សម្រាប់តែឌីជីថលប៉ុណ្ណោះ ៖ យុវមជ្ឈិមវ័យ
អត្តសញ្ញាណអស់កល្បជានិច្ចរបស់យើងក្នុងនាមជាឪពុកម្តាយ
អ្នកនិពន្ធរស់នៅរដ្ឋយូថាហ៍ ស.រ.អា. ។
តាមរយៈការសន្មត់នៃបទដ្ឋានរបស់លោកិយ នោះខ្ញុំពុំមែនជាម្តាយម្នាក់ទេ ប៉ុន្តែព្រះជ្រាបដឹង—ហើយខ្ញុំដឹងថាវាជា—អត្តសញ្ញាណអស់កល្បជានិច្ចរបស់ខ្ញុំ ។
ជួនកាល ខ្ញុំឆ្ងល់ថា តើខ្ញុំនឹងក្លាយជាម្តាយម្នាក់នៅក្នុងជីវិតនេះ ឬខ្ញុំត្រូវរង់ចាំទទួលពរជ័យដែលព្រះបានសន្យានេះនៅក្នុងជីវិតបន្ទាប់ ។ ខ្ញុំប្រាថ្នាថា ខ្ញុំអាចនិយាយថា ខ្ញុំពុំធ្លាប់ត្អូញត្អែរក្នុងការនៅលីវនោះទេ ។ ប៉ុន្តែនិយាយឲ្យត្រង់ទៅ មានថ្ងៃខ្លះគឺវាពិបាកណាស់ ។ ខ្ញុំមានអារម្មណ៍ឯកោ ។ ខ្ញុំមានអារម្មណ៍បាក់ទឹកចិត្ត ។
ប៉ុន្តែនិយាយឲ្យត្រង់ទៅ មានថ្ងៃខ្លះខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ។ មានថ្ងៃខ្លះ ខ្ញុំពិតជាមានអារម្មណ៍សុខសាន្តពីទិសដៅដែលខ្ញុំកំពុងឆ្ពោះទៅ ហើយពោរពេញទៅដោយអ្វីៗដែលខ្ញុំកំពុងរៀន ។ ថ្មីៗនេះអារម្មណ៍ដ៏សុខសាន្តមួយ ខ្ញុំបានគិតថា ៖ « ហេតុអ្វីខ្ញុំមានសំណាងម៉្លេះ ? ហេតុអ្វីខ្ញុំទទួលបានបទពិសោធន៍អស្ចារ្យទាំងអស់នេះ ? »
ខ្ញុំបានរកឃើញចម្លើយរបស់ខ្ញុំនៅក្នុងព្រះគម្ពីរមរមន ៖ « ព្រះទ្រង់បានទុកដាក់មកលើកូន នូវវត្ថុទាំងនេះដែលពិសិដ្ឋ ដែលទ្រង់បានរក្សាទុកឲ្យបានពិសិដ្ឋ ហើយដែលទ្រង់នឹងថែរក្សាទុកឲ្យបានគង់វង្ស ដើម្បីប្រយោជន៍ដ៏វាងវៃមួយដែលនៅក្នុងទ្រង់ ដើម្បីទ្រង់អាចបង្ហាញព្រះចេស្ដារបស់ទ្រង់ដល់ពួកជំនាន់ក្រោយ » ( អាលម៉ា ៣៧:១៤ ការគូសបញ្ជាក់បានបន្ថែម ) ។
ទោះបីជាខគម្ពីរនោះសរសេរអំពីផ្ទាំងលង្ហិនក្តី ពាក្យទាំងនោះបានបង្រៀនខ្ញុំនូវអ្វីមួយដែលខ្ញុំពុំធ្លាប់គិតដល់កាលពីមុន ។ ព្រះបានប្រទានដល់ខ្ញុំនូវបទពិសោធន៍ទាំងនេះ ដើម្បីខ្ញុំអាចផ្តល់ពរដល់ជំនាន់ក្រោយ ។ ដូច្នេះខ្ញុំអាចជួយកូនៗខ្ញុំនាពេលអនាគត និងបុត្រាបុត្រីទាំងអស់របស់ព្រះ ដើម្បីស្គាល់ទ្រង់ ។
