« ថ្ងៃទី ២៧ ខែ មករា–ថ្ងៃទី ២ ខែ កុម្ភៈ ។ នីហ្វៃទី ១ ១៦–២២ ៖ ‹ យើងនឹងរៀបចំផ្លូវសម្រាប់អ្នករាល់គ្នា › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ២០២០ )
« ថ្ងៃទី ២៧ ខែ មករា–ថ្ងៃទី ២ ខែ កុម្ភៈ ។ នីហ្វៃទី ១ ១៦–២២ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ឆ្នាំ ២០២០
ថ្ងៃទី ២៧ ខែ មករា–ថ្ងៃទី ២ ខែ កុម្ភៈ
នីហ្វៃទី ១ ១៦–២២
« យើងនឹងរៀបចំផ្លូវសម្រាប់អ្នករាល់គ្នា »
នៅពេលអ្នកអាននីហ្វៃទី ១ ១៦–២២ សូមគិតពីរបៀបដែលគំរូរបស់នីហ្វៃក្នុងការប្រឈមនឹងឧបសគ្គនានាអាចមានប្រយោជន៍ចំពោះសិស្សរបស់អ្នក ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
នីហ្វៃបានឃើញពីតម្លៃនៃការប្រដូចបទគម្ពីរទៅនឹងខ្លួនលោក និងប្រជាជនរបស់លោក ( សូមមើលនីហ្វៃទី ១ ១៩:២៣ ) ។ សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយគោលការណ៍ដែលពួកគេបានរៀនមកពីដំណើររឿងនៃការធ្វើដំណើររបស់នីហ្វៃទៅកាន់ដែនដីសន្យា ដែលទាក់ទងនឹងជីវិតរបស់ពួកគេផ្ទាល់ ។
បង្រៀនគោលលទ្ធិ
នីហ្វៃទី ១ ១៦:១០–១៦, ២៣–៣១ ១៨:១០–១៣, ២០–២២
ព្រះប្រើមធ្យោបាយតូចតាចដើម្បីសម្រេចកិច្ចការដ៏ធំ ។
-
តើអ្នក ឬសិស្សម្នាក់អាចគិតឃើញពីអ្វីមួយតូចដែលអាចយកមកប្រើដើម្បីនាំមកនូវអ្វីមួយដ៏ធំបានដែរឬទេ ? ( សូមមើល នីហ្វៃទី ១ ១៦:២៩ ) ។ អ្នកអាចអញ្ជើញសិស្សឲ្យពិភាក្សាអ្វីដែលពួកគេរៀនអំពីគោលការណ៍នេះបន្ទាប់ពីអានបទគម្ពីរទាំងនេះរៀងៗខ្លួន ឬជាក្រុម ៖ នីហ្វៃទី ១ ១៦:២៥–៣១; អាលម៉ា ៣៧:៣–៨និង គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៣៣; ១២៣:១២–១៧ ។ តើព្រះបានប្រើមធ្យោបាយតូចតាចដើម្បីសម្រេចកិច្ចការដ៏ធំនៅក្នុងជីវិតរបស់យើងដោយរបៀបណា ?
-
សិស្សរបស់អ្នកអាចទទួលបានអត្ថប្រយោជន៍មកពីការពិភាក្សាអំពីរបៀបដែលព្រះវរបិតាសួគ៌ដឹកនាំផ្លូវរបស់យើង ។ ដើម្បីចាប់ផ្ដើម អ្នកអាចសុំឲ្យសិស្សពិភាក្សាពីគោលការណ៍ដែលបានធ្វើឲ្យលីអាហូណាដំណើរការ ( សូមមើល នីហ្វៃទី ១ ១៦:១០–១៦, ២៣–៣១; ១៨:១០–១៣, ២០–២២សូមមើលផងដែរ អាលម៉ា ៣៧:៣៨–៤៧ ) ។ តើគោលការណ៍ទាំងនេះអាចាត់ទុកថាជា « មធ្យោបាយតូចតាច » តាមរបៀបណា ? សិស្សអាចសរសេរនៅលើក្ដារខៀននូវអ្វីៗដែលព្រះបានប្រទានមកដើម្បីដឹកនាំយើង ( សូមមើល « ធនធានបន្ថែមទាំងឡាយ » សម្រាប់គំនិតនានា ) ។ តើយើងអាចធ្វើសកម្មភាពតូចតាចអ្វីខ្លះដើម្បីទទួលបានការដឹកនាំរបស់ព្រះ ?
