ព្រះគម្ពីរ​សញ្ញាថ្មី ឆ្នាំ​២០២៣
ថ្ងៃទី ១៨–២៤ ខែ កញ្ញា ។ កូរិនថូស ទី២ ៨–១៣ ៖ « ព្រះ​ទ្រង់​ស្រឡាញ់​ដល់​អ្នក​ណា​ដែល​ថ្វាយ​ដោយ​អំណរ »


« ថ្ងៃទី ១៨–២៤ ខែ កញ្ញា ។ កូរិនថូស ទី២ ៨–១៣ ៖ ‹ ព្រះ​ទ្រង់​ស្រឡាញ់​ដល់​អ្នក​ណា​ដែល​ថ្វាយ​ដោយ​អំណរ › » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ព្រះគម្ពីរ​សញ្ញា​ថ្មី ឆ្នាំ ២០២៣ ( ឆ្នាំ ២០២២ )

« ថ្ងៃទី ១៨–២៤ ខែ កញ្ញា ។ កូរិនថូស ទី២ ៨–១៣ » ចូរ​មក​តាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ ៖ ឆ្នាំ ២០២៣

ព្រះយេស៊ូវ​កំពុង​មាន​ព្រះបន្ទូល​ទៅ​កាន់​កុមារ​តូច

ថ្ងៃទី ១៨–២៤ ខែ កញ្ញា

កូរិនថូស ទី២ ៨–១៣

« ព្រះ​ទ្រង់​ស្រឡាញ់​ដល់​អ្នកណា​ដែល​ថ្វាយ​ដោយ​អំណរ »

ការ​កត់ត្រា​ចំណាប់អារម្មណ៍​ខាង​វិញ្ញាណ​នឹង​ជួយ​បងប្អូន​ឲ្យ​ចងចាំ​នូវ​អ្វី​ដែល​បងប្អូន​បាន​រៀន​អំឡុង​ការ​សិក្សា​បទគម្ពីរ ។ បងប្អូន​អាច​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ ធ្វើការ​កត់ត្រា​នៅ​រឹមទំព័រ​នៃគម្ពីរ​របស់​បងប្អូន បន្ថែម​សារខ្លី​នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹង​ល្អរបស់​បងប្អូន ឬ​ថតសំឡេង​អំពី​គំនិតយោបល់​របស់​បងប្អូន ។

កត់ត្រា​ចំណាប់​អារម្មណ៍​របស់​បងប្អូន

តើ​បងប្អូន​នឹង​ធ្វើ​អ្វីខ្លះ បើ​បងប្អូន​ស្ដាប់​ឮ​ថា ក្រុមជំនុំ​នៃ​ពួកបរិសុទ្ធ​នៅ​តំបន់​ផ្សេង​កំពុង​មាន​បញ្ហា​ដោយ​ភាព​ក្រីក្រ ? នេះគឺ​ជា​ស្ថានភាព​ដែល​ប៉ុល​បាន​ពិពណ៌នា​ចំពោះ​ពួកបរិសុទ្ធ​កូរិនថូស​នៅក្នុង កូរិនថូស ទី២ ៨–៩ ។ លោក​សង្ឃឹម​ថា​នឹង​អាច​បញ្ចុះបញ្ចូល​ឲ្យ​ពួកបរិសុទ្ធ​កូរិនថូស​ឲ្យ​បរិច្ចាគ​ភាព​សម្បូរហូរហៀរ​របស់​ពួកគេ​ខ្លះៗ​ទៅ​ឲ្យ​ពួកបរិសុទ្ធ​ដែល​ខ្វះខាត ។ ប៉ុន្តែ​ពាក្យ​សម្ដី​របស់​ប៉ុល​ក៏​មាន​នូវ​សេចក្ដីពិត​ដ៏​អស្ចារ្យ​អំពី​ការ​ផ្ដល់​ឲ្យ​ផងដែរ ដែល​លើស​ពី​ការស្នើសុំ​ឲ្យ​ធ្វើ​ការបរិច្ចាគ​ថា ៖ « ចូរ​ឲ្យ​គ្រប់គ្នា​ធ្វើ តាម​ដែល​សម្រេច​ក្នុង​ចិត្ត​ចុះ​មិន​មែន​ដោយ​ស្តាយ ឬ​ដោយ​បង្ខំ​ឡើយ ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​ដល់​អ្នកណា​ដែល​ថ្វាយ​ដោយ​អំណរ » ( កូរិនថូស ទី២ ៩:៧ ) ។ នៅ​ជំនាន់​របស់​យើង នៅ​តែ មាន ពួកបរិសុទ្ធ​នៅទូទាំង​ពិភពលោក​ដែល​កំពុង​ត្រូវការ​ជំនួយ ។ ពេលខ្លះ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ល្អ​បំផុត​គឺ​ត្រូវ​តមអាហារ ហើយ​បរិច្ចាគ​ជា​ដង្វាយ​តមអាហារ ។ ក្នុង​ករណី​ផ្សេងទៀត ការ​ផ្ដល់​ឲ្យ​របស់​យើង​អាច​មាន​លក្ខណៈ​ចំៗ និង​ផ្ទាល់ខ្លួន​ច្រើនជាង ។ មិន​ថា​យើង​បាន​ធ្វើ​ការ​លះបង់​ក្នុង​ទម្រង់​ណា​ទេ វា​មាន​តម្លៃ​ដើម្បី​ពិសោធន៍​អារម្មណ៍​របស់​យើង​ក្នុង​ការផ្ដល់​ឲ្យ ។ តើ​ការ​លះបង់​របស់​យើង​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​ឬ​ទេ ? នៅ​ទីបំផុត វា​គឺ​ជា​សេចក្ដីស្រឡាញ់​ដែល​ធ្វើ​ឲ្យ​អ្នក​ផ្ដល់​ឲ្យ​នោះ​មានអំណរ ។

