« ថ្ងៃទី ៨–១៤ ខែ មិថុនា ។ អាលម៉ា ៨–១២ ៖ ព្រះយេស៊ូវគ្រីស្ទនឹងយាងមកប្រោសលោះរាស្ត្ររបស់ទ្រង់ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ៨–១៤ ខែ មិថុនា ។ អាលម៉ា ៨–១២ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២០
ថ្ងៃទី ៨–១៤ ខែ មិថុនា
អាលម៉ា ៨:១២
ព្រះយេស៊ូវគ្រីស្ទនឹងយាងមកប្រោសលោះរាស្ត្ររបស់ទ្រង់
សូមចាប់ផ្ដើមការរៀបចំខ្លួនរបស់អ្នកដើម្បីបង្រៀនដោយការសិក្សា អាលម៉ា ៨–១២ ។ បន្ទាប់មក សូមពិនិត្យមើលគម្រោងមេរៀននេះឡើងវិញដើម្បីស្វែងរកគំនិតបន្ថែមដែលនឹងលើកទឹកចិត្តសិស្សឲ្យចែកចាយអ្វីដែលពួកគេបានរៀននៅក្នុងការសិក្សារបស់ពួកគេ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមទុកពេលពីរបីនាទីឲ្យសិស្សសញ្ជឹងគិតពីការសិក្សាព្រះគម្ពីររបស់ពួកគេផ្ទាល់ ឬជាគ្រួសារនៅសប្ដាហ៍នេះ ។ តើការសិក្សារបស់ពួកគេជះឥទ្ធិពលដល់ការជ្រើសរើស ដែលពួកគេបានធ្វើនៅសប្ដាហ៍នោះយ៉ាងដូចម្ដេច ? សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយគំនិតរបស់ពួកគេ ។
បង្រៀនគោលលទ្ធិ
ការខិតខំរបស់យើងដើម្បីចែកចាយដំណឹងល្អប្រហែលជាតម្រូវឲ្យមានការតស៊ូ និងភាពអត់ធ្មត់ ។
-
មនុស្សជាច្រើនរកឃើញថា វាមានការលំបាកដើម្បីចែកចាយដំណឹងល្អ—ជាពិសេសនៅពេលពួកគេបានទទួលអារម្មណ៍បដិសេធ ដូចជាអាលម៉ានោះ ។ គំរូរបស់អាលម៉ាអាចជួយពួកគេឲ្យទុកចិត្តលើព្រះ ហើយស្វែងរកភាពក្លាហានដើម្បីបន្តចែកចាយទីបន្ទាល់របស់ពួកគេជាមួយនឹងមនុស្សដទៃ ។ សូមពិចារណាអំពីសំណួរពិភាក្សាទាំងនេះ ៖ តើយើងរៀនអ្វីខ្លះមកពីសារលិខិតរបស់ទេវតាទៅកាន់អាលម៉ានៅក្នុង អាលម៉ា ៨:១៥ ? តើប្រតិកម្មរបស់អាលម៉ាចំពោះសារលិខិត ដែលមាននៅក្នុង អាលម៉ា ៨:១៤–៣២ បំផុសគំនិតយើងឲ្យបន្តចែកចាយដំណឹងល្អនៅពេលយើងជួបការបដិសេធយ៉ាងណាដែរ ? តើយើងនឹងផ្ដល់ដំបូន្មានអ្វីខ្លះ ដល់មនុស្សម្នាក់ដែលបានសាកល្បងចែកចាយដំណឹងល្អ ប៉ុន្តែត្រូវបានគេបដិសេធ ? ការប្រឹក្សារបស់អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៅក្នុង « ធនធានបន្ថែមទាំងឡាយ » អាចជួយដល់ការសន្ទនានេះ ។
-
ដំណើររឿងរបស់អាលម៉ា និងអាម៉ូលេកបង្ហាញអំពីសារៈសំខាន់នៃការខិតខំរបស់សមាជិកចំពោះកិច្ចការផ្សព្វផ្សាយសាសនា ។ តើសិស្សអាចរៀនអ្វីខ្លះមកពី អាលម៉ា ៨:១៩–៣០ ស្ដីពីទំនាក់ទំនងរវាងសមាជិកក្នុងមូលដ្ឋាន និងពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ?( សូមមើលផងដែរ អាលម៉ា ១០:១–១២ ) ។
ព្រះកាត់សេចក្ដីបុត្រាបុត្រីរបស់ទ្រង់ស្របតាមពន្លឺ និងចំណេះដឹងដែលពួកគេមាន ។
-