នីហ្វៃទី ១ ១៦:១៨–៣២, ១៧:៧–១៦, ១៨:១–៤
នៅពេលយើងគោរពតាមបទបញ្ញត្តិ ព្រះនឹងជួយយើងឲ្យប្រឈមនឹងឧបសគ្គទាំងឡាយ ។
-
សិស្សរបស់អ្នកប្រហែលជាកំពុងប្រឈមនឹងកិច្ចការ និងឧបសគ្គដែលទំនងជាពុំអាចធ្វើទៅបាន ។ តើអ្នកអាចប្រើបទពិសោធន៍របស់នីហ្វៃជាមួយនឹងកិច្ចការរបស់លោក ដែលទំនងជាពុំអាចធ្វើទៅបាន—ការរកអាហារផ្គត់ផ្គង់ដល់គ្រួសាររបស់លោកនៅក្នុងទីរហោស្ថាន និងការសង់សំពៅ—ដើម្បីជួយពួកគេតាមរបៀបណា ? ប្រហែលជាសិស្សអាចអាន នីហ្វៃទី ១ ១៦:១៨–៣២, ១៧:៧–១៦និង ១៨:១–៤ ដោយរកមើលគោលការណ៍ដែលអាចជួយពួកគេ នៅពេលពួកគេប្រឈមនឹងការលំបាកដ៏ធំមួយ ( ឧទាហរណ៍ នីហ្វៃទី ១ ១៦:២៤–២៦ បង្រៀនថា ការអធិស្ឋាន និងចិត្តរាបសាអនុញ្ញាតឲ្យយើងទទួលបានការបំផុសគំនិត និងការដឹកនាំមកពីព្រះ ) ។ អ្នកអាចចាប់ផ្ដើមដោយផ្ដល់ឧទាហរណ៍នៃគោលការណ៍មួយដែលអ្នកបានរកឃើញនៅក្នុងខគម្ពីរទាំងនេះដល់ពួកគេ ។ នៅពេលពួកគេចែកចាយអ្វីដែលពួកគេបានរកឃើញ ពួកគេក៏អាចចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនដែលទាក់ទងផងដែរ ។
សេចក្ដីជំនឿដឹកនាំទៅរកសកម្មភាព ។
-
បទពិសោធន៍របស់លីហៃ និងគ្រួសាររបស់លោកនៅក្នុងទីរហោស្ថានបង្ហាញពីអនុភាពនៃសេចក្ដីជំនឿ និងផលនៃការឥតជំនឿ ។ ដើម្បីជួយសិស្សឲ្យរកឃើញសេចក្ដីពិតទាំងនេះ អ្នកអាចសរសេរសំណួរទាំងនេះនៅលើក្ដារខៀន ៖តើនីហ្វៃធ្វើតាមសេចក្ដីជំនឿរបស់លោកតាមរបៀបណា ? តើជាលទ្ធផលលោកត្រូវបានប្រទានពរឲ្យតាមរបៀបណា ? តើអ្វីទៅជាផលនៃការឥតជំនឿរបស់ លេមិន និង លេមយួល ? សូមអញ្ជើញសិស្សឲ្យស្រាវជ្រាវជាក្រុមរកចម្លើយចំពោះសំណួរទាំងនេះនៅក្នុង នីហ្វៃទី ១ ១៦:១៨–៣២ ឬ ១៧:៧–២២ ហើយចែកចាយអ្វីដែលពួកគេរកឃើញ ។
យើងអាចប្រដូចបទគម្ពីរទៅនឹងខ្លួនយើង ។
-
ដើម្បីជួយសិស្សឲ្យរៀនរបៀបប្រដូចបទគម្ពីរទៅនឹងខ្លួនឯង ពួកគេអាចអានគំរូនៃរបៀបដែលនីហ្វៃបានធ្វើ ។ ឧទាហរណ៍ នៅក្នុង នីហ្វៃទី ១ ៤:១–៣ និង ១៧:២៣–៣២, ៤១–៤៥ តើនីហ្វៃបានបង្រៀនគោលការណ៍អ្វីខ្លះ ដោយការប្រដូចបទគម្ពីរទៅនឹងស្ថានភាពគ្រួសាររបស់លោក ? ដំណើររឿងមកពីអែលឌើរ រ៉ូបឺត ឌី ហែល នៅក្នុង « ធនធានបន្ថែមទាំងឡាយ » បង្ហាញរបៀបដែលការប្រដូចបទគម្ពីរទៅនឹងខ្លួនយើងអាចប្រទានពរដល់យើង ។ សូមពិចារណាអញ្ជើញសិស្សឲ្យកំណត់ឧបសគ្គដែលពួកគេ និងគ្រួសារពួកគេជួបប្រទះ រួចហើយស្វែងរកដំណើររឿងបទគម្ពីរដែលអាចផ្ដល់ការយល់ដឹងដល់ពួកគេ ហើយជួយដល់ស្ថានភាពទាំងនោះ ។ យោងតាម នីហ្វៃទី ១ ១៩:២២–២៤ តើការប្រដូចបទគម្ពីរទៅនឹងខ្លួនយើងអាចប្រទានពរដល់យើងតាមរបៀបណា ?
