« ថ្ងៃទី ៤–១០ ខែ កញ្ញា ។ កូរិនថូស ទី១ ១៤–១៦ ៖ ‹ ព្រះទ្រង់មិនមែនជាព្រះនៃសេចក្តីវឹកវរទេ គឺទ្រង់ជាព្រះនៃសេចក្តីសុខសាន្តវិញ › » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គល និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )
« ថ្ងៃទី ៤–១០ ខែ កញ្ញា ។ កូរិនថូស ទី១ ១៤–១៦ » ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ៖ ឆ្នាំ ២០២៣
ថ្ងៃទី ៤–១០ ខែ កញ្ញា
កូរិនថូស ទី១ ១៤–១៦
« ព្រះទ្រង់មិនមែនជាព្រះនៃសេចក្តីវឹកវរទេ គឺទ្រង់ជាព្រះនៃសេចក្តីសុខសាន្តវិញ »
សូមកត់ត្រាចំណាប់អារម្មណ៍របស់បងប្អូនខណៈដែលបងប្អូនអាន កូរិនថូស ទី១ ១៤–១៦ ។ សូមអធិស្ឋានអំពីអ្វីដែលព្រះវិញ្ញាណបានបង្រៀនដល់បងប្អូន ហើយទូលសួរដល់ព្រះវរបិតាសួគ៌ បើសិនជាមានអ្វីជាច្រើនទៀតដែលទ្រង់ចង់ឲ្យបងប្អូនរៀន ។
កត់ត្រាចំណាប់អារម្មណ៍របស់បងប្អូន
ដោយសារតែសាសនាចក្រ និងគោលលទ្ធិរបស់សាសនាចក្រមានភាពថ្មីស្រឡាងនៅក្នុងទីក្រុងកូរិនថូស នោះវាជារឿងងាយយល់ណាស់ថា ពួកបរិសុទ្ធកូរិនថូសច្បាស់ជាជួបប្រទះនឹងភាពច្របូកច្របល់ ។ ប៉ុលបានបង្រៀនដល់ពួកគេកាលពីមុនអំពីសេចក្ដីពិតជាគ្រឹះនៃដំណឹងល្អ ៖ « ព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើងរាល់គ្នា… ហើយថា ទ្រង់ត្រូវគេបញ្ចុះក្នុងផ្នូរ រួចដល់ថ្ងៃទី៣ នោះទ្រង់មានព្រះជន្មរស់ឡើងវិញ » ( កូរិនថូស ទី១ ១៥:៣–៤ ) ។ ប៉ុន្តែសមាជិកមួយចំនួនបានចាប់ផ្ដើមបង្រៀនយ៉ាងឆាប់ថា « គ្មានការរស់ឡើងវិញពីស្លាប់ទេ » ( កូរិនថូស ទី១ ១៥:១២ ) ។ ប៉ុលបានអង្វរដល់ពួកគេឲ្យ « កាន់ខ្ជាប់តាម » សេចក្ដីពិតដែលពួកគេត្រូវបានបង្រៀន ( កូរិនថូស ទី១ ១៥:២ ) ។ នៅពេលយើងជួបនឹងគំនិតជំទាស់អំពីសេចក្ដីពិតនៃដំណឹងល្អ វាគឺជាការល្អដើម្បីចងចាំថា « ព្រះទ្រង់មិនមែនជាព្រះនៃសេចក្តីវឹកវរទេ គឺទ្រង់ជាព្រះនៃសេចក្តីសុខសាន្តវិញ » ( កូរិនថូស ទី១ ១៤:៣៣ ) ។ ការស្ដាប់តាមពួកអ្នកបម្រើដែលបានតែងតាំងរបស់ព្រះអម្ចាស់ ហើយកាន់ខ្ជាប់ទៅនឹងសេចក្ដីពិតសាមញ្ញៗដែលពួកគាត់បានបង្រៀនដដែលៗអាចជួយយើងរកបានសេចក្ដីសុខសាន្ដ ហើយ « ឲ្យមាំមួនក្នុងសេចក្ដីជំនឿ » ( កូរិនថូស ទី១ ១៦:១៣ ) ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន
ខ្ញុំអាចស្វែងរកអំណោយទាននៃការព្យាករ ។
តើអ្វីជាអំណោយទាននៃការព្យាករ ? តើវាមានសមត្ថភាពដើម្បីព្យាករអំពីអនាគតឬ ? តើវាមានសម្រាប់តែពួកព្យាការីឬ ? ឬតើនរណាក៏បានអាចទទួលអំណោយទាននេះឬ ?
