ប្រជាជននៅ កាលីឡេ
អំឡុងពេលព្រះអង្គសង្គ្រោះគង់នៅលើផែនដី ទ្រង់បានបង្រៀន និងប្រទានការងារបម្រើដល់មនុស្សជាច្រើន ។ មានមនុស្សមួយចំនួនដែលព្រះយេស៊ូវគ្រីស្ទបានប្រទានការងារបម្រើនៅកាលីឡេ ។ តើប្រជាជនទាំងនេះនឹងថ្លែងអ្វីខ្លះ ប្រសិនបើពួកគេអាចប្រាប់ពីរឿងរបស់ពួកគេផ្ទាល់ដែលមាននៅក្នុងព្រះគម្ពីរនោះ ? ទាំងនេះគឺជាគំនិតយោបល់មួយចំនួន ។
កុមារ ៖ ខ្ញុំបានឈរក្បែរព្រះយេស៊ូវគ្រីស្ទ និង សាវករបស់ទ្រង់ ។ ពួកសាវកកំពុងប្រកែកគ្នាអំពីអ្វីមួយ ហើយព្រះយេស៊ូវបានសួរពួកលោកអំពីរឿងនោះ ។ ពួកសាវកបានស្ងាត់ ហើយគ្មាននរណាម្នាក់និយាយឡើយ ដោយសារពួកលោកបានប្រកែកគ្នាថា តើពួកលោកណាម្នាក់ដែលនឹងបានទៅជាធំនៅក្នុងនគរស្ថានសួគ៌ ។ បន្ទាប់មក ព្រះអង្គសង្គ្រោះបានមករកខ្ញុំ ។ ខ្ញុំបានឈរនៅកណ្តាលពួកលោក ហើយទ្រង់បានលើកបីខ្ញុំក្នុងរង្វង់ព្រះហស្តទ្រង់ ។ ទ្រង់បានប្រាប់ពួកលោកថា នរណាដែលបន្ទាបខ្លួនដូចជាកូនក្មេងតូចនេះ គឺនឹងបានធំនៅក្នុងនគរស្ថានសួគ៌ហើយ ។ ( សូមមើល ម៉ាកុស ៩:៣៣–៣៧; ម៉ាថាយ ១៨:១–៥ ) ។
កុមារាតូច ៖ ខ្ញុំបានឮពីព្រះយេស៊ូវគ្រីស្ទ និងអព្ភូតហេតុដែលទ្រង់បានសម្តែងដល់ពួកអ្នកឈឺ ។ ដូច្នេះពេលទ្រង់យាងទៅទីបេរាស នោះខ្ញុំបានចូលរួមនឹងហ្វូងមនុស្សដែលបានដើរតាមទ្រង់ ។ ពួកយើងមានគ្នាច្រើនណាស់ គឺប្រហែលជា ៥០០០ នាក់ ។ ខ្ញុំមានតែនំប៉័ងប្រាំដុំ និងត្រីពីរ ។ ព្រះយេស៊ូវគ្រីស្ទបានយកវា ហើយប្រទានពរវា ។ ដោយអព្ភូតហេតុ មនុស្សគ្រប់គ្នាបានបរិភោគអាហារដែលខ្ញុំមាននោះ ។ ប៉ុន្តែវាពុំបានបញ្ចប់ត្រឹមនោះទេ ។ ពេលមនុស្សទាំងនោះបានបរិភោគឆ្អែតហើយ ពួកសិស្សបានប្រមូលអាហារដែលនៅសល់នោះ ។ អាហារទាំងនោះដាក់បានពេញ ១២ កន្ត្រក់ទៀត ។ ( សូមមើល យ៉ូហាន ៦:៥–១៤ ) ។
បុរស ៖ ខ្ញុំបានមានជំងឺស្លាប់ដៃស្លាប់ជើង ដូច្នេះខ្ញុំពុំអាចកម្រើកបានទេ ។ ហើយក្រៅពីនោះ ខ្ញុំមានការញ័រដែលពុំអាចគ្រប់គ្រងបាន ។ វាមានការឈឺចាប់ណាស់ ។ មិត្តភក្ដិរបស់ខ្ញុំបានឮថា ព្រះយេស៊ូវគ្រីស្ទកំពុងបង្រៀនគេនៅក្នុងផ្ទះមួយ ។ ពួកគេបានដឹងថា ទ្រង់អាចជួយខ្ញុំបាន ដូច្នេះពួកគេបានព្យាយាមនាំខ្ញុំទៅរកទ្រង់ ។ នៅផ្ទះនោះមានមនុស្សច្រើនកកកុញ ដូច្នេះពួកគេបានសម្រេចចិត្តដាក់ខ្ញុំចុះតាមដំបូលផ្ទះ ។ ពួកគេបានបើកដំបូលផ្ទះនោះ ហើយដាក់ខ្ញុំចុះនៅមុខព្រះភ័ក្រព្រះយេស៊ូវគ្រីស្ទ ។ ពេលទ្រង់បានទតឃើញខ្ញុំ ទ្រង់មានបន្ទូលថា អំពើបាបរបស់ខ្ញុំត្រូវបានអត់ទោសឲ្យហើយ ។ ទ្រង់បានប្រាប់ខ្ញុំថា ចូរក្រោកឡើងយកគ្រែរបស់ខ្ញុំដើរទៅចេញ ។ ដូច្នេះខ្ញុំជា ហើយដើរចេញទៅ—ហើយមនុស្សគ្រប់គ្នាមានក្តីអស្ចារ្យណាស់ ! ( សូមមើល ម៉ាកុស ២:១–១២ ) ។
នាម៉ឺន ៖ ខ្ញុំនៅស្រុកកាណាកាលគ្រានោះ ។ ហើយកូនប្រុសខ្ញុំនៅក្រុងកាពើណិមហៀបនឹងស្លាប់ ។ ខ្ញុំបានឮថា ព្រះយេស៊ូវគ្រីស្ទគង់នៅតំបន់នោះ ដូច្នោះខ្ញុំបានទៅរកទ្រង់ ។ ពេលខ្ញុំបានជួបទ្រង់ ខ្ញុំបានទូលសុំទ្រង់ឲ្យទៅកាពើណិមដើម្បីព្យាបាលកូនប្រុសរបស់ខ្ញុំ ។ ទ្រង់បានមានបន្ទូលប្រាប់ខ្ញុំឲ្យទៅផ្ទះ ដោយសារកូនប្រុសរបស់ខ្ញុំនៅរស់ទេ ។ ខ្ញុំបានជឿទ្រង់ ។ ពេលខ្ញុំទៅដល់ផ្ទះវិញ អ្នកបម្រើខ្ញុំបានចេញមកទទួលខ្ញុំ ។ ពួកគេបានប្រាប់ខ្ញុំថា កូនប្រុសខ្ញុំនៅរស់ទេ ។ ខ្ញុំបានសួរពួកគេថា តើកូនប្រុសខ្ញុំបានចាប់ផ្តើមមានសុខភាពល្អវិញតាំងពីពេលណា ។ ពួកគេបានប្រាប់ខ្ញុំថា កាលពីម្សិលមិញនៅយាមទីប្រាំពីរ ។ វានៅចំពេលដែលព្រះគ្រីស្ទបានប្រាប់ខ្ញុំថា កូនប្រុសខ្ញុំនៅរស់ទេ ! ( សូមមើល យ៉ូហាន ៤:៤៦–៥៣ ) ។
ម៉ារា ម៉ាក់ដាឡា ៖ ព្រះយេស៊ូវគ្រីស្ទបានបណ្តេញអារក្សប្រាំពីរចេញពីខ្ញុំ ។ ខ្ញុំបានដើរតាមទ្រង់ ពេលទ្រង់បានធ្វើដំណើរទៅភូមិជាច្រើនប្រកាសដំណឹងល្អ ។ ( សូមមើល លូកា ៨:១–៣ ) ។ ពេលព្រះគ្រីស្ទត្រូវបានគេឆ្កាង នោះខ្ញុំនៅក្បែរឈឺឆ្កាងនោះ ( សូមមើល យ៉ូហាន ១៩:២៥ ) ។ ខ្ញុំបានទៅឯផ្នូរដែលគេបានបញ្ចុះព្រះសពរបស់ទ្រង់ ។ ខ្ញុំគឺជាបុគ្គលទីមួយដែលបានឃើញទ្រង់ បន្ទាប់ពីទ្រង់បានមានព្រះជន្មរស់ឡើងវិញ ។ ដំបូងខ្ញុំបានគិតថា ទ្រង់គឺជាអ្នកថែសួន ប៉ុន្តែពេលទ្រង់បានហៅឈ្មោះខ្ញុំ នោះខ្ញុំបានដឹងថា ទ្រង់គឺជាព្រះអង្គសង្គ្រោះរបស់ខ្ញុំ ។ ( សូមមើល យ៉ូហាន ២០:១១–១៦ ) ។
