« ថ្ងៃទី ៣០ ខែ ធ្នូ–ថ្ងៃទី ៥ ខែ មករា ។ ទំព័របុព្វកថានៃព្រះគម្ពីរមរមន ៖ ‹ សក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ២០២០ )
« ថ្ងៃទី ៣០ ខែ ធ្នូ–ថ្ងៃទី ៥ ខែ មករា ។ ទំព័របុព្វកថានៃព្រះគម្ពីរមរមន » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០
ថ្ងៃទី ៣០ ខែ ធ្នូ–ថ្ងៃទី ៥ ខែ មករា
ទំព័របុព្វកថានៃព្រះគម្ពីរមរមន
« សក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ »
សូមសិក្សា ទំព័រចំណងជើង និង បុព្វកថាទីបន្ទាល់នៃពួកសាក្សីបីនាក់, ពួកសាក្សីប្រាំបីនាក់ និង ព្យាការីយ៉ូសែបស៊្មីធ និង « ការអធិប្បាយដ៏ខ្លីអំពីព្រះគម្ពីរមរមន » នៅក្នុងព្រះគម្ពីរមរមន ។ នៅពេលអ្នកធ្វើកិច្ចការនេះ សូមស្វែងរកការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធអំពីរបៀបដែលអ្នកបំផុសគំនិតសិស្សរបស់អ្នកឲ្យចាប់ផ្ដើមការសិក្សាដ៏មានន័យមួយអំពីព្រះគម្ពីរមរមន ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
ដើម្បីចាប់ផ្ដើម អ្នកអាចអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយអ្វីមួយដែលពួកគេបានរៀនមកពីទំព័របុព្វកថានៃព្រះគម្ពីរមរមនដែលបានបង្កើនទីបន្ទាល់របស់ពួកគេអំពីព្រះគម្ពីរដ៏ពិសិដ្ឋនេះ ។
បង្រៀនគោលលទ្ធិ
ទំព័រចំណងជើងនៃព្រះគម្ពីរមរមន
ព្រះគម្ពីរមរមនអាចពង្រឹងសេចក្ដីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទ ។
-
ការអានទំព័រចំណងជើងនៃព្រះគម្ពីរមរមន ដែលបានសរសេរដោយមរ៉ូណៃ អាចរៀបចំសិស្សរបស់អ្នកឲ្យសិក្សាព្រះគម្ពីរមរមននៅឆ្នាំនេះ ។ តើសារលិខិតនៅលើទំព័រចំណងជើងពង្រីកការយល់ដឹងរបស់ពួកគេតាមរបៀបណា ? ប្រហែលជាអ្នកអាចសរសេរសំណួរមួយ ឬច្រើននៅលើក្ដារខៀន—ដូចជា ហេតុអ្វីយើងមានព្រះគម្ពីរមរមន ? ឬ តើព្រះគម្ពីរមរមនខុសពីសៀវភៅផ្សេងទៀតយ៉ាងដូចម្ដេច ?—ហើយអញ្ជើញសិស្សឲ្យរកមើលចម្លើយនានា នៅពេលពួកគេរំឭកទំព័រចំណងជើងឡើងវិញរៀងៗខ្លួន ឬជាគូ ។ បន្ទាប់មក ពួកគេអាចចែកចាយចំណាប់អារម្មណ៍ដែលពួកគេមាន ។ អ្នកក៏អាចលើកទឹកចិត្តសិស្សឲ្យពិភាក្សាអំពីផែនការរបស់ពួកគេសម្រាប់ការសិក្សាព្រះគម្ពីរមរមននៅឆ្នាំនេះផងដែរ ។ ឧទាហរណ៍ តើពួកគេនឹងរកមើលអ្វីខ្លះ ? នៅពេលពួកគេសិក្សា តើពួកគេនឹងរៀនមកពីព្រះវិញ្ញាណបរិសុទ្ធតាមរបៀបណា ?