រូបសញ្ញា​ការសិក្សា​ផ្ទាល់ខ្លួន

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន

កូរិនថូស ទី២ ៨:១–១៥; ៩:៥–១៥

ខ្ញុំ​អាច​ចែកចាយ​អ្វី​ដែល​ខ្ញុំ​មាន​ដោយអំណរ ដើម្បី​ផ្តល់ពរ​ដល់​ជន​ទ័លក្រ និង​ជន​ទុរគត៌ ។

មាន​មនុស្ស​ជាច្រើន​ណាស់​ដែល​ស្ថិត​ក្នុង​ភាព​ខ្វះខាត​នៅលើ​ពិភពលោក​នេះ ។ តើ​យើងអាច​ធ្វើ​ឲ្យ​មាន​ភាព​ខុសគ្នា​កើត​ឡើង​យ៉ាង​ដូចម្ដេច ? អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​ផ្ដល់​នូវ​ការ​ប្រឹក្សា​នេះ ៖ « ទាំង​អ្នកមាន អ្នកក្រ យើង​ត្រូវ​ធ្វើ ‹ អ្វីៗ​ដែល​យើង​អាច​ធ្វើ​ទៅបាន › នៅពេល​អ្នកដទៃ​មាន​តម្រូវការ [ សូមមើល ម៉ាកុស ១៤:៦, ៨ ] ។ … [ ព្រះ ] នឹង​ជួយ​បងប្អូន ហើយដឹកនាំ​បងប្អូន​នៅ​ក្នុង​ការធ្វើ​ទង្វើ​ដែល​មាន​ក្តី​មេត្តាករុណា​នៃ​ភាពជាសិស្ស ប្រសិន​បើបងប្អូន​មាន​សតិសម្បជញ្ញៈ​ចង់​ធ្វើ និង​អធិស្ឋាន​ទូលសូម ហើយ​ស្វែងរក​របៀប​ដើម្បីរក្សា​បទបញ្ញត្តិ​មួយ ដែលទ្រង់​បានប្រទាន​ដល់​យើង​ម្ដងហើយ​ម្ដងទៀត​នោះ » ( « Are We Not All Beggars? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៤១ ) ។

សូម​អាន កូរិនថូស ទី២ ៨:១–១៥; ៩:៦–១៥ រួច​កត់ចំណាំ​គោលការណ៍​ដែល​ប៉ុល​បាន​បង្រៀន​អំពី​ការ​មើល​ថែ​ដល់​ជនទ័លក្រ និង​ជន​ទុរគត៌ ។ តើ​មាន​អ្វី​ខ្លះ​ដែល​បាន​បំផុស​គំនិត​បងប្អូន​អំពី​ការ​ទូន្មាន​របស់​ប៉ុល ? បងប្អូន​អាច​អធិស្ឋាន​ទូលសូម​ការ​ណែនាំ​អំពី​អ្វី​ដែល​បងប្អូន​អាច​ធ្វើ​ដើម្បី​ប្រទានពរ​ដល់​នរណា​ម្នាក់​ដែល​ខ្វះខាត ។ សូម​ប្រាកដ​ថា បងប្អូន​បាន​កត់ត្រា​រាល់​ចំណាប់​អារម្មណ៍​ដែល​បងប្អូន​បាន​ទទួល ហើយ​ធ្វើ​សកម្មភាព​តាម​ចំណាប់​អារម្មណ៍​នោះ ។

