ការយល់ដឹងអំពី ផែនការនៃសេចក្ដីសង្គ្រោះ បានផ្តល់ភាពសុខសាន្តដល់ខ្ញុំ
អ្នកនិពន្ធរស់នៅប្រទេសហ្វីលីពីន ។
ពេលម្តាយខ្ញុំត្រូវបានធ្វើរោគវិនិច្ឆ័យដឹងថាមានជំងឺមហារីកកម្រិតចុងក្រោយ នោះខ្ញុំគ្រាន់តែអាចមើលឃើញពីទុក្ខព្រួយនាពេលអនាគតរបស់ខ្ញុំតែប៉ុណ្ណោះ ។ បន្ទាប់មកគាត់បានថ្លែងទីបន្ទាល់របស់គាត់អំពីផែនការនៃសេចក្ដីសង្គ្រោះ ។
ពីរបីឆ្នាំកន្លងទៅ នៅថ្ងៃខួបអាពាហ៍ពិពាហ៍របស់ម្តាយឪពុកខ្ញុំ ម្តាយខ្ញុំត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកលំពែងដំណាក់ទី ៤ ។ លទ្ធផលស៊ីធីស្កេនរបស់គាត់បានបង្ហាញថា ជំងឺមហារីករបស់គាត់គំរាមកំហែងអាយុជីវិតគាត់ ហើយរូបកាយរបស់គាត់ទ្រុឌទ្រោមជាខ្លាំង ។ នៅគ្រានោះហើយ ដែលខ្ញុំបានដឹងថា ម្តាយរបស់ខ្ញុំពុំអាចរស់នៅបានយូរទៀតទេ ។
ខ្ញុំពុំទាន់បានត្រៀមខ្លួនចំពោះរឿងនោះទេ ។ ខ្ញុំបានស្រមៃពីសភាពនៃជីវិតខ្ញុំ ពេលគ្មានម្តាយខ្ញុំ ។ អ្វីៗគ្រប់យ៉ាងនឹងអាប់អួរ គ្មានសង្ឃឹម និងទុក្ខព្រួយ ។ គ្មានអំណរ ឬការសើចសប្បាយទៀតឡើយ—ហើយគ្មានការឱបដ៏កក់ក្តៅពីម្តាយខ្ញុំដែលនឹងលួងលោមខ្ញុំទៀតដែរ ។ វាហាក់ដូចជាខ្ញុំគ្មានជីវិតផងដែរ ។
ជាច្រើនខែបានកន្លងផុតទៅ ហើយរាងកាយម្តាយរបស់ខ្ញុំបានចុះខ្សោយទៅៗ ។ ប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលបំផុតនោះ គឺបំណងប្រាថ្នារបស់គាត់ក្នុងការទៅព្រះវិហារ ចូលរួមការសិក្សាព្រះគម្ពីរប្រចាំថ្ងៃជាមួយគ្រួសារយើង បង្រៀនមេរៀននៅក្នុងរាត្រីជួបជុំគ្រួសារ ហើយថែមទាំងសើចជាមួយយើងផងដែរ ។
ថ្ងៃមួយ ខ្ញុំបានសួរគាត់ថា « តើម៉ាក់គ្មានសំណួរទៅកាន់ព្រះវរបិតាសួគ៌ទេឬ ? តើម៉ាក់ដែលឆ្ងល់ទេថា ហេតុអ្វី ម៉ាក់ មានជំងឺមហារីក ? ម្តាយខ្ញុំបានញញឹម ហើយបានចែកចាយទីបន្ទាល់របស់គាត់អំពីផែនការនៃសេចក្ដីសង្គ្រោះ ។ គាត់បានប្រាប់ខ្ញុំថា ខ្ញុំត្រូវតែយល់ពីផែនការណ៍នៃសេចក្តីសង្គ្រោះ ដើម្បីទទួលអារម្មណ៍នៃភាពសុខសាន្តដ៏ប្រពៃដែលយើងនឹងទទួល ។ គាត់បានមានប្រសាសន៍ថា ប្រសិនបើខ្ញុំយល់ពីកន្លែងដែលយើងបានមក គោលបំណងរបស់យើងក្នុងជីវិតនេះ និងកន្លែងដែលយើងទៅ នោះខ្ញុំនឹងយល់ថា យើងនឹងនៅជាមួយគ្នាជានិច្ច ខ្ញុំនឹងពុំបាត់បង់គាត់នោះទេ ។ គាត់បានលើកទឹកចិត្តខ្ញុំឲ្យបន្តរៀបចំខ្លួនបម្រើបេសកកម្ម ហើយចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ និងផែនការនៃសេចក្តីសង្គ្រោះជាមួយមនុស្សដទៃ ដើម្បីពួកគេអាចទទួលពរជ័យនៃការលួងលោម និងសុភមង្គលនេះផងដែរ ។