មានការព្រមានដ៏ធំមួយនៅក្នុងខគម្ពីរទាំងនេះដល់សមាជិកទាំងអស់ក្នុងសាសនាចក្រ—នៅពេលយើងទទួលបានពន្លឺ និងចំណេះដឹង នោះយើងត្រូវបានរំពឹងឲ្យចាត់ទុកវាជាវត្ថុមានតម្លៃ ចិញ្ចឹមបីបាច់វា រស់នៅតាមវា ហើយប្រើវាដើម្បីផ្ដល់ពរជ័យដល់មនុស្សដទៃទៀត ។ ដើម្បីជួយសិស្សឲ្យត្រួតពិនិត្យការរំពឹងទុកនេះ អ្នកអាចសុំឲ្យពួកគេអានការបង្រៀនរបស់អាលម៉ានៅក្នុង អាលម៉ា ៩:១៨–៣០ ហើយចែកចាយសារលិខិតដែលពួកគេបានរកឃើញស្ដីពីការទទួលខុសត្រូវដែលពួកគេមាន ដោយសារតែអ្វីដែលពួកគេដឹង ។ ហេតុអ្វីវាអាចនឹងមានការថ្កោលទោសដ៏ធំជាង នៅពេលយើងធ្វើអំពីបាបទាស់នឹងពន្លឺដ៏ធំជាង ? សូមទុកពេលឲ្យសិស្សពិចារណានូវអ្វីដែលពួកគេអាចធ្វើដើម្បីមានភក្ដីភាពកាន់តែខ្លាំងចំពោះពន្លឺ និងចំណេះដឹងដែលពួកគេបានទទួល ។ អ្នកអាចផ្ដល់យោបល់ឲ្យពួកគេអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៥០:២៤ ខណៈពួកគេកំពុងពិចារណា ។
ផែនការរបស់ព្រះគឺជាផែនការនៃសេចក្ដីប្រោសលោះ ។
-
អ្នកអាចចាប់ផ្ដើមការពិភាក្សាមួយអំពីគោលលទ្ធិនេះ ដោយអញ្ជើញសិស្សម្នាក់ឲ្យគូររូបមួយនៅលើក្ដារខៀនស្ដីពីផែនការនៃសេចក្ដីប្រោសលោះ ។ បន្ទាប់មក អ្នកអាចបំបែកវគ្គក្នុង អាលម៉ា ១១–១២ សម្រាប់សិស្ស ហើយអញ្ជើញពួកគេឲ្យរកមើលសេចក្ដីពិតដែលពួកគេនឹងដាក់បន្ថែមទៅក្នុងរូបភាពនោះ ។ ឧទាហរណ៍ តើផែនការរបស់ព្រះប្រោសលោះយើងឲ្យរួចផុតពីអ្វី ?( សូមមើល អាលម៉ា ១១:៣៨–៤៥ ) ។ តើការស្គាល់សេចក្ដីពិតទាំងនេះអំពីផែនការនៃសេចក្ដីប្រោសលោះផ្ដល់ពរជ័យដល់ជីវិតរបស់យើងតាមរបៀបណា ?
-
ដើម្បីជួយសិស្សឲ្យចែកចាយអ្វីដែល អាលម៉ា ១១–១២ បង្រៀនពួកគេអំពីផែនការនៃសេចក្ដីប្រោសលោះ នោះអ្នកអាចសរសេរក្បាលរឿងដូចតទៅនេះនៅលើក្ដារខៀន ៖ ការធ្លាក់, ព្រះដ៏ប្រោសលោះ, ការប្រែចិត្ត, សេចក្ដីស្លាប់, ការរស់ឡើងវិញ និង ការកាត់សេចក្ដី ។ សិស្សអាចជ្រើសយកប្រធានបទមួយ ហើយស្រាវជ្រាវ អាលម៉ា ១១–១២ រកសេចក្ដីពិតដែលពួកគេរៀនអំពីវា ។ សូមអញ្ជើញសិស្សឲ្យសរសេរសេចក្ដីពិតដែលពួកគេរកឃើញ ស្របជាមួយសេចក្ដីយោងបទគម្ពីរ ក្រោមក្បាលរឿងដែលសមរម្យនៅលើក្ដារខៀន ។ សូមពិភាក្សារួមគ្នាអំពីរបៀបដែលការស្គាល់សេចក្ដីពិតទាំងនេះជះឥទ្ធិពលដល់ជីវិតរបស់យើង និងការសម្រេចចិត្តដែលយើងធ្វើ ។
-
សិស្សរបស់អ្នកប្រហែលជាទទួលអត្ថប្រយោជន៍មកពីការពិភាក្សាមួយដែលផ្ដោតលើ អាលម៉ា ១២:៣១–៣២ ដែលអាលម៉ាបានបង្រៀនថា បន្ទាប់ពីការធ្លាក់ ព្រះបានប្រទានបទបញ្ញត្តិដល់អ័ដាម និងអេវ៉ា—ប៉ុន្តែតែបន្ទាប់ពី បង្រៀនពួកគេអំពីផែនការរបស់ទ្រង់ប៉ុណ្ណោះ ។ តើការដឹងអំពីផែនការនេះជះឥទ្ធិពលលើរបៀបដែលយើងមើលឃើញ ឬទទួលអារម្មណ៍អំពីបទបញ្ញត្តិទាំងឡាយតាមរបៀបណា ? ប្រហែលជាអ្នកអាចនិយាយអំពីបទបញ្ញត្តិជាក់លាក់មួយចំនួន ឧទាហរណ៍ តើការស្គាល់អំពីផែនការរបស់ព្រះជួយយើងឲ្យរក្សាថ្ងៃឈប់សម្រាកឲ្យបរិសុទ្ធ ឬគោរពតាមក្រឹត្យវិន័យនៃព្រហ្មចារីភាពតាមរបៀបណា ?
