាត់​ដោយ​អន្ទះសារ​ ។

គាត់​បាន​សរសេរ​ថា « កូន​បាន​គិត​ពី​ជីងចក់​នោះ​តាំងពី​ម៉ាក់​បាន​ផ្ញើ​វាមក​ឲ្យ​កូន​ម៉្លេះ ។ ពុំមែន​គិត​ច្រើន​អំពី​ជីងចក់​ពិត​ប្រាកដ​នោះ​ទេ ប៉ុន្តែ​អំពី​ពេលវេលា​ទាំងអស់​ដែល​បាន​ចំណាយ​ជិះ​ឡាន​រៀងរាល់​សប្តាហ៍​ទៅ​ទិញ​ចង្រិត និង​ធ្វើ​កិច្ចការ​ផ្សេង​ទៀត ស្តាប់​យោបល់ រឿង និង​ទីបន្ទាល់​របស់​ម៉ាក់​ខណៈពេល​នៅក្នុង​ឡាន ។ វា​គឺជា​ហេតុផល​ល្អ​ដើម្បី​ទៅ​ជាមួយ​ម៉ាក់ ហើយ​និយាយ​ជាមួយ​ម៉ាក់ ( កាលនោះ​កូន​ពុំ​បាន​និយាយ​ច្រើន​ទេ ប៉ុន្តែ​កូន​បាន​ស្តាប់​ច្រើន​វិញ ) » ។

ការទិញ​ចង្រិត ។ តើ​នរណា​ដឹង​ថាវា​សំខាន់​បែប​នេះ ? ក្នុង​នាម​ជា​ឪពុក​ម្តាយ យើង​ពុំ​បាន​គ្រោង​ពេលវេលា​នៃ​ការជះ​ឥទ្ធិពល​របស់​យើង​ជានិច្ចនោះ​ទេ ។ ជារឿយៗ​វា​បាន​កើត​ឡើង ។ វា​ប្រហែល​ជា​ពេល​ដែល​យើង​ដាក់​កូន​យើង​ឲ្យ​ដេក​លើ​គ្រែ​នៅពេល​យប់ ពេល​ជិះទោង​ស្គី​ជាមួយ​គ្នា ឬ​ការជិះឡាន​ទៅធ្វើ​កិច្ចការ​នានា ។ យើង​ត្រូវ​ចំណាយពេល​នៅជាមួយ​កូនៗ​របស់​យើង ។

ព្រះអង្គសង្គ្រោះ​បាន​បង្ហាញ​គំរូ​ដ៏​អស្ចារ្យ​ស្តីពី​ការចំណាយ​ពេល​សម្រាប់​កុមារ ។ បន្ទាប់​ពី​ចំណាយ​ពេល​បង្រៀន​ពួកសាសន៍​នីហ្វៃ​យ៉ាង​យូរ​មក ព្រះគ្រីស្ទ​បាន​ត្រាស់​បង្គាប់​ឲ្យ​ប្រជាជន​នាំ​យក​កុមារ​តូចៗ​របស់​ពួកគេ​មក​កាន់​ទ្រង់ ។ ទ្រង់​បាន​លុត​ជង្គង់​ចុះ​នៅ​ក្នុង​ចំណោម​កុមារ​តូចៗ ហើយ​បាន​អធិស្ឋាន ។ បន្ទាប់​ពី​ទ្រង់​បាន​អធិស្ឋាន​រួច ទ្រង់​ព្រះកន្សែង ។ បន្ទាប់​ពីនោះ​មក ទ្រង់ « បាន​យក​កូន​ក្មេង​របស់​ពួកគេ ម្ដង​ម្នាក់ៗហើយ​បាន​ប្រទាន​ពរ​ដល់​ពួក​វា ហើយ​បាន​អធិស្ឋាន​ដល់​ព្រះវរបិតា​សម្រាប់​ពួក​គេ » ( នីហ្វៃ​ទី ៣ ១៧:២១ ) ។

កុមារ​ទាំង​នោះ​បាន​ដឹង​ថា ព្រះយេស៊ូវ​ស្រឡាញ់​ពួកគេ ។ ទ្រង់​មាន​ព្រះទ័យ​ចំណាយពេល​សម្រាប់​ពួកគេ ។ ទ្រង់​បាន​ស្តាប់​ពួកគេ អធិស្ឋាន​ឲ្យ​ពួកគេ ហើយ​ទ្រង់​បាន​ប្រទាន​ពរ​ពួកគេ ។ អស់​អ្នក​ដែល​បាន​ឃើញ​ព្រឹត្តិការណ៍​នេះ បាន​ពោរពេញ​ដោយ​អំណាច​ដែល​ដំណើរ​រឿង​នេះ​បាន​កត់ត្រា​ថា « ភ្នែក​មិន​ដែល​ឃើញ​សោះ ឯ​ត្រចៀក​ក៏​មិន​ដែល​បាន​ឮ​រឿង​ដ៏​មហិមា និង​អស្ចារ្យ ដូច​យើង​បាន​ឃើញ ហើយ​បាន​ឮ​ព្រះ​យេស៊ូវ ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​កាន់​ព្រះវរបិតា​ឡើយ » ( នីហ្វៃ​ទី ៣ ១៧:១៦ ) ។

ឥទ្ធិពល​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​មាន​លើ​កុមារ​ទាំង​នោះ​មាន​យូរអង្វែង​អស់​ពេល​ជា​ច្រើន​ជំនាន់ ។ ពេល​យើង​ដាក់​ចំណាប់​អារម្មណ៍ និង​ពេលវេលា​របស់យើង​ទៅលើ​កូនៗ​យើង ទោះបី​យើង​ត្រូវ​ទៅ​ជាមួយ​ពួកគេ​ដើម្បីទិញ​ចង្រិត​ក្តី ដោយ​ក្តីសង្ឃឹម​នោះ​ឥទ្ធិពល​យើង​នឹង​មាន​យូរ​អង្វែង​ដល់​រាប់​ជំនាន់​ផងដែរ ។