២០១៩
ការងារ​បម្រើ​គឺ​ជា​ការមើល​ទៅ​មនុស្ស​ដទៃ​ដូច​ព្រះអង្គសង្គ្រោះ​ទ្រង់​ទត
ខែ មិថុនា ឆ្នាំ ២០១៩


គោលការណ៍​នៃ​ការងារបម្រើ

ការងារ​បម្រើ​គឺ​ជា​ការមើល​ទៅ​មនុស្ស​ដទៃ ដូច​ព្រះអង្គសង្គ្រោះ​ទ្រង់​ទត

ព្រះយេស៊ូវ​បាន​ចំណាយ​ពេល​របស់​ទ្រង់​ជា​ច្រើន គង់​នៅ​ជាមួយ​អស់​អ្នក​ដែល​ត្រូវបាន​គេមើល​ឃើញ​ថា មាន​ភាពខុស​ពី​គេ ទ្រង់​បាន​ទត​ឃើញ​សក្តានុពល​នៃ​និស្ស័យ​ជាព្រះ​របស់​ពួកគេ ។

Christ and the Rich Young Ruler

រូបភាព​ចេញ ពី Christ and the Rich Young Ruler ដោយ ហែនរិច ហូហ្វម៉ាន់

នៅក្នុង​កិច្ចខិតខំ​ដើម្បី​ផ្តល់​ការងារ​បម្រើ​របស់​យើង​ដូចព្រះអង្គសង្គ្រោះ យើង​អាចត្រូវបាន​សុំ​ឲ្យ​ផ្តល់​ការងារ​បម្រើ​ដល់​អ្នក​ដែលមាន​លក្ខណៈ​ប្លែក​ពី​យើង ។ ការណ៍​នេះ​តំណាង​ឲ្យ​ឱកាស​មួយ​សម្រាប់​ឲ្យយើង​រៀន និង​រីកចម្រើន។

វប្បធម៌ ការអប់រំ ពូជសាសន៍ សេដ្ឋកិច្ច អាយុ ឥរិយាបថ​ពី​អតីតកាល និង​បច្ចុប្បន្ន​កាល ឬ​ភាព​ខុស​ប្លែក​ផ្សេង​ទៀត អាច​ធ្វើឲ្យ​យើង​ងាយ​នឹង​វិនិច្ឆ័យ​បុគ្គល​ម្នាក់ ពីមុន​យើង​ស្គាល់ពួកគេ​ទៅទៀត ។ ការវិនិច្ឆ័យ​ជាមុន​នេះ​គឺ​ជា​​ផ្នែក​ដ៏​ធំ​នៃ​ការរើសអើង ហើយ​ព្រះអង្គសង្គ្រោះ​បាន​ព្រមាន​ទាស់​នឹង​ការវិនិច្ឆ័យ​បែប​នេះ ( សូមមើល សាំយូអែលទី ១ ១៦:៧; យ៉ូហាន ៧:២៤ ) ។

តើ​យើង​អាច​មើល​រំលង​ភាពខុសគ្នា​ទាំង​នោះ ហើយ​មើល​ទៅ​មនុស្ស​ដទៃ​ដូច​ព្រះអង្គសង្គ្រោះ​ទ្រង់​ទត​បាន​ដែរ​ឬ​ទេ ? តើ​យើង​អាច​រៀន​ស្រឡាញ់​មនុស្ស​ដទៃ ទោះបី​ពួកគេ​ជា​នរណា ហើយ​ទោះបីពួកគេ​អាច​ក្លាយ​ជា​អ្វីក៏​ដោយ​ដោយ​របៀប​ណា ?

ការមើល​ និង​សេចក្ដី​ស្រឡាញ់

ព្រះគម្ពីរ​ប៊ីប​ប្រាប់​​រឿង​មួយ​ពី​កម្លោះ​អ្នក​មាន ដែល​បាន​សួរ​ពី​របៀប​ដើម្បី​ទទួល​បាន​ជីវិត​អស់កល្ប​ជានិច្ច ៖ « ព្រះយេស៊ូវ​ទ្រង់​ទត​ទៅ​គាត់ ដោយ​ស្រឡាញ់ ហើយ​មាន​ព្រះបន្ទូល​ថា អ្នក​នៅ​ខ្វះ​កិច្ច​មួយ​ទៀត គឺ​ត្រូវ​ទៅ​លក់​របស់​ទ្រព្យ​អ្នក​ទាំង​ប៉ុន្មាន ចែក​ទាន​ឲ្យ​ដល់​ពួក​អ្នក​ក្រ​ទៅ នោះ​អ្នក​នឹង​បាន​ទ្រព្យសម្បត្តិ​នៅ​លើ​ស្ថានសួគ៌​វិញ រួច​ឲ្យ​ផ្ទុក​ឈើ​ឆ្កាង​មក​តាម​ខ្ញុំ​ចុះ » ( ម៉ាកុស ១០:២១ ) ។

