« ថ្ងៃទី ១៧–២៣ ខែ កុម្ភៈ ។ នីហ្វៃទី ២ ១១–២៥ ៖ ‹ យើងអររីករាយក្នុងព្រះគ្រីស្ទ › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១៧–២៣ ខែ កុម្ភៈ ។ នីហ្វៃទី ២ ១១–២៥ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២០
ថ្ងៃទី ១៧–២៣ ខែ កុម្ភៈ
នីហ្វៃ ទី ២ ១១–២៥
« យើងអររីករាយក្នុងព្រះគ្រីស្ទ »
បន្ថែមពីលើការប្រដូច នីហ្វៃទី ២ ១១–២៥ ទៅនឹងខ្លួនឯង សូមពិចារណាពីរបៀបដែលអ្នកអាចជួយសិស្សរបស់អ្នកឲ្យប្រដូចជំពូកទាំងនេះទៅខ្លួនរបស់ពួកគេ ( សូមមើល នីហ្វៃទី ២ ១១:៨ ) ។ នៅពេលព្រះវិញ្ញាណបំផុសគំនិត និងយោបល់ដល់អ្នក សូមកត់ត្រាវាទុក ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
ពីមុនចាប់ផ្ដើមពិភាក្សាវគ្គជាក់លាក់ចេញពី នីហ្វៃទី ២ ១១–២៥ វាប្រហែលជាមានប្រយោជន៍ដោយសូមឲ្យសិស្សនឹកស្រមៃថា ពួកគេមានមិត្តម្នាក់ដែលពិបាកក្នុងការរកឃើញអ្វីមួយដែលមានន័យ ឬបំផុសគំនិតនៅក្នុងការសរសេររបស់អេសាយ ។ តើពួកគេនឹងចែកចាយខគម្ពីរអ្វីខ្លះជាមួយនឹងមិត្តម្នាក់នេះ ?
បង្រៀនគោលលទ្ធិ
អេសាយធ្វើទីបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទ ។
-
ការព្យាកររបស់អេសាយអាចងាយស្រួលយល់ នៅពេលយើងដឹងពីហេតុផលដែលរឿងទាំងនោះត្រូវបានសរសេរឡើង ។ ដើម្បីចាប់ផ្ដើមការពិភាក្សាមួយអំពីការព្យាកររបស់អេសាយនៅក្នុងនីហ្វៃទី ២ អ្នកអាចអញ្ជើញសិស្សឲ្យស្រាវជ្រាវក្នុង ជំពូកទី ១១ ហើយសរសេរគោលបំណងមួយចំនួនរបស់នីហ្វៃដែលបានដកស្រង់ពាក្យរបស់អេសាយយ៉ាងច្រើន ។ ពួកគេក៏អាចចែកចាយវគ្គដែលពួកគេរកឃើញនៅក្នុងការសិក្សាផ្ទាល់របស់ពួកគេ និងការសិក្សាជាគ្រួសារនៅក្នុង នីហ្វៃទី ២ ១២–២៤ ដែលពួកគេមានអារម្មណ៍ថា បានសម្រេចនូវគោលបំណងទាំងនោះផងដែរ ។ តើការយល់ដឹងពីគោលបំណងរបស់នីហ្វៃបានជួយសិស្សឲ្យយល់កាន់តែច្បាស់ពីការសរសេររបស់អេសាយតាមរបៀបណា ? សូមលើកទឹកចិត្តពួកគេឲ្យចងចាំពីគោលបំណងទាំងនេះ នៅពេលពួកគេពិភាក្សាការសរសេររបស់អេសាយនៅក្នុងថ្នាក់ ។
-
ដោយសារអេសាយបានប្រើភាសាជានិមិត្តសញ្ញាជាច្រើន នោះវាអាចនឹងងាយមើលរំលងពីសាក្សីដ៏មានអនុភាពរបស់លោកអំពីព្រះយេស៊ូវគ្រីស្ទ ។ នេះគឺជាសកម្មភាពមួយដែលអាចជួយសិស្សឲ្យផ្ដោតលើសាក្សីនេះ ។ អ្នកអាចរៀបចំក្រដាសបីបួនសន្លឹកដោយមានសរសេរសេចក្ដីយោងបទគម្ពីរមកពី នីហ្វៃទី ២ ១២–២៤ ដែលបង្រៀនអំពីព្រះអង្គសង្គ្រោះ ( ឧទាហរណ៍ នីហ្វៃទី ២ ១៣:១៣, ១៤:៤–៦, ១៥:១–៧, ១៦:១–៧, ១៧:១៤, ១៨:១៤–១៥, ១៩:៦–៧, ២១:១–៥, ២២:២ ) ។ សិស្សម្នាក់ៗអាចជ្រើសយកក្រដាសមួយសន្លឹក សិក្សាខគម្ពីរដែលមាននៅលើក្រដាសនោះ ហើយសរសេរនៅលើវានូវអ្វីដែលគាត់បានរៀនពីព្រះយេស៊ូវគ្រីស្ទ ។ បន្ទាប់មក សិស្សអាចប្ដូរក្រដាសគ្នាជាមួយនឹងសិស្សម្នាក់ទៀត ហើយបន្ថែមគំនិត និងការយល់ឃើញបន្ថែមទៀតណាមួយដែលពួកគេបានរៀនពីព្រះអង្គសង្គ្រោះមកពីខគម្ពីរដូចគ្នានេះ ។ បន្ទាប់មក អ្នកអាចទុកពេលឲ្យសិស្សចែកចាយអ្វីដែលពួកគេបានរៀនមកពីអេសាយ និងមកពីគ្នាទៅវិញទៅមក ដែលបានធ្វើឲ្យពួកគេមានអំណរគុណកាន់តែខ្លាំងចំពោះព្រះយេស៊ូវគ្រីស្ទ ។
-
ការព្យាករនៅក្នុង នីហ្វៃទី ២ ១៩:៦ មាននូវងារមួយចំនួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ សូមពិចារណាសូមសិស្សម្នាក់ឲ្យសរសេរវានៅលើក្ដារខៀន ហើយអញ្ជើញសិស្សឲ្យពិភាក្សាពីហេតុផលដែលងារទាំងនេះនីមួយៗគឺជាការពិពណ៌នាយ៉ាងស័ក្ដិសមមួយសម្រាប់ព្រះអង្គសង្គ្រោះ ។ តើទ្រង់បានបំពេញតួនាទីទាំងនេះនៅក្នុងជីវិតរបស់យើងយ៉ាងដូចម្ដេច ? ដើម្បីរៀនបន្ថែមទៀតពីងារទាំងនេះ វាប្រហែលជាមានប្រយោជន៍ដើម្បីរកមើលសេចក្ដីយោងនៅក្នុងលេខយោងសម្រាប់ នីហ្វៃទី ២ ១៩:៦ ។
នីហ្វៃទី ២ ១២:២–៥, ២១:១០–១២, ២២
នៅថ្ងៃចុងក្រោយ រាស្ត្ររបស់ព្រះនឹងត្រូវបានប្រមូលផ្ដុំ ហើយរីករាយនឹងសេចក្ដីសុខសាន្ត ។
-
ផ្នែកដ៏ជាក់លាក់ទាំងឡាយនៃការព្យាកររបស់អេសាយទាក់ទងជាពិសេសជាមួយនឹងយើង ដោយសារវាពិពណ៌នាពីទិដ្ឋភាពនៃកិច្ចការរបស់ព្រះនៅថ្ងៃចុងក្រោយ ។ ឧទាហរណ៍ អ្នកអាចពិនិត្យមើល នីហ្វៃទី ២ ២១:១០–១២ ដែលពិពណ៌នាថាជា « ទង់ » ( បទដ្ឋាន ឬ បដា ) ដែលនឹងត្រូវបានលើកឡើងដើម្បីប្រមូលផ្ដុំរាស្ត្ររបស់ព្រះ ។ តើយើងធ្លាប់ឃើញព្រះអម្ចាស់ប្រមូលផ្ដុំរាស្ត្ររបស់ទ្រង់ខាងវិញ្ញាណតាមរបៀបណា ? ប្រហែលជាសិស្សមួយចំនួនអាចពិភាក្សាអំពីអ្វីដែលធ្វើឲ្យពួកគេចង់ប្រមូលផ្ដុំ ឬរួបរួមនឹងរាស្ត្ររបស់ព្រះនៅក្នុងសាសនាចក្រនេះ ។ ពួកគេអាចថែមទាំងបានរីករាយក្នុងការបង្កើតបដារបស់ពួកគេផ្ទាល់ដែលសរសេរ ឬបង្ហាញពីសេចក្ដីពិតមួយចំនួននៃដំណឹងល្អដែលពួកគេមានអារម្មណ៍ថា មនុស្ស « ស្វែងរក » ហើយនឹងជួយ« ប្រមូល » និង « រួបរួម » ( ខទី ១០ និង ១២ ) បុត្រាបុត្រីរបស់ព្រះនៅជំនាន់របស់យើង ។ តើយើងជួយដល់ការប្រមូលផ្ដុំនោះបានយ៉ាងដូចម្ដេច ?