-
សិស្សខ្លះប្រហែលជាមានសំណួរអំពី អាលម៉ា ១១:២៦–៣៩ ត្រង់កន្លែងដែលអាម៉ូលេកបាននិយាយថា មានព្រះតែមួយអង្គគត់ ។ បទគម្ពីរដូចតទៅនេះបញ្ជាក់អំពីរបៀបដែលសមាជិកនៃក្រុមព្រះជា « ព្រះមួយអង្គ » ខណៈដែលជាតួអង្គដាច់ដោយឡែកពីគ្នា ៖ យ៉ូហាន ១៧:២០–២៣; នីហ្វៃទី ២ ៣១:២១ និង នីហ្វៃទី ៣ ១៩:២៩ ។ សេចក្ដីថ្លែងការណ៍នេះមកពីអែលឌើរ ជេហ្វ្រី អ័រ ហូឡិន ប្រហែលជាអាចជួយបាន ៖ « យើងជឿថា ពួកទ្រង់គឺតែមួយនៅគ្រប់ទិដ្ឋភាពដ៏សំខាន់ និងអស់កល្បជានិច្ចដែលអាចស្រមៃឃើញ លើកលែង តែយើងជឿងថា ពួកទ្រង់គឺជាតួអង្គបីផ្សេងគ្នាដែលមានសារតែមួយ » ( « The Only True God and Jesus Christ Whom Thou Hast Sent » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៤០ ) ។
ប្រសិនបើយើងពុំធ្វើឲ្យចិត្តរបស់យើងរឹងរូស នោះយើងអាចទទួលបានបន្ទូលព្រះកាន់តែច្រើន ។
-
សារលិខិតមួយដែលអាលម៉ា និងអាមូលេកបានបង្រៀនជាច្រើនដង គឺជារបៀបដែលស្ថានភាពនៃដួងចិត្តរបស់យើងជះឥទ្ធិពលដល់ទំហំនៃសេចក្ដីពិតដែលយើងអាចទទួលមកពីព្រះ ។ ដើម្បីជួយសិស្សឲ្យរកឃើញសេចក្ដីពិតនៃគោលការណ៍នេះ អ្នកអាចអញ្ជើញពួកគេឲ្យអាន អាលម៉ា ១២:៩–១៤ ជាគូ ឬជាក្រុមតូចៗ ហើយពិភាក្សាអំពីលទ្ធផលនៃការមានដួងចិត្តរឹងរូស ។ ( អ្នកក៏អាចសុំឲ្យពួកគេអាន អាលម៉ា ៨:៩–១១, ៩:៥, ៣០–៣១ និង ១០:៦, ២៥ ) ។ តើការធ្វើឲ្យចិត្តមួយមានភាពទន់ភ្លន់មានន័យដូចម្ដេច ? ( សូមមើល យេរេមា ២៤:៧, អាលម៉ា ១៦:១៦, ហេលេមិន ៣:៣៥ ) ។ តើដួងចិត្តទន់ភ្លន់មួយជួយយើងឲ្យយល់ពីបន្ទូលព្រះកាន់តែប្រសើរតាមរបៀបណា ?
-
អាលម៉ាបានបង្រៀនថា នៅពេលយើងធ្វើចិត្តរបស់យើងឲ្យរឹងរូស នោះយើងទទួលបានបន្ទូលរបស់ព្រះ « មួយភាគតិច » ( អាលម៉ា ១២:១០ ) ។ ប្រហែលជាសិស្សអាចចែកចាយបទពិសោធន៍មកពីបទគម្ពីរដែលបង្ហាញពីគោលការណ៍នេះ ។ តើព្រះអម្ចាស់បន្ទន់ចិត្តរបស់យើងតាមរបៀបណា ដើម្បីយើងអាចបន្តរៀនបន្ថែមទៀតមកពីទ្រង់ ? តើយើងអាចចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនអ្វីខ្លះ ?
