ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ២–៨ ខែ តុលា ។ អេភេសូរ ៖ « ប្រយោជន៍​នឹង​នាំ​ឲ្យ​ពួក​បរិសុទ្ធ​បាន​គ្រប់​លក្ខណ៍​ឡើង »


« ថ្ងៃទី ២–៨ ខែ តុលា ។ អេភេសូរ ៖ ‹ ប្រយោជន៍​នឹង​នាំ​ឲ្យ​ពួក​បរិសុទ្ធ​បាន​គ្រប់​លក្ខណ៍​ឡើង › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ២–៨ ខែ តុលា ។ អេភេសូរ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ៖ ឆ្នាំ ២០២៣

គ្រួសារ​កំពុង​មើល​រូបថត

ថ្ងៃទី ២–៨ ខែ តុលា

អេភេសូរ

« ប្រយោជន៍​នឹង​នាំ​ឲ្យ​ពួកបរិសុទ្ធ​បាន​គ្រប់​លក្ខណ៍​ឡើង »

កាល​ដែល​បងប្អូន​សិក្សា សំបុត្រ​ដល់​ពួក​អេភេសូរ សូម​គិត​ថា តើ​គោលការណ៍​អ្វី​ដែល​បងប្អូន​អាច​សង្កត់ន័យ​ដើម្បី​ប្រទានពរ​ដល់​កុមារ​ដែល​បងប្អូន​បង្រៀន​បាន ។ សូម​កត់ត្រា​រាល់​គំនិត​ដែល​បងប្អូន​គិត​ក្នុងចិត្ត​កាល​ដែល​បងប្អូន​អាន ។

រូប​តំណាង​ការចែកចាយ

អញ្ជើញ​ឲ្យ​ចែក​ចាយ

សូម​អញ្ជើញ​កុមារ​ឲ្យ​ឈរ​ជា​ជួរ ។ សូម​ចាប់ផ្តើម​ពី​ជួរមុខ សូម​ផ្តល់​ឱកាស​ឲ្យ​កុមារ​ម្នាក់ៗ​ចែកចាយ​អ្វីមួយ​ដែល​គាត់ ឬ​នាង​ទើប​បាន​រៀន​ថ្មីៗ​នេះ​អំពី​ដំណឹងល្អ​នៅអំឡុង​ពេល​សិក្សា​ព្រះគម្ពីរ នៅក្នុង​អង្គការ​បឋមសិក្សា ឬ​នៅ​កន្លែង​ណា​ផ្សេងទៀត ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​តូចៗ

អេភេសូរ ២:១៩

សមាជិក​សាសនាចក្រ​គួរតែ​ជា​មិត្តភក្ដិ​នឹង​គ្នា និង​ជា « ជាតិ​តែ​មួយ » ។

តើ​កុមារ​ក្នុង​ថ្នាក់​របស់​បងប្អូន​មើល​ទៅ​ជា « អ្នកដទៃ » ឬ​ជា « ជាតិ​តែ​មួយ » នឹង​គ្នា​ទៅវិញ​ទៅមក និង​ជាមួយ​សមាជិក​វួដ​ដទៃ​ដែរ​ឬទេ ? សូម​ជួយ​ពួកគេ​ឲ្យ​យល់​ថា ទោះជា​យើង​មាន​ភាពខុសគ្នា​ក្ដី ក៏​ព្រះអង្គ​សង្គ្រោះ​ជួយ​យើង​ឲ្យ​រួបរួម​គ្នា ហើយ​ស្រឡាញ់​គ្នា​ទៅវិញទៅមក​ដែរ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ដាក់​រូបភាព​ព្រះអង្គសង្គ្រោះ​នៅ​កណ្ដាល​ថ្នាក់​រៀន ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ឈរ​នៅ​កន្លែង​ផ្សេងៗ​គ្នា​ក្នុង​ថ្នាក់ ដើម្បី​បង្ហាញ​អំពី « អ្នកដទៃ » ឬ « អ្នក​សំណាក់ » ។ សូម​ជួយ​ពួកគេ​ឲ្យ​យល់​ថា ពាក្យ​ទាំងនេះ​មានន័យ​ថា​មនុស្ស​ដែល​យើង​ពុំទាន់​ស្គាល់​នៅឡើយ​ទេ ។ កាល​ដែល​បងប្អូន​អាន អេភេសូរ ២:១៩ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ដើរ​ឆ្ពោះទៅរក​រូបភាព​របស់​ព្រះគ្រីស្ទ រហូតដល់​ពួកគេ​ឈរ​នៅ​ជិតគ្នា ។ សូម​ប្រាប់​ពួកគេ​ថា កាល​ដែល​យើង​ខិត​ទៅជិត​ព្រះអង្គ​សង្រ្គោះ យើង​អាច​មាន​សាមគ្គីភាព​ជាមួយ​អ្នកដទៃ « ជាជាតិ​តែមួយ » ឬ​ជាមិត្តភក្តិ ។