-
គោលបំណងដ៏សំខាន់បំផុតមួយនៃព្រះគម្ពីរមរមនត្រូវបានចែងនៅលើទំព័រចំណងជើងរបស់វា ៖ ដើម្បីធ្វើឲ្យ « សាសន៍យូដា និងសាសន៍ដទៃជឿថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ » ។ អ្នកអាចអញ្ជើញសិស្សឲ្យចែកចាយសារមកពីព្រះគម្ពីរមរមនដែលបានពង្រឹងសេចក្ដីជំនឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ ( ពួកគេក៏អាចអានសារពីរបីដែលមាននៅក្នុង« ធនធានបន្ថែមទាំងឡាយ » ផងដែរ ) ។ សិស្សអាចអានខគម្ពីរទាំងនេះមួយចំនួនជាមួយនឹងសិស្សដែលអង្គុយក្បែរពួកគេ ហើយចែកចាយពីរបៀបដែលព្រះគម្ពីរមរមនបានជះឥទ្ធិពលលើទីបន្ទាល់របស់ពួកគេអំពីព្រះអង្គសង្គ្រោះ ។
ព្រះគម្ពីរមរមនអាចជួយយើងឲ្យ « ចូលទៅជិតព្រះ » ។
-
បុព្វកថានៃព្រះគម្ពីរមរមនផ្ដល់ព័ត៌មានដែលមានសារៈសំខាន់សម្រាប់អ្នកអានឲ្យយល់ ។ សិស្សរបស់អ្នកប្រហែលជាទទួលបានអត្ថប្រយោជន៍មកពីការមើលបុព្វកថា និងរកឃើញបីទៅប្រាំចំណុចដែលនឹងមានប្រយោជន៍ដើម្បីចែកចាយជាមួយនឹងមនុស្សម្នាក់ដែលកំពុងអានព្រះគម្ពីរមរមនជាលើកដំបូង ។ បន្ទាប់មកសិស្សអាចចែកចាយអ្វីដែលពួកគេរកឃើញ ។ ពួកគេថែមទាំងអាចសម្ដែងដើម្បីណែនាំមនុស្សម្នាក់ឲ្យស្គាល់ព្រះគម្ពីរមរមនផងដែរ ។ វីដេអូដែលបានណែនាំនៅក្នុង « ធនធានបន្ថែមទាំងឡាយ » ក៏អាចជួយផងដែរ ។
-
សិស្សរបស់អ្នកខ្លះប្រហែលជាមានបទពិសោធន៍ដែលបញ្ជាក់ពីសេចក្ដីពិតនៃប្រសាសន៍របស់យ៉ូសែប ស្ម៊ីធ ៖ « បុគ្គលម្នាក់ៗអាចចូលទៅជិតព្រះបាន ដោយសារធ្វើតាមសិក្ខាបទទាំងឡាយនៃ [ ព្រះគម្ពីរមរមន ] ជាជាងគម្ពីរដទៃទាំងអស់ » ។ អ្នកអាចសូមឲ្យសិស្សចែកចាយអំពីរបៀបដែលការរស់នៅតាមសេចក្ដីពិតដែលពួកគេបានរៀននៅក្នុងព្រះគម្ពីរមរមនបានជួយពួកគេឲ្យចូលទៅជិតព្រះ ។ អ្នកក៏អាចអញ្ជើញសិស្សឲ្យចែកចាយចម្លើយចំពោះសំណួរទាំងបីនេះដោយប្រធាន រ័សុល អិម ណិលសុន បានណែនាំផងដែរ ៖ « ទីមួយ តើជីវិតរបស់បងប្អូននឹងទៅជាយ៉ាងណា បើគ្មាន ព្រះគម្ពីរមរមន ? ទីពីរ តើបងប្អូននឹង ពុំស្គាល់អ្វីខ្លះ ? និងទីបី តើបងប្អូននឹង ពុំមានអ្វីខ្លះ ? » ( « The Book of Mormon: What Would Your Life Be Like without It? » ( Ensignឬ Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦១ ) ។
-
តើមានសិស្សណាម្នាក់នៅក្នុងថ្នាក់របស់អ្នកបានអានសារក្នុងព្រះគម្ពីរមរមនដែលមានឈ្មោះខុសគ្នាសម្រាប់ផែនការនៃសេចក្តីសង្គ្រោះដែលបានណែនាំនៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារដែរឬទេ ? ប្រសិនបើមាន សូមឲ្យពួកគេចែកចាយអ្វីដែលពួកគេបានរៀន ។
