« ថ្ងៃទី ១–៧ ខែ មិថុនា ។ អាលម៉ា ៥–៧ ៖ ‹ តើអ្នករាល់គ្នាបានស្គាល់ការផ្លាស់ប្ដូរដ៏ធំនេះនៅក្នុងដួងចិត្តអ្នកហើយឬនៅ ? › » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ព្រះគម្ពីរមរមន ឆ្នាំ ២០២០ ( ឆ្នាំ ២០២០ )
« ថ្ងៃទី ១–៧ ខែ មិថុនា ។ អាលម៉ា ៥–៧ » ចូរមកតាមខ្ញុំ—សម្រាប់សាលាថ្ងៃអាទិត្យ ៖ ឆ្នាំ ២០២០
ថ្ងៃទី ១–៧ ខែ មិថុនា
អាលម៉ា ៥–៧
« តើអ្នករាល់គ្នាបានស្គាល់ការផ្លាស់ប្ដូរដ៏ធំនេះនៅក្នុងដួងចិត្តអ្នកហើយឬនៅ ? »
នៅពេលអ្នកអាន អាលម៉ា ៥–៧ សូមគិតអំពីសិស្សរបស់អ្នកដែលជាគំរូសម្រាប់ការបង្រៀននៅក្នុងជំពូកទាំងនេះ ។ សូមពិចារណាអំពីវិធីដែលអ្នកអាចធ្វើឲ្យពួកគេចូលរួមចំណែកនៅក្នុងការពិភាក្សារបស់អ្នកនៅថ្ងៃអាទិត្យ ។
កត់ត្រាចំណាប់អារម្មណ៍របស់អ្នក
អញ្ជើញឲ្យចែកចាយ
សូមទុកពេលពីរបីនាទីឲ្យសិស្សចងចាំអ្វីដែលពួកគេបានអាននៅក្នុង អាលម៉ា ៥–៧ ហើយស្វែងរកសេចក្ដីពិតមួយដែលពួកគេចង់ចែកចាយនៅក្នុងថ្នាក់ ។ បន្ទាប់មក សូមឲ្យពួកគេចែកចាយវានឹងសិស្សម្នាក់ទៀតដែលអង្គុយនៅក្បែរគេ ។
បង្រៀនគោលលទ្ធិ
យើងត្រូវតែដកពិសោធន៍—ហើយបន្តទទួលអារម្មណ៍—ការផ្លាស់ប្តូរដ៏ធំនៃដួងចិត្ត ។
-
សិស្សត្រូវបានអញ្ជើញឲ្យសញ្ជឹងគិតអំពីសំណួរទាំងឡាយនៅក្នុង អាលម៉ា ៥:១៤–៣៣ ក្នុង គម្រោងមេរៀនសប្ដាហ៍នេះ ក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ។ អ្នកអាចចាប់ផ្ដើមការពិភាក្សាមួយអំពីខគម្ពីរទាំងនេះ ដោយសុំសិស្សឲ្យចែកចាយថាតើសំណួរអ្វីខ្លះមកពីខគម្ពីរទាំងនេះដែលមានន័យចំពោះពួកគេ ។ បន្ទាប់មក អ្នកអាចអញ្ជើញសិស្សឲ្យធ្វើការជាក្រុមដើម្បីពិនិត្យឡើងវិញនូវ អាលម៉ា ៥:១៤–៣៣ ហើយរកអត្ថន័យនៃការដកពិសោធន៍ការផ្លាស់ប្ដូរដួងចិត្តមួយតាមរយៈព្រះអង្គសង្គ្រោះ និងដង្វាយធួនរបស់ទ្រង់ ។ ពួកគេក៏អាចរកមើលពរជ័យដែលកើតចេញពីការផ្លាស់ប្តូរដួងចិត្តមួយបានផងដែរ ។ តើពាក្យប្រៀបធៀបអ្វីផ្សេងទៀតដែលបានប្រើដើម្បីពិពណ៌នាអំពីការផ្លាស់ប្ដូរដែលអាលម៉ាពិពណ៌នា ? ( ឧទាហរណ៍ សូមមើល យ៉ូហាន ៣:១–៧, កូរិនថូសទី ២ ៥:១៧ ឌែល ជី រិនឡាន់ « Preserving the Heart’s Mighty Change » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៩ ទំព័រ ៩៧–៩៩ ) ។ តើយើងថែរក្សាការផ្លាស់ប្ដួរនៃដួងចិត្ត ពេញមួយជីវិតរបស់យើងតាមរបៀបណា ? ( សូមមើល អាលម៉ា ៥:២៦ ) ។
