យុវមជ្ឈិមវ័យ
បានទទួលពរតាមរយៈការមានកូន
អ្នកនិពន្ធរស់នៅទីក្រុងម៉ាណាហ្គោ ប្រទេសនីការ៉ាហ្គោ ។
មនុស្សជាច្រើនបានមានការសង្ស័យពីយើងដែលចេះតែមានកូនថែមទៀត ប៉ុន្តែតាមរយៈកូនរបស់យើង យើងអាចយល់បានប្រសើរឡើងពីសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ ហើយអភិវឌ្ឍសក្តានុពលនៃភាពជាព្រះរបស់យើង ។
តើនេះជាកូនពៅរបស់អ្នកឬ ? » ដោយមានកូនពីរនាក់អាយុក្រោមប្រាំឆ្នាំរួចទៅហើយ នោះពេលខ្ញុំមានផ្ទៃពោះកូនទីបី ជារឿយៗមនុស្សហាក់ដូចជាមានគំនិតមួយអំពីកូនរបស់យើង ។ « តើនេះជាកូនពៅរបស់អ្នកឬ ? តើអ្នកគិតថា វាមិនលឿនពេកទេឬអី ? តើអ្នកនឹងធ្វើអ្វីជាមួយកូនទាំងបីនាក់នោះ ? » ទាំងនេះគឺជាសំណួរដែលខ្ញុំឮជារឿយ ។ ទោះបីវាជារឿងអាចយល់បានក្តី ជារឿយៗប្រជាជននៅក្នុងប្រទេសខ្ញុំមានកូនតែម្នាក់ ឬពីរនាក់ប៉ុណ្ណោះ ដោយសារតែបញ្ហាសេដ្ឋកិច្ច អ្វីដែលគេពុំដឹងនោះគឺថា ពេលស្វាមីខ្ញុំ និងខ្ញុំបានណាត់ដើរលេងជាគូរនោះ យើងបាននិយាយអំពីចំនួនកូនដែលយើងចង់បាន និងពេលវេលាដែលយើងចង់បានពួកគេ ។ ផែនការគ្រួសារគឺជារឿងសំខាន់ ហើយជាការសម្រេចចិត្តសំខាន់មួយចំពោះពួកយើង ដូច្នេះវាត្រូវធ្វើឡើងរវាងយើងទាំងពីរនាក់ ដោយស្វែងរកការណែនាំពីព្រះជានិច្ច ។ យើងបានស្តាប់ព្រះវិញ្ញាណ ជាជាងស្តាប់មនុស្សដែលនៅជុំវិញយើង ហើយយើងមានពរដោយការមានកូន ។
ពេលព្រះអម្ចាស់បានធ្វើសេចក្ដីសញ្ញាមួយជាមួយអ័ប្រាហាំ ទ្រង់បានសន្យាថា លោកនឹងមានកូនច្រើន ( សូមមើល លោកុប្បត្តិ ១៧:៥–៦; ២២:១៧ ) ។ តាមរយៈវគ្គបទគម្ពីរនោះ យើងបានទទួលអារម្មណ៍ថា ចំពោះព្រះវរបិតាសួគ៌យើង ការមានកូនគឺជាពរជ័យមួយដ៏អស្ចារ្យបំផុតដែលយើងអាចទទួល ។ តាមរយៈកូនរបស់យើង យើងអាចយល់បានប្រសើរឡើងពីសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌យើង ហើយយើងអភិវឌ្ឍសក្តានុពលនៃភាពជាព្រះរបស់យើង ។ ពេលអ្នកមានកូន អ្នកពុំគ្រាន់តែជួយវិញ្ញាណទាំងនោះដែលនៅក្នុងជីវិតមុនឆាកជីវិតនេះឲ្យមកកាន់ផែនដី