ពរជ័យនៃភាពខ្លួនទីពឹងខ្លួន
ផ្កា និង ស្ថេរភាពផ្នែកហិរញ្ញវត្ថុ
អ្នកនិពន្ធរស់នៅរដ្ឋអាឡាស្កា ស.រ.អា. ។
ព្រះអម្ចាស់បានបង្កើនលទ្ធភាពខ្ញុំ បានពង្រីកសមត្ថភាពខ្ញុំ ហើយបានធ្វើឲ្យខ្ញុំក្លាយជាមនុស្សប្រសើរឡើងជាងខ្ញុំអាចធ្វើដោយខ្លួនខ្ញុំផ្ទាល់ ។
រចនារូបភាពដោយ ដេវីឌ ហ្គ្រីន
ភាពពិតមួយដែលខ្ញុំពុំបានរៀនចប់ពីមហាវិទ្យាល័យបានរំខានចិត្តខ្ញុំណាស់ ។ ខ្ញុំបានដឹងថា ប្រសិនបើមានអ្វីមួយបានកើតឡើងចំពោះស្វាមីខ្ញុំ នោះខ្ញុំពុំបានត្រៀមហិរញ្ញវត្ថុដើម្បីផ្គត់ផ្គង់គ្រួសារយើងឡើយ ។
បន្ទាប់មក រឿងពុំបានរំពឹងមួយបានកើតឡើង ។ ខ្ញុំបានទទួលទូរសព្ទមួយដែលធ្វើឲ្យខ្ញុំរន្ធត់ និងផ្លាស់ប្តូរជីវិតខ្ញុំ ។
ស្វាមីខ្ញុំដែលមានគ្រោះថ្នាក់បានស្រែកតាមទូរសព្ទថា « សូមទូរសព្ទទៅ ៩១១ ! ។ បងកំពុងជាប់នៅក្រោមត្រាក់ទ័រ ! »
ខ្ញុំបានទូរសព្ទសូមជំនួយ ហើយបន្ទាប់មក ខ្ញុំបានទៅកាន់ដីដែលស្វាមីខ្ញុំកំពុងកាប់ឆ្ការនោះយ៉ាងលឿន ដោយធ្វើដំណើរតាមរថយន្តសង្គ្រោះបន្ទាន់តាមផ្លូវចាក់ក្រួសទៅកាន់ដីរបស់យើងនៅ ភា រីច រដ្ឋអាឡាស្កា ស.រ.អា. ។ ប៊ែរីនៅរស់ទេ ប៉ុន្តែគាត់កំពុងជាប់នៅក្រោមម៉ាស៊ីនត្រាក់ទ័រដែលបានក្រឡាប់នោះ ។
ដោយប្រើឧបករណ៍សង្គ្រោះដោយកម្លាំងទឹក នោះក្រុមសង្គ្រោះបន្ទាន់បានលើកត្រាក់ទ័រចេញ ហើយទាញប៊ែរីចេញពីវា ។ ជើងរបស់គាត់បានប្រឡាក់ប្រេងម៉ាស៊ូតជោគ មើលទៅដូចជាបាក់ច្រើនកន្លែង ។ គាត់ត្រូវបានគេយកទៅមជ្ឈមណ្ឌលផ្នែករងរបួស ជាកន្លែងដែលគាត់បានទទួលការប្រសិទ្ធពរបព្វជិតភាព ពីមុនគេថតកាំរស្មីអ៊ិចលើជើងគាត់ ។
យើងមានការភ្ញាក់ផ្អើលថា គ្មានឆ្អឹងមួយណាបាក់ឡើយ ប៉ុន្តែជើងផ្នែកខាងក្រោយម្ខាងរបស់ប៊ែរីបានរលាកប្រេងម៉ាស៊ូតធ្ងន់ធ្ងរ ។ របួសដោយការប៉ះទង្គិចរបស់គាត់ក៏បានធ្វើឲ្យតម្រងនោមរបស់គាត់ខូចផងដែរ ។ គាត់អាចឈានដល់ការបាត់បង់ជីវិត ។
បន្ទាប់ពីប៊ែរីបានស្នាក់នៅមន្ទីរពេទ្យទាំងឈឺចាប់អស់រយៈពេលប្រាំថ្ងៃមក កម្រិតសារធាតុពុលក្នុងឈាមគាត់បានចាប់ផ្តើមធ្លាក់ចុះ ។ ការផ្លាស់ប្តូរសម្លៀកបំពាក់ ការផ្សំស្បែក ការវះកាត់ជាច្រើនដង និងការព្យាបាលដោយប្រើអុកស៊ីស្សែនបានធ្វើឡើងអស់រយៈពេលជាច្រើនខែបន្ទាប់មកទៀត ។ ពេលគាត់បានស្រួលខ្លួនល្មមហើយ ប៊ែរីបានត្រឡប់មកធ្វើការងារផ្នែកលក់របស់គាត់នៅផ្ទះវិញ ។
