ថ្ងៃទី ១០–១៦ ខែ កុម្ភៈ ។ នីហ្វៃទី ២ ៦–១០ ៖ ‹ ឱ ផែនការនៃព្រះរបស់យើងធំណាស់ហ្ន៎ ! › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១០–១៦ ខែ កុម្ភៈ ។ នីហ្វៃទី ២ ៦–១០ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២០
ថ្ងៃទី ១០–១៦ ខែ កុម្ភៈ
នីហ្វៃទី ២ ៦–១០
« ឱ ផែនការនៃព្រះរបស់យើងធំណាស់ហ្ន៎ ! »
វិធីដ៏ល្អមួយដើម្បីរៀបចំខ្លួនរបស់អ្នកបង្រៀនគឺត្រូវអាន នីហ្វៃទី ២ ៦–១០ ដោយខ្លួនឯងជាមុនសិន ។ សូមកត់ត្រាចំណាប់អារម្មណ៍ណាមួយដែលអ្នកទទួលបាន ហើយប្រើគម្រោងមេរៀននេះដើម្បីស្វែងរកការយល់ដឹងបន្ថែមទៀត និងគំនិតសម្រាប់ការបង្រៀន ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
យ៉ាកុបបានបង្រៀនប្រជាជនរបស់លោកថា ការបង្រៀនរបស់អេសាយ « ក៏អាចប្រៀបដូចជាអ្នករាល់គ្នាដែរ » ( នីហ្វៃទី ២ ៦:៥ ) ។ អ្នកអាចចាប់ផ្ដើមដោយសុំឲ្យសិស្សចែកចាយការបង្រៀនណាមួយរបស់យ៉ាកុបនៅក្នុង នីហ្វៃទី ២ ៦–១០ ដែលពួកគេមានអារម្មណ៍ថា ពួកគេអាចប្រៀបប្រដូចទៅនឹងជីវិតរបស់ពួកគេបាន ។ ពួកគេអាចពន្យល់អំពីហេតុផលដែលពួកគេរកឃើញការបង្រៀននោះថាពោរពេញដោយអត្ថន័យ ។
បង្រៀនគោលលទ្ធិ
ព្រះអម្ចាស់មានព្រះទ័យមេត្តាករុណាដល់រាស្ត្រទ្រង់ ហើយទ្រង់នឹងបំពេញការសន្យារបស់ទ្រង់ ។
-
ដើម្បីផ្ដល់បរិបទខ្លះដល់សារលិខិតនៅក្នុង នីហ្វៃទី ២ ៦–៨ វាអាចនឹងមានប្រយោជន៍សម្រាប់សិស្សដើម្បីបង្កើតតារាងពេលដ៏សាមញ្ញមួយអំពីព្រឹត្តិការណ៍ទាំងឡាយដែលបានពិពណ៌នានៅក្នុង នីហ្វៃទី ២ ៦:៨–១៥ ។ តើព្រឹត្តិការណ៍ទាំងនេះណែនាំអ្វីខ្លះអំពីព្រះអម្ចាស់ និងព្រះទ័យរបស់ទ្រង់សម្រាប់រាស្ត្ររបស់ទ្រង់ ? ( សូមមើលផងដែរ នីហ្វៃទី ២ ៧:១–៣; ៨:៣ ) ។ អ្នកគួរពន្យល់ថា ក្នុងនាមជាសមាជិកសាសនាចក្រ យើងគឺជារាស្ត្រនៃសេចក្ដីសញ្ញារបស់ព្រះនៅសព្វថ្ងៃនេះ ហើយយើងកំពុងត្រូវបានប្រមូលផ្ដុំចេញពីពិភពលោកនេះចូលទៅក្នុងទីសុវត្ថិភាពនៃដំណឹងល្អ ។ តើជំពូកទាំងនេះមានសារលិខិតអ្វីខ្លះសម្រាប់យើងនៅសម័យនេះ ?