ពេល​អែលឌើរ អេស ម៉ាក ផាលម៉ា ក្នុង​ពួកចិតសិប​នាក់​បាន​សិក្សា​ខគម្ពីរ​នេះ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ផ្នែក​ថ្មី​មួយ​នៃ​រឿង​នេះ​បាន​ធ្វើ​ឲ្យ​លោក​ចាប់អារម្មណ៍​​ភ្លាមៗ ។

« ‹ ព្រះយេស៊ូវ​ទ្រង់​ទត​ទៅ​គាត់​ដោយ​ស្រឡាញ់ › ។

នៅពេល​ខ្ញុំ​ឮ​ពាក្យ​ទាំង​នេះ រូបភាព​ដ៏​ច្បាស់លាស់​មួយ​បាន​ផុស​ឡើង​ក្នុង​ចិត្ត​ខ្ញុំ​អំពី​ព្រះអម្ចាស់ ឈប់​គង់​មួយ​សន្ទុះ ហើយ ទតទៅ កម្លោះ​​ម្នាក់​នោះ ។ ទត​ទៅ—គឺ​ជា​ការ​ទត​មើល​ឲ្យ​ស៊ីជម្រៅ និង​ទត​មើល​ធ្លុះ​ដល់​ព្រលឹង​កម្លោះ​នោះ ដោយ​ទទួល​ស្គាល់​សេចក្តីល្អ​សប្បុរស​របស់​គាត់ ព្រមទាំង​សក្តានុពល​របស់​គាត់ ក៏​ដូចជា​ការញែក​ដឹង​ពី​តម្រូវការ​ដ៏​ធំធេង​របស់​គាត់ ។

បន្ទាប់​មក​ពាក្យ​សាមញ្ញ​នេះ—ព្រះយេស៊ូវ ស្រឡាញ់​គាត់ ។ ទ្រង់​មាន​ក្តីស្រឡាញ់ និង​សេចក្តីអាណិតមេត្តា​ដ៏​ច្រើន​លើសលុប​ដល់​កម្លោះល្អ​ម្នាក់​នេះ ហើយ ដោយសារ សេចក្តីស្រឡាញ់ និង ជាមួយ នឹង​សេចក្តីស្រឡាញ់​នេះ ព្រះយេស៊ូវ​បាន​សុំឲ្យ​គាត់​ធ្វើកិច្ចការ​កាន់តែ​ច្រើន​បន្ថែម​ទៀត ។ ខ្ញុំ​បាន​ស្រមៃ​មើល​ថា តើ​កម្លោះ​ម្នាក់​នេះ​មាន​អារម្មណ៍​បែប​ណា ចំពោះ​សេចក្តីស្រឡាញ់​ដ៏​ខ្លាំង​បែប​នេះ​ដែល​គាត់​បាន​ទទួល ខណៈ​ដែល​ត្រូវបាន​សុំ​ឲ្យ​ធ្វើ​កិច្ចការ​ដ៏​សែន​លំបាក ដូចជា​ការ​លក់​ទ្រព្យ​សម្បត្តិ​ដែល​គាត់​មាន​ទាំងអស់ ហើយ​ចែកវា​ដល់​អ្នក​ក្រ ។ …

[ ខ្ញុំ​បាន​សួរ​ខ្លួន​ឯង​ថា ] ‹ តើ​ខ្ញុំ​អាច​បំពេញ​សេចក្តីស្រឡាញ់​ដូច​ជា​ព្រះគ្រីស្ទ​ក្នុង​ចិត្ត​ខ្ញុំ​តាមរបៀប​ណា ដើម្បី​ឲ្យ [ មនុស្ស​ដទៃ ] អាច​ទទួល​អារម្មណ៍​នៃ​ក្តីស្រឡាញ់​របស់​ព្រះ​តាមរយៈ​ខ្ញុំ ហើយ​មាន​បំណង​ផ្លាស់ប្តូរ​នោះ ? › តើ​ខ្ញុំ​អាច មើល​ [ បុគ្គលម្នាក់ៗ​ដែល​នៅ​ជុំវិញ​ខ្ញុំ ] ដូច​ព្រះអម្ចាស់​បាន​ទត​មើល​កម្លោះ​អ្នក​មាន​នោះ​យ៉ាង​ដូចម្តេច ដោយការ​មើល​ថា តើ​ពួកគេ​ជា​មនុស្ស​បែបណា ហើយ​ពួកគេ​អាច​ប្រែទៅ​ជា​បែប​ណា ជាជាង​ការគ្រាន់តែ​មើល​ថា តើ​ពួកគេ​ធ្វើ ឬ​មិន​ធ្វើ​អ្វី​ខ្លះ ? តើ​ខ្ញុំ​អាច​ប្រែ​កាន់តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ​បាន​តាម​របៀប​ណា ? »