យើងអាចទទួលបានសាក្សីផ្ទាល់ខ្លួនរបស់យើងអំពីព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។
-
ដូចជាអាលម៉ាដែរ សិស្សរបស់អ្នកក៏បានទទួលទីបន្ទាល់របស់ពួកគេផ្ទាល់អំពីព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់ ។ ដើម្បីជួយពួកគេឲ្យរៀនពីអ្វីដែលអាលម៉ាបានធ្វើដើម្បីទទួលសាក្សីរបស់គាត់តាមរយៈព្រះវិញ្ញាណ អ្នកអាចចែកក្រដាសមួយសន្លឹកដែលមានសរសេរពាក្យថា ទីបន្ទាល់ នៅផ្នែកខាងលើបង្អស់ ។ សិស្សអាចធ្វើការជាគូដើម្បីពិនិត្យ អាលម៉ា ៥:៤៤–៥១ ឡើងវិញ ហើយប្រើអ្វីដែលពួកគេរៀននៅក្នុងខគម្ពីរទាំងនេះដើម្បី សរសេរ « រូបមន្ត » សម្រាប់ទទួលទីបន្ទាល់មួយ ។ ឧទាហរណ៍ « គ្រឿងផ្សំ » នៃរូបមន្តអាចជាសេចក្ដីពិតដែលបង្កើតទីបន្ទាល់របស់យើង ។ « សេចក្ដីណែនាំ » សម្រាប់រូបមន្តអាចជារឿងដែលយើងចាំបាច់ត្រូវធ្វើដើម្បីទទួលបានទីបន្ទាល់មួយ ។ ( សូមមើលសារលិខិតមកពីអែលឌើរ ឌៀថើរ អេស្វ អុជដូហ្វ នៅក្នុង « ធនធានបន្ថែមទាំងឡាយ »សម្រាប់គំនិតមួយចំនួន ) ។ តើ « គ្រឿងផ្សំ » និង « សេចក្ដីណែនាំ » អ្វីខ្លះដែលពួកគេអាចដាក់បន្ថែមទៅក្នុងរូបមន្តរបស់ពួកគេចេញមកពីបទពិសោធន៍របស់ពួកគេផ្ទាល់ ឬបទពិសោធន៍ផ្សេងទៀតនៅក្នុងបទគម្ពីរ ? សូមអញ្ជើញដៃគូនោះឲ្យចែកចាយអ្វីដែលពួកគេបានរៀន និងអ្វីដែលពួកគេកំពុងធ្វើដើម្បីយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យថ្លែងទីបន្ទាល់អំពីសេចក្ដីពិតដល់ពួកគេ ។
យើងប្រមូលផ្ដុំគ្នាជាពួកបរិសុទ្ធដើម្បីស្ដាប់បន្ទូលរបស់ព្រះ ហើយធ្វើកិច្ចការរបស់ទ្រង់ ។
-
ដើម្បីរំឭកសិស្សអំពីសារៈសំខាន់នៃការជួបប្រជុំគ្នាជាក្រុមនៃពួកបរិសុទ្ធ អ្នកអាចអញ្ជើញពួកគេឲ្យនឹកស្រមៃថា មនុស្សម្នាក់ដែលពួកគេស្គាល់មានអារម្មណ៍ថា ការមានចំណែកក្នុងព្រះវិហារមួយពុំមែនជារឿងចាំបាច់នោះទេ ។ តើពួកគេអាចចែកចាយអ្វីខ្លះមកពី អាលម៉ា ៦ ដើម្បីបង្រៀនបុគ្គលនោះអំពីពរជ័យមួយចំនួននៃការមានចំណែកក្នុងព្រះវិហារមួយ ? តើយើងអាចសម្រេចគោលបំណងនៃការប្រមូលផ្ដុំដែលអាលម៉ាបានពិពណ៌នានោះតាមរបៀបណា ?
