« ថ្ងៃទី ២០–២៦ ខែ មករា ។ នីហ្វៃទី ១ ១១–១៥ ៖ ‹ ប្រដាប់អាវុធដោយសេចក្ដីសុចរិត និងដោយព្រះចេស្ដានៃព្រះ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ២០–២៦ ខែ មករា ។ នីហ្វៃទី ១ ១១–១៥ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២០
ថ្ងៃទី ២០–២៦ ខែ មករា
នីហ្វៃទី ១ ១១–១៥
« ប្រដាប់អាវុធដោយសេចក្ដីសុចរិត និង ដោយព្រះចេស្ដានៃព្រះ »
សូមចាប់ផ្ដើមការរៀបចំរបស់អ្នកដោយអាន នីហ្វៃទី ១ ១១–១៥ ។ សូមកត់ត្រាគំនិត និងចំណាប់អារម្មណ៍របស់អ្នកអំពីវគ្គបទគម្ពីរ និងគោលការណ៍ទាំងឡាយដែលអ្នកនឹងលើកទឹកចិត្តសិស្សឲ្យពិភាក្សា ។ គំនិតខាងក្រោមនេះអាចនឹងជួយបាន ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
ជំពូកទាំងនេះមាននូវគោលការណ៍ដែលសិស្សគួរពិចារណា នៅពេលពួកគេចែកចាយដំណឹងល្អជាមួយនឹងមនុស្សដទៃ ។ សូមពិចារណាសរសេរសំណួរខាងក្រោមនេះនៅលើក្ដារខៀន ហើយអញ្ជើញសិស្សឲ្យចែកចាយរឿងដែលពួកគេបានរកឃើញនៅក្នុងការអានរបស់ពួកគេនៅសប្ដាហ៍នេះ ដែលអាចជួយឆ្លើយសំណួរទាំងនេះ ៖
-
តើការក្បត់សាសនា និង ការស្ដារឡើងវិញគឺជាអ្វី ?
-
ហេតុអ្វីព្រះគម្ពីរមរមនចាំបាច់ ?
-
តើខ្ញុំអាចស្គាល់សេចក្ដីពិតរបស់ព្រះដោយខ្លួនឯងតាមរបៀបណា ?
បង្រៀនគោលលទ្ធិ
ព្រះបានចាត់ព្រះយេស៊ូវគ្រីស្ទឲ្យយាងមក ទុកជាការបង្ហាញមួយពីសេចក្ដីស្រឡាញ់របស់ទ្រង់ ។
-
មានទេវតាមួយអង្គបានបង្ហាញនីហ្វៃពីនិមិត្តសញ្ញា និងព្រឹត្តិការណ៍នានាមកពីព្រះជន្មរបស់ព្រះអង្គសង្គ្រោះដែលបង្ហាញពីសេចក្ដីស្រឡាញ់របស់ព្រះ ។ អ្នកអាចនឹងរកឃើញថា វាមានប្រយោជន៍ដើម្បីពិនិត្យនិមិត្តសញ្ញា និងព្រឹត្តិការណ៍ទាំងនេះរួមគ្នា ហើយពិភាក្សាអំពីរបៀបដែលវាបង្ហាញពីសេចក្ដីស្រឡាញ់របស់ព្រះចំពោះយើង ។ តើមានរូបភាព វីដេអូ ឬជំនួយចក្ខុផ្សេងទៀតណាមួយដែលអ្នកអាចបង្ហាញ ដែលវាពិពណ៌នាអំពីព្រឹត្តិការណ៍មួយចំនួននៅក្នុងខគម្ពីរទាំងនេះដែរឬទេ ? ( ឧទាហរណ៍ សូមមើល biblevideos.ChurchofJesusChrist.org ) ។ តើព្រះជន្ម និងដង្វាយធួនរបស់ព្រះអង្គសង្គ្រោះជួយអ្នកឲ្យយល់ពីសេចក្ដីស្រឡាញ់របស់ព្រះចំពោះអ្នកតាមរបៀបណា ?