-
វិធីមួយទៀតដើម្បីពិភាក្សាពីគោលលទ្ធិនេះគឺដោយការសរសេរប្រធានបទដូចតទៅនេះនៅលើក្ដារខៀន ៖ ការខ្ចាត់ព្រាត់នៃអ៊ីស្រាអែល ការប្រមូលផ្ដុំនៃអ៊ីស្រាអែល និង ការព្យាករអំពីព្រះគ្រីស្ទ ។ អ្នកអាចចាត់ជំពូកនានាចេញពី នីហ្វៃទី ២ ១២–២៤ ដល់ក្រុមសិស្ស ហើយអញ្ជើញពួកគេឲ្យស្វែងរកខគម្ពីរដែលបង្រៀនអំពីរឿងទាំងនេះ ហើយសរសេរខគម្ពីរទាំងនេះនៅក្រោមចំណងជើងត្រឹមត្រូវនៅលើក្ដារខៀន ។ តើខគម្ពីរទាំងនេះមានសារលិខិតអ្វីខ្លះសម្រាប់យើង ? ( វាប្រហែលជាមានប្រយោជន៍ដើម្បីប្រាប់សិស្សថា គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៣:១–៦ អាចជួយពួកគេឲ្យយល់ពី នីហ្វៃទី ២ ២១:១–៥, ១០ ) ។
-
ទំនុកតម្កើងដូចជា « នៅលើកំពូលភ្នំខ្ពស់ » ( ទំនុកតម្កើង ល.រ. ៥ ) ឬ « ទ្រង់ជាពន្លឺខ្ញុំ » ( ទំនុកតម្កើង ល.រ. ៣៩ ) ដែលផ្អែកលើផ្នែកមួយស្ដីពីការព្យាករនៅក្នុង នីហ្វៃទី ២ ១២:២–៥ និង នីហ្វៃទី ២ ២២ អាចពង្រឹងសារលិខិតនោះ និងគំនិតនៃប្រសាសន៍របស់អេសាយ ។
គេហដ្ឋានរបស់យើង និង « ទីប្រជុំ » នៃក្រុងស៊ីយ៉ូនអាចជាកន្លែងសុវត្ថិភាព និងទីជ្រកកោន ។
-
នៅក្នុង នីហ្វៃទី ២ ១៤:៤–៦ អេសាយបានព្យាករពីសុវត្ថិភាព និងសេចក្ដីសុខសាន្តដែលមនុស្សសុចរិតនឹងរីករាយ បន្ទាប់ពីព្រះអម្ចាស់បាន « លាងជម្រះ » ហើយ « ចម្រាញ់សម្អាត » អំពើបាបរបស់ពួកគេ ។ ទោះជាខគម្ពីរទាំងនេះពិពណ៌នាពីស្ថានភាពដែលនឹងកើតមាននៅសហសវត្សរ៍ក្ដី ក៏វាអាចជួយដល់សិស្ស នៅពេលពួកគេស្វែងរកទីសុវត្ថិភាពខាងវិញ្ញាណនៅក្នុងសេចក្ដីទុច្ចរិតនាថ្ងៃចុងក្រោយនេះ ។ សូមអញ្ជើញពួកគេឲ្យពិចារណា ហើយពិភាក្សាពីអត្ថន័យនៃការមាន « ពពក និងផ្សែង » ព្រមទាំង « ភ្លើងដ៏ឆេះ » នៅលើ « ទីលំនៅ » និង « ទីប្រជុំ » របស់ពួកគេ ( ខទី ៥ សូមមើលផងដែរ និក្ខមនំ ១–៣:២១២២ ) ។ តើរឿងមួយចំនួនដែលអាចប្រៀបធៀបនឹងកម្ដៅ ព្យុះ និងភ្លៀងដែលបានលើកឡើងនៅក្នុង ខទី ៦ មានអ្វីខ្លះ ? តើយើងអាចស្វែងរកទីជម្រកតាមរបៀបណា ? ( សូមមើលផងដែរ គ.&ស. ១១៥:៦ ) ។ ប្រហែលជាសិស្សអាចប្រាប់ពីវិធីមួយដើម្បីធ្វើឲ្យប្រាកដថា ការប្រមូលផ្ដុំនៅគេហដ្ឋាន និងនៅសាសនាចក្រគឺជាកន្លែងនៃការការពារខាងវិញ្ញាណ ។
« ផ្លូវត្រឹមត្រូវគឺជឿដល់ព្រះគ្រីស្ទ » ។
-