តាមរយៈដង្វាយធួនរបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទបានរំដោះមនុស្សទាំងអស់ពីការស្លាប់ខាងរូបកាយ និងខាងវិញ្ញាណ ។
-
វិធីមួយដើម្បីធ្វើឲ្យយើងមានអំណរគុណកាន់តែខ្លាំងចំពោះដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ គឺការគិតអំពីអ្វីដែលបានកើតឡើងចំពោះយើង ប្រសិនបើគ្មានដង្វាយធួននោះ ។ សិស្សអាចពិចារណារឿងទាំងនេះ នៅពេលពួកគេសិក្សា នីហ្វៃទី ២ ៩ ។ អ្នកអាចអញ្ជើញសិស្សឲ្យចាប់ផ្ដើម ដោយសិក្សា ខទី ៤–៩ រួចហើយសរសេរនៅលើក្ដារខៀននូវអ្វីដែលនឹងកើតឡើង ប្រសិនបើគ្មានដង្វាយធួនទេនោះ ។ យោងតាម ខទី ១០–១៤ តើព្រះអង្គសង្គ្រោះបានសង្គ្រោះយើងឲ្យរួចផុតពីជោគវាសនានេះតាមរបៀបណា ? សារលិខិតរបស់អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៅក្នុង « ធនធានបន្ថែមទាំងឡាយ » អាចជួយសិស្សរបស់អ្នកឲ្យយល់អំពីសេចក្ដីត្រូវការចំពោះដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ អ្នកក៏អាចបង្ហាញវីដេអូដែលផ្តោតលើសារលិខិតនេះផងដែរ—« Where Justice, Love, and Mercy Meet » ( ChurchofJesusChrist.org ) ។ សិស្សអាចចែកចាយគំនិត ឬអារម្មណ៍នានាដែលសារលិខិតរបស់អែលឌើរ ហូឡិនបំផុសគំនិតអំពីព្រះអង្គសង្គ្រោះ ។
-
សូមឲ្យសិស្សពិចារណាអំពីរបៀបដែលពួកគេនឹងពន្យល់ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទទៅកាន់មនុស្សម្នាក់ដែលពុំយល់ពីវា ឬពុំដឹងពីហេតុផលចាំបាច់របស់វា ។ សេចក្ដីពិតដែលមាននៅក្នុង នីហ្វៃទី ២ ៩ អាចជួយរៀបចំខ្លួនសិស្សសម្រាប់ការសន្ទនាមួយបែបនេះ ។ ប្រហែលជាពួកគេអាចស្រាវជ្រាវ ខទី ៤–១២ ដោយរកមើលរបៀបដែលដង្វាយធួនរបស់ព្រះអង្គសង្គ្រោះយកឈ្នះលើការស្លាប់ខាងសាច់ឈាម និងខាងវិញ្ញាណ ។ ដោយផ្អែកទៅលើអ្វីដែលយើងបានរៀនមកពីបទគម្ពីរទាំងនេះ ហេតុអ្វីពលិកម្មរបស់ព្រះអង្គសង្គ្រោះត្រូវបានហៅថា « ដង្វាយធួនដ៏និរន្តរ » ? ( នីហ្វៃទី ២ ៩:៧ ) ។
-
យ៉ាកុបមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះផែនការនៃសេចក្ដីប្រោសលោះរបស់ព្រះ រហូតដល់លោកត្រូវបានដឹកនាំឲ្យស្រែកឡើងថា « ឱ ធំណាស់ហ្ន៎ » និង « ឱ ភាពអស្ចារ្យ » នៅពេលលោកបានពិពណ៌នាអំពីផែនការនោះ ។ ដើម្បីជួយសិស្សឲ្យយល់កាន់តែប្រសើរអំពីអារម្មណ៍ទាំងនេះចំពោះព្រះអង្គសង្គ្រោះ និងដង្វាយធួនរបស់ទ្រង់ សូមពិចារណាអញ្ជើញពួកគេឲ្យស្រាវជ្រាវ នីហ្វៃទី ២ ៩ សម្រាប់ការប្រកាសរបស់យ៉ាកុប ( វាភាគច្រើនមាននៅក្នុង ខទី ៨–២០ ) ។ តើខគម្ពីរទាំងនេះបង្រៀនអ្វីខ្លះអំពីព្រះ និងផែនការរបស់ទ្រង់ ? តើបទពិសោធន៍អ្វីខ្លះបានជួយយើងឲ្យទទួលអារម្មណ៍នូវអ្វីដែលយ៉ាកុបបានទទួលអារម្មណ៍អំពីផែនការរបស់ព្រះសម្រាប់បុត្រាបុត្រីរបស់ទ្រង់ ? អ្នកក៏អាចច្រៀងចម្រៀងមួយបទអំពីភាពអស្ចារ្យរបស់ព្រះផងដែរ ដូចជា « ទ្រង់ធំណាស់ណ៎ា » ( ទំនុកតម្កើងល.រ. ៣៨ ) ដើម្បីពង្រឹងដល់ការពិភាក្សានេះ ។
យើងអាចមករកព្រះគ្រីស្ទ ហើយទទួលពរជ័យដ៏រុងរឿងនៃដង្វាយធួនរបស់ទ្រង់ ។
-
អ្នកអាចចាប់ផ្ដើមការពិភាក្សាមួយអំពីការបង្រៀនរបស់យ៉ាកុបនៅក្នុងខគម្ពីរទាំងនេះ ដោយសុំឲ្យសិស្សនឹកស្រមៃអំពីរបៀបដែលពួកគេនឹងអញ្ជើញមនុស្សម្នាក់ឲ្យប្រែចិត្ត ហើយមករកព្រះគ្រីស្ទ ។ តើយ៉ាកុបបានធ្វើកិច្ចការនេះដូចមានក្នុង នីហ្វៃទី ២ ៩:៥០–៥៣ តាមរបៀបណា ? តើលោកបានមានប្រសាសន៍ថា ពរជ័យអ្វីខ្លះនឹងកើតមានក្នុងជីវិតរបស់យើង នៅពេលយើងទទួលយកការអញ្ជើញទាំងនេះ ?
