ការធ្វើដំណើរទៅកាន់ព្រះវិហារបរិសុទ្ធរយៈពេល ៣០ ឆ្នាំរបស់យើង
ហ្វ្រែនស៊ីស្កូ ដបុលយូ ហ្វៀរ៉ូ ទីក្រុងលីម៉ា ប្រទេសប៉េរូ
ពីរបីខែបន្ទាប់ពីពិធីបុណ្យជ្រមុជទឹករបស់ខ្ញុំមក ប្អូនប្រុសរបស់ខ្ញុំឈ្មោះអូស្វាលដូបានចូលជាសមាជិកព្រះវិហារមួយផ្សេងទៀត ហើយបានចូលរួមយ៉ាងសកម្មក្នុងក្រុមជំនុំនោះ ។ ប៉ុន្តែខ្ញុំចង់ឲ្យអូស្វាលដូដឹងពីអ្វីដែលខ្ញុំដឹងថាពិត ។ ជាពិសេសខ្ញុំចង់ឲ្យគាត់មានទំនាក់ទំនងជាមួយនឹងប្រសាសន៍របស់ពួកព្យាការី ។
រៀងរាល់ខែ ពេលខ្ញុំបានទទួលទស្សនាវដ្តី លីអាហូណា ខ្ញុំបានចែកចាយវាជាមួយអូស្វាលដូ ។ ខ្ញុំបានផ្តល់យោបល់ថា ប្រធានបទមួយចំនួននៅក្នុងទស្សនាវដ្តីនេះអាចជួយគាត់ឲ្យរៀបចំខ្លួនសម្រាប់ការប្រជុំនៅក្នុងព្រះវិហាររបស់គាត់ ។ ខ្ញុំមានចិត្តរីករាយ ពេលគាត់បានទទួលយោបល់ខ្ញុំ ។ ប៉ុន្តែអស់ពេលជាច្រើនឆ្នាំកន្លងផុតទៅ ខ្ញុំកើតទុក្ខដែលឃើញថា ប្អូនប្រុសរបស់ខ្ញុំពុំទទួលយកដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដែលបានស្តារឡើងវិញទេ ។
នាព្រឹកមួយ អូស្វាលដូបានប្រាប់គ្រួសារយើងថា គាត់មានគម្រោងចេញពីផ្ទះយើងនៅអេក្វាឌ័រ ហើយធ្វើដំណើរទៅប្រទេសស្វីស ។ គាត់បានទទួលការប្រសិទ្ធពរមួយពីខ្ញុំនៅថ្ងៃដែលគាត់ធ្វើដំណើរនោះ ។ វាគឺជាគ្រាដ៏រំជួលចិត្តមួយសម្រាប់ខ្ញុំ ដោយសារព្រះវិញ្ញាណបានខ្សឹបប្រាប់ចិត្តខ្ញុំថា ការធ្វើដំណើរនេះនឹងនាំអូស្វាលដូឲ្យខិតកាន់តែជិតព្រះអង្គសង្គ្រោះ និងសាសនាចក្ររបស់ទ្រង់ ។
នៅក្នុងប្រទេសស្វីស អូស្វាលដូបានជួបពួកអ្នកផ្សព្វផ្សាយសាសនា ហើយទីបំផុតគាត់បានអញ្ជើញពួកគេឲ្យមកផ្ទះរបស់គាត់ ។ លុះយូរៗទៅគាត់បានបង្កើតទំនាក់ទំនងជិតស្និទ្ធិមួយជាមួយពួកគេ ។ ប៉ុន្តែគាត់បានប្រាប់ខ្ញុំថា ប្រសិនបើពួកអ្នកផ្សព្វផ្សាយសាសនាលើកឡើងអំពីប្រធានបទបុណ្យជ្រមុជទឹក នោះគាត់នឹងពុំទទួលពួកគេទៀតឡើយ ។ សូមស្រមៃមើលពីភាពភ្ញាក់ផ្អើល និងអំណររបស់ខ្ញុំ ពេលខ្ញុំបានទទួលអ៊ីម៉ែលមួយពីគាត់ ប្រាប់ខ្ញុំថា គាត់បានទទួលបានបុណ្យជ្រមុជទឹកហើយ ។ ខ្ញុំចូលជាសមាជិកសាសនាចក្រក្នុងឆ្នាំ ១៩៨១ ។ អូស្វាលដូបានជ្រមុជទឹក ២០ ឆ្នាំក្រោយមកគឺនៅខែឧសភា ឆ្នាំ ២០០១ ។ គាត់បានទទួលពិធីពិសិដ្ឋផ្ទាល់ខ្លួននៅខែកក្កដា ឆ្នាំ ២០០២ ហើយគាត់បានផ្សារភ្ជាប់នឹងភរិយាគាត់នៅខែកុម្ភៈឆ្នាំ ២០០៣ ។
ពេលអូស្វាលដូបានត្រឡប់ទៅអេក្វាឌ័រវិញ គាត់បានថ្លែងទីបន្ទាល់របស់គាត់នៅក្នុងការប្រជុំសាក្រាម៉ង់មួយ ។ គាត់បាននិយាយទាំងទឹកភ្នែកថា « បងប្រុសខ្ញុំបានចែកចាយប្រសាសន៍របស់ពួកព្យាការីជាមួយខ្ញុំ ។ ប្រសាសន៍ទាំងនេះបានបំផុសគំនិតខ្ញុំ ពេលខ្ញុំបានរៀបចំខ្លួនសម្រាប់ការប្រជុំនៅក្នុងព្រះវិហារដែលខ្ញុំបានចូលរួមពីមុន ហើយមនុស្សជាច្រើនត្រូវបានស្អាងឡើងតាមរបៀបនេះ ។ ប្រសាសន៍របស់ពួកព្យាការីបានផ្លាស់ប្តូរជីវិតខ្ញុំ ។ តាមរយៈប្រសាសន៍ទាំងនោះ ខ្ញុំបានដឹងថា ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទក្នុងភាពពេញលេញមាននៅលើផែនដីម្តងទៀត ជាមួយនឹងអំណាច ព្រមទាំងសិទ្ធិអំណាចផងដែរ ។
នៅខែកុម្ភៈ ឆ្នាំ ២០១១ អូស្វាលដូ និងខ្ញុំបានផ្សារភ្ជាប់ជាមួយឪពុកម្តាយយើងនៅក្នុងព្រះវិហារបរិសុទ្ធ ហ្គូយ៉ាហ្គីល អេក្វាឌ័រ ។ ប្រសាសន៍របស់ពួកព្យាការីបានផ្តល់ពរដល់គ្រួសារយើងអស់កល្បជានិច្ច ។