ការរៀន​ដើម្បី​មើល​ទៅ​មនុស្ស​ដទៃ

ការរៀន​ដើម្បី​មើល​ទៅ​មនុស្ស​ដទៃ​ដូចព្រះអង្គសង្គ្រោះ​ទ្រង់​ទត នាំ​មក​នូវ​រង្វាន់​ដ៏​ច្រើន​លើសលុប ។ នេះ​គឺ​ជា​របៀប​មួយ​ចំនួន​ដែល​អាច​ជួយ ពេល​យើង​ធ្វើ​កិច្ចការ​ឆ្ពោះ​ទៅកាន់​គោលដៅ​នេះ ។

  • ស្គាល់​ពួកគេ​ឲ្យ​ច្បាស់
    សូម​ព្យាយាម​រៀន​ស្គាល់​មនុស្ស​ឲ្យ​ច្រើន​លើស​ពី​សំបក​ក្រៅ​របស់​ពួកគេ ។ ទទួលស្គាល់​ថា ការបង្កើត​ទំនាក់ទំនង​ត្រូវ​ចំណាយ​ពេល និង​កិច្ចខិតខំ​ដោយ​ស្មោះសរ ។ ( សូមមើល​អត្ថបទ​គោលការណ៍​នៃ​ការងារ​បម្រើ​ខែ​សីហា​ឆ្នាំ ២០១៨ « ការបង្កើត​ទំនាក់ទំនង​ប្រកប​ដោយ​អត្ថន័យ » សម្រាប់​ជា​ជំនួយ ) ។

  • ពិនិត្យ​មើល​ខ្លួន​ឯង
    សូម​យកចិត្ត​ទុកដាក់​លើ​ការវិនិច្ឆ័យ​ដែល​អ្នក​អាចធ្វើ​ដោយ​ចេតនា ឬ​អចេតនា ។ សូម​កត់​ចំណាំ​ពី​ការស្មាន​នានា ដែល​អ្នក​កំពុង​មាន​អំពី​មនុស្ស​ដទៃ ហើយ​ព្យាយាម​យល់​ពី​មូលហេតុ​ដែល​អ្នក​មាន​អារម្មណ៍​បែប​នោះ​ចំពោះ​ពួកគេ ។

  • កុំ​វិនិច្ឆ័យ​គេ
    ទទួល​ស្គាល់​ថា កាលៈទេសៈ​ពុំ​កំណត់​ពី​តម្លៃ​របស់​បុគ្គល​ម្នាក់​ណា​ឡើយ ។ ព្យាយាម​យល់​ពី​ស្ថានភាព​របស់​ពួកគេ និង​ពិចារណា​ពី​របៀប​ដែល​អ្នក​ចង់​ឲ្យ​នរណា​ម្នាក់​យល់​ពី​អ្នក ប្រសិនបើ​អ្នក​ស្ថិត​នៅក្នុង​កាលៈទេសៈ​ដូច​គ្នា​នោះ ។ ការញែក​ចេញ​នូវ​ជម្រើស និង​ឥរិយាបថ​របស់​នរណា​ម្នាក់​ពី​តម្លៃ​ក្នុង​ខ្លួន និង​សក្តានុពល​នៃ​ភាព​ជាព្រះ​របស់​ពួកគេ អាច​ជួយ​យើង​ឲ្យ​មើល​ពួកគេ​ដូច​ព្រះអង្គសង្គ្រោះ​ទ្រង់​ទត ។

  • អធិស្ឋាន​ដើម្បី​ស្រឡាញ់​ពួកគេ
    សូម​អធិស្ឋាន​សម្រាប់​ពួកគេ​ជានិច្ច​តាម​ឈ្មោះ និង​អធិស្ឋាន​ទូល​សូម​ការអត់ធ្មត់​ដើម្បី​អភិវឌ្ឍ​មិត្តភាព​ដ៏​ពិតប្រាកដ​មួយ ។ សូម​ក្រឡេក​មើលការបម្រើ​របស់អ្នក​ប្រកប​ដោយ​ការអធិស្ឋាន ។ តើ​មាន​ចន្លោះ​ប្រហោង​រវាង​អ្វី​ដែល​អ្នក​កំពុង​ធ្វើ និង​អ្វី​ដែល​ពួកគេ​ពិតជា​ត្រូវការ​ដែរ​ឬ​ទេ ?