-
នៅក្នុង នីហ្វៃទី ២ ៩ យ៉ាកុបបានប្រើពាក្យពីរឃ្លាដ៏មានអនុភាព ហើយមានភាពខុសប្លែកគ្នា ៖ « ផែនការនៃការប្រោសប្រណីរបស់ព្រះបង្កបង្កើតដ៏ធំ » និង « ផែនការដែលប្រកបដោយឧបាយកលរបស់អ្នកអាក្រក់ » ( នីហ្វៃទី ២ ៩:៦, ២៨ ) ។ ដើម្បីជួយសិស្សឲ្យរៀនចេញពីភាពខុសគ្នានេះ អ្នកអាចគូររូបផ្លូវមួយនៅលើក្ដារខៀន ហើយសរសេរពាក្យថា ផែនការរបស់ព្រះវរបិតាសួគ៌ ។ សូមអញ្ជើញសិស្សឲ្យស្រាវជ្រាវ នីហ្វៃទី ២ ៩:២៧–៥២ រកមើលការប្រឹក្សាដែលយ៉ាកុបផ្ដល់ឲ្យ ដើម្បីជួយយើងឲ្យធ្វើតាមផែនការរបស់ព្រះវរបិតាសួគ៌ ។ សូមពួកគេឲ្យសរសេរនូវអ្វីដែលពួកគេរកឃើញនៅក្បែរផ្លូវនោះ ។ តើយ៉ាកុបបានបង្រៀនអ្វីខ្លះ អំពីរបៀបដែលសាតាំងទាក់ទាញយើងឲ្យឃ្លាតចេញពីផែនការរបស់ព្រះវរបិតាសួគ៌នៃយើង ? តើយើងរៀនអ្វីខ្លះមកពីខគម្ពីរទាំងនេះថា ការធ្វើតាមផែនការរបស់ព្រះវរបិតាសួគ៌នឹងដឹកនាំយើងទៅណា ហើយការធ្វើតាមសាតាំងនឹងដឹកនាំយើងទៅណា ? ( សូមមើល នីហ្វៃទី ២ ៩:៩, ១៨ ) ។ ស្របតាមខគម្ពីរទាំងនេះ តើយើងអាចធ្វើអ្វីខ្លះ ដើម្បីធ្វើតាមផែនការរបស់ព្រះវរបិតាសួគ៌នៃយើងឲ្យបានកាន់តែពេញលេញ ?
-
នៅក្នុង នីហ្វៃទី ២ ៩:២៨–៣៨ យ៉ាកុបបានព្រមានទាស់នឹងឥរិយាបថ និងអាកប្បកិរិយាមួយចំនួនដែលរារាំងយើងមិនឲ្យធ្វើតាមផែនការរបស់ព្រះសម្រាប់យើង ។ សូមពិចារណាអញ្ជើញសិស្សឲ្យរកវា ។ តើឥរិយាបថ និងអាកប្បកិរិយាទាំងនេះណាមួយដែលទំនងជារឿងទូទៅនៅសព្វថ្ងៃនេះ ? តើអ្វីទៅដែលធ្វើឲ្យវាមានគ្រោះថ្នាក់បំផុត ? តើយើងរៀនអ្វីខ្លះមកពី នីហ្វៃទី ២ ៩:៥០–៥៣ អំពីរបៀបចៀសវាងពីគ្រោះថ្នាក់ទាំងនេះ ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
ដើម្បីជួយសិស្សឲ្យមានទំនុកចិត្តក្នុងការអានអំពីការសរសេររបស់អេសាយ ដែលបានដកស្រង់ដោយនីហ្វៃនៅក្នុង នីហ្វៃទី ២ ១១–២៤ អ្នកអាចពន្យល់ថា នីហ្វៃបានដាក់បញ្ចូលការសរសេរទាំងនេះដើម្បីពង្រឹងសេចក្ដីជំនឿរបស់ប្រជាជនលោកលើព្រះយេស៊ូវគ្រីស្ទ ។ សូមអញ្ជើញសិស្សឲ្យមើលការអានសម្រាប់សប្ដាហ៍ក្រោយ ទុកជាឱកាសមួយដើម្បីស្ថាបនាសេចក្ដីជំនឿរបស់ពួកគេផ្ទាល់លើទ្រង់ ។
ធនធានបន្ថែមទាំងឡាយ
សេចក្ដីត្រូវការរបស់យើងដើម្បីមានព្រះអង្គសង្គ្រោះមួយអង្គ