ព្រះអង្គសង្គ្រោះលើកដាក់អំពើបាប ការឈឺចាប់ និងការរងទុក្ខរបស់យើងមកលើអង្គទ្រង់ ។
-
ប្រហែលមានសិស្សនៅក្នុងថ្នាក់របស់អ្នកដែលត្រូវការជាបន្ទាន់ដើម្បីដឹងពីអ្វីដែល អាលម៉ា ៧:៧–១៦ បង្រៀន—ថាព្រះអង្គសង្គ្រោះពុំគ្រាន់តែបានលើកដាក់មកលើអង្គទ្រង់នូវអំពើបាបរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែរួមទាំងការឈឺចាប់ ការរងទុក្ខ ជំងឺ និងភាពទន់ខ្សោយរបស់យើងផងដែរ ។ តើអ្នកនឹងជួយពួកគេឲ្យស្វែងរកចម្លើយនេះដោយរបៀបណា ? ប្រហែលជាអ្នកអាចបង្កើតតារាងមួយនៅលើក្ដារខៀនដោយមានក្បាលរឿងថា អ្វីដែលព្រះអង្គសង្គ្រោះបានរងទុក្ខ និង ហេតុផលដែលទ្រង់បានរងទុក្ខ ។ សិស្សអាចបំពេញតារាងនេះបន្ទាប់ពីអាន អាលម៉ា ៧:៧–១៦ ។ វាក៏ប្រហែលជាជួយផងដែរដើម្បីពិចារណាអំពីរឿងផ្សេងទៀត ដែលព្រះអង្គសង្គ្រោះបានរងទុក្ខនៅក្នុងឆាកជីវិតរបស់ទ្រង់ ( សូមមើលឧទាហរណ៍នៅក្នុង « ធនធានបន្ថែមទាំងឡាយ » ) ។
-
បន្ទាប់ពីពិភាក្សាអ្វីដែលអាលម៉ាបានបង្រៀននៅក្នុង អាលម៉ា ៧:៧–១៦ ប្រហែលជាសិស្សអាចចែកចាយបទពិសោធន៍ដែលព្រះអង្គសង្គ្រោះបានសង្គ្រោះពួកគេ ដែលវាមានន័យថា ទ្រង់បានជួយពួកគេ ( សូមមើល « ធនធានបន្ថែមទាំងឡាយ » សម្រាប់គំរូអំពីវិធីដែលព្រះយេស៊ូវសង្គ្រោះយើង ) ។ អ្នកក៏អាចចែកចាយពាក្យដកស្រង់ដូចតទៅនេះមកពីប្រធាន ដាល្លិន អេក អូក ៖ « ព្រះអង្គសង្គ្រោះរបស់យើងបានបើកសម្ដែងថា ទ្រង់ ‹ បានយាងចុះក្រោមគ្រប់ទាំងអស់ › ( គ.&ស. ៨៨:៦ ) ។ … យើងអាចនិយាយថា ការយាងចុះក្រោមគ្រប់ទាំងអស់គឺថា ទ្រង់មានមុខងារដ៏ល្អឥតខ្ចោះដើម្បីលើកស្ទួយយើង ហើយប្រទានកម្លាំងដែលយើងត្រូវការដើម្បីស៊ូទ្រាំនឹងសេចក្តីទុក្ខវេទនារបស់យើង ។ អ្វីដែលយើងត្រូវធ្វើគឺទូលសូមប៉ុណ្ណោះ » ( « Strengthened by the Atonement of Jesus Christ » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៦៤ ) ។
-
អាលម៉ាបានប្រកាសថា ការយាងមករបស់ព្រះដ៏ប្រោសលោះ « គឺសំខាន់ជាង » អ្វីៗផ្សេងទៀត ។ ប្រហែលជាសិស្សអាចនឹកស្រមៃថា ពួកគេនៅក្នុងថ្នាក់ប្រវត្តិសាស្ត្រមួយដែលកំពុងពិភាក្សាអំពីព្រឹត្តិការណ៍សំខាន់ៗបំផុតក្នុងប្រវត្តិសាស្ត្រ ។ តើពួកគេនឹងចែកចាយខគម្ពីរអ្វីខ្លះមកពី អាលម៉ា ៧ ដើម្បីគាំទ្រដល់ការប្រកាសរបស់អាលម៉ានៅក្នុង ខទី ៧ ? តើអាលម៉ាបានផ្ដល់ការប្រឹក្សាអ្វីខ្លះដល់ប្រជាជនរបស់លោក ដែលវាអាចជួយយើងឲ្យរៀបចំខ្លួនសម្រាប់ការយាងមករបស់ព្រះអង្គសង្គ្រោះ ?