ហើយទទួលរូបរាងកាយប៉ុណ្ណោះទេ អ្នកក៏ថែមទាំងមានឯកសិទ្ធិនៃការបង្រៀនដំណឹងល្អដល់ពួកគេផងដែរ ។ ខ្ញុំជឿថា ចំណុចពីរបីនៅក្នុងជីវិតយើងរៀបចំយើងកាន់តែប្រសើរឡើងសម្រាប់ជីវិតអស់កល្បជានិច្ច ជាងការមានកូន ។ ក្រុមគ្រួសារយើងគឺជាកន្លែងល្អបំផុតដែលយើងរៀនអនុវត្តបុគ្គលិលក្ខណៈរបស់ព្រះអម្ចាស់ ។ ឥឡូវនេះ ខ្ញុំគឺជាម្តាយមួយរូប ខ្ញុំត្រូវបានរំឭកពីសារៈសំខាន់ដើម្បីបន្តនៅជិតនឹងព្រះវរបិតាសួគ៌ខ្ញុំប្រចាំថ្ងៃ ។ ខ្ញុំអធិស្ឋានគ្រប់ពេល ទូលសូមការណែនាំ កម្លាំង និងការអត់ធ្មត់ ហើយថ្លែងអំណរគុណទ្រង់សម្រាប់ពរជ័យជាច្រើន ដែលកើតឡើងជាមួយនឹងការមានកូន ។
ភាពជាឪពុកម្តាយគឺជាបទពិសោធន៍ផ្លាស់ប្តូរជីវិតមួយដែលពោរពេញដោយឧបសគ្គមួយចំនួន ប៉ុន្តែក៏មានអំណរជាច្រើនផងដែរ ។ គ្រប់ពេលដែលខ្ញុំស្តាប់កូនស្រីច្បងរបស់ខ្ញុំច្រៀងចម្រៀងថ្នាក់អង្គការបឋមសិក្សា ឬមើលកូនប្រុសអាយុពីរឆ្នាំរបស់ខ្ញុំ ព្យាយាមបិទភ្នែកគាត់អំឡុងពេលអធិស្ឋានជាគ្រួសាររបស់យើង ឬពេលខ្ញុំបីកូនប្រុសខ្ញុំដែលកំពុងដេកនៅក្នុងរង្វង់ដៃខ្ញុំ នោះខ្ញុំមានអារម្មណ៍ថា ចិត្តខ្ញុំពោរពេញដោយអំណរដែលពុំអាចថ្លែងបាន ។ កូនៗរបស់យើងគឺជាកម្លាំងដែលបន្តឲ្យយើងស៊ូទ្រាំរហូតដល់ទីបញ្ចប់ ទោះបីជាមានឧបសគ្គច្រើនប៉ុណ្ណាដែលយើងប្រឈមមុខក្នុងជីវិតក្តី ។ ខ្ញុំពិតជាមានអំណរគុណចំពោះព្រះវរបិតាសួគ៌ខ្ញុំចំពោះការផ្តល់ឱកាសដើម្បីក្លាយជាម្តាយនៃកូនៗរបស់ខ្ញុំ ។
ខ្ញុំដឹងថា ព្រះវរបិតាសួគ៌របស់យើងស្រឡាញ់យើង ។ ខ្ញុំបានទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ទ្រង់ អំឡុងពេលនៃគ្រាដ៏ផ្អែមល្ហែមនៃសុភមង្គលយូរអង្វែងដ៏ពិត និងអំឡុងពេលនៃការសាកល្បងរបស់យើង ។ ទ្រង់បានបញ្ជូនព្រះរាជបុត្រារបស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ដើម្បីបង្ហាញយើងនូវផ្លូវដែលត្រឡប់ទៅកាន់ផ្ទះសួគ៌ារបស់យើងវិញ ។ ខ្ញុំស្រឡាញ់គ្រួសាររបស់ខ្ញុំ ហើយខ្ញុំដឹងថា ក្រុមគ្រួសារអាចនៅជុំគ្នាជានិរន្ដរ ។