Jesus with the woman with the issue of blood

រូបភាព​លម្អិត​មក​ពី ស្ត្រី​ដែល​បាន​ជាសះស្បើយ ដោយ ជេ ខឺក រីឆាដ

ព្រះយេស៊ូវ​បាន​ចំណាយ​ពេលវេលា​របស់​ទ្រង់​ជាមួយ​មនុស្ស​គ្រប់​ប្រភេទ ៖ អ្នក​មាន អ្នក​ក្រ អ្នក​គ្រប់គ្រង និង​មនុស្ស​សាមញ្ញ ។ ជារឿយៗ ទ្រង់​គឺជា​ជន​រងគ្រោះ​នៃ​ការវិនិច្ឆ័យ​ខុស​ពី​មនុស្ស​ដទៃ ពេល​ពួកគេ​មើល​ទៅ​ទ្រង់ និង​រូបរាង​ក្រីក្រ ឬ​កាលៈទេសៈ​មិន​សំខាន់​របស់​ទ្រង់ ។ « ហើយ​កាល​យើង​បាន​មើល​ទ្រង់ នោះ​ក៏​គ្មាន​ភាព​លំអ​ណា ដែល​ឲ្យ​យើង​រីករាយ​ចិត្ត​ដែរ ។ … ទ្រង់​ត្រូវ​គេ​មើលងាយ ហើយ​ត្រូវ​មនុស្ស​បោះបង់​ចោល » ( អេសាយ ៥៣:២–៣ ) ។

ទស្សនវិស័យ​ដូចជា​ព្រះគ្រីស្ទ

បងស្រី​ម្នាក់​ចែកចាយ​រឿង​នេះ​អំពី​ការរៀន​មើល​អ្នក​ជិតខាង​ម្នាក់​ដោយ​កែវភ្នែក​ដូច​ជា​ព្រះគ្រីស្ទ ៖

« ជូលៀ ( ឈ្មោះ​ត្រូវ​បាន​ផ្លាស់ប្តូរ ) បាន​រស់នៅ​ក្បែរ​ខ្ញុំ ហើយ​ហាក់ដូចជា​គ្មាន​មិត្តភក្តិ​ណា​ទេ ។ គាត់​មើល​ទៅ​ដូចជា​អន់ចិត្ត និង​មាន​កំហឹង​ជានិច្ច ។ ទោះជា​យ៉ាង​នោះ​ក្តី ខ្ញុំ​បាន​សម្រេច​ចិត្ត​ធ្វើ​ជាមិត្ត​នឹង​គាត់ ។ ពុំមែន​គ្រាន់តែ​ជាមិត្ត​ភក្តិ​ធម្មតា​នោះ​ទេ ប៉ុន្តែ​ជា​មិត្ត​ដ៏​ពិត​ម្នាក់ ។ ខ្ញុំ​បាន​និយាយ​ទៅ​កាន់​គាត់ ពេល​ណា​ខ្ញុំ​បាន​ឃើញ​គាត់ ហើយ​ខ្ញុំ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​លើ​អ្វី​ដែល​គាត់​កំពុង​ធ្វើ ។ ដោយ​សន្សឹមៗ ខ្ញុំ​បាន​បង្កើត​មិត្តភាព​ដ៏​ស្អិត​រមួត​មួយ​ជាមួយ​គាត់ ដែល​ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​មាន​អំណរ ។

នៅ​ថ្ងៃ​មួយ ខ្ញុំ​បាន​សម្រេច​ចិត្ត​ទៅ​សួរ​សុខទុក្ខ​ជូលៀ ហើយ​សួរ​គាត់​អំពី​ការសម្រេច​ចិត្ត​គាត់​មិន​ចូល​សាសនាចក្រ ។