លើកទឹកចិត្តឲ្យមានការរៀនសូត្រនៅឯគេហដ្ឋាន
ដើម្បីលើកទឹកចិត្តសិស្សឲ្យអាន អាលម៉ា ៨–១២ អ្នកអាចចែកចាយនឹងពួកគេថា ជំពូកទាំងនេះនឹងប្រាប់អំពីដំណើររឿងរបស់បុរសពីរនាក់ ។ បុរសម្នាក់ពុំចាប់ចិត្តនឹងសាសនាចក្រឡើយ ហើយម្នាក់ទៀតគឺជាអ្នកបៀតបៀនដ៏ខ្លាំង ប៉ុន្តែពួកគាត់ទាំងពីរនាក់បានក្លាយជាអ្នកការពារសាសនាដ៏ក្លាហាន ។
ធនធានបន្ថែមទាំងឡាយ
ការទទួលបានទីបន្ទាល់ផ្ទាល់ខ្លួនរបស់យើង ។
អែលឌើរ ឌៀថើរ អេស្វ អុជដូហ្វ បានផ្ដល់គន្លងខាងបទគម្ពីរដូចតទៅនេះសម្រាប់ « ការទទួលបានទីបន្ទាល់ផ្ទាល់ខ្លួនមួយដែលបានចាក់ឫសនៅក្នុងសាក្សីនៃព្រះវិញ្ញាណបរិសុទ្ធ » ៖
« ទីមួយ ៖ បំណងប្រាថ្នាចង់ជឿ ។ ព្រះគម្ពីរមរមនលើកទឹកចិត្តយើងថា ‹ បើសិនជា [ បងប្អូន ] ចង់ភ្ញាក់ឡើង ហើយដាស់សមត្ថភាពទាំងឡាយរបស់ខ្លួន គឺដើម្បីធ្វើការពិសោធន៍ដល់ពាក្យសម្ដីរបស់ខ្ញុំ ហើយអនុវត្តសេចក្ដីជំនឿមួយតូច … គឺបើសិនជា [ បងប្អូន ] ពុំអាចធ្វើអ្វីក៏ដោយ ក្រៅពីការចង់ជឿ › ( អាលម៉ា ៣២:២៧ ) ។ … ព្រះសន្យាដល់យើងនូវជំនួយពីព្រះ ប្រសិនបើយើងពុំអាចធ្វើអ្វីក៏ដោយក្រៅពីការចង់ជឿនោះ ប៉ុន្តែវាត្រូវតែជាបំណងប្រាថ្នាពិត ហើយពុំមែនធ្វើពុតឡើយ ។
ទីពីរ ៖ ស្រាវជ្រាវបទគម្ពីរ ។ ប្រសិនបើមានសំណួរ សូមសិក្សាអំពីវា ស្រាវជ្រាវនៅក្នុងបទគម្ពីរដើម្បីស្វែងរកចម្លើយ ។ ជាថ្មីម្ដងទៀត ព្រះគម្ពីរមរមនមានការណែនាំល្អសម្រាប់យើង ៖ ‹ បើសិនជា [ បងប្អូន ] ទុកកន្លែងមួយ សម្រាប់ឲ្យគ្រាប់ពូជនោះអាចដុះនៅក្នុងចិត្តរបស់អ្នក › តាមរយៈការសិក្សាដ៏ឧស្សាហ៍ព្យាយាមអំពីបន្ទូលរបស់ព្រះ នោះគ្រាប់ពូជល្អ ‹ នឹងចាប់ផ្ដើមរីកឡើងនៅក្នុងទ្រូងរបស់អ្នក › ប្រសិនបើអ្នកពុំប្រឆាំងដោយភាពឥតជំនឿ ។ គ្រាប់ពូជល្អនេះនឹង ‹ ពង្រីកព្រលឹង [ របស់អ្នក ] › និង ‹ បំភ្លឺយោបល់ [ របស់អ្នក ] › ( អាលម៉ា ៣២:២៨ ) ។