សូមមើល​ផងដែរ ម៉ូសាយ ៤:១៦–២៧; អាលម៉ា ៣៤:២៧–២៩; រ័សុល អិម ណិលសុន « The Second Great Commandment » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៩៦–១០០; ហែនរី ប៊ី អាវរិង « Is Not This the Fast That I Have Chosen? » Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ២២–២៥ ។

កូរិនថូស ទី២ ១១:១–៦, ១៣–១៥; ១៣:៥–៩

« ចូរ​អ្នក​រាល់​គ្នា​ពិចារណា​ខ្លួន​ឯង​មើល តើ​ស្ថិត​នៅ​ក្នុង​សេចក្តី​ជំនឿ​ឬ​ទេ » ។

នៅ​សព្វ​ថ្ងៃនេះ កាល​នៅក្នុង​ជំនាន់​របស់​ប៉ុល មាន​ពួក​អ្នក​ដែល​ព្យាយាម​ដឹកនាំ​យើង​ឲ្យ « ត្រូវ​បង្ខូច​ចេញ​ពី​សេចក្តី​ទៀង​ត្រង់​ខាង​ឯ​ព្រះគ្រីស្ទ » ( កូរិនថូស ទី២ ១១:៣ ) ។ ដោយ​ហេតុផល​នោះ វា​ចាំបាច់​ណាស់​ដើម្បី​ធ្វើ​អ្វី​ដែល​ប៉ុល​បាន​ផ្ដល់​យោបល់ ៖ « ចូរ​អ្នក​រាល់​គ្នា​ពិចារណា​ខ្លួន​ឯង​មើល តើ​ស្ថិត​នៅ​ក្នុង​សេចក្តី​ជំនឿ​ឬ​ទេ » ( កូរិនថូស ទី២ ១៣:៥ ) ។ បងប្អូន​អាច​ចាប់ផ្ដើម​ដំណើរការ​នេះ​ដោយ​គិត​អំពី​អត្ថន័យ​នៃ « ស្ថិត​នៅក្នុង​សេចក្ដី​ជំនឿ » ។ តើ​បងប្អូន​ដឹង​ថា បងប្អូន​ស្ថិតនៅក្នុង​សេចក្ដី​ជំនឿ​ដោយ​របៀប​ណា ? សូម​រកមើល​ឱកាស​ដែល​បងប្អូន​មាន​ដើម្បី​ពិសោធន៍​ខ្លួនឯង​មើល ។

ដោយសារ​ជា​ផ្នែក​មួយ​នៃ​ការពិសោធន៍​របស់​បងប្អូន នោះ​បងប្អូន​ក៏​អាច​សញ្ជឹងគិត​ផងដែរ​អំពី​ឃ្លា « សេចក្តី​ទៀង​ត្រង់​ខាង​ឯ​ព្រះគ្រីស្ទ » ( កូរិនថូស ទី២ ១១:៣ ) ។ តើ​បងប្អូន​បាន​រកឃើញ​សេចក្តី​ទៀង​ត្រង់​ខាង​ឯ​ព្រះគ្រីស្ទ និង ដំណឹងល្អ​របស់​ទ្រង់​ដោយ​របៀប​ណា ? តើ​គំនិត​របស់​បងប្អូន​អាច​នឹង « ត្រូវ​បង្ខូច​ចេញ​ពី​សេចក្តី​ទៀង​ត្រង់ [ នោះ ] » តាម​របៀប​ណា ? តើ​ដំបូន្មាន​ដ៏​មាន​សារៈប្រយោជន៍​អ្វី​ខ្លះ ដែល​បងប្អូន​រក​ឃើញ​នៅ​ក្នុង កូរិនថូស ទី២ ១១:១–៦, ១៣–១៥ ?