ខ្ញុំ​បាន​ដឹង​ថា គាត់​គ្មាន​គ្រួសារ ឬ​សាច់​ញាតិ​នៅ​ក្បែរ​គាត់​ឡើយ ។ បងប្អូន​បង្កើត​តែ​ម្នាក់​គត់​របស់​គាត់​គឺ​ប្អូន​ប្រុស​របស់​គាត់រស់នៅ​ឆ្ងាយ​ណាស់ ប្អូន​ប្រុស​គាត់​ទាក់ទង​មកគាត់​មួយ​ឆ្នាំ​តែ​ម្តង​គត់​តាមរយៈ​ទូរសព្ទ ។ ពេល​ខ្ញុំ​ស្តាប់​ការនិយាយ​ពីភាព​ល្វីងជូរចត់ កំហឹង និង​ភាពស្មុគស្មាញ​អំពី​គ្រួសារ​គាត់ និង​សាសនាចក្រ នោះ​អារម្មណ៍​នៃ​ក្តីអាណិតអាសូរ​ដែល​ពុំ​អាច​បដិសេធ​បាន និង​សេចក្តីស្រឡាញ់​ចំពោះ​បងស្រី​នេះ​បាន​ស្ថិត​មក​លើ​ខ្ញុំ​យ៉ាង​ខ្លាំង ។ ខ្ញុំ​ទទួល​អារម្មណ៍​ឈឺចាប់ និង​ភាព​ស្មុគស្មាញ​របស់​គាត់ ។ ខ្ញុំ​បាន​ដឹង​ពី​ជីវិត​ដ៏​ឯកោ​របស់​គាត់ ។ ខ្ញុំ​បាន​ឮ​ឃ្លា​មួយ​​ពី​ក្រោយ​ខ្ញុំ​ថា ៖ ‹ យើង​ក៏​ស្រឡាញ់​គាត់​ដែរ ។ ចូរ​ស្រឡាញ់ និង​​គោរព​គាត់ › ។

« ខ្ញុំ​បាន​អង្គុយ ហើយ​ស្តាប់​រហូត​ដល់​គាត់​គ្មាន​អ្វី​និយាយ​ទៀត ។ ខ្ញុំ​មាន​អារម្មណ៍​​នៃ​សេចក្តីស្រឡាញ់ និង​ក្តីអាណិតអាសូរ​ដល់​គាត់ ។ នេះ​គឺជា​បងស្រី​ម្នាក់​ដែល​ពុំ​ធ្លាប់​ដឹង​ថា តើ​អារម្មណ៍​ដែល​មាន​គេ​ស្រឡាញ់​នោះ​មាន​សភាព​បែប​ណា​ឡើយ ។ រំពេច​នោះ ខ្ញុំ​បាន​យល់​ពី​គាត់​កាន់តែ​ខ្លាំង​ឡើង ។ ខ្ញុំ​ថ្លែង​អំណរគុណ​គាត់ ដែល​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​សួរសុខទុក្ខ​គាត់ ហើយ​ខ្ញុំ​បាន​លាគាត់​ដោយ​ឱប​គាត់ និងមាន​សេចក្តីស្រឡាញ់ ព្រមទាំង​គោរព​គាត់ ។ គាត់​នឹង​ពុំ​ដឹង​ថា គាត់​បាន​រំជួលចិត្ត​ខ្ញុំ​ប៉ុណ្ណា​ទេ​ជាមួយ​នឹង​ការសួរសុខទុក្ខ​នោះ ។ ព្រះវរបិតា​សួគ៌​បាន​បើក​ភ្នែក​ខ្ញុំ ហើយ​បាន​បង្រៀន​ខ្ញុំ​ថា ខ្ញុំ​មាន​សមត្ថភាព​ដើម្បី​ស្រឡាញ់​ជាមួយ​នឹង​ការអាណិតអាសូរ​ដែល​បាន​កើន​ឡើង ។ ខ្ញុំ​បាន​ប្តេជ្ញា​ក្នុងចិត្ត​ខ្ញុំ​ថា ពុំ​គ្រាន់តែ​ធ្វើ​ជា​មិត្ត​នឹង​គាត់​នោះទេ ខ្ញុំ​នឹង​ធ្វើ​ជា​គ្រួសារ​របស់​គាត់​ផងដែរ » ។

women hugging

វា​គឺ​ជា​រឿង​ពិសិដ្ឋ​មួយ​ដើម្បី​ត្រូវបាន​អញ្ជើញ​ឲ្យ​ធ្វើ​ជា​ផ្នែក​មួយក្នុង​ជីវិត​របស់​មនុស្ស​ដទៃ​ទៀត ។ ជាមួយ​នឹង​ការអធិស្ឋាន ការអត់ធ្មត់ និង​ជំនួយ​ពី​ព្រះវិញ្ញាណ នោះ​យើង​អាច​រៀន​ធ្វើ​កិច្ចការ​នោះ​ជាមួយ​នឹង​ទស្សនវិស័យ​កាន់តែ​ដូច​ព្រះគ្រីស្ទ ។

កំណត់​ចំណាំ

  1. អេស ម៉ាក ផាលមើរ « Then Jesus Beholding Him Loved Him » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ១១៥ ។