  • សូម​ស្វែងរក​រូបភាព​នានា​អំពី​កុមារ​មក​ពី​ទីកន្លែង​ផ្សេងៗ​គ្នា​លើ​ពិភពលោក រួច​លាក់​រូបភាព​ទាំងនោះ​នៅ​ជុំវិញ​បន្ទប់ ។ សូម​ដាក់​រូបភាព​ព្រះអង្គសង្គ្រោះ​នៅ​ខាង​មុខ​ថ្នាក់​រៀន ។ សូម​អញ្ជើញ​កុមារ​ទាំងអស់​ឲ្យ​ចាប់​ដៃគូ​ដូច​អ្នក​ផ្សព្វផ្សាយ​សាសនា រួច​ដាក់​វេន​គ្នា​ស្វែងរក​រូបភាព « អ្នកដទៃ » មួយ ដើម្បី​ទៅ​ដាក់​នៅ​ក្បែរ​រូបភាព​ព្រះអង្គសង្គ្រោះ ។ សូម​ជួយ​ពួកគេ​ឲ្យ​យល់​ថា នៅ​ពេល​មនុស្ស​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក ពួកគេ​បាន​ក្លាយ​ជា​សមាជិក​ម្នាក់​ក្នុង​គ្រួសារ​សាសនាចក្រ​យើង ឬ​ជា « ពួក​ដំណាក់​ព្រះ » ។ តើ​យើង​អាច​ជួយ​នរណា​ម្នាក់​ដែល​ជា​មនុស្ស​មក​ថ្មី ឲ្យ​មាន​អារម្មណ៍​ស្វាគមន៍​បាន​យ៉ាង​ដូចម្ដេច ?

អេភេសូរ ៦:១–៣

ព្រះវរបិតា​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​គោរពប្រតិបត្តិ​ឪពុកម្ដាយ​របស់​ខ្ញុំ ។

នៅ​ពេល​បងប្អូន​អាន អេភេសូរ ៦:១–៣ សូម​គិត​អំពី​របៀប​នានា ដែល​បងប្អូន​អាច​ជួយ​កុមារ​ឲ្យ​យល់ពី​មូលហេតុ​ដ៏​សំខាន់​ដែល​ត្រូវ​គោរព​តាម​ឪពុកម្ដាយ​របស់​ពួកគេ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អាន អេភេសូរ ៦:១ ឲ្យ​កុមារ​ក្នុង​ថ្នាក់​ស្ដាប់ ឬ​ជួយ​កុមារ​ម្នាក់​ឲ្យ​អាន​ខគម្ពីរ​នេះ ។ សូម​ជួយ​ពួកគេ​ឲ្យ​គិត​ពី​គ្រា​ដែល​ពួកគេ​គោរពតាម​ឪពុកម្តាយ​របស់​ពួកគេ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​ទទួលបាន​ពរជ័យ​មកពី​ការគោរពតាម​នោះ និង​អារម្មណ៍​របស់​ពួកគេ​នៅពេល​ពួកគេ​បាន​គោរពតាម ។ ហេតុអ្វី​វា​សំខាន់​ដើម្បី​គោរពតាម​ឪពុកម្តាយ​របស់​យើង ?

