« ថ្ងៃទី ២–៨ ខែ តុលា ។ អេភេសូរ ៖ ‹ ប្រយោជន៍នឹងនាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើង › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ២–៨ ខែ តុលា ។ អេភេសូរ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣
ថ្ងៃទី ២–៨ ខែ តុលា
អេភេសូរ
« ប្រយោជន៍នឹងនាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើង »
តើបងប្អូនមើលឃើញទំនាក់ទំនងរវាងសារលិខិតនៅក្នុងសន្និសីទទូទៅ និងសំបុត្ររបស់ប៉ុលទៅកាន់ពួកអេភេសូរឬទេ ?
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
នៅពេលដំណឹងល្អចាប់ផ្ដើមផ្សាយទៅកាន់ក្រុងអេភេសូរ វាបានបណ្ដាលឲ្យ « កើតមានវឹកវរជាធំ » ( កិច្ចការ ១៩:២៣ ) នៅក្នុងចំណោមពួកអេភេសូរ ។ សិប្បករក្នុងមូលដ្ឋានដែលធ្វើរូបសំណាកព្រះជាទីសក្ការបូជាបានយល់ឃើញថាពួកគ្រីស្ទានគឺជាការគម្រាមគំហែងមួយចំពោះការរស់នៅរបស់ពួកគេ ហើយមិនយូរប៉ុន្មាន « ពួកគេមានពេញដោយសេចក្ដីកំហឹង… នោះក៏កើតមានវឹកវរពេញក្នុងក្រុង » ( សូមមើល កិច្ចការ ១៩:២៧–២៩ ) ។ សូមនឹកស្រមៃថា បងប្អូនជាសមាជិកដែលផ្លាស់ប្រែចិត្តជឿថ្មីមួយរូបមកក្នុងដំណឹងល្អនៅក្នុងស្ថានភាពដូច្នោះ ។ មានពួកអេភេសូរជាច្រើនបានទទួលយក ហើយរស់នៅតាមដំណឹងល្អនៅក្នុងចំណោម « ពួកបះបោរ » ( កិច្ចការ ១៩:៤០ ) ហើយប៉ុលបានអះអាងនឹងពួកគេថា « ព្រះគ្រីស្ទ …គឺជាស្ពានមេត្រីនៃយើងរាល់គ្នា » ( អេភេសូរ ២:១៣–១៤ ) ។ ពាក្យទាំងនេះ ព្រមជាមួយនឹងការអញ្ជើញរបស់លោកឲ្យ « ខំដកគ្រប់ទាំងសេចក្តីជូរល្វីង ក្តៅក្រហាយ កំហឹង ឡូឡា ជេរប្រមាថ និងគ្រប់ទាំងសេចក្តីអាក្រក់ ចេញពីពួកអ្នករាល់គ្នាទៅ » ( អេភេសូរ ៤:៣១ ) ហាក់ដូចជាចំពេល និងមានការលួងលោមចិត្តក្នុងពេលឥឡូវនេះ ក៏ដូចជាពីជំនាន់នោះដែរ ។ ចំពោះពួកអេភេសូរ ក៏ដូចជាពួកយើងម្នាក់ៗដែរ កម្លាំងដើម្បីប្រឈមនឹងមារសត្រូវកើតមាន « ក្នុងព្រះអម្ចាស់ដោយឫទ្ធិបារមីរបស់ព្រះចេស្តាទ្រង់ » ( អេភេសូរ ៦:១០–១៣ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ព្រះបានជ្រើសរើសខ្ញុំ ឬបានតែងតាំងខ្ញុំមុនកំណើតលោកិយមក ដើម្បីបំពេញការទទួលខុសត្រូវជាក់លាក់នៅលើផែនដី ។
ប៉ុលបាននិយាយអំពីពួកបរិសុទ្ធដែលត្រូវបាន « តម្រូវទុកជាមុន » ដោយព្រះ ហើយទ្រង់បាន« ជ្រើសរើស…តាំងពីមុនកំណើតលោកិយមកម្ល៉េះ » ដើម្បីធ្វើជារាស្ត្រទ្រង់ ។ ទោះជាយ៉ាងណា ដូចប្រធាន ហែនរី ប៊ី អាវរិង បានកត់សម្គាល់ថា នេះមិនមែនមានន័យថា « ព្រះច្បាស់ជាបានសម្រេចជាមុនថាបុត្រាបុត្រីណាដែលនឹងបានសង្គ្រោះ ហើយធ្វើឲ្យដំណឹងល្អមានក្នុងជីវិតពួកគេ ខណៈដែលបុត្រាបុត្រីខ្លះទៀត មិនដែលបានឮដំណឹងល្អ ហើយមិនត្រូវបាន ‹ ជ្រើសរើស › ឡើយ ។ … ផែនការរបស់ព្រះគឺមានក្ដីស្រឡាញ់ដ៏មហិមាជាងគ្រាន់តែធ្វើដូច្នោះ ។ ព្រះវរបិតាសួគ៌របស់យើងមានព្រះទ័យអន្ទះសាដើម្បីប្រមូលផ្ដុំ ហើយប្រទានពរដល់គ្រួសារទាំងមូលរបស់ទ្រង់ » ( « Gathering the Family of God » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ២០–២១ ) ។ បុត្រាបុត្រីទាំងអស់របស់ព្រះអាចទទួលយកដំណឹងល្អ ហើយនឹងពិធីបរិសុទ្ធនានាដោយសារតែកិច្ចការនេះបានធ្វើឡើងសម្រាប់មរណជននៅក្នុងព្រះវិហារបរិសុទ្ធ ។
ទោះបីជាពុំមាននរណាម្នាក់ត្រូវបានតម្រូវទុកជាមុនថានឹងត្រូវបានសង្គ្រោះ ឬពុំបានសង្គ្រោះក្ដី ក៏វិវរណៈសម័យទំនើបបង្រៀនថា បុត្រាបុត្រីព្រះមួយចំនួនត្រូវបានជ្រើសរើស ឬ « តែងតាំងពីមុនផែនដី » នៅក្នុងពិភពមុនឆាកជីវិតនេះ ដើម្បីបំពេញតាមការទទួលខុសត្រូវជាក់លាក់នានាក្នុងការសម្រេចគោលបំណងរបស់ព្រះនៅលើផែនដីនេះដែរ ។ កាលដែលបងប្អូនអាន អេភេសូរ ១ និងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « តែងតាំងមុនកំណើតលោកិយ, ការតែងតាំងមុនកំណើតលោកិយ » ( នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) សូមសញ្ជឹងគិតពីរបៀបដែលសេចក្ដីពិតនេះអនុវត្តចំពោះបងប្អូន ។
ព្រះនឹង « បំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ » ។
តើបងប្អូនគិតថា ហេតុអ្វីជំនាន់របស់យើងត្រូវបានហៅថា « ការកាន់កាប់ត្រួតត្រា ក្នុងកាលដែលពេលពេញកំណត់ » ? តើប្រយោគ « បំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ » អាចមានន័យដូចម្ដេច ? នៅពេលបងប្អូនពិចារណាអំពីឃ្លាទាំងនេះ សូមអានបទគម្ពីរដូចខាងក្រោម ៖ អេភេសូរ ៤:១៣; នីហ្វៃទី២ ៣០:៧–៨; គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០:១១–១៦; ១១២:៣០–៣២; ១២៨:១៨–២១ ។ បងប្អូនអាចនឹងទទួលអារម្មណ៍បំផុសគំនិតឲ្យសរសេរការពន្យល់ផ្ទាល់ខ្លួនអំពីឃ្លាទាំងនេះ ។
អែលឌើរ ដាវីឌ អេ បែដណា « Gather Together in One All Things in Christ » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ២១–២៤ ។
អេភេសូរ ២:១៩–២២; ៣:១–៧; ៤:១១–១៦
សាសនាចក្រត្រូវបានស្ថាបនាឡើងនៅលើពួកសាវក និងពួកព្យាការី ហើយព្រះយេស៊ូវគ្រីស្ទគឺជាថ្មជ្រុងយ៉ាងឯក ។
យោងតាម អេភេសូរ ២:១៩–២២; ៣:១–៧; ៤:១១–១៦ ហេតុអ្វីបានជាយើងមានពួកព្យាការី និងពួកសាវក ? សូមគិតអំពីសារលិខិតមកពីពួកព្យាការី និងពួកសាវកដែលបងប្អូនបានឮអំឡុងសន្និសីទទូទៅ ។ តើការបង្រៀនរបស់ពួកលោកបំពេញគោលបំណងដែលប៉ុលបានពិពណ៌នាយ៉ាងដូចម្ដេច ? ឧទាហរណ៍ តើការបង្រៀនទាំងនេះបានជួយបងប្អូនកុំឲ្យ « ត្រូវគ្រប់អស់ទាំងខ្យល់នៃសេចក្តីបង្រៀនបោក ហើយផាត់យើងចុះឡើង » យ៉ាងដូចម្ដេច ?