សូម​ពិចារណា​ផងដែរ​អំពី​ដំបូន្មាន​នេះ​មក​ពី ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ថា « បើ​បងប្អូន​គិត​ថា ដំណឹងល្អ​ពុំ​ផ្ដល់​ប្រយោជន៍​អ្វី​ដល់​បងប្អូន​ទេ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ក្រឡេក​មើល​ក្រោយ​វិញ ក្រឡេក​មើល​ជីវិត​បងប្អូន​ពីលើ​ទីខ្ពស់ រួច​ធ្វើ​ឲ្យ​ដំណើរ​ជីវិត​មាន​ភាពសាមញ្ញ​ចំពោះ​ភាពជាសិស្ស ។ សូម​ផ្ដោត​លើ​គោលលទ្ធិ គោលការណ៍​សំខាន់ៗ និង​ការអនុវត្ត​តាម​ដំណឹងល្អ ។ ខ្ញុំ​សូម​សន្យា​ថា ព្រះ​នឹង​ដឹកនាំ ហើយ​ប្រទាន​ពរ​បងប្អូន​នៅ​លើ​មាគ៌ា​ទៅ​កាន់​ជីវិត​ដ៏​ពេញ​លេញ ហើយ​ដំណឹងល្អ​នឹង​ផ្ដល់​ប្រយោជន៍​កាន់​តែ​ច្រើន​ដល់​បងប្អូន​យ៉ាងពិត​ប្រាកដ » ( « It Works Wonderfully! » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ២២ ) ។

កូរិនថូស ទី២ ១២:៥–១០

ព្រះគុណ​របស់​ព្រះអង្គសង្គ្រោះ​មាន​ល្មមគ្រប់គ្រាន់ ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​ទទួលបាន​កម្លាំង​នៅក្នុង​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ ។

យើង​ពុំ​ដឹង​ថា « បន្លា​មួយ​ចាត់​មក​ក្នុង​សាច់​ឈាម » របស់​ប៉ុល​ជា​អ្វី​នោះ​ទេ ប៉ុន្តែ​យើង​ទាំងអស់​គ្នា​មាន​បន្លា​របស់​យើង​ផ្ទាល់ ដែល​យើង​ប្រាថ្នា​ថា​ព្រះ​នឹង​ដក​វា​ចេញ​ពី​ជីវិត​យើង ។ សូម​គិត​អំពី​បន្លា​របស់​បងប្អូន​ផ្ទាល់ កាលដែល​បងប្អូន​អាន កូរិនថូស ទី២ ១២:៥–១០ ហើយ​សញ្ជឹង​គិត​ពី​អ្វី​ដែល​បងប្អូន​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។ តើ​ប៉ុល​បាន​បង្រៀន​អ្វីខ្លះ​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ អំពី​ការសាកល្បង និង​ភាពទន់ខ្សោយ ? តើ​វា​មាន​ន័យ​យ៉ាង​ណា​ចំពោះ​បងប្អូន ដែល​ថា « គុណ​របស់ [ ព្រះ ] ល្មម​ដល់ » បងប្អូន​នោះ ?

សូមមើល​ផងដែរ ម៉ូសាយ ២៣:២១–២៤; ២៤:១០–១៥; អេធើរ ១២:២៧; មរ៉ូណៃ ១០:៣២–៣៣ ។

រូបសញ្ញា​ការសិក្សា​ជា​គ្រួសារ

គំនិត​យោបល់​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ និង​រាត្រី​ជួបជុំ​ក្រុមគ្រួសារ

កូរិនថូស ទី២ ៨–៩ ។តើ​បងប្អូន​រកឃើញ​អ្វីខ្លះ​នៅក្នុង​ជំពូក​ទាំងនេះ ដែល​បំផុសគំនិត​យើង​ឲ្យ​ឈោង​ទៅជួយ​ជនទ័លក្រ និង​ជន​ទុរគត៌​នោះ ? រឿង​នេះ​អាច​នឹង​ជា​ពេល​ល្អ​មួយ​ដើម្បី​ដាក់​ផែនការ​ធ្វើ​ការ​បម្រើ​មួយ​ជា​គ្រួសារ​ដល់​នរណា​ម្នាក់​ដែល​ខ្វះខាត ។

កូរិនថូស ទី២ ៩:៦–៧ ។តើ​គ្រួសារ​របស់​បងប្អូន​មាន​ស្គាល់​នរណា​ម្នាក់​ដែល​អាច​នឹង​ត្រូវ​បាន​ពិពណ៌នា​ថា​ជា « អ្នក​ថ្វាយ​ដោយ​អំណរ » ដែរឬ​ទេ ? តើ​យើង​អាច​បម្រើ​ដល់​មនុស្ស​ដទៃ​ដោយ​កាន់តែ​មានអំណរ​យ៉ាង​ដូចម្ដេច ? សមាជិក​គ្រួសារ​ក្មេងៗ​អាច​ធ្វើ​ស្លាក​ដែល​និយាយ​ថា « អ្នក​ថ្វាយ​ដោយ​អំណរ » ។ បងប្អូន​អាច​ផ្ដល់​ស្លាក​នោះ​ទៅ​សមាជិក​គ្រួសារ នៅពេល​ណា​ដែល​បងប្អូន​ឃើញ​ពួកគេ​កំពុង​បម្រើ​គ្នា​ទៅវិញ​ទៅមក​ដោយ​អំណរ ។