សាឡូមេ ៖ ខ្ញុំជាភរិយារបស់សេបេដេ និងជាម្តាយរបស់យ៉ាកុប និងយ៉ូហាន ដែលជាសាវកពីររូបរបស់ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំបានដើរតាម និងបម្រើទ្រង់ អំឡុងពេលទ្រង់គង់នៅកាលីឡេ ។ ខ្ញុំបាននៅគាល់កូថា ពេលទ្រង់ត្រូវបានគេឆ្កាង ។ ( សូមមើល ម៉ាកុស ១៥:៣៧–៤១ ) ។ ខ្ញុំបានយកគ្រឿងក្រអូបទៅផ្នូរបស់ទ្រង់ ដើម្បីលាបតាំងប្រកាយទ្រង់ ប៉ុន្តែពេលខ្ញុំទៅដល់ផ្នូរ ទ្រង់ពុំបានគង់នៅទីនោះទេ ។ ផ្ទុយទៅវិញ ខ្ញុំបានឃើញបុរសម្នាក់ដែលស្លៀកពាក់រ៉ូបពណ៌ស ។ ដំបូងខ្ញុំខ្លាច ប៉ុន្តែលោកបានប្រាប់ខ្ញុំថា កុំឲ្យខ្លាចអី ។ លោកបានមានបន្ទូលថា ព្រះយេស៊ូវគ្រីស្ទបានមានព្រះជន្មរស់ឡើងវិញហើយ ហើយខ្ញុំគួរតែប្រាប់ពួកសាវកអំពីរឿងនេះ ។ ( សូមមើល ម៉ាកុស ១៦:១–៨ ) ។
ម្តាយក្មេករបស់ស៊ីម៉ុនពេត្រុស ៖ ខ្ញុំមានជំងឺគ្រុនក្តៅធ្ងន់ធ្ងរ ។ ពេលព្រះយេស៊ូវគ្រីស្ទបានឮថាខ្ញុំឈឺ ទ្រង់បានយាងមករកខ្ញុំ ។ ទ្រង់បានចាប់ដៃខ្ញុំ ហើយបានលើកខ្ញុំឡើង ។ ជំងឺគ្រុនក្តៅនោះបានបាត់ពីខ្ញុំមួយរំពេច ។ ខ្ញុំមានអារម្មណ៍ស្រួលខ្លួនឡើងវិញ ហើយខ្ញុំថែមទាំងបានផ្តល់ការងារបម្រើដល់មនុស្សដែលនៅជុំវិញខ្ញុំផងដែរ ។ ( សូមមើល ម៉ាកុស ១:២៩–៣១ ) ។
ស្ត្រីម៉េមាយនៃស្រុកណាអ៊ីន ៖ កូនប្រុសរបស់ខ្ញុំទើបតែស្លាប់ ។ ខ្ញុំទើបតែបាត់បង់ស្វាមីរបស់ខ្ញុំ ។ ខ្ញុំមានទុក្ខក្រៀមក្រំណាស់ ។ ទោះបីមានមនុស្សជាច្រើននៅជាមួយខ្ញុំក្តី ខ្ញុំនៅតែយំពុំឈប់ ។ ពេលយើងសែងសពកូនប្រុសរបស់ខ្ញុំចេញពីទ្វារក្រុង បុរសម្នាក់បានមកជួបខ្ញុំ ។ ទ្រង់គឺជាព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់មានព្រះទ័យអាណិតដល់ខ្ញុំ ហើយបានមានបន្ទូលប្រាប់ខ្ញុំកុំឲ្យខ្ញុំយំ ។ បន្ទាប់មក ទ្រង់បានយាងទៅរកកូនប្រុសខ្ញុំ ។ មនុស្សដែលសែងសពកូនខ្ញុំពួកគេនៅឈរស្ងៀម ។ ព្រះយេស៊ូវគ្រីស្ទបានមានបន្ទូលប្រាប់កូនប្រុសខ្ញុំឲ្យក្រោកឡើង ។ ហើយគាត់បានក្រោកឡើងមែន ។ គាត់បានក្រោកឡើងអង្គុយ ហើយចាប់តាំងនិយាយ ហើយគាត់បានមករកខ្ញុំវិញ ។ គាត់នៅរស់ទេ ! យើងទាំងអស់គ្នាបានសរសើរតម្កើងព្រះ ហើយបានដឹងថា មានព្យាការីម្នាក់ដ៏អស្ចារ្យនៅក្នុងចំណោមពួកយើង ។ ( សូមមើល លូកា ៧:១១–១៧ ) ។