ប្រធាន ហិនរី ប៊ី អាវរិង ទីប្រឹក្សាទីពីរក្នុងគណៈប្រធានទីមួយ បានពន្យល់ថា « ទោះជាស្ថានភាពបងប្អូនបែបណាក្ដី ក៏បងប្អូនគឺជាផ្នែកមួយ—ផ្នែកមួយដ៏សំខាន់—នៃគ្រួសាររបស់ព្រះ និងគ្រួសាររបស់បងប្អូនផ្ទាល់ដែរ មិនថានាពេលអនាគត នៅក្នុងពិភពលោកនេះ ឬក្នុងពិភពវិញ្ញាណនោះទេ ។ ព្រះទុកព្រះទ័យឲ្យបងប្អូនចិញ្ចឹមបីបាច់សមាជិកគ្រួសាររបស់ទ្រង់ និងរបស់បងប្អូនឲ្យបានច្រើនតាមដែលអាចធ្វើបាន ដោយប្រើសេចក្ដីស្រឡាញ់ និងសេចក្ដីជំនឿរបស់បងប្អូនលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ » ។១
ជ្រើសរើសដើម្បីរៀបចំ
ថ្ងៃណាមួយ ខ្ញុំចង់នៅជាមួយដៃគូអស់កល្បរបស់ខ្ញុំ និងកូនៗរបស់ខ្ញុំយ៉ាងខ្លាំង ។ វាហាក់ដូចជាខ្ញុំដឹងថា ខ្ញុំនៅតែពុំទាន់បានជួបមនុស្សសំខាន់បំផុតក្នុងជីវិតខ្ញុំ ហើយខ្ញុំប្រាថ្នាចង់ផ្តល់សេចក្តីស្រឡាញ់របស់ខ្ញុំដល់ពួកគេ ។
ប៉ុន្តែការពិតនោះគឺថា ទោះបីពួកគេពុំនៅទីនេះក្តី ហើយទោះបីវាហាក់ដូចជាសុបិនដ៏នៅសែនឆ្ងាយក្តី ខ្ញុំអាចជ្រើសរើសក្នុងពេលនេះដើម្បីពួកគេ ។
ប្រធានអាវរិងក៏បានចែកចាយពីរឿងមួយ កាលលោកជាប៊ីស្សព ហើយយុវជនម្នាក់បានចូលមកកាន់ការិយាល័យរបស់លោក ។ យុវជននោះបានធ្វើកំហុសធ្ងន់ធ្ងរមួយចំនួន ប៉ុន្តែគាត់ចង់ផ្លាស់ប្តូរ ។ គាត់ចង់ឲ្យកូនៗនាពេលអនាគតរបស់គាត់បានផ្សារភ្ជាប់ទៅនឹងឪពុកម្នាក់ដែលប្រើប្រាស់បព្វជិតភាពរបស់ខ្លួន ។ គាត់មានចិត្តពុះពារឆ្លងកាត់ដំណើរការនៃការប្រែចិត្ត ដើម្បីផ្តល់អំណោយនោះដល់កូនៗរបស់គាត់ ។
ប្រធានអាវរិងបានមានប្រសាសន៍ថា បុរសនេះ « មានអារម្មណ៍ដឹងពីតម្រូវការរបស់កូនៗ ដែលគាត់គ្រាន់តែអាចស្រមៃដល់ ហើយគាត់បានផ្តល់ឲ្យយ៉ាងលឿន និងដោយសេរី ។ គាត់បានលះបង់អំនួតគាត់ និងអារម្មណ៍ខ្ជិលច្រអូស និងភាពរឹងរូសរបស់គាត់ ។ ខ្ញុំដឹងថា វាពុំដូចជាការលះបង់ក្នុងពេលនេះទេ » ។២
អត្តសញ្ញាណរបស់ខ្ញុំ ៖ ម្តាយមួយរូប
ថ្មីៗនេះ ខ្ញុំបានឃើញរូបថតរបស់ម្តាយខ្ញុំកាលគាត់នៅតូច ។ មើលទៅគាត់ស្រស់ស្អាតណាស់ជាមួយនឹងសក់រួញ ពាក់រ៉ូបពណ៌ខៀវ ។ ប៉ុន្តែពេលខ្ញុំមើលទៅរូបថតនោះ អ្វីទាំងអស់ដែលខ្ញុំអាចឃើញគឺជាមុខម្តាយខ្ញុំនៅលើរូបកាយនៃក្មេងស្រីតូចនោះ ។ ខ្ញុំដឹងថា គាត់ពុំមែនអញ្ចឹងទេ កាលគាត់ថតរូបនេះ—ប៉ុន្តែគាត់គឺជាម្តាយរបស់ខ្ញុំជានិច្ច ។