កូរិនថូស ទី២ ១០:៣–៧ ។តើ​បងប្អូន​អាច​បង្រៀន​គ្រួសារ​បងប្អូន​អំពី « ចម្បាំង » របស់​យើង​ទាស់​នឹង​សេចក្ដី​ទុច្ចរិត​យ៉ាង​ដូចម្ដេច ? តើ​គ្រួសារ​របស់​បងប្អូន​រីករាយ​នឹង​សង់​ជញ្ជាំង ឬ​បន្ទាយ​មួយ​ដោយ​ដាក់​កៅអី និង​ភួយ​ឬទេ ? ការណ៍នេះ​អាច​នាំ​ទៅ​រក​ការ​ពិភាក្សា​មួយ​អំពី​របៀប​ដើម្បី​បណ្ដេញ​នូវ​រឿងទាំងឡាយ​ដែល​នាំ​យើង​ឲ្យ​ចេញ​ពី​ព្រះ និង​របៀប « [ នាំ ] អស់​ទាំង​គំនិត​ឲ្យ​ចុះ​ចូល​ស្ដាប់​បង្គាប់​ព្រះគ្រីស្ទ » ។ តើ « គ្រឿង​សឹក​ » ខាង​វិញ្ញាណ​ដែល​យើង​ប្រើ​ដើម្បី​គ្រប់គ្រង​គំនិត​របស់​យើង​មាន​អ្វីខ្លះ ? ( សូមមើល អេភេសូរ ៦:១១–១៨ ) ។

កូរិនថូស ទី​២ ១១:៣ ។តើ​គ្រួសារ​របស់​បងប្អូន​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ផ្ដោត​កាន់តែ​ខ្លាំង​ទៅលើ « សេចក្តី​ទៀងត្រង់​ខាង​ឯ​ព្រះគ្រីស្ទ » ?

សម្រាប់​គំនិត​បន្ថែម​សម្រាប់​ការ​បង្រៀន​ដល់​កុមារ សូមមើល គម្រោង​មេរៀន​សប្ដាហ៍​នេះ នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ—សម្រាប់​អង្គការ​បឋមសិក្សា ។

ចម្រៀង​ដែល​លើក​ទឹកចិត្ត​ឲ្យ​ប្រើ ៖ « អូរ​តូច​និយាយ​ថា ‹ ឲ្យ › » សៀវភៅ​ចម្រៀង​កុមារ ទំព័រ ១១៦ ។

ការ​កែលម្អ​ការ​សិក្សា​ផ្ទាល់​ខ្លួន

កត់ត្រា​ចំណាប់​អារម្មណ៍​នានា ។ អែលឌើរ រីឆាត ជី ស្កត បានមានប្រសាសន៍ ៖ « ចំណេះដឹង​ដែល​បាន​កត់​ត្រា​ទុក​ដោយ​យក​ចិត្ត​ទុក​ដាក់​គឺ​ជា​ចំណេះដឹង​ដែល​អាច​ប្រើប្រាស់​បាន នៅ​ចំ​ពេល​ដែល​ចាំបាច់ ។… [ ការ​កត់ត្រា​ការ​ដឹកនាំ​ខាង​វិញ្ញាណ ] អាច​ពង្រីក​ឱកាស​នៃ​ការ​ទទួល​យក​ពន្លឺ​បន្ថែម​ទៀត​របស់​បងប្អូន » ( « Acquiring Spiritual Knowledge » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ទំព័រ ៨៨; សូមមើល​ផងដែរ ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ទំព័រ ១២, ៣០ ) ។

មនុស្ស​វ័យក្មេង​កំពុង​ជួយ​ក្នុង​គម្រោង​បម្រើ​

« ចូរ​ឲ្យ​គ្រប់គ្នា​ធ្វើតាម​ដែល​សម្រេច​ក្នុង​ចិត្តចុះ មិនមែន​ដោយ​ស្តាយ ឬ​ដោយ​បង្ខំ​ឡើយ ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​ដល់​អ្នកណា​ដែល​ថ្វាយ​ដោយ​អំណរ » ( កូរិនថូស ទី២ ៩:៧ ) ។