« ទីបន្ទាល់នៃពួកសាក្សីបីនាក់ »; « ទីបន្ទាល់នៃពួកសាក្សីប្រាំបីនាក់ »
យើងទាំងអស់គ្នាអាចធ្វើជាសាក្សីអំពីព្រះគម្ពីរមរមន ។
-
ការសិក្សាទីបន្ទាល់នៃពួកសាក្សីបីនាក់ និងប្រាំបីនាក់អាចពង្រឹងទីបន្ទាល់របស់សិស្សអ្នក ហើយជួយពួកគេឲ្យពិចារណាអំពីរបៀបដែលពួកគេអាចចែកចាយទីបន្ទាល់របស់ពួកគេផ្ទាល់ ។ អ្នកអាចសុំឲ្យសិស្សពាក់កណ្ដាលថ្នាក់អាន « ទីបន្ទាល់នៃពួកសាក្សីបីនាក់ » និងពាក់កណ្ដាលទៀតអាន « ទីបន្ទាល់នៃពួកសាក្សីប្រាំបីនាក់ » ហើយចែកចាយចំណាប់អារម្មណ៍ ឬព័ត៌មានលម្អិតដែលធ្វើឲ្យពួកគេចាប់អារម្មណ៍ ។ តើទីបន្ទាល់ទាំងពីរនេះខុសគ្នាយ៉ាងដូចម្ដេច ? តើវាដូចគ្នាយ៉ាងដូចម្ដេច ? តើយើងរៀនអ្វីខ្លះមកពីពួកសាក្សីទាំងនេះអំពីការចែកចាយទីបន្ទាល់របស់យើង ? ដើម្បីចាប់ផ្ដើមការពិភាក្សាមួយអំពីហេតុផលដែលពួកសាក្សីបីនាក់មានសារៈសំខាន់ អ្នកអាចចែកចាយសេចក្ដីថ្លែងការណ៍របស់ប្រធាន ដាល្លិន អេក អូក ឬទីបន្ទាល់របស់យ៉ូហាន វិតមើរ នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ឬអ្នកអាចបង្ហាញវីដេអូ « ទីបន្ទាល់នៃពួកសាក្សីបីនាក់ »( ChurchofJesusChrist.org ) ។
« ទីបន្ទាល់នៃព្យាការីយ៉ូសែប ស្ម៊ីធ »
យ៉ូសែប ស៊្មីធ គឺជាឧបករណ៍មួយនៅក្នុងព្រះហស្ដរបស់ព្រះដើម្បីនាំមកនូវព្រះគម្ពីរមរមន ។
-
សិស្សប្រហែលជាស្គាល់រួចហើយនូវព្រឹត្តិការណ៍ដែលបានពិពណ៌នានៅក្នុង « ទីបន្ទាល់នៃព្យាការីយ៉ូសែប ស្ម៊ីធ » ប៉ុន្តែប្រហែលជាអ្នកអាចជួយពួកគេឲ្យស្វែងរកការយល់ដឹងថ្មីៗ ។ ឧទាហរណ៍ អ្នកអាចអញ្ជើញពួកគេឲ្យសរសេរព្រឹត្តិការណ៍សំខាន់ៗនៅក្នុងដំណើររឿងរបស់យ៉ូសែប ស្ម៊ីធ ។ តើយើងអាចសន្និដ្ឋានអ្វីខ្លះចេញពីបទពិសោធន៍របស់លោកអំពីសារៈសំខាន់ដែលព្រះអម្ចាស់បានដាក់នៅលើព្រះគម្ពីរមរមន ?
-
ទំនុកតម្កើង « ទេវតាមកពីលើ » ( ទំនុកតម្កើង ល.រ. ៩ ) ប្រាប់អំពីការចេញមកនៃព្រះគម្ពីរមរមន ។ បន្ទាប់ពីច្រៀង ឬស្ដាប់ទំនុកតម្កើងនេះរួចហើយ សិស្សអាចស្វែងរកសេចក្ដីថ្លែងការណ៍នៅក្នុង « ទីបន្ទាល់នៃព្យាការីយ៉ូសែប ស្ម៊ីធ » ដែលត្រូវគ្នា ឬពង្រឹងឃ្លានៅក្នុងចម្រៀងនោះឡើងវិញ ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
ដើម្បីបំផុសគំនិតសិស្សឲ្យអាន នីហ្វៃទី ១ ១–៧ សូមអញ្ជើញពួកគេឲ្យរកមើលគំនិត ឬសេចក្ដីពិតដែលជួយពួកគេជាមួយនឹងស្ថានភាពជីវិតបច្ចុប្បន្នរបស់ពួកគេ—ឧទាហរណ៍ បញ្ហាប្រឈមមួយក្នុងគ្រួសារ ឬការហៅមួយក្នុងសាសនាចក្រ ។
ធនធានបន្ថែមទាំងឡាយ