ព្រះនឹងជួយយើងឲ្យតតាំងនឹងឥទ្ធិពលរបស់សាតាំង ។
-
ពេលខ្លះសិស្សរបស់អ្នកទទួលអារម្មណ៍ដូចជាប្រជាជននៅក្នុងការនិមិត្តរបស់នីហ្វៃដែរ ដែលកំពុងវង្វេងនៅក្នុងអ័ព្ទនៃសេចក្ដីងងឹត ឬកំពុងប្រឈមនឹងការប្រមាថពីសំណាក់ជនដែលនៅក្នុងអគារដ៏ធំ ហើយទូលាយ ។ អ្នកអាចសួរសិស្សថា ហេតុអ្វីអ័ព្ទនៃសេចក្ដីងងឹតគឺជានិមិត្តសញ្ញាដ៏ល្អមួយសម្រាប់ការល្បួង ( សូមមើល នីហ្វៃទី ១ ១២:១៧ ) ហើយហេតុអ្វីអគារដ៏ធំ ហើយទូលាយគឺជានិមិត្តសញ្ញាល្អមួយសម្រាប់ការស្រមើស្រមៃ និងអំនួតឥតប្រយោជន៍របស់លោកិយ ( សូមមើល នីហ្វៃទី ១ ១២:១៨ ) ។ បន្ទាប់មក អ្នកអាចបំបែក ជំពូក ១២–១៥ ឲ្យទៅសិស្ស ហើយអញ្ជើញពួកគេឲ្យស្រាវជ្រាវរកខគម្ពីរដែលបង្រៀនអំពីរបៀបដែលព្រះនឹងជួយយើងឲ្យយកឈ្នះការល្បួង ភាពឥតប្រយោជន៍ និងអំនួត ( ឧទាហរណ៍ សូមមើល នីហ្វៃទី ១ ១៣:៣៤–៤០, ១៤:១៤ ) ។
-
តើអ្នកអាចជួយសិស្សរបស់អ្នកឲ្យយល់កាន់តែប្រសើរអំពីអនុភាពដែលកើតចេញពីព្រះបន្ទូលរបស់ព្រះតាមរបៀបណា ? ( សូមមើល នីហ្វៃទី ១ ១៥:២៤ ) ។ អ្នកអាចអញ្ជើញពួកគេឲ្យពិភាក្សាសំណួរដូចតទៅនេះ ៖ តើនីហ្វៃបានរៀនអ្វីខ្លះអំពីអនុភាពនៃបន្ទូលរបស់ព្រះ ? តើសាតាំងព្យាយាមបំផ្លាញបន្ទូលរបស់ព្រះតាមរបៀបណា ? ( សូមមើល នីហ្វៃទី ១ ១៣:២៦–២៩ ) ។ តើព្រះអម្ចាស់ និងពួកព្យាការីរបស់ទ្រង់បានធ្វើអ្វីខ្លះដើម្បីរក្សាបន្ទូលរបស់ទ្រង់ ? ជាផ្នែកមួយនៃការពិភាក្សារបស់អ្នក អ្នកអាចសុំឲ្យសិស្សពីរបីនាក់ចែកចាយពីរបៀបដែលពួកគេសិក្សាព្រះគម្ពីរ និងអ្វីដែលពួកគេធ្វើដើម្បីឲ្យបន្ទូលរបស់ព្រះក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ពួកគេ ។
ព្រះអម្ចាស់បានរៀបចំផ្លូវសម្រាប់ការស្ដារឡើងវិញនៃសាសនាចក្ររបស់ទ្រង់ ។
-
ប្រហែលជាកាលប្រវត្តិមួយនឹងជួយសិស្សឲ្យយល់អំពីការនិមិត្តរបស់នីហ្វៃអំពីព្រឹត្តិការណ៍នានានៃការស្ដារឡើងវិញ ។ អ្នកអាចអញ្ជើញសិស្សឲ្យបង្កើតកាលប្រវត្តិមួយនៅលើក្ដារខៀន ដោយបញ្ចូលនូវព្រឹត្តិការណ៍ទាំងឡាយដែលពួកគេរកឃើញ ដែលមានពិពណ៌នានៅក្នុង នីហ្វៃទី ១ ១៣ ។ ក្នុងចំណោមព្រឹត្តិការណ៍ទាំងនេះ តើព្រឹត្តិការណ៍ណាមួយដែលកើតឡើងរួចហើយ ? តើព្រឹត្តិការណ៍ណាមួយដែលកំពុងកើតឡើងនៅពេលនេះ ? សូមពិចារណាចែកចាយពាក្យដកស្រង់នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ដោយ ចច វ៉ាស៊ីងតោន ប្រធានាធិបតីទីមួយរបស់សហរដ្ឋអាមេរិក ដែលបង្ហាញថា លោកបានទទួលស្គាល់ព្រះចេស្ដារបស់ព្រះនៅក្នុងបដិវត្តន៍អាមេរិក ជាព្រឹត្តិកាណ៍មួយដែលបានរៀបចំផ្លូវសម្រាប់ការស្ដារឡើងវិញ ។
-
តើសិស្សនឹងប្រើ នីហ្វៃទី ១ ១៣ ដើម្បីពន្យល់ទៅកាន់មនុស្សម្នាក់ដែលមានជំនឿផ្សេងអំពីហេតុផលដែលការស្ដារឡើងវិញចាំបាច់ដោយរបៀបណា ? ( ឧទាហរណ៍ សូមមើល នីហ្វៃទី ១ ១៣:២៦–២៩, ៣៥–៤២ ) ។ តើបទគម្ពីរផ្សេងទៀតអ្វីទៅដែលសិស្សអាចប្រើដើម្បីជួយមនុស្សដទៃទៀតឲ្យយល់ពីហេតុផលដែលការស្ដារឡើងវិញជារឿងដ៏ចាំបាច់ ? ( ឧទាហរណ៍ សូមមើល សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « Restoration of the Gospel » ) ។ សិស្សអាចទទួលបានអត្ថប្រយោជន៍មកពីការសម្ដែងតួស្ដីពីរបៀបដែលពួកគេនឹងពន្យល់ដល់មនុស្សម្នាក់ពីតម្រូវការដើម្បីមានការស្ដារឡើងវិញ និងរបៀបដែលវាបានប្រទានពរដល់ពួកគេ ។
ព្រះគម្ពីរមរមនបង្រៀនសេចក្ដីពិតដ៏ច្បាស់លាស់ និង មានតម្លៃ ។
-
វាប្រហែលជាមានប្រយោជន៍ដើម្បីប្រើ នីហ្វៃទី ១ ១៣:២០–៤១ ដើម្បីចាប់ផ្ដើមការពិភាក្សាមួយអំពីហេតុផលដែលយើងត្រូវការព្រះគម្ពីរមរមន ។ សិស្សអាចសរសេរ « រឿងច្បាស់លាស់ និងមានតម្លៃ » មួយចំនួនដែលបាត់បង់ពីព្រះគម្ពីរប៊ីប ហើយបានស្ដារឡើងវិញតាមរយៈព្រះគម្ពីរមរមន ( សម្រាប់ឧទាហរណ៍មួយចំនួន សូមមើល ខទី ២៦ និង ៣៩ ឬបញ្ជីនៅក្នុង « ធនធានបន្ថែមទាំងឡាយ » ) ។ អ្នកក៏គួរអញ្ជើញសិស្សឲ្យចែកចាយរបៀបដែល « រឿងច្បាស់លាស់ និងមានតម្លៃ » ដែលបានស្ដារឡើងវិញទាំងនេះបានជួយពួកគេឲ្យខិតទៅជិតព្រះផងដែរ ។
-
សូមគិតពីការបង្ហាញវីដេអូ « The Book of Mormon—a Book from God » ( ChurchofJesusChrist.org )ហើយអញ្ជើញសមាជិកថ្នាក់ឲ្យចែកចាយអ្វីដែលវីដេអូនេះបង្រៀនអំពីមូលហេតុដែលយើងត្រូវការព្រះគម្ពីរមរមន ។ អ្នកអាចអញ្ជើញសិស្សឲ្យគូររូបភាពនៅលើក្ដារខៀនដែលពិពណ៌នានៅក្នុងពាក្យដកស្រង់របស់អែលឌើរ ថាត អរ ខាលីស្ទើរ ក្នុង « ធនធានបន្ថែមទាំងឡាយ » ។ បន្ទាប់មក សិស្សអាចចែកចាយរបៀបដែលព្រះគម្ពីរមរមនបានជួយពួកគេឲ្យយល់កាន់តែប្រសើរឡើងអំពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។