ខ្ញុំបានដឹងថា ម្តាយខ្ញុំមានប្រសាសន៍ត្រឹមត្រូវណាស់ ។ ហេតុអ្វីខ្ញុំមានអារម្មណ៍ភ័យខ្លាចបាត់បង់គាត់នៅលើផែនដីនេះ ប្រសិនបើខ្ញុំបានដឹងថា ដរាបណាខ្ញុំរក្សាសេចក្តីសញ្ញា ហើយបំពេញតាមព្រះទ័យរបស់ព្រះវរបិតា នោះខ្ញុំនឹងជួបគាត់នៅក្នុងជីវិតបន្ទាប់ទៀត ? ខ្ញុំមានអារម្មណ៍សុខសាន្ត ។
មួយរយៈក្រោយមក ម្តាយរបស់ខ្ញុំបានស្លាប់ ។ អំឡុងពេលធ្វើពិធីបុណ្យសព—ជាពិធីដែលយើងបានធ្វើពីមុនការបញ្ចុះសពគាត់—ទោះបីនោះជាគ្រាលំបាក ហើយខ្ញុំមានទុក្ខក្តី អ្វីៗគ្រប់យ៉ាងហាក់ដូចជាមានភាពសុខសាន្ត ហើយខ្ញុំនៅតែមានអារម្មណ៍ថា ម្តាយខ្ញុំមានវត្តមាននៅទីនោះ ។ សូម្បីតែអ្នកដែលនៅជុំវិញខ្ញុំ ក៏ហាក់ដូចជាត្រូវបានលើកស្ទួយចិត្តផងដែរ ។ ខ្ញុំបានដឹងថា ខ្ញុំបានទទួលអារម្មណ៍នៃពរជ័យពិតប្រាកដនៃការយល់អំពីផែនការដ៏ទេវភាពរបស់ព្រះ ។
ក្រោយមក នៅពេលដែលត្រូវយកសពម្តាយខ្ញុំទៅទីបញ្ចុះសព ក្មេងប្រុសម្នាក់បានមកជួបខ្ញុំ ហើយបានសួរខ្ញុំថា ហេតុអ្វីខ្ញុំអត់យំ ។ ខ្ញុំបានចាំពីអារម្មណ៍ដែលខ្ញុំបានគិតអំពីមរណភាពរបស់ម្តាយខ្ញុំពីមុន និងអារម្មណ៍ដែលខ្ញុំបានឃើញតែពីទុក្ខព្រួយ និងភាពសោកសៅដ៏ខ្លាំង ។ ខ្ញុំបានញញឹម ហើយលុតជង្គង់ចុះត្រឹមកម្ពស់គាត់ ។ ខ្ញុំបានប្រាប់គាត់ថា « បងដឹងថា បងនឹងជួបម្តាយបងម្តងទៀត ប្រសិនបើបងបន្តធ្វើតាមបទបញ្ញត្តិរបស់ព្រះ » ។ ក្មេងប្រុសនោះបានញញឹមផងដែរ ហើយខ្ញុំបានដឹងថា គាត់បានទទួលអារម្មណ៍សុខសាន្តដូចខ្ញុំបានទទួលដែរ ។
ម្តាយរបស់ខ្ញុំបានចែកឋានទៅមែន ប៉ុន្តែភាពអាប់អួរ ក្តីអស់សង្ឃឹម និងភាពសោកសៅដែលខ្ញុំបានគិតថា នឹងមានក្នុងជីវិតខ្ញុំនោះពុំមានវត្តមានឡើយ ។ ខ្ញុំបានលាម្តាយខ្ញុំ ហើយប្រាប់គាត់ថា យើងនឹងជួបគ្នានៅក្នុងជីវិតខាងមុខ ។ ខ្ញុំបានទទួលអារម្មណ៍លួងលោម ទោះបីជាយើងបាត់បង់គ្នាក្តី ។ វាគឺជាពរជ័យមួយដែលកើតឡើងពីការយល់អំពី ផែនការនៃសេចក្ដីសង្គ្រោះ ។