« ទីបី ៖ ធ្វើតាមព្រហឫទ័យរបស់ព្រះ គោរពតាមបទបញ្ញត្តិ ។ … យើងចាំបាច់ត្រូវមករកព្រះគ្រីស្ទ ហើយធ្វើតាមការបង្រៀនរបស់ទ្រង់ ។ ព្រះអង្គសង្គ្រោះបានបង្រៀនថា ‹ សេចក្តីដែលខ្ញុំបង្រៀននេះ មិនមែនជារបស់ខ្ញុំទេ គឺជារបស់ផងព្រះ ដែលចាត់ឲ្យខ្ញុំមកនោះវិញ ។ បើអ្នកណា ចង់ធ្វើតាមព្រះហឫទ័យទ្រង់ នោះនឹងបានដឹងជាសេចក្តីបង្រៀននេះ › [ យ៉ូហាន ៧:១៦–១៧ អក្សរទ្រេតបានបន្ថែម ] ។ …
ទីបួន ៖ ពិចារណា តមអាហារ ហើយអធិស្ឋាន ។ ដើម្បីទទួលចំណេះដឹងមកពីព្រះវិញ្ញាណបរិសុទ្ធ យើងត្រូវតែទូលសូមព្រះវរបិតាសួគ៌សម្រាប់កិច្ចការនេះ [ សូមមើល អាលម៉ា ៥:៤៥–៤៦, មរ៉ូណៃ ១០:៣–៤ ] » ( « The Power of a Personal Testimony » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៦ ទំព័រ ៣៨–៣៩ ) ។
តើព្រះយេស៊ូវគ្រីស្ទបានរងទុក្ខអ្វីខ្លះ ?
-
ការល្បួង ( សូមមើល ម៉ាថាយ ៤:១–១០ )
-
ភាពស្រេកឃ្លាន ( សូមមើល ម៉ាថាយ ៤:២, យ៉ូហាន ១៩:២៨ )
-
សេចក្ដីស្លាប់របស់មនុស្សជាទីស្រឡាញ់ ( សូមមើល ម៉ាថាយ ១៤:១០–១៣ )
-
ការបោះបង់ចោល ( សូមមើល ម៉ាថាយ ២៦:៥៥–៥៦ )
-
ការប្រមាថ ( សូមមើល ម៉ាថាយ ២៧:២៩–៣១, ៣៩–៤៤ )
-
ភាពក្រីក្រ ( សូមមើល លូកា ៩:៥៨ )
-
ការក្បត់ ( សូមមើល ម៉ាកុស ១៤:៤៣–៤៦ )
-
ឈឺចាប់ច្រើនជាងមនុស្សគ្រប់គ្នាអាចរងទុក្ខ ( សូមមើល លូកា ២២:៣៩–៤៤, ម៉ូសាយ ៣:៧, គ. &ស. ១៩:១៦–១៩ )
តើទុក្ខវេទនាអ្វីផ្សេងទៀតដែលព្រះអង្គសង្គ្រោះបានដកពិសោធន៍ ?
តើព្រះយេស៊ូវគ្រីស្ទសង្គ្រោះយើងតាមរបៀបណា ?
-
អភ័យទោសដល់អំពើបាបរបស់យើង ហើយដកយកកំហុស ( សូមមើល អេណុស ១:៥–៦ )
-
បន្ទន់ដួងចិត្តរបស់មនុស្សដទៃ ( សូមមើល ម៉ូសាយ ២១:១៥ )
-
ពង្រឹងយើងឲ្យទ្រាំទ្របន្ទុករបស់យើង ( សូមមើល ម៉ូសាយ ២៤:១៤–១៥ )
-
ព្យាបាលយើងពីភាពទន់ខ្សោយរបស់យើង ( សូមមើល នីហ្វៃទី ៣ ១៧:៦–៧ )
-
ធ្វើឲ្យរឿងទន់ខ្សោយក្លាយជាខ្លាំង ហើយលួងលោមយើង ( សូមមើល អេធើរ ១២:២៧–២៩ )
-
ជួយយើងឲ្យមើលឃើញទុក្ខវេទនាក្នុងការយល់ឃើញវែងឆ្ងាយ ( សូមមើល គ.&ស. ១២១:៧–១០ )
តើវិធីណាផ្សេងទៀតដែលព្រះយេស៊ូវបានសង្គ្រោះយើង ?