-
ការពិភាក្សា នីហ្វៃទី ១ ១៩:២២–២៤ អាចជាឱកាសដ៏ធំមួយសម្រាប់សិស្សដើម្បីចែកចាយរបៀបដែលពួកគេ « ប្រដូចបទគម្ពីរ » ទៅនឹងខ្លួនឯង និងក្រុមគ្រួសាររបស់ពួកគេ ក៏ដូចជាពរជ័យដែលពួកគេបានទទួលមកពីការធ្វើដូច្នោះផងដែរ ។ សូមពិចារណាសរសេរគំនិតរបស់សិស្សនៅលើក្ដារខៀនអំពីរបៀបប្រដូចបទគម្ពីរទៅនឹងខ្លួនឯង ( សម្រាប់យោបល់មួយចំនួន សូមមើលបញ្ជីនៅក្នុង « ធនធានបន្ថែមទាំងឡាយ » ) ។ នៅម៉ោងបង្រៀនលើកក្រោយ អ្នកអាចអញ្ជើញសិស្សឲ្យចែកចាយបទពិសោធន៍នានា នៅពេលពួកគេប្រើគំនិតនៅលើបញ្ជីនោះ ។
ព្រះអម្ចាស់នឹងប្រមូលផ្ដុំវង្សអ៊ីស្រាអែលនៅថ្ងៃចុងក្រោយ ។
-
ដើម្បីលើកទឹកចិត្តសិស្សឲ្យចែកចាយការបង្រៀនដ៏មានន័យដែលពួកគេបានរកឃើញនៅក្នុង នីហ្វៃទី ១ ២០–២១ សូមពិចារណាសរសេរក្បាលរឿងដូចនេះនៅលើក្ដារខៀន ៖ កូនចៅអ៊ីស្រាអែល គ្រួសាររបស់លីហៃ និង ប្រជាជននៅជំនាន់របស់យើង ។ សូមទុកពេលឲ្យពួកគេរំឭក នីហ្វៃទី ១ ២០–២១ឡើងវិញ ហើយសរសេរនៅក្រោមក្បាលរឿងនីមួយៗអំពីរបៀបដែលការព្យាកររបស់អេសាយអនុវត្តចំពោះក្រុមទាំងនេះ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
ដើម្បីបំផុសគំនិតសិស្សឲ្យអាន នីហ្វៃទី ២ ១–៥ សូមអញ្ជើញពួកគេឲ្យគិតពីអ្វីដែលពួកគេនឹងនិយាយទៅកាន់ក្រុមគ្រួសាររបស់ខ្លួន ប្រសិនបើពេលវេលារបស់ពួកគេនៅលើផែនដីនេះមានរយៈពេលខ្លី ។ សូមចង្អុលបង្ហាញថា ពីរបីជំពូកដំបូងក្នុងនីហ្វៃទី ២ មាននូវសារលិខិតចុងក្រោយដែលលីហៃបានផ្ដល់ឲ្យគ្រួសាររបស់លោក ។
ធនធានបន្ថែមទាំងឡាយ
វីដេអូព្រះគម្ពីរមរមន ។
សូមស្វែងរកវីដេអូបង្ហាញព្រឹត្តិការណ៍មកពី នីហ្វៃទី ១ ១៦–២២ នៅក្នុងបណ្តុំវីដេអូព្រះគម្ពីរមរមនលើគេហទំព័រ ChurchofJesusChrist.org ឬកម្មវិធី Gospel Library ។
« លីអាហូណា » របស់យើង ។
អែលឌើរ ដេវីឌ អេ បែដណា បានបង្រៀនថា « ព្រះវិញ្ញាណបរិសុទ្ធដំណើរការនៅក្នុងជីវិតរបស់យើងដូចគ្នានឹងរបៀបដែលលីអាហូណាបានធ្វើចំពោះលីហៃ និងគ្រួសាររបស់លោកដែរ ស្របតាមសេចក្ដីជំនឿ ព្រមទាំងភាពឧស្សាហ៍ និងការស្ដាប់របស់យើង » ( « That We May Always Have His Spirit to Be with Us » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៦ ទំព័រ ៣១ ) ។
នៅក្នុងសន្និសីទទូទៅខែ តុលា ឆ្នាំ ២០០៥ អែលឌើរ ឡូវែល អិម ស្នូ នៃពួកចិតសិបនាក់បានមានប្រសាសន៍ថា « សន្និសីទទូទៅនេះគឺជាលីអាហូណាសម័យទំនើបមួយ ជាពេលវេលា និងទីកន្លែងមួយដើម្បីទទួលការដឹកនាំ និងការណែនាំដ៏បំផុសគំនិតដែលធ្វើឲ្យយើងរីកចម្រើន » ( « Compass of the Lord » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៩៧ ) ។