  • សូម​ច្រៀង​ចម្រៀង​មួយ​បទ​ជាមួយ​គ្នា​អំពី​ការគោរព​ប្រតិបត្តិ ដូចជា​បទ « ខ្ញុំ​នឹង​ឆាប់​ធ្វើតាម » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៧១ ) ។ សូម​ឲ្យ​កុមារ​ប្តូរ​វេនគ្នា​រៀបរាប់​អ្វីមួយ ដែល​ឪពុក​ម្តាយ​របស់​ពួកគេ​បាន​សុំ​ឲ្យ​ពួកគេ​ធ្វើ ហើយ​សូម​អញ្ជើញ​ពួកគេ​ឲ្យ​សម្តែង​ធ្វើ​រឿង​នោះ ។

  • សូម​បង្ហាញ​រូបភាព​ព្រះ​យេស៊ូវ​គ្រីស្ទ​ទទួលបុណ្យ​ជ្រមុជទឹក ( សូមមើល សៀវភៅ​រូបភាព​ដំណឹងល្អ ល.រ. ៣៥ ) ហើយ​សូម​ចែកចាយ​ពី​របៀប​ដែល​ព្រះអង្គ​សង្រ្គោះ​បាន​គោរពតាម​ព្រះវរបិតា​សួគ៌​ដោយ​ការ​ទទួល​បុណ្យ​ជ្រមុជទឹក ( សូមមើល នីហ្វៃទី២ ៣១:៦–៧ ) ។ សូម​ចែកចាយ​បទពិសោធន៍​មួយ ដែល​បងប្អូន​បាន​គោរពតាម​ឪពុកម្តាយ​របស់​បងប្អូន ហើយ​ទទួល​បាន​ពរជ័យ ។ ហេតុអ្វី​ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​យើង​គោរពតាម​ឪពុកម្តាយ​របស់​យើង ?

អេភេសូរ ៦:១០–១៨

គ្រឿង​សឹក​របស់​ព្រះ​អាច​ការពារ​ខ្ញុំ​ពី​សេចក្ដីអាក្រក់ ។

តើ​បងប្អូន​នឹង​ជួយ​កុមារ​ឲ្យ​យល់​ថា ការធ្វើ​កិច្ចការ​សុចរិត​គឺ​ដូចជា​ការពាក់​គ្រឿង​សឹក​តាម​របៀប​ណា ?

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​បង្ហាញ​រូបភាព​មនុស្ស​ម្នាក់​ពាក់​គ្រឿងសឹក ដូចជា​គ្រឿងសឹក​នៅក្នុង​ទំព័រ​សកម្មភាព​គម្រោង​មេរៀន​សប្តាហ៍​នេះ ឬ គម្រោង​មេរៀន​សប្តាហ៍​នេះ នៅក្នុង ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ។ កាល​ដែល​បងប្អូន​ទន្ទេញ អេភេសូរ ៦:១០–១៨ សូម​បង្ហាញ​កុមារ​ពី​របៀប​ដែល​គ្រឿងសឹក​ខុសៗគ្នា​ការពារ​កន្លែង​ផ្សេងៗគ្នា​លើ​រូបកាយ ។ ( សូមមើល « The Whole Armor of God » Friend ខែ មិថុនា ឆ្នាំ ២០១៦ ទំព័រ ២៤–២៥ ) ។