សូមសញ្ជឹងគិតពីសំណួរទាំងនេះ នៅពេលបងប្អូនសិក្សា កូរិនថូស ទី១ ១៤:៣, ៣១, ៣៩–៤០ ។ បងប្អូនក៏អាចអាន វិវរណៈ ១៩:១០ និង « វិវរណៈ » នៅក្នុងសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយផងដែរ ( នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។ ដោយផ្អែកលើអ្វីដែលបងប្អូនបានរៀន តើបងប្អូននឹងកំណត់និយមន័យឲ្យអំណោយទាននៃការព្យាករយ៉ាងដូចម្តេច ? តើប៉ុលចង់មានន័យយ៉ាងណានៅពេលគាត់បានអញ្ជើញឲ្យពួកកូរិនថូសថា « ចូរសង្វាតឲ្យបានចេះអធិប្បាយ ( ព្យាករ ) » ? ( កូរិនថូស ទី១ ១៤:៣៩ ) ។ តើបងប្អូនអាចទទួលយកការអញ្ជើញនេះបានយ៉ាងដូចម្ដេច ?
សូមមើលផងដែរ យ៉ូអែល ២:២៨–២៩; អាលម៉ា ១៧:៣; គោលលទ្ធិ និង សេចក្ដីសញ្ញា ១១:២៣–២៨ ។
តើសេចក្ដីថ្លែងអំពីស្ត្រីនៅក្នុងខគម្ពីរទាំងនេះអនុវត្តនៅសព្វថ្ងៃនេះយ៉ាងណាដែរ ។
ក្នុងជំនាន់របស់ប៉ុល មានការរំពឹងទុកខុសគ្នាអំពីរបៀបដែលស្ត្រីចូលរួមនៅក្នុងសង្គម រួមទាំងការប្រជុំនៅព្រះវិហារផងដែរ ។ មិនថាការបង្រៀននៅក្នុង កូរិនថូស ទី១ ១៤:៣៤–៣៥ មានន័យយ៉ាងណានៅក្នុងជំនាន់របស់ប៉ុលនោះទេ វាមិនគួរត្រូវបានយល់ថា វាមានន័យថាស្ត្រីពុំអាចនិយាយ ឬដឹកនាំនៅក្នុងសាសនាចក្រនៅសព្វថ្ងៃនេះនោះឡើយ ។ ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ទៅកាន់ស្ត្រីនៃសាសនាចក្រនៅសព្វថ្ងៃនេះ ៖ « យើង … ត្រូវការកម្លាំងរបស់បងប្អូន ការប្រែចិត្តជឿរបស់បងប្អូន ជំនឿរបស់បងប្អូន លទ្ធភាពដឹកនាំរបស់បងប្អូន ប្រាជ្ញារបស់បងប្អូន និងសំឡេងរបស់បងប្អូន ។ នគរព្រះគឺពុំមាន និងពុំអាចមានពេញលេញដោយគ្មានស្ត្រី ដែលធ្វើសេចក្ដីសញ្ញាពិសិដ្ឋ រួចហើយរក្សាសេចក្ដីសញ្ញា ជាស្ត្រីដែលអាចនិយាយដោយអានុភាព និងសិទ្ធិអំណាចនៃព្រះបានទេ ! » ( « A Plea to My Sisters » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៩៦ ) ។
ព្រះយេស៊ូវគ្រីស្ទទទួលបានជ័យជំនះឈ្នះលើសេចក្ដីស្លាប់ ។