វាបានធ្វើឲ្យខ្ញុំគិតអំពីអំណោយទាំងអស់ដែលគាត់បានរៀបចំសម្រាប់ខ្ញុំ ពីមុនខ្ញុំកើត ។ ខ្ញុំបានគិតអំពីរបៀបដែលគាត់បានរៀនបង្កើតគេហដ្ឋានដ៏ស្រស់ស្អាតមួយ ។ ខ្ញុំបានគិតអំពីរបៀបដែលគាត់ខិតខំរៀននៅសាលា ដើម្បីក្លាយជាគិលានុបដ្ឋាយិកាម្នាក់ និងរបៀបដែលគាត់បានសិក្សាដំណឹងល្អ ដើម្បីបង្កើតទីបន្ទាល់ផ្ទាល់ខ្លួនរបស់គាត់ ។ ខ្ញុំបានគិតអំពីរបៀបដែលគាត់បានជ្រើសរើសលះបង់យ៉ាងរាបសា នូវអ្វីគ្រប់យ៉ាងដើម្បីមើលថែខ្ញុំ និងគ្រួសារយើង ។
ហើយបន្ទាប់មក ខ្ញុំបានដឹងថា ៖ សម្រាប់កូនៗរបស់ខ្ញុំនាពេលអនាគត ខ្ញុំគឺជាម្តាយមួយរូប ។ នៅក្នុងព្រះនេត្រព្រះ អត្តសញ្ញាណអស់កល្បរបស់ខ្ញុំគឺជាម្តាយមួយរូប ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « ស្ត្រីគ្រប់រូប គឺជាម្ដាយម្នាក់ ដោយសារតែគុណធម៌នៃនិស្ស័យជាព្រះដ៏អស់កល្បជានិច្ចរបស់នាង » ។៣ ស្ត្រីគ្រប់រូបគឺជាម្តាយម្នាក់ ហើយបុរសគ្រប់រូបគឺជាឪពុកម្នាក់ មិនថាអ្នកនឹងមានកូន ឬមិនទាន់មាននោះទេ ។ ពូជពង្សរបស់យើងនឹងកើតមកក្នុងជីវិតនេះ ឬជីវិតបន្ទាប់ ប៉ុន្តែវាពុំផ្លាស់ប្តូរអត្តសញ្ញាណអស់កល្បជានិច្ចរបស់យើងក្នុងនាមជាឪពុកម្តាយឡើយ ។
អំណោយរបស់ខ្ញុំសម្រាប់ជំនាន់ក្រោយ
ឥឡូវនេះ វាពិបាកស្រមៃឃើញណាស់ ។ ថ្ងៃខ្លះខ្ញុំមានអារម្មណ៍ឯកោ ។ ថ្ងៃខ្លះខ្ញុំមានបារម្ភថា តើខ្ញុំពិតជាបំពេញតាមគោលបំណងខ្ញុំ ឬខ្ញុំបង្កើតនូវការផ្លាស់ប្តូរសម្រាប់នរណាម្នាក់ ។
ប៉ុន្តែខ្ញុំអាចជ្រើសរើសក្នុងពេលនេះ ដើម្បីធ្វើជាឥទ្ធិពលវិជ្ជមានមួយដល់មនុស្សនានានៅក្នុងជីវិតខ្ញុំ ។ មានកូនដែលខ្ញុំអាចចិញ្ចឹមបីបាច់ និងបង្រៀន ។ មានរបៀបជាច្រើន ដែលខ្ញុំអាចប្រើបទពិសោធន៍របស់ខ្ញុំដើម្បីផ្តល់ពរដល់មនុស្សដទៃ ។ ហើយនៅថ្ងៃណាមួយ ប្រហែលជាកូនៗរបស់ខ្ញុំនឹងត្រឡប់ទៅមើលរូបថតរបស់ខ្ញុំ ហើយពុំអាចយល់បានអ្វីគ្រប់យ៉ាង ក្រៅពីយល់ថាខ្ញុំគឺជាម្តាយរបស់ពួកគេឡើយ ។