តើព្រះយេស៊ូវគ្រីស្ទគឺដូចជាថ្មជ្រុងសម្រាប់សាសនាចក្រយ៉ាងដូចម្ដេច ? តើទ្រង់ដូចជាថ្មជ្រុងសម្រាប់ជីវិតរបស់បងប្អូនយ៉ាងដូចម្ដេច ?
សូមមើលផងដែរ កិច្ចការ ៤:១០–១២ ។
ការធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះអាចពង្រឹងដល់ទំនាក់ទំនងគ្រួសារខ្ញុំ ។
នៅពេលបងប្អូនអាន អេភេសូរ ៥:២១–៦:៤ សូមគិតអំពីរបៀបដែលដំបូន្មាននៅក្នុងខគម្ពីរទាំងនេះអាចពង្រឹងដល់ទំនាក់ទំនងគ្រួសាររបស់បងប្អូន ។
វាសំខាន់ដើម្បីកត់ចំណាំថា ពាក្យសម្ដីរបស់ប៉ុលនៅក្នុង អេភេសូរ ៥:២២–២៤ ត្រូវបានកត់ត្រាទុកនៅក្នុងបរិបទនៃទំនៀមទម្លាប់សង្គមនៃសម័យរបស់លោក ។ ពួកព្យាការី និងពួកសាវកនៅសព្វថ្ងៃនេះបង្រៀនថា បុរសគឺពុំមែនពូកែជាងស្ត្រីនោះទេ ហើយថាស្វាមីភរិយាគួរតែជា « ដៃគូស្មើគ្នា » ( សូមមើល « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ ទោះបីជាដូច្នោះក្ដី បងប្អូននៅតែអាចរកដំបូន្មានដែលទាក់ទងនៅក្នុង អេភេសូរ ៥:២៥–៣៣ ។ ឧទាហរណ៍ តើព្រះគ្រីស្ទបង្ហាញសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះពួកបរិសុទ្ធយ៉ាងដូចម្ដេច ? តើការណ៍នេះសបញ្ជាក់យ៉ាងណាអំពីរបៀបដែលស្វាមីភរិយាគួរប្រព្រឹត្តចំពោះគ្នាទៅវិញទៅមកក្នុងនាមជាដៃគូស្មើភាពគ្នា ? តើមានសារលិខិតអ្វីខ្លះដែលបងប្អូនរកឃើញសម្រាប់ខ្លួនឯងនៅក្នុងបទគម្ពីរទាំងនេះ ?
គ្រឿងសឹករបស់ព្រះនឹងជួយការពារយើងពីអំពើអាក្រក់ ។
នៅពេលបងប្អូនអាន អេភេសូរ ៦:១០–១៨ សូមពិចារណាថា ហេតុអ្វីបានជាប៉ុលបានដាក់ឈ្មោះគ្រឿងសឹកនីមួយៗយ៉ាងដូច្នោះ ។ តើ « គ្រប់គ្រឿងសឹករបស់ព្រះ » នឹងការពារបងប្អូនពីអ្វី ? តើបងប្អូនអាចធ្វើអ្វីខ្លះដើម្បីពាក់គ្រឿងសឹកនីមួយៗឲ្យបានកាន់តែពេញលេញជារៀងរាល់ថ្ងៃ ?