ប្រធាន ថូម៉ាស អេស ម៉នសុន បានបង្រៀន ៖ « ព្រះអម្ចាស់តែមួយដែលបានប្រទានលីអាហូណាឲ្យលីហៃ ក៏ប្រទានឲ្យបងប្អូន និងខ្ញុំនៅសព្វថ្ងៃនេះនូវអំណោយទានដ៏កម្រ ហើយមានតម្លៃមួយដែរ គឺដើម្បីផ្ដល់ការដឹកនាំដល់ជីវិតរបស់យើង ។… អំណោយទានដែលខ្ញុំសំដៅទៅលើគឺត្រូវបានគេស្គាល់ថាជា ពរលោកអយ្យកោ » ( ថូម៉ាស អេស ម៉នសុន « Your Patriarchal Blessing: A Liahona of Light » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៦ ទំព័រ ៦៥ ) ។
ការប្រៀបប្រដូចបទគម្ពីរទៅនឹងខ្លួនយើង ។
អែលឌើរ រ៉ូបឺត ឌី ហែល បានបង្រៀន ៖
« បីបួនឆ្នាំមុន ខ្ញុំបានបង្រៀនកូនប្រុសពៅរបស់យើងអំពីជីវិត និងបទពិសោធន៍នៃបងប្រុសរបស់យ៉ារេឌ ។ ទោះបីជាដំណើររឿងនោះគួរឲ្យចាប់អារម្មណ៍ក្ដី ក៏គាត់ពុំចាប់អារម្មណ៍ដែរ ។ បន្ទាប់មក ខ្ញុំបានសួរថា តើដំណើររឿងនោះមានន័យចំពោះគាត់យ៉ាងណាដែរ ។ វាមានន័យខ្លាំងណាស់ នៅពេលយើងសួរកូនចៅរបស់យើងថា ‹ តើវាមានន័យយ៉ាងណាចំពោះកូន ? › គាត់បានពោលថា ‹ ប៉ាដឹងទេ វាពុំមានអ្វីខុសប្លែកពីអ្វីដែលយ៉ូសែប ស្ម៊ីធបានធ្វើនៅក្នុងព្រៃ កាលលោកបានអធិស្ឋាន ហើយទទួលបានចម្លើយនោះទេ › ។
« ខ្ញុំបានពោលថា ‹ កូនមានអាយុប្រហែលនឹងយ៉ូសែបដែរ ។ តើកូនគិតថា ការអធិស្ឋានមួយដូចជាការអធិស្ឋានរបស់លោកនឹងជួយដល់កូនដែរឬទេ ? › រំពេចនោះ យើងពុំបាននិយាយអំពីដំណើររឿងដ៏យូរអង្វែងមួយដែលកើតឡើងនៅដែនដីដ៏សែនឆ្ងាយមួយនោះទេ ។ យើងបាននិយាយអំពីកូនប្រុសរបស់យើង—អំពីជីវិតរបស់គាត់ សេចក្ដីត្រូវការរបស់គាត់ និងវិធីដែលការអធិស្ឋានអាចជួយគាត់ ។
« ក្នុងនាមជាឪពុកម្ដាយ យើងមានការទទួលខុសត្រូវដើម្បីជួយកូនចៅរបស់យើងដើម្បី ‹ ប្រៀបប្រដូចរាល់បទគម្ពីរ [ ពិតណាស់ គ្រប់ផ្នែកនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ] ទៅនឹងខ្លួនយើង [ និងទៅនឹងកូនចៅរបស់យើង ] … សម្រាប់ជាប្រយោជន៍ និងការរៀនសូត្រ [ នៃក្រុមគ្រួសាររបស់យើង ] › » ( «With All the Feeling of a Tender Parent: A Message of Hope to Families » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៩០ ) ។
យោបល់សម្រាប់ការប្រៀបប្រដូចបទគម្ពីរ ។
-
សូមគិតពីព្រឹត្តិការណ៍ ឬស្ថានភាពនានានៅក្នុងជំនាន់របស់យើងដែលស្រដៀងគ្នាទៅនឹងស្ថានភាពនៃបុគ្គលនៅក្នុងបទគម្ពីរដែលអ្នកកំពុងអាន ។
-
សូមរកមើលអ្វីដែលមនុស្សដឹង រៀន ឬធ្វើនៅក្នុងបទគម្ពីរដែលអាចជួយអ្នកជាមួយបញ្ហា ឬសំណួរបច្ចុប្បន្នផ្ទាល់ខ្លួន ។
-
សូមស្វែងរកគោលការណ៍ចេញពីដំណើររឿងនោះ ដែលអាចជួយអ្នកនៅក្នុងស្ថានភាពរបស់អ្នកផ្ទាល់ ។