2:3
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
ដើម្បីលើកទឹកចិត្តសិស្សឲ្យអាន នីហ្វៃទី ១ ១៦–២២ អំឡុងសប្ដាហ៍ក្រោយ អ្នកអាចលើកឡើងថា វាមាននូវដំណើររឿងមួយដែលអាចបំផុសគំនិត ហើយជួយពួកគេ នៅពេលពួកគេតម្រូវឲ្យធ្វើអ្វីមួយដែលទំនងជាពុំអាចធ្វើបាន ។
ធនធានបន្ថែមទាំងឡាយ
វីដេអូព្រះគម្ពីរមរមន ។
សូមស្វែងរកវីដេអូដែលបង្ហាញពីព្រឹត្តិការណ៍មកពី នីហ្វៃទី ១ ១១–១៥ នៅក្នុងបណ្តុំវីដេអូព្រះគម្ពីរមរមននៅលើគេហទំព័រ ChurchofJesusChrist.org ឬនៅក្នុងកម្មវិធី Gospel Library ។
ព្រះហស្ដរបស់ព្រះនៅក្នុងបដិវត្តន៍អាមេរិក ។
លោក ចច វ៉ាស៊ីងតោន បានមានប្រសាសន៍ថា « មានតែមនុស្សអាក្រក់ប៉ុណ្ណោះដែលអាចមើលឃើញពីព្រឹត្តិការណ៍នៃបដិវត្តន៍អាមេរិកដោយគ្មានអារម្មណ៍នៃការដឹងគុណដ៏កក់ក្ដៅចំពោះអ្នកនិពន្ធដ៏អស្ចារ្យនៃសកលលោកនេះ ដែលការផ្លាស់ប្ដូរដ៏ទេវភាពរបស់ទ្រង់បានបង្ហាញជាញឹកញាប់ដើម្បីជាប្រយោជន៍ដល់យើងនោះ » ( Letter to Samuel Langdon ថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ ១៧៨៩ នៅលើគេហទំព័រ founders.archives.gov/documents/Washington/05-04-02-0070 ) ។
បញ្ជីនៃព្រះគម្ពីរមរមនរបស់ប្រធាន រ័សុល អិម ណិលសុន ។
មកពី « The Book of Mormon: What Would Your Life Be Like without It? » ( Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦០–៦៣ ) ។
ព្រះគម្ពីរមរមនបដិសេធគំនិតដែលថា ៖
-
វិវរណៈបានបញ្ចប់ជាមួយនឹងព្រះគម្ពីរប៊ីប ។
-
ទារកចាំបាច់ត្រូវទទួលបុណ្យជ្រមុជទឹក ។
-
សុភមង្គលអាចរកបាននៅក្នុងសេចក្ដីទុច្ចរិត ។
-
សេចក្ដីល្អផ្ទាល់ខ្លួនគឺគ្រប់គ្រាន់សម្រាប់ភាពតម្កើងឡើង ( ពិធីបរិសុទ្ធ និងសេចក្តីសញ្ញាគឺមានភាពចាំបាច់ ) ។
-
ការធ្លាក់របស់អ័ដាមបានផ្ដល់ស្លាកស្នាមជាមួយនឹង « អំពើបាបដើម » ។
ព្រះគម្ពីរមរមនបញ្ជាក់ការយល់ដឹងអំពី ៖
-
ជីវិតរបស់យើងមុនផែនដីនេះ ។
-