  • សូម​យក​វត្ថុ​មួយ​ចំនួន​មក​ថ្នាក់​រៀន ដែល​អាច​តំណាង​ឲ្យ​បំណែក​គ្រឿង​សឹក​ផ្សេងៗ ដែល​មាន​រៀបរាប់​នៅ​ក្នុង អេភេសូរ ៦:១៤–១៧ ( ឧទាហរណ៍ មួក ឬអាវប៊ឹង ) ឬ​ធ្វើ​គ្រឿងសឹក​សាមញ្ញៗ​ដោយប្រើ​ក្រដាស ។ សូម​ឲ្យ​កុមារ​ប្តូរ​វេន​គ្នា​ពាក់ « គ្រឿងសឹក » ម្នាក់​ម្ដងៗ ។ សូម​ជួយ​ពួកគេ​ឲ្យ​យល់​ពី​របៀប​ដែល​យើង​ពាក់​គ្រឿងសឹក​របស់​ព្រះ ( ឧទាហរណ៍ តាមរយៈ​ការសិក្សា​ព្រះគម្ពីរ ការបម្រើ​អ្នក​ដទៃ ការអធិស្ឋាន ការគោរព​ប្រតិបត្តិ ។ល។ ) ។ សូម​ពិភាក្សា​ពី​របៀប​ដែល​រឿង​ទាំងនេះ​ការពារ​យើង​ពី​អារក្ស ។

រូបតំណាង​ការ​បង្រៀន

បង្រៀន​គោលលទ្ធិ ៖ កុមារ​ធំៗ

អេភេសូរ ២:១៣–១៩

យើង​ជា « ជាតិ​តែមួយ » នៅក្នុង​ក្រុមគ្រួសារ​របស់​ព្រះ ។

កុមារ​នឹង​រឹងមាំ នៅ​ពេល​ពួកគេ​មាន​មិត្តភក្ដិ​ល្អ​នៅ​ក្នុង​ដំណឹងល្អ ។ តើ​បងប្អូន​អាច​ជួយ​ពួកគេ​ឲ្យ​បង្កើន​មិត្តភាព​ជាមួយ​មនុស្សដទៃ​កាន់តែ​រឹងមាំ​តាម​របៀប​ណា ?

សកម្មភាព​ចម្បង

ពួក​យើង​គឺ​ជា « ជាតិ​តែ​មួយ » នឹង​ពួក​បរិសុទ្ធ​នៃ​ព្រះ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អាន អេភេសូរ ២:១៩ ជាមួយ​គ្នា រួច​ពិភាក្សា​អំពី​អត្ថន័យ​នៃ​ការក្លាយ​ជា​មនុស្សដទៃ ឬ​អ្នក​សំណាក់ ។ សូម​ចែកចាយ​បទពិសោធន៍​មួយ ជា​ពេល​ដែល​បងប្អូន​មាន​អារម្មណ៍​ថា​ជា​អ្នកដទៃ ឬ​អ្នក​សំណាក់ ហើយ​មាន​នរណា​ម្នាក់​បាន​ជួយ​បងប្អូន ឲ្យ​មាន​អារម្មណ៍​ស្វាគមន៍ និង​ទទួលស្គាល់ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​ចែកចាយ​បទពិសោធន៍​ស្រដៀង​នេះ ។ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ក្លាយ​ជា « ជាតិ​តែ​មួយ » ជា​ជាង​អ្នកដទៃ ? តើ​មាន​កុមារ​នៅ​ក្នុង​ថ្នាក់​របស់​បងប្អូន​ដែល​ពុំ​សូវ​ចូល​រៀន ដែល​ប្រហែល​ជា​ដោយសារ​តែ​ពួកគេ​មាន​អារម្មណ៍​ថា​ជា​អ្នកដទៃ​ដែរ​ឬ​ទេ ? សូម​ជួយ​កុមារ​ឲ្យ​ដាក់​ផែនការ ដើម្បី​ជួយ​សមាជិក​ទាំងនោះ​ឲ្យ​មាន​អារម្មណ៍​ស្វាគមន៍ និង​ទទួល​បាន​សេចក្ដី​ស្រឡាញ់ ។