អែលឌើរ ជេហ្វ្រី អ័រ ហូឡិន បានប្រាប់ដំណើររឿងមួយស្ដីពីអ្នកឡើងភ្នំម្នាក់ដែលកំពុងតោងគែមជ្រោះជ្រៅដ៏ចោត ហើយប្រកបដោយគ្រោះថ្នាក់ ដោយគ្មានអ្វីការពារគាត់ពីការធ្លាក់ចូលជ្រោះស្លាប់ឡើយ ។ កាលដៃរបស់គាត់រអិលដោយសារតែខ្សាច់លើគែមនោះ គាត់មានអារម្មណ៍ថា ប្អូនប្រុសរបស់គាត់បានលូកដៃមកចាប់កដៃរបស់គាត់ ហើយទាញគាត់មកកាន់ទីសុវត្ថិភាព ។ អែលឌើរ ហូឡិន បានប្រៀបធៀបបទពិសោធន៍របស់អ្នកឡើងភ្នំទៅនឹងស្ថានភាពរបស់យើងនៅក្នុងពិភពលោកដែលធ្លាក់នេះ ៖
« ពិតជាមានអ័ដាម និងអេវ៉ាដែលធ្លាក់ចុះពីសួនច្បារអេដែន ដោយមានទាំងលទ្ធផលមកជាមួយផង ។ … ដោយសារយើងកើតនៅក្នុងពិភពលោកដែលធ្លាក់ចុះ ហើយដោយសារយើងក៏នឹងរំលងក្រឹត្យវិន័យនៃព្រះដែរ យើងក៏មានទោសដូចគ្នានឹងអ័ដាម និងអេវ៉ាបានជួបប្រទះដែរ ។
វាជារឿងជំពាក់ជំពិនណាស់ ! ពូជមនុស្សទាំងអស់ គឺនៅក្នុងការធ្លាក់ចុះ—បុរសស្ត្រី និងកុមារគ្រប់រូបនៅក្នុងរាងកាយដែលធ្លាក់ទៅរកការស្លាប់ជារៀងរហូត ហើយរុញទៅរកការសោកសៅខាងវិញ្ញាណដ៏អស់កល្ប ។ តើនេះជាអ្វីដែលជីវិតត្រូវទទួលឬ ? តើនេះគឺជាលទ្ធផលចុងក្រោយនៃបទពិសោធន៍មនុស្សឬ ? តើយើងនៅជាប់ក្នុងជ្រលងភ្នំដ៏ត្រជាក់ណាមួយក្នុងចក្រវាឡដ៏ព្រងើយកន្តើយឬ យើងម្នាក់ៗកំពុងស្វែងរកកន្លែងជាន់ដ៏តូចនៅជ្រលងភ្នំ យើងម្នាក់ៗកំពុងរកអ្វីតោង—គ្មានអ្វីសោះ លើកលែងតែខ្សាច់ដែលរអិលចុះនៅក្រោមម្រាមដៃយើងប៉ុណ្ណោះ គ្មានអ្វីជួយយើងសោះ គ្មានអ្វីឲ្យចាប់សោះ ហើយលើសពីនេះទៀត គ្មានអ្វីចាប់យើងសោះ ? …
ចម្លើយចំពោះសំណួរទាំងនោះ គឺពុំច្បាស់លាស់ និងស្ថិតសេ្ថរទេ ! … ដង្វាយធួននោះនឹងយកឈ្នះលើសេចក្ដីស្លាប់ខាងរូបកាយ និងប្រទានការរស់ឡើងវិញដល់មនុស្សដែលបានកើត ឬនឹងកើតមកលើផែនដីនេះដោយគ្មានលក្ខខណ្ឌ ។ ដោយសេចក្ដីមេត្តាករុណា ដង្វាយធួនក៏ប្រទាននូវការអភ័យទោសសម្រាប់អំពើបាបផ្ទាល់ខ្លួនរបស់យើងគ្រប់គ្នា តាំងពីការធ្លាក់របស់អ័ដាមដល់ទីបញ្ចប់នៃពិភពលោកផងដែរ ក្រោមលក្ខខណ្ឌនៃការប្រែចិត្ត និងការគោរពតាមបទបញ្ញត្តិទាំងឡាយរបស់ព្រះ » ( Where Justice, Love, and Mercy Meet »Ensignឬ Liahonaខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១០៥–៦ ) ។