សារក្នុងព្រះគម្ពីរមរមនដែលថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។
វីដេអូអំពីព្រះគម្ពីរមរមននៅលើគេហទំព័រ ChurchofJesusChrist.org ។
-
« Book of Mormon Introduction »
-
« What Is the Book of Mormon? A 60-Second Overview »
-
« A Book of Mormon Story »
សម្រាប់វីដេអូបន្ថែម សូមមើលបណ្តុំវីដេអូព្រះគម្ពីរមរមននៅគេហទំព័រ ChurchofJesusChrist.org ឬនៅលើកម្មវិធី Gospel Library ។
សារៈសំខាន់នៃទីបន្ទាល់នៃពួកសាក្សីបីនាក់
ប្រធាន ដាល្លិន អេក អូក បានពន្យល់អំពីហេតុផលដែលទីបន្ទាល់នៃពួកសាក្សីបីនាក់មានសារៈសំខាន់ ៖
« ទីបន្ទាល់នៃពួកសាក្សីបីនាក់ចំពោះព្រះគម្ពីរមរមនបានឈរនៅក្នុងជំហរយ៉ាងរឹងមាំ ។ ពួកសាក្សីបីនាក់ម្នាក់ៗមានហេតុផល និងឱកាសជាច្រើនដើម្បីបដិសេធទីបន្ទាល់របស់គាត់ ប្រសិនបើវាជារឿងខុសឆ្គង ឬដើម្បីនិយាយមិនច្បាស់លាស់ដោយចេតនាស្ដីពីព័ត៌មានលម្អិត ប្រសិនបើមានរឿងមិនត្រឹមត្រូវណាមួយនោះ ។ ដូចដែលបានដឹង ដោយសារតែការមិនចុះសម្រុងគ្នា ឬការច្រណែនទាក់ទងនឹងថ្នាក់ដឹកនាំផ្សេងទៀតនៃសាសនាចក្រ នោះពួកសាក្សីម្នាក់ៗនៃសាក្សីទាំងបីនាក់ត្រូវបានកាត់កាលចេញពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ប្រហែលជាប្រាំឆ្នាំបន្ទាប់ពីការបោះពុម្ពផ្សាយនៃទីបន្ទាល់របស់ពួកគេ ។ អ្នកទាំងបីបានបំបែកផ្លូវគ្នា ដោយគ្មានចំណាប់អារម្មណ៍រួមដើម្បីគាំទ្រដល់ការឃុបឃិតមួយឡើយ ។ ប៉ុន្តែរហូតដល់ចុងបញ្ចប់នៃជីវិតរបស់ពួកគេ—រយៈពេលពី ១២ ដល់ ៥០ ឆ្នាំបន្ទាប់ពីការកាត់កាលចេញរបស់ពួកគាត់—គ្មាននរណាម្នាក់ក្នុងចំណោមពួកសាក្សីទាំងបីនេះបានងាកចេញពីទីបន្ទាល់របស់គាត់ដែលបានបោះពុម្ព ឬ និយាយអ្វីដែលបង្កើតភាពសង្ស័យណាមួយដល់សេចក្ដីពិតដ៏ពេញលេញរបស់វាឡើយ » ( « The Witness: Martin Harris » Ensign ខែ ឧសភា ឆ្នាំ ១៩៩៩ ទំព័រ ៣៦ ) ។
ទីបន្ទាល់នៃយ៉ូហាន វិតមើរ ។
យ៉ូហាន វិតមើរ ដែលជាសាក្សីម្នាក់ក្នុងចំណោមពួកសាក្សីទាំងប្រាំបីនាក់នៃព្រះគម្ពីរមរមន បានប្រកាស ៖ « ខ្ញុំពុំធ្លាប់ឮថា នរណាម្នាក់នៃពួកសាក្សីបីនាក់ ឬប្រាំបីនាក់បានបដិសេធទីបន្ទាល់ដែលពួកគាត់បានថ្លែងនោះឡើយ ។ … ឈ្មោះរបស់យើងបានទៅគ្រប់ជាតិសាសន៍ ភាសា និងប្រជាជនជាវិវរណៈដ៏ទេវភាពមួយមកពីព្រះ ។ ហើយវានឹងនាំឲ្យកើតមានការរៀបចំរបស់ព្រះស្របតាមការប្រកាសដែលមាននៅក្នុងនោះ » ( នៅក្នុង Noel B. Reynolds, ed., Book of Mormon Authorship Revisited: The Evidence for Ancient Origins [ ឆ្នាំ១៩៩៧ ] ទំព័រ ៥៥–៥៦ ) ។