« គ្មាននរណាជ្រើសរើសខ្ញុំឲ្យធ្វើការឡើយ »
បទពិសោធន៍នេះគឺជាការផ្លាស់ប្តូរដ៏ធំ ។ ពេលខ្ញុំបានចំណាយពេលពីរបីឆ្នាំបន្ទាប់ ដោយពិចារណារពីអ្វីដែលខ្ញុំអាចធ្វើ ប្រសិនបើខ្ញុំបាត់បង់ប៊ែរី នោះខ្ញុំបានស្ម័គ្រចិត្តធ្វើការ បានចូលរួមសិក្ខាសាលា ហើយដាក់ពាក្យធ្វើការក្រៅម៉ោងជាច្រើនកន្លែង ។ ប៉ុន្តែខ្ញុំគ្មានជំនាញអ្វីឡើយ ហើយគ្មាននរណាបានជ្រើសរើសខ្ញុំឡើយ ។
យើងប្រកបរបរចិញ្ចឹមជីវិតដោយធ្វើកសិកម្ម ដោយមានដីសម្រាប់ចិញ្ចឹមសត្វមួយចំនួន ដូច្នេះខ្ញុំបានចាប់ផ្តើមស្រាវជ្រាវផ្នែកកសិកម្មទុកជារបរចិញ្ចឹមជីវិត ។ ថ្ងៃមួយមានគំនិតមួយបានផុសឡើងក្នុងចិត្តខ្ញុំអំពី ៖ ផ្កា ។ បន្ទាប់ពីស្រាវជ្រាវអំពីការដាំផ្កា នោះខ្ញុំបានសម្រេចចិត្តសាកល្បងដាំវា ។ ខ្ញុំបានទៅសន្និសីទមួយដើម្បីជួបអ្នកដាំផ្កា ហើយបានរៀបចំផ្លាស់ប្តូរពីដីចិញ្ចឹមសត្វទៅជាដីដាំផ្កាវិញ ។ បន្ទាប់មក នៅខែវិច្ឆិកា ឆ្នាំ ២០១៦ ខ្ញុំបានចុះឈ្មោះចូលរៀនថ្នាក់សេវាកម្មភាពខ្លួនទីពឹងខ្លួនស្តីពីរបៀបចាប់ផ្តើម និងពង្រីកអាជីវកម្មផ្ទាល់ខ្លួនរបស់ខ្ញុំ ។
ហាងផ្កាផ្ទាល់ខ្លួនរបស់យើង
វគ្គសិក្សារយៈពេល ១២ សប្តាហ៍គឺជាអ្វីដែលខ្ញុំត្រូវការពិតប្រាកដ ។ ខ្ញុំមានផែនការអាជីវកម្មគ្រឹះ ហើយមានគំនិតអស្ចារ្យជាច្រើន ប៉ុន្តែខ្ញុំខ្វះការរៀបចំ ។ គំនិតនានាបានផុសឡើងនៅក្នុងថ្នាក់នោះ ដែលខ្ញុំពុំធ្លាប់ពិចារណាពីមុនមក ។ ខ្ញុំបានអនុវត្តតាមគំនិតនីមួយៗទាំងនោះ ។ ពេលខ្ញុំបានធ្វើការនៅឆ្នាំដំបូងក្នុងការដាំដុះ និងលក់ផ្កា យោបល់ និងគោលការណ៍ដែលខ្ញុំបានរៀននៅក្នុងថ្នាក់បានដំណើរការ ។
-
ខ្ញុំរកបានប្រាក់កម្ចីអាជីវកម្មមួយដែលមានការប្រាក់ទាប ។
-
ខ្ញុំបានពង្រីកទីផ្សាររបស់ខ្ញុំ ដើម្បីរួមបញ្ចូលទាំងទីផ្សារកសិករ និងហាងលក់ផ្កា ។
-
ខ្ញុំបានកក់ព្រឹត្តិការណ៍មួយចំនួននៅកសិដ្ឋានរបស់យើង ទុកជាការពង្រីកសេវាកម្មរបស់ខ្ញុំ ។