-
ដើម្បីជួយសិស្សឲ្យយល់អំពីអត្ថន័យនៃការមានចិត្តទន់ភ្លន់ អ្នកអាចចែកចាយឧទាហរណ៍មួយចំនួនដែលមាននៅក្នុង « ធនធានបន្ថែមទាំងឡាយ » ។
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
ដើម្បីបំផុសគំនិតសិស្សឲ្យអាន អាលម៉ា ១៣–១៦ សប្ដាហ៍នេះ អ្នកអាចប្រាប់ពួកគេថា ពួកគេនឹងរកឃើញអំពីរបៀបដែលពាក្យសម្ដីរបស់អាលម៉ាត្រូវបានបំពេញនៅក្នុងជីវិតរបស់ស៊ីអែសរ៉ុម និងប្រជាជនរបស់អាំម៉ូណៃហា ។
ធនធានបន្ថែមទាំងឡាយ
ឈរការពារដោយក្លាហាន ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានផ្ដល់ការលើកទឹកចិត្តដូចតទៅនេះដល់អស់អ្នកដែលត្រូវបានគេធ្វើបាបដោយសារការចែកចាយ ឬការការពារដំណឹងល្អ ៖
« ប្រសិនបើអ្នកពុំទាន់ត្រូវបានហៅទេ នោះនៅថ្ងៃណាមួយអ្នកនឹងឃើញថា អ្នកត្រូវបានហៅឲ្យការពារសេចក្ដីជំនឿរបស់អ្នក ឬប្រហែលជាស៊ូទ្រាំនឹងការរំលោភបំពានមួយចំនួន ដោយសារអ្នកគឺជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ គ្រាដូច្នោះនឹងតម្រូវឲ្យមានទាំងភាពក្លាហាន និងសុជីវធម៌ពីខ្លួនអ្នក ។
…អ្នកអាចនឹងងឿងឆ្ងល់ថា តើវាមានតម្លៃឬទេ ដើម្បីការពារខាងសីលធម៌ដោយក្លាហាននៅក្នុងវិទ្យាល័យ ឬទៅបេសកកម្មនោះ ដោយត្រូវឲ្យជំនឿដែលយើងស្រឡាញ់បំផុត ត្រូវគេជេរប្រមាថ ឬជំទាស់យ៉ាងខ្លាំងនៅក្នុងសង្គម ដែលពេលខ្លះមានការចំអកដល់ជីវិតនៃការលះបង់ខាងសាសនារបស់យើងទៀតផង ។ ពិតណាស់ វាមានតម្លៃស័ក្ដិសម ។ …
« មិត្តទាំងឡាយអើយ ជាពិសេសមិត្តវ័យក្មេងរបស់ខ្ញុំ សូមយកដាក់ក្នុងចិត្ត ។ សេចក្ដីស្រឡាញ់ដ៏សុទ្ធសាធដូចព្រះគ្រីស្ទ ដែលហូរចេញមកពីសេចក្ដីសុចរិតដ៏ពិតអាចផ្លាស់ប្ដូរពិភពលោកនេះបាន ។ …
« សូមរឹងមាំឡើង ។ សូមរស់នៅតាមដំណឹងល្អដោយស្មោះត្រង់ ទោះជាមនុស្សនៅជុំវិញខ្លួនបងប្អូនទាំងអស់គ្នាពុំរស់នៅតាមយ៉ាងណាក៏ដោយ ។ សូមការពារជំនឿរបស់អ្នកដោយការគោរព និងដោយសេចក្ដីមេត្តា ប៉ុន្ដែសូមការពារវា » ( « The Cost—and Blessings—of Discipleship » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៦–៩ ) ។
ដួងចិត្តរបស់ពួកគេត្រូវបានបន្ទន់ ។
សុន្ទរកថាសន្និសីទទូទៅដូចតទៅនេះផ្ដល់ឧទាហរណ៍អំពីមនុស្សដែលដួងចិត្តរបស់ពួកគេត្រូវបានបន្ទន់ ៖
-
ដំណើររឿងអំពីគ្រួសារហាតហ្វៀលនៅក្នុងសារលិខិតរបស់ប្រធាន រ័សុល អិម ណិលសុន « The Price of Priesthood Power » ( Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៦៦–៦៧ ) ។
-
ដំណើររឿងអំពីហារូល ហ្គាឡាឆើរ នៅក្នុងសារលិខិតរបស់ប្រធាន ថូម៉ាស អេស ម៉នសុន « The Sacred Call of Service »( Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៥ ទំព័រ ៥៥ ) ។
-
ដំណើររឿងអំពីដេវីឌនៅក្នុងសារលិខិតរបស់ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ « Learn from Alma and Amulek »( Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៧៣–៧៤ ) ។