« គំរូសម្រាប់ការបង្រៀន » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២០ ( ឆ្នាំ២០២០ )
« គំរូសម្រាប់ការបង្រៀន » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២០
គំរូសម្រាប់ការបង្រៀន
នៅក្នុងធនធាននេះ អ្នកនឹងរកឃើញគំរូដដែលៗស្ដីពីជំហានទាំងបី នៅក្នុងគម្រោងមេរៀននីមួយៗ ៖ អញ្ជើញឲ្យចែកចាយ បង្រៀនគោលលទ្ធិ ហើយលើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន ។ នៅពេលអ្នកបង្រៀន នោះធាតុទាំងឡាយនៃគំរូនេះអាចនឹងជាន់គ្នា ឬកើតឡើងក្នុងលំដាប់ខុសគ្នាមួយ ។ ឧទាហរណ៍ សូមពិចារណាថា ការចែកចាយគឺជាឱកាសមួយដើម្បីបង្រៀនគោលលទ្ធិ ហើយការបង្រៀនគោលលទ្ធិគួរតែទាក់ទងនឹងការអញ្ជើញឲ្យចែកចាយ ។ ដូចគ្នានេះដែរ ការលើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋានអាចកើតមានឡើងពេញការពិភាក្សាក្នុងថ្នាក់មួយ ។ សូមអនុញ្ញាតឲ្យមានការកែសម្រួលនៅក្នុងគំរូនេះឲ្យកើតឡើងតាមធម្មតា ដោយធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណដើម្បីបំពេញសេចក្ដីត្រូវការរបស់មនុស្សដែលអ្នកបង្រៀន ។
អញ្ជើញឲ្យចែកចាយ
ជាផ្នែកមួយនៃគ្រប់ម៉ោងរៀនទាំងអស់ សូមអញ្ជើញសមាជិកថ្នាក់ឲ្យចែកចាយគំនិត និងបទពិសោធន៍ដែលពួកគេមានកាលពីសប្ដាហ៍មុនៗ កាលពួកគេបានសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន និងជាក្រុមគ្រួសារ ហើយអនុវត្តអ្វីដែលពួកគេបានរៀន ។ សូមជួយសិស្សឲ្យមើលឃើញថា ការរៀនសូត្រផ្ទាល់ខ្លួនរបស់ពួកគេនៅក្រៅថ្នាក់រៀនគឺមានសារៈសំខាន់ ។ ការប្រែចិត្តជឿរបស់ពួកគេម្នាក់ៗនឹងពុំកើតមានឡើងតែតាមរយៈការរៀនសូត្រនៅថ្ងៃអាទិត្យប៉ុណ្ណោះទេ ប៉ុន្តែវាក៏កើតឡើងតាមរយៈបទពិសោធន៍ប្រចាំថ្ងៃរបស់ពួកគេផងដែរ ។ នៅពេលសិស្សស្ដាប់ឮបទពិសោធន៍ពីគ្នាទៅវិញទៅមក ពួកគេនឹងស្វែងរកបទពិសោធន៍ស្រដៀងគ្នានេះដោយខ្លួនពួកគេផ្ទាល់ ។
ពុំមែនមនុស្សគ្រប់គ្នានឹងអានគ្រប់ជំពូកនៅមេរៀននីមួយៗនោះទេ ហើយសូម្បីតែមនុស្សមួយចំនួនដែលបានអានក្ដី ក៏ប្រហែលជាពុំមានអារម្មណ៍កក់ក្តៅនឹងចែកចាយឡើយ ។ សូមប្រាកដថា សិស្សទាំងអស់មានអារម្មណ៍ថាពួកគេគឺជាចំណែកមួយដ៏មានតម្លៃនៅក្នុងថ្នាក់ មិនថាពួកគេមានអ្វីមួយដើម្បីចែកចាយដែរឬអត់នោះទេ ។
បង្រៀនគោលលទ្ធិ
អ្នក និងសិស្សរបស់អ្នកគួរផ្ដោតទៅលើគោលលទ្ធិ—ជាសេចក្ដីពិតដ៏នៅអស់កល្បនៃដំណឹងល្អ—ដែលមាននៅក្នុងវគ្គបទគម្ពីរដែលបានចាត់ឲ្យ ។ នៅពេលអ្នកពិភាក្សាគោលលទ្ធិចេញមកពីបទគម្ពីរ តើខគម្ពីរ ពាក្យដកស្រង់ បទពិសោធន៍ សំណួរ និងធនធានបន្ថែមណាខ្លះដែលអ្នកគប្បីចែកចាយ ? តើអ្នកនឹងប្រើធនធានទាំងនេះដើម្បីជួយសិស្សឲ្យរកឃើញ ហើយយល់អំពីគោលការណ៍ទាំងឡាយនៃដំណឹងល្អតាមរបៀបណា ? តើអ្នកអាចលើកទឹកចិត្តសិស្សឲ្យកត់ត្រា ហើយធ្វើតាមគំនិត និងអារម្មណ៍ដែលពួកគេមានតាមរបៀបណា ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
នៅចុងបញ្ចប់នៃមេរៀននេះ សូមចំណាយពេលបន្តិចដើម្បីមើលឡើងវិញនូវការពិភាក្សាសម្រាប់សប្ដាហ៍ក្រោយ ។ សូមពិចារណាអំពីរបៀបដើម្បីបំផុសគំនិតដល់សិស្សឲ្យបន្តរៀនសូត្រចេញពីព្រះគម្ពីរមរមននៅឯគេហដ្ឋានដោយខ្លួនឯង និងជាមួយក្រុមគ្រួសាររបស់ពួកគេ ។