  • ដើម្បី​ជួយ​កុមារ​ឲ្យ​ពង្រឹង​ទំនាក់ទំនង​របស់ពួកគេ​ជាមួយគ្នា សូម​សរសេរ​សំណួរ​មួយចំនួន​នៅលើ​ក្តារខៀន​ដែល​ជំរុញ​ពួកគេ​ឲ្យ​ចែកចាយ​អ្វីមួយ​អំពី​ខ្លួនពួកគេ ដូចជា តើ​ការអធិស្ឋាន​របស់​ប្អូនៗ​ត្រូវបាន​ឆ្លើយតប​នៅពេល​ណា​ដែរ ?តើ​ប្អូនៗ​ចូលចិត្ត​ធ្វើ​អ្វី​បំផុត​ជាមួយ​គ្រួសារ​របស់​ប្អូន ? សូម​បំបែក​សិស្ស​ជា​ដៃគូ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​សួរគ្នា​ទៅវិញទៅមក​នូវ​សំណួរ​នេះ ។ តើ​យើង​បាន​រៀន​អ្វីខ្លះ​អំពី​គ្នា ?

អេភេសូរ ៦:១–៣

ព្រះវរបិតា​សួគ៌​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​ស្ដាប់​បង្គាប់ ហើយ​គោរពប្រតិបត្តិ​ឪពុកម្ដាយ​របស់​ខ្ញុំ ។

សូម​គិត​អំពី​របៀប​នានា ដែល​បងប្អូន​អាច​ជួយ​កុមារ​ឲ្យ​យល់​ពី​មូលហេតុ​ដែល​ត្រូវ​ស្ដាប់​បង្គាប់​ឪពុកម្ដាយ ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​អញ្ជើញ​កុមារ​ឲ្យ​អាន អេភេសូរ ៦:១–៣ ដោយ​ខ្លួន​គេ រួច​បង្ហាញ​ឃ្លា​ដែល​ពួកគេ​ចាប់​អារម្មណ៍​ជាងគេ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ឃ្លា​ទាំងនេះ និង​មូលហេតុ​ដែល​ពួកគេ​មាន​អារម្មណ៍​ថា ឃ្លា​ទាំងនេះ​សំខាន់ ។

  • សូម​ជួយ​កុមារ​ឲ្យ​ស្វែងរក និង​និយាយ​អំពី​គំរូ​នៃ​បុគ្គល​នៅក្នុង​ព្រះគម្ពីរ​ដែល​បាន​ធ្វើតាម និង​គោរព​ដល់​ឪពុកម្តាយ​របស់​ពួកគេ ដូចជា ព្រះអង្គ​សង្រ្គោះ ( សូមមើល លូកា ២:៤២–៥២ ) នាងរស់ ( សូមមើល នាងរស់ ១ ) ឬ នីហ្វៃ ( សូមមើល នីហ្វៃទី១ ៣:១–៨ ) ។ ហេតុអ្វី​វា​សំខាន់​ដែល​ត្រូវ​ស្ដាប់​បង្គាប់ ហើយ​គោរព​ប្រតិបត្តិ​ឪពុកម្ដាយ​របស់​យើង ?

  • សូម​ចែក​ក្រដាស​មួយ​សន្លឹក​ឲ្យ​កុមារ​ម្នាក់ៗ ដែល​មាន​សរសេរ​ពាក្យ គោរព​ប្រតិបត្តិ នៅ​ផ្នែក​ខាងលើ ។ សូម​ពិភាក្សា​អំពី​អត្ថន័យ​នៃ​ពាក្យ​នេះ ។ សូម​អញ្ជើញ​កុមារ​ឲ្យ​សរសេរ ឬ​គូរ​នៅ​លើ​ក្រដាស​របស់​ពួកគេ នូវ​កិច្ចការ​មួយ​ដែល​ពួកគេ​អាច​ធ្វើ​បាន ដែល​ជា​ការគោរពប្រតិបត្តិ​ដល់​ឪពុកម្ដាយ​របស់​ពួកគេ ។