សូមមើលផងដែរ នីហ្វៃទី២ ១:២៣; គោលលទ្ធិ និង សេចក្ដីសញ្ញា ២៧:១៥–១៨ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្នុងគ្រួសារ
-
អេភេសូរ ១:១០ ។ដើម្បីបង្រៀនអំពីខគម្ពីរនេះ អែលឌើរ ដេវីឌ អេ បែដណា បានប្រើប្រាស់គំរូអំពីខ្សែពួរមួយ ( សូមមើល « បំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ » ) ។ សូមពិចារណាបង្ហាញខ្សែពួរមួយដល់សមាជិកគ្រួសារ ហើយអនុញ្ញាតឲ្យពួកគេកាន់ និងពិនិត្យមើលវា ខណៈដែលបងប្អូនចែកចាយផ្នែកទាំងឡាយរបស់សារលិខិតរបស់អែលឌើរ បែដណា ។ តើព្រះបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទដោយរបៀបណា ? តើយើងបានទទួលពរជ័យ ដោយសារការបំព្រួមនេះដោយរបៀបណា ?
-
អេភេសូរ ២:៤–១០; ៣:១៤–២១ ។សូមអញ្ជើញសមាជិកគ្រួសារឲ្យចែកចាយពីបទពិសោធន៍ទាំងឡាយដែលពួកគេបានទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាករុណារបស់ព្រះ និងព្រះយេស៊ូវគ្រីស្ទ ដែលបានពិពណ៌នានៅក្នុងខគម្ពីរទាំងនេះ ។
-
អេភេសូរ ២:១២–១៩ ។គ្រួសាររបស់បងប្អូនអាចនឹងរីករាយក្នុងការសង់ជញ្ជាំងដោយដាក់តម្រៀបខ្នើយ ឬវត្ថុផ្សេងទៀតដែលបងប្អូនមាននៅផ្ទះ បន្ទាប់មកផ្ដួលវាចុះ ។ ខណៈដែលប៉ុលបានសំដៅដល់ « ជញ្ជាំង » រវាងពួកសាសន៍ដទៃ និងពួកយូដា តើជញ្ជាំងប្រភេទណាខ្លះដែលបំបែកមនុស្សនៅសព្វថ្ងៃនេះ ? តើព្រះយេស៊ូវគ្រីស្ទបាន « បានរុះ » ជញ្ជាំងទាំងនេះយ៉ាងដូចម្ដេច ? តើទ្រង់ « ផ្សះផ្សារ [ យើង ] នឹងព្រះ » យ៉ាងដូចម្ដេច ? ( ខទី ១៦ ) ។
-
អេភេសូរ ៦:១០–១៨ ។គ្រួសាររបស់បងប្អូនអាចធ្វើ « គ្រឿងសឹកនៃព្រះ » ខ្លួនឯងដោយប្រើវត្ថុនៅក្នុងផ្ទះ ។ វីដេអូ « The Armour of God » ( នៅលើគេហទំព័រ ChurchofJesusChrist.org ) អាចជួយសមាជិកគ្រួសារឲ្យមើលឃើញនឹងភ្នែកនូវគ្រឿងសឹកនេះ ហើយពួកគេអាចរកឃើញការពន្យល់សាមញ្ញៗនៅក្នុង « The Whole Armor of God » Friend ខែ មិថុនា ឆ្នាំ ២០១៦ ទំព័រ ២៤–២៥ ) ។ តើគ្រឿងសឹកនីមួយៗការពារយើងខាងវិញ្ញាណយ៉ាងដូចម្ដេច ? តើយើងអាចធ្វើអ្វីខ្លះដើម្បីជួយគ្នាទៅវិញទៅមកឲ្យ « ពាក់គ្រប់គ្រឿងសឹករបស់ព្រះ » ( អេភេសូរ ៦:១១ ) ជារៀងរាល់ថ្ងៃ ?
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ។
ទំនុកតម្កើងដែលលើកទឹកចិត្តឲ្យប្រើ ៖ « សង្ឃឹមអ៊ីស្រាអែល » ទំនុកតម្កើង ល.រ. ១៦២ ។