នៅចុងឆ្នាំ ២០១៧ បន្ទាប់ពីឆ្នាំដំបូងនៃការដាំផ្ការបស់ខ្ញុំ ខ្ញុំបានដឹងថា ការលក់ទៅឲ្យហាងលក់ផ្កាត្រូវចំណាយពេលច្រើនណាស់ ។ ខ្ញុំមានការងឿងឆ្ងល់ថា « ចុះបើខ្ញុំបើកហាងផ្ទាល់ខ្លួនវិញនោះ ? » ហាងផ្កាក្នុងមូលដ្ឋានបានបិទទ្វារ ហើយអគារនោះបានប្រែជាមិនគួរឲ្យចាប់អារម្មណ៍ ។ ដូច្នេះស្វាមីខ្ញុំ និងខ្ញុំបានទិញវា ជួសជុលវាឡើងវិញ ហើយបើកហាងផ្កាមួយ ដែលមានលក់រូបគំនូរ និងវត្ថុច្នៃប្រឌិតក្នុងស្រុកផ្សេងៗផងដែរ ។ បន្ថែមពីលើនោះទៀត ខ្ញុំបានបើកអាជីវកម្មកន្លែងជួលដាំរុក្ខជាតិ និងការតុបតែងរុក្ខជាតិក្នុងគេហដ្ឋានផងដែរ ។
ខ្ញុំលក់ផ្ការបស់ខ្ញុំនៅហាងរបស់យើង និងនៅតាមហាងកាហ្វេ ហាងលក់គ្រឿងតែងកាយ និងនៅតូបមួយក្នុងអាកាសយាន្តដ្ឋានក្នុងមូលដ្ឋាន ។ ខ្ញុំបានទទួលអ្វីដែលខ្ញុំត្រូវការរៀងរាល់ថ្ងៃ ។
ព្រះអម្ចាស់មានព្រះទ័យគិតគូរ
ខ្ញុំមានទីបន្ទាល់មួយថា ព្រះអម្ចាស់មានព្រះទ័យគិតគូរនឹងអាជីវកម្មរបស់ខ្ញុំ ។ ទ្រង់បានជួយខ្ញុំបង្កើតស្ថេរភាពផ្នែកហិរញ្ញវត្ថុសម្រាប់ខ្លួនខ្ញុំ និង ការងារក្រៅម៉ោងសម្រាប់ស្ត្រីមួយចំនួនដែលចង់ធ្វើការតាមម៉ោងដែលអាចបត់បែនបាន និងសម្រាប់និស្សិតធ្វើការរហូតដល់ពួកគេរៀនចប់ ។ កូនស្រីម្នាក់របស់ពួកយើងគ្រប់គ្រងកសិដ្ឋានផ្កា ហើយកូនប្រុសពីរនាក់របស់យើងធ្វើការច្រើននៅកសិដ្ឋាន រួមទាំងជួយសាងសង់ផ្ទះបៃតងផងដែរ ។ ប៊ែរីជួយការងារនៅពេលល្ងាច និងនៅចុងសប្តាហ៍ ដោយលើកឥវ៉ាន់ធ្ងន់ៗ ។
យើងទាំងអស់គ្នាជួយជ្រោមជ្រែងគ្នា ហើយធ្វើការរួមគ្នា ។ វាបានផ្តល់ពរជ័យដល់មនុស្សគ្រប់គ្នាដែលចូលរួមនឹងការងារនេះ ។ ខ្ញុំមានភាពមមាញឹក ប៉ុន្តែនៅតែមានពេលសម្រាប់គ្រួសារខ្ញុំ ការហៅទាំងឡាយក្នុងសាសនាចក្រ កាតព្វកិច្ចនៃការងារបម្រើ និងការងារស្ម័គ្រចិត្ត ។
ការធ្វើការតាំងពីគ្រាដែលខ្ញុំដាំគ្រាប់ពូជ ឬដាំមើមនោះ រហូតដល់ពេលដែលខ្ញុំបង្ហាញផ្កាមួយដល់អតិថិជនម្នាក់ ដែលផ្តល់ស្មារតីនៃសមិទ្ធិផលដ៏អស្ចារ្យមួយដល់ខ្ញុំ ។ ខ្ញុំពុំសង្ស័យឡើយថា ព្រះអម្ចាស់បានបង្កើនលទ្ធភាពខ្ញុំ បានពង្រីកសមត្ថភាពខ្ញុំ ហើយបានធ្វើឲ្យខ្ញុំក្លាយជាមនុស្សប្រសើរឡើងជាងខ្ញុំអាចប្រែក្លាយដោយខ្លួនខ្ញុំផ្ទាល់ ។