អេភេសូរ ៦:១០–១៨

គ្រឿង​សឹក​របស់​ព្រះ​អាច​ការពារ​ខ្ញុំ​ពី​សេចក្ដីអាក្រក់ ។

នៅ​ពេល​បងប្អូន​អាន អេភេសូរ ៦:១០–១៨ សូម​គិត​អំពី​គ្រោះថ្នាក់​ខាង​វិញ្ញាណ​មួយ​ចំនួន ដែល​កុមារ​នឹង​ជួប​ប្រទះ និង​របៀប​ដែល​បងប្អូន​អាច​ពង្រឹង​កុមារ​ឲ្យ​ប្រឆាំង​នឹង​វា ។

សកម្មភាព​ដែល​អាច​ធ្វើបាន

  • សូម​ឲ្យ​កុមារ​ម្នាក់​អាន អេភេសូរ ៦:១០–១៨ សូម​ឲ្យ​កុមារ​ម្នាក់​ទៀត​សរសេរ ឬ​គូរ​នៅ​លើ​ក្ដារខៀន នូវ​រូប​បំណែក​នៃ​គ្រឿងសឹក​ដែល​បាន​អាន ។ ហេតុអ្វី​បាន​ជា​គ្រឿងសឹក​សំខាន់​នៅ​ក្នុង​ចម្បាំង ? តើ​យើង​អាច​ពាក់​គ្រឿងសឹក​របស់​ព្រះ​ជារៀង​រាល់​ថ្ងៃ​បាន​តាម​របៀប​ណា ?

  • សូម​ចាត់​កុមារ​ម្នាក់ៗ​ឲ្យ​គូរ រួច​សរសេរ​នៅ​លើ​បំណែក​នៃ​គ្រឿងសឹក​ដែល​បាន​អាន​នៅ​ក្នុង អេភេសូរ ៦:១៤–១៧ ។ តើ​បំណែក​គ្រឿងសឹក​ទាំងនេះ​ការពារ​យើង​ពី​សេចក្ដី​អាក្រក់​បាន​យ៉ាង​ដូចម្ដេច ? តើ​ព្រះអម្ចាស់​បាន​សន្យា​អ្វីខ្លះ​ដល់​អ្នក​ដែល​ពាក់​គ្រឿងសឹក​របស់​ព្រះ ? ( សូមមើល អេភេសូរ ៦:១៣ ) ។ តើ « ទប់​ទល់​ក្នុង​ថ្ងៃ​អាក្រក់ » មាន​ន័យ​ដូចម្ដេច ?

រូប​តំណាង​ការរៀនសូត្រ

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​រៀន​សូត្រ​នៅ​ឯ​គេហដ្ឋាន

សូម​អញ្ជើញ​កុមារ​ឲ្យ​ឃ្លាំ​មើល​នៅ​សប្ដាហ៍​នេះ រក​នរណាម្នាក់​ដែល​អាច​មាន​អារម្មណ៍​ថា​ដូច​អ្នកដទៃ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​អ្វី​មួយ ដើម្បី​ជួយ​ដល់​បុគ្គល​នោះ ។

ការ​កែលម្អ​ការ​បង្រៀន​របស់​យើង

ជួយ​កុមារ​តូចៗ​ឲ្យ​រៀន​ចេញ​ពី​ព្រះគម្ពីរ ។ កុមារ​តូចៗ​អាចរៀន​ចេញពី​ព្រះគម្ពីរ​បាន ប៉ុន្តែ​ពួកគេ​អាច​ត្រូវ​ផ្តោតយកចិត្ត​ទុកដាក់​លើ​ខគម្ពីរ​តែមួយ ឬ​ក៏​គ្រាន់តែ​ឃ្លា​គន្លឹះ​មួយ​តែ​ប៉ុណ្ណោះ ។ បងប្អូន​អាច​អញ្ជើញ​កុមារ​ឲ្យ​ក្រោកឈរ​នៅពេល​ពួកគេ​ឮពាក្យ ឬ​ឃ្លា​ជាក់លាក់​មួយ ។ ( សូម​មើល ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ​២៥–២៦ ) ។