ម៉ារា ៖ ខ្ញុំបានឮពីព្រះមេស៊ីដែលនឹងយាងមក ។ ខ្ញុំពុំបានរំពឹងថា នឹងធ្វើជាផ្នែកមួយនៃកិច្ចការនេះទេ ។ ខ្ញុំបានភ្ជាប់ពាក្យជាមួយយ៉ូសែបហើយ ពេលទេវតាមួយអង្គបានមកប្រាប់ខ្ញុំថា ខ្ញុំនឹងមានកូនប្រុសមួយ ដែលនឹងក្លាយជាព្រះរាជបុត្រានៃព្រះ ហើយដាក់ព្រះនាមទ្រង់ថាយេស៊ូវ ។ ( សូមមើល លូកា ១:២៦–៣៨ ) ។ ហើយព្រះមែស៊ីបានយាងមកមែន ។ ខ្ញុំបានផ្ដល់កំណើតដល់ទ្រង់នៅក្នុងក្រោលសត្វ ។ ពួកអ្នកគង្វាល និងពួកហោរាបានមកឯទ្រង់ ហើយថ្វាយអំណោយដល់ទ្រង់ ។ ( សូមមើល ម៉ាថាយ ២:១–១២; លូកា ២:១–២០ ) ។ យ៉ូសែប និងខ្ញុំបានចិញ្ចឹមទ្រង់ ប៉ុន្តែទ្រង់ធ្វើឲ្យយើងមានក្តីអស្ចារ្យជានិច្ច ។ មានគ្រាមួយទ្រង់បានបាត់ខ្លួនបីថ្ងៃ ។ ទីបំផុតយើងបានរកទ្រង់ឃើញនៅព្រះវិហារបរិសុទ្ធ ។ ពួកអ្នកប្រាជ្ញាកំពុងស្តាប់ទ្រង់ ហើយសួរសំណួរដល់ទ្រង់ ។ ( សូមមើល លូកា ២:៤០–៥២ ) ។
ហ្វីលីព ៖ ខ្ញុំគឺជាសាវកម្នាក់របស់ព្រះគ្រីស្ទ ។ ទ្រង់បានបញ្ជូនយើងឲ្យទៅប្រកាសដំណឹងល្អរបស់ទ្រង់ ។ ទ្រង់បានប្រាប់យើងឲ្យផ្តោតចិត្តទុកដាក់លើចៀមអ៊ីស្រាអែលដែលបានបាត់ ។ ទ្រង់ក៏បានប្រទានអំណាចដល់យើងដើម្បីព្យាបាលអ្នកឈឺ ព្យាបាលមនុស្សឃ្លង់ ប្រោសមនុស្សឲ្យរស់ឡើងវិញ និងបណ្តេញអារក្ស ។ ទ្រង់បានប្រាប់យើងកុំឲ្យយកប្រាក់ ឬសម្លៀកបំពាក់ឡើយ ប៉ុន្តែទ្រង់បានព្រមានយើងថា យើងនឹងត្រូវបានគេបៀតបៀន ។ ប៉ុន្តែយើងបានទុកចិត្តលើទ្រង់ ដោយសារយើងដឹងថា ប្រសិនបើយើងកាន់ខ្ជាប់ដរាបដល់ចុងបំផុត នោះយើងនឹងបានសង្គ្រោះ ។ ( សូមមើល ម៉ាថាយ ១០:១–១០, ១៧–១៨, ២២–២៣ ) ។
ថាថាដេ យូដាស ៖ ខ្ញុំគឺជាសាវកម្នាក់របស់ព្រះគ្រីស្ទ ។ ថ្ងៃមួយ ពេលទ្រង់កំពុងបង្រៀនយើង—ទ្រង់បង្រៀនយើងជារឿយៗ—នោះទ្រង់បានប្រាប់យើងថា ទ្រង់នឹងពុំគង់នៅលើផែនដីបានយូរទៀតទេ ។ ទ្រង់បានប្រាប់យើងថា ប្រសិនបើយើងរក្សាបទបញ្ញត្តិទ្រង់ ហើយស្រឡាញ់ទ្រង់ នោះទ្រង់នឹងយាងមក ហើយបង្ហាញព្រះកាយទ្រង់ដល់ពួកយើង ។ ទ្រង់បានមានបន្ទូលថា ទ្រង់នឹងបញ្ជូនព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយយើងឲ្យចាំអ្វីដែលទ្រង់បានបង្រៀនយើង ។ ( សូមមើល យ៉ូហាន ១៤:១៩–២៧ ) ។