សេចក្ដីស្លាប់ ។ វាគឺជាធាតុដ៏សំខាន់មួយក្នុងផែនការសុភមង្គលដ៏អស្ចារ្យរបស់ព្រះ ។
-
ជីវិតក្រោយជីវិតរមែងស្លាប់ដែលចាប់ផ្ដើមនៅក្នុងឋានបរមសុខ ។
-
របៀបដែលការរស់ឡើងវិញនៃរូបកាយ ដោយបានផ្គុំជាមួយនឹងវិញ្ញាណវាវិញ បានក្លាយជាមនុស្សអតមៈម្នាក់ ។
-
របៀបដែលព្រះអម្ចាស់កាត់សេចក្ដីយើងស្របតាមទង្វើ និងក្ដីប្រាថ្នាក្នុងចិត្តរបស់យើង ។
-
របៀបដែលពិធីបរិសុទ្ធទាំងឡាយត្រូវបានធ្វើឡើងយ៉ាងត្រឹមត្រូវ ៖ ឧទាហរណ៍ ពិធីបុណ្យជ្រមុជទឹក ពិធីសាក្រាម៉ង់ ការប្រគល់ព្រះវិញ្ញាណបរិសុទ្ធ ។
-
ដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
ការរស់ឡើងវិញ ។
-
តួនាទីដ៏សំខាន់របស់ពួកទេវតា ។
-
លក្ខណៈដ៏នៅអស់កល្បជានិច្ចនៃបព្វជិតភាព ។
-
របៀបដែលឥរិយាបថរបស់មនុស្សបានរងឥទ្ធិពលដោយអំណាចនៃបន្ទូល ច្រើនជាងដោយអំណាចនៃផ្លែដាវ ។
យើងត្រូវការព្រះគម្ពីរមរមន ។
អែលឌើរ ថាត អរ ខាលីស្ទើរ បានបង្រៀនថា
ព្រះគម្ពីរប៊ីបគឺជាសាក្សីមួយអំពីព្រះយេស៊ូវគ្រីស្ទ ហើយព្រះគម្ពីរមរមនគឺជាសាក្សីមួយទៀត ។ តើហេតុអ្វីសាក្សីទីពីរនេះវាមានសារៈសំខាន់ខ្លាំងម្ល៉េះ ? គំនូសរចនាខាងក្រោមនេះអាចជួយបាន ៖ តើអ្នកអាចគូរបន្ទាត់ត្រង់បានប៉ុន្មាននៅតាមចំណុចតែមួយនៅលើក្រដាសមួយសន្លឹក ? ចម្លើយគឺមិនចេះចប់មិនចេះហើយ ។ សូមគិតមួយភ្លែតថា ចំណុចតែមួយនេះគឺតំណាងឲ្យព្រះគម្ពីរប៊ីប ហើយថា បន្ទាត់ត្រង់ដែលមានចំនួនរាប់រយទាំងនោះដែលត្រូវបានគូសតាមចំណុចនេះ តំណាងឲ្យការបកស្រាយខុសៗគ្នាអំពីព្រះគម្ពីរប៊ីប ហើយថា ការបកស្រាយនីមួយៗតំណាងឲ្យនិកាយខុសៗគ្នា ។
ប៉ុន្តែ តើមានអ្វីកើតឡើង ប្រសិនបើនៅលើក្រដាសមួយសន្លឹកនេះមាននូវចំណុចទីពីរទៀត ដែលតំណាងឲ្យព្រះគម្ពីរមរមននោះ ? តើអ្នកអាចគូសបន្ទាត់ត្រង់បានប៉ុន្មាននៅចន្លោះចំណុចយោងទាំងពីរនេះ ៖ ដែលជាព្រះគម្ពីរប៊ីប និង ព្រះគម្ពីរមរមន ? គូរបានតែមួយប៉ុណ្ណោះ ។ មានតែការបកស្រាយនៃគោលលទ្ធិរបស់ព្រះគ្រីស្ទតែមួយប៉ុណ្ណោះ ដែលធ្វើឲ្យទីបន្ទាល់នៃសាក្សីទាំងពីរនេះនៅតែបន្តមាន » ( « The Book of Mormon—a Book from God » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៧៥ ) ។