សិស្សរបស់អ្នកអាចទំនងយល់ពីបំណងប្រាថ្នារបស់នីហ្វៃ « ដើម្បីបញ្ចុះបញ្ចូលកូនចៅយើង និងបងប្អូនយើងផង ដើម្បីឲ្យជឿដល់ព្រះគ្រីស្ទ » ។ តើនីហ្វៃបាន « ព្យាយាមខំ » ដើម្បីសម្រេចគោលដៅនេះតាមរបៀបណា ?( នីហ្វៃទី ២ ២៥:២៣ ) ។ ប្រហែលជាសិស្សអាចស្រាវជ្រាវ នីហ្វៃទី ២ ២៥:១៩–២៩ ដើម្បីស្វែងរកសេចក្ដីពិតអំពីព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់ដែលនីហ្វៃចង់ឲ្យប្រជាជនរបស់លោកដឹង ។ បន្ទាប់មក ពួកគេអាចចែកចាយអ្វីដែលពួកគេបានធ្វើដើម្បីបង្រៀនសេចក្ដីពិតទាំងនេះទៅដល់គ្រួសារ ឬមិត្តរបស់ពួកគេ ។ ឧទាហរណ៍ តើពួកគេធ្លាប់បង្រៀនថា « មានតែដោយព្រះគុណទេ ទើបយើងបានសង្គ្រោះ បន្ទាប់ពីអ្វីៗទាំងអស់ ដែលយើងអាចធ្វើបាន » តាមរបៀបណា ? ( សេចក្ដីថ្លែងការណ៍ដោយប្រធាន ឌៀថើរ អេស្វ អុជដូហ្វ នៅក្នុង « ធនធានបន្ថែមទាំងឡាយ » អាចផ្ដល់ការយល់ដឹងមួយចំនួនអំពីសេចក្ដីពិតនេះ ) ។ តើពួកគេធ្លាប់ជួយមនុស្សដទៃឲ្យ « អររីករាយក្នុងព្រះគ្រីស្ទ » តាមរបៀបណា ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
សិស្សអាចនឹងមានចំណាប់អារម្មណ៍ចង់ដឹងថា នីហ្វៃទី ២ ២៦–៣០ អាចជួយពួកគេឲ្យឆ្លើយតបនឹងមនុស្សដែលនិយាយថា « យើងពុំត្រូវការព្រះគម្ពីរមរមនទេ » ។
ធនធានបន្ថែមទាំងឡាយ
« For unto us a child is born » ។
ដើម្បីបន្ថែលើការពិភាក្សារបស់អ្នកស្តីពី នីហ្វៃទី ២ ១៩:៦ សូមមើល ឬស្តាប់ក្រុមចម្រៀងរោងឧបោសថច្រៀងបទ « For unto Us a Child Is Born » ( ChurchofJesusChrist.org ) ។
« មានតែដោយព្រះគុណទេ ទើបយើងបានសង្គ្រោះ បន្ទាប់ពីអ្វីៗទាំងអស់ដែលយើងអាចធ្វើបាន » ។
ដោយមានយោបល់ទៅដល់ពាក្យសម្ដីរបស់នីហ្វៃនៅក្នុង នីហ្វៃទី ២ ២៥:២៣នោះប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ បានមានប្រសាសន៍ថា
« ខ្ញុំគិតថាពេលខ្លះយើងយល់ខុសលើឃ្លា ‹ បន្ទាប់ពីអ្វីៗទាំងអស់ ដែលយើងអាចធ្វើបាន › ។ យើងត្រូវតែយល់ថា ពាក្យ ‹ បន្ទាប់ពី › មិនមានន័យថា ‹ ដោយសារ › នោះទេ ។
យើងពុំអាចត្រូវបានសង្គ្រោះ ‹ ដោយសារ › អ្វីៗដែលយើងអាចធ្វើនោះទេ ។ តើមានពួកយើងណាម្នាក់បានធ្វើ អ្វីៗទាំងអស់ ដែលយើងអាចធ្វើបានឬទេ ? តើព្រះរង់ចាំ រហូតដល់យើងបានចំណាយអស់រាល់ការខិតខំ ទើបទ្រង់ធ្វើអន្តរាគមន៍ក្នុងជីវិតយើង ដោយនូវព្រះគុណនៃសេចក្តីសង្គ្រោះទ្រង់ឬ ? …
« ខ្ញុំដឹងប្រាកដថា នីហ្វៃស្គាល់ថា ព្រះគុណនៃព្រះអង្គសង្គ្រោះ អនុញ្ញាត និង ធ្វើឲ្យ យើងយកឈ្នះអំពើបាប [ សូមមើល នីហ្វៃទី ២ ៤:១៩–៣៥; អាលម៉ា ៣៤:៣១ ] ។ នេះជាមូលហេតុដែលនីហ្វៃ ធ្វើការដោយឧស្សាហ៍ព្យាយាមដើម្បីបញ្ចុះបញ្ចូលកូនចៅ និង ពួកបងប្អូនលោក ‹ ឲ្យជឿដល់ព្រះគ្រីស្ទ ហើយឲ្យស្រុះស្រួលនឹងព្រះ › [ នីហ្វៃទី ២ ២៥:២៣ ] ។
« ទីបញ្ចប់ នោះជា អ្វីដែលយើងអាចធ្វើបាន ! ហើយនោះជាកិច្ចការដែលយើងធ្វើក្នុងជីវិតរមែងស្លាប់ ! » ( « The Gift of Grace »Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១១០ ) ។