ការរស់ឡើងវិញនៃព្រះយេស៊ូវគ្រីស្ទគឺជាគ្រឹះដ៏សំខាន់ចំពោះគ្រិស្ដសាសនា មនុស្សម្នាក់អាចនិយាយថា បើគ្មានការរស់ឡើងវិញទេ នោះ ក៏ គ្មានគ្រិស្ដសាសនាដែរ—ដើម្បីប្រើពាក្យរបស់ប៉ុល « នោះដំណឹងដែលយើងខ្ញុំផ្សាយនេះជាការឥតប្រយោជន៍ទទេ ហើយសេចក្តីជំនឿរបស់អ្នករាល់គ្នាក៏ឥតអំពើដែរ » ( កូរិនថូស ទី១ ១៥:១៤ ) ។ ប៉ុន្តែពួកបរិសុទ្ធកូរិនថូសមួយចំនួនកំពុងបង្រៀនថានឹង « គ្មានការរស់ឡើងវិញពីស្លាប់ទេ » ( កូរិនថូស ទី១ ១៥:១២ ) ។ កាលដែលបងប្អូនអានការឆ្លើយតបរបស់ប៉ុលនៅក្នុង កូរិនថូស ទី១ ១៥ សូមយកពេលមួយសន្ទុះដើម្បីសញ្ជឹងគិតពីរបៀបដែលជីវិតរបស់បងប្អូននឹងខុសប្លែកពីនេះ ប្រសិនបើបងប្អូនមិនបានជឿលើដំណើររស់ឡើងវិញទេនោះ ( សូមមើល នីហ្វៃទី២ ៩:៦–១៩; អាលម៉ា ៤០:១៩–២៣; គោលលទ្ធិ និង សេចក្តីសញ្ញា ៩៣:៣៣–៣៤ ) ។ តើឃ្លា « បើព្រះគ្រីស្ទមិនបានរស់ឡើងវិញមែន នោះសេចក្តីជំនឿរបស់អ្នករាល់គ្នាក៏ជាការឥតអំពើ » មានន័យយ៉ាងណាចំពោះបងប្អូន ? ( ខទី ១៧ ) ។
វាគួរឲ្យកត់សម្គាល់ផងដែរថា ប៉ុលបានសំដៅដល់បុណ្យជ្រមុជទឹកសម្រាប់អ្នកស្លាប់ ជាភស្ដុតាងចំពោះភាពពិតនៃសេចក្ដីរស់ឡើងវិញ ( សូមមើល កូរិនថូស ទី១ ១៥:២៩ ) ។ តើព្រះវិហារបរិសុទ្ធ និងកិច្ចការពង្សប្រវត្តិបានពង្រឹងដល់សេចក្ដីជំនឿរបស់បងប្អូនទៅលើគោលលទ្ធិនៃដំណើររស់ឡើងវិញយ៉ាងដូចម្ដេច ?
សូមមើលផងដែរ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:១១–៣៧ ។
រូបកាយដែលរស់ឡើងវិញគឺខុសពីរូបកាយនៃជីវិតរមែងស្លាប់ ។
តើបងប្អូនធ្លាប់ងឿងឆ្ងល់ថា រូបកាយដែលរស់ឡើងវិញមានសណ្ឋានជាយ៉ាងណាឬទេ ? យោងតាម កូរិនថូស ទី១ ១៥:៣៥ មានពួកកូរិនថូសមួយចំនួនបានងឿងឆ្ងល់អំពីរឿងដូចគ្នានេះ ។ សូមអានចម្លើយរបស់ប៉ុលនៅក្នុង ខទី ៣៦–៥៤ ហើយកត់ចំណាំពាក្យសម្ដី និងឃ្លានានាដែលពិពណ៌នាអំពីភាពខុសគ្នារវាងរូបកាយនៃជីវិតរមែងស្លាប់ និងរូបកាយដែលរស់ឡើងវិញ ។ កាលដែលបងប្អូនធ្វើដូច្នោះ បងប្អូនអាចប្រៀបធៀប ខទី ៤០–៤២ ជាមួយនឹង គោលលទ្ធិ និង សេចក្តីសញ្ញា ៧៦:៥០–១១២ ។ តើវិវរណៈនេះដែលមានដល់ព្យាការី យ៉ូសែប ស៊្មីធ បន្ថែមអ្វីខ្លះដល់ការយល់ដឹងរបស់បងប្អូន ? ( សូមមើល ការបកប្រែដោយយ៉ូសែប ស៊្មីធ, កូរិនថូស ទី១ ១៥:៤០ ) ។ ហេតុអ្វីសេចក្ដីពិតទាំងនេះមានតម្លៃចំពោះបងប្អូន ?
សូមមើលផងដែរ លូកា ២៤:៣៩; អាលម៉ា ១១:៤៣–៤៥; គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១៤–៣៣ ។
គំនិតយោបល់សម្រាប់ការសិក្សាព្រះគម្ពីរជាគ្រួសារ និងរាត្រីជួបជុំក្នុងគ្រួសារ
-
កូរិនថូស ទី១ ១៥:២៩ ។យើងរៀនមកពី ខទី ២៩ ថា ពួកគ្រិស្ដសាសនិកពីជំនាន់បុរាណបានចូលរួមនៅក្នុងការជ្រមុជទឹកសម្រាប់មរណជនដូចគ្នាដែលយើងធ្វើនៅសព្វថ្ងៃនេះដែរ ។ តើយើងនឹងពន្យល់ទៅកាន់មនុស្សផ្សេងទៀតពីមូលហេតុដែលយើងធ្វើពិធីបុណ្យជ្រមុជទឹកសម្រាប់បុព្វការីជនយើងយ៉ាងដូចម្ដេច ? ( សូមមើល « What Are Baptisms for the Dead? » [ វីដេអូ ] នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ តើយើងកំពុងធ្វើអ្វីជាមួយគ្នាជាគ្រួសារ ដើម្បីធ្វើពិធីបរិសុទ្ធនៅព្រះវិហារបរិសុទ្ធសម្រាប់បុព្វការីជនរបស់យើង ដែលបានទទួលមរណភាពដែលត្រូវការពិធីបរិសុទ្ធទាំងនោះ ? បងប្អូនអាចរកធនធានបន្ថែមទៀតអំពីប្រធានបទនេះនៅលើគេហទំព័រ FamilySearch.org ។
-
កូរិនថូស ទី១ ១៥:៣៥–៥៤ ។តើមានវត្ថុ ឬរូបភាពអ្វីខ្លះ ដែលបងប្អូនអាចបង្ហាញដើម្បីជួយដល់គ្រួសាររបស់បងប្អូនឲ្យយល់អំពីពាក្យមួយចំនួនដែលប៉ុលបានប្រើដើម្បីពិពណ៌នាអំពីរូបកាយនៃជីវិតរមែងស្លាប់ខុសពីរូបកាយដែលរស់ឡើងវិញ ? ឧទាហរណ៍ ដើម្បីបង្ហាញពីភាពខុសគ្នារវាង ពុករលួយ និង មិនពុករលួយ ( សូមមើល ខទី ៥២–៥៤ ) បងប្អូនអាចបង្ហាញលោហៈធាតុដែលមានច្រេះស៊ី និងលោហៈធាតុដែលពុំច្រេះ ។ ឬបងប្អូនអាចប្រៀបធៀបអ្វីមួយដែលខ្សោយជាមួយនឹងអ្វីមួយដែលមានអានុភាព ( សូមមើលខទី ៤៣ ) ។
-
កូរិនថូស ទី១ ១៥:៥៥–៥៧ ។ការពិភាក្សាអំពីខគម្ពីរទាំងនេះអាចនឹងមានអត្ថន័យជាពិសេស បើគ្រួសាររបស់បងប្អូនស្គាល់នរណាម្នាក់ដែលបានទទួលមរណភាព ។ សមាជិកគ្រួសារអាចថ្លែងទីបន្ទាល់អំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទបានដកយក « ទ្រនិចនៃសេចក្ដីស្លាប់» ចេញ ( ខទី ៥៦ ) ។
-
កូរិនថូស ទី១ ១៦:១៣ ។ដើម្បីជួយសមាជិកគ្រួសាររបស់បងប្អូនឲ្យភ្ជាប់ទំនាក់ទំនងនឹងខគម្ពីរនេះ បងប្អូនអាចគូររង្វង់មួយនៅលើដី ហើយណែនាំឲ្យសមាជិកគ្រួសារម្នាក់ « ឈរឲ្យមាំមួន » នៅខាងក្នុងរង្វង់នោះ ដោយឲ្យគាត់បិទភ្នែក ។ បន្ទាប់មកអ្នកផ្សេងទៀតអាចព្យាយាមរុញ ឬទាញគាត់ចេញពីរង្វង់ ។ តើវាធ្វើមានភាពខុសគ្នាអ្វីខ្លះ នៅពេលមនុស្សដែលនៅក្នុងរង្វង់បើកភ្នែក ហើយអាច « ចាំយាម » នោះ ? តើយើងអាចធ្វើអ្វី ដើម្បី « ឈរយ៉ាងរឹងមាំ » នៅពេលដែលយើងត្រូវបានល្បួងឲ្យធ្វើការជ្រើសរើសដែលមិនល្អនោះ ? ( សូមមើលផងដែរ « Stay in the Boat and Hold On! » [ វីដេអូ ] នៅលើគេហទំព័រ ChurchofJesusChrist.org ) ។
សម្រាប់គំនិតបន្ថែមសម្រាប់ការបង្រៀនដល់កុមារ សូមមើល គម្រោងមេរៀនសប្ដាហ៍នេះ នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ—សម្រាប់អង្គការបឋមសិក្សា ។
ទំនុកតម្កើងដែលលើកទឹកចិត្តឲ្យប្រើ ៖ « ទ្រង់រស់ឡើងវិញ ! » ទំនុកតម